ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ស្លាប់​ម្នាក់​និង​របួស​ជាច្រើន​នាក់​នៅ​ក្នុង​ការ​បង្រ្កាប​លើ​បាតុករ​អហិង្សា


មន្ត្រី​ប៉ូលិស​ចាប់​ខ្លួន​បុរស​ម្នាក់​ក្នុង​អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​​បាតុករ​ជា​កម្មករ​រោងចក្រ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១២ វិច្ឆិកា ២០១៣។
មន្ត្រី​ប៉ូលិស​ចាប់​ខ្លួន​បុរស​ម្នាក់​ក្នុង​អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​​បាតុករ​ជា​កម្មករ​រោងចក្រ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១២ វិច្ឆិកា ២០១៣។
យ៉ាងហោច​ណាស់​មាន​ស្ត្រី​អ្នក​លក់បាយ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ក្នុង​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​មួយ​រវាង​ក្រុម​សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​កាត់ដេរ​SL​កាលពីព្រឹកថ្ងៃ​អង្គារ​នេះ។​ ដោយឡែក​មនុស្ស​ជាង​៣០​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ទាំង​ព្រះ​សង្ឃ​ផង​ត្រូវ​ចាប់​ខ្លួន។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​មន្ត្រី​កង​រាជ​អាវុធហត្ថ។

កម្មករ​រោងចក្រ​កាត់ដេរ​នៃ​រោងចក្រ ​SL ​ប្រមាណ​ជា​១.០០០​នាក់​បាន​ដឹកនាំ​ក្បួន​បាតុកម្ម​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្នុង​គោលដៅ​ហែរ​ឆ្ពោះ​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ក្នុង​បំណង​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​ឲ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ក្នុង​រោងចក្រ។ វិវាទ​នេះ​បាន​អូស​បន្លាយ​ចាប់​តាំង​ពី​ខែ​សីហា​ មក​ម្ល៉េះ។



ក្រុម​សមត្ថកិច្ច​មាន​ប៉ូលិស​និង​កង​រាជ​អាវុធ​ហត្ថ​បង្រ្កាប​បាតុកម្ម​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ ​ខែល​ការពារ​និង​ដំបង​ឆក់​និង​ដំបង​ឈើ​ ព្រម​ទាំង​ឡាន​បាញ់ទឹក​បាន​រារាំង​ក្រុម​បាតុករ​នៅ​ម្តុំ​គល់​ស្ពាន​ស្ទឹង​មានជ័យ ​នៃ​ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ។

ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​បាន​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​ដែល​ក្រុម​កម្មករ​ព្យាយាម​បុក​ទម្លុះ​រនាំង​រារាំង​របស់​ក្រុម​សមត្ថកិច្ច។

ការបាញ់​គ្រាប់​បែក​ផ្សែង​និង​គ្រាប់​កាំភ្លើង​ពិត​បាន​កើត​ឡើង។ ស្ត្រី​អ្នក​លក់​បាយ​ម្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ទទួល​រង​គ្រាប់​កាំភ្លើង​ត្រង់​ដោះ​ហើយ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ។ ​ក្រុម​បាតុករ​បាន​ដុត​រថយន្ត​ប៉ូលិស​ឆេះ​ចំនួន​ពីរ​គ្រឿង​និង​ម៉ូតូ​មួយ​គ្រឿង។​ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​និង​ម៉ូតូ​មួយ​គ្រឿង​ឆេះ​ខ្ទេច​គ្មាន​សល់។​ រីឯ​រថយន្ត​ទីពីរ​ឆេះ​មួយ​ភាគ​ហើយ​ត្រូវ​កង​ពន្លត់​អគ្គីភ័យ​ពន្លត់​ទាន់​ពេល។

លោក​ចាន់​ សូវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ចុះ​ទៅ​អង្កេត​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ។

លោក​បាន​រៀបរាប់​ថា៖ «ខាង​ខ្ញុំ​រាប់​ឃើញ​មាន​ការ​ចាប់​ខ្លួន​២៧​នាក់​ហើយ​ក្នុង​ចំណោម​២៧​នាក់​នោះ​ភាគ​ច្រើន​មាន​អាយុ​ត្រឹម​២៥​ឆ្នាំ​ចុះ​ក្រោម។​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ដែរ។ ​ភាគ​ច្រើន​ជា​យុវជន​ស្នាក់​នៅ​ក្នុង​វត្ត​និង​អ្នក​ភូមិ​រីឯ​កម្មករ​ហាក់​ដូច​ជា​មិន​មាន​ដំណឹង​ពី​ការ​ចាប់​ខ្លួន​ទេ​ប៉ុន្តែ​អ្នក​របួស​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី ​គឺ​ត្រូវ​កំភ្លៅ​មួយ​និង​ត្រូវ​ស្មា​ធ្លាយ​មក​បំពង់​ក​ គឺ​ជា​កម្មករ​នៃ​រោងចក្រ​SL»។

ផ្អែក​តាម​លោក​ឡាច ​ស៊ីថុន ​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ (CCAWDU) ប្រចាំ​រោងចក្រ​SL​ ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​របស់​លោក​រង​របួស​ធ្ងន់​យ៉ាង​តិច​បី​នាក់​និង​មួយ​ចំនួន​ទៀត​ត្រូវ​ចាប់​ខ្លួន។

កម្មករ​រោងចក្រ​SL​មាន​បំណង​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ដើម្បី​ឲ្យ​ដក​ទី​ប្រឹក្សា​នាយក​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​នេះ ​ដើម្បី​ទាមទារ​លុយ​ថ្លៃ​បាយ​ចំនួន​បី​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​កុំ​កាត់​ប្រាក់ខែ​កម្មករ​សម្រាប់​រយៈ​ពេល​ពួក​គេ​ធ្វើ​កូដកម្ម​ចាប់​ពី​ខែ​សីហា​មក​និង​សុំឲ្យ​ឈប់​ប្តឹង​កម្មករ​ដែល​មាន​បញ្ហា​ក្នុង​ពេល​ធ្វើ​កូដកម្ម។

កងរាជ​អាវុធហត្ថ​និង​ប៉ូលិស​ត្រូវ​ដាក់​ពង្រាយ​ជា​ច្រើន​រយ​នាក់​នៅតាម​ចំណុច​ក្រោម​ស្ពាន​ស្ទឹងមាន​ជ័យ​និង​នៅ​លើ​គល់​ស្ពាន​ភាគ​ខាង​លិច។ រីឯ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​រត់​ចូល​ក្នុងវ​ត្ត​ចង្រ្កាន​តាព្រហ្ម​ស្ទឹង​មានជ័យ​និង​រត់​បាច​សាច​គ្នា​នៅតាម​បណ្តោយ​ផ្លូវ​ឆ្លោះ​មក​កាន់​ស្ពាន។

ក្រុម​យុវជន​និង​ព្រះ​សង្ឃ​មួយ​ចំនួន​ដែល​ងាក​មកគាំទ្រ​ក្រុមអ្នក​តវ៉ា​និង​ក្រុមសមត្ថកិច្ច​បាន​យកដុំថ្ម​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ យូរៗ​ម្តង​ក្រុម​សមត្ថកិច្ចបាញ់​កាំ​គ្រាប់​បែក​ផ្សែង​សំដៅ​រក​ហ្វូង​អ្នកតវ៉ា​និង​អ្នក​គាំទ្រ​អ្នកតវ៉ា។

បន្ទាប់​ពី​ស្ថិត​ក្នុង​ការត្រៀម​ជាច្រើន​ម៉ោង​ក្រុម​សមត្ថកិច្ច​បាន​តំរៀប​ជួរ​ដើរ​សំដៅ​ធ្វើការ​បង្រ្កាប​ក្នុង​វត្ត នៅ​តាម​ច្រក​នានា​និង​នៅ​ក្នុង​ផ្ទះ​ប្រជាជន​មួយ​ចំនួន​និង​នៅ​តាម​សាលា​រៀន​នៅ​ក្បែរនោះ។

យុវជន​ជាច្រើន​ត្រូវចាប់ខ្លួន​ភ្លាមៗ​ហើយ​ត្រូវ​ក្រុមប៉ូលិស​និង​កងរាជអាវុធហត្ថ​វាយ​សំពង​នឹង​ដំបង​យ៉ាង​ពេញ​ទំហឹង​ ទាត់​ ធាក់​យ៉ាង​ហិង្សា​ពោរ​ពេញ​ដោយ​គំនុំ​ប្រៀប​ដូច​ជាគូ​ប្រយុទ្ធ​ក្នុង​សមរភូមិ។

យុវជន​ខ្លះ​ត្រូវ​គេ​បោច​សក់​ក្បាល​បណ្តើរ​ វាយ​ទាត់​ធាក់​បណ្តើរ។ អ្នក​ចាប់ខ្លួន​ខ្លះ​បាន​លើក​ដៃ​សំពះលុត​ជង្គង់​អង្វរ​សុំ​កុំ​ឲ្យវាយខ្លួន​ឬ​ប្រកែកថា​ខ្លួន​គ្រាន់​តែ​ជា​អ្នក​ឈរ​មើល​តែ​ប៉ុណ្ណោះ។ ព្រះ​សង្ឃវ័យ​ក្មេង​ត្រូវ​ចាប់​ប្រមូល​ដាក់​ឲ្យ​គង់​នៅ​នឹង​ដី​រង់ចាំ​រថយន្ត​មកដឹក​ឆ្ពោះ​ទៅ​កាន់​ស្នងការ​ប៉ូលិស។

បុរស​ម្នាក់​ជា​អ្នកលក់​ផ្លែដូង​ត្រូវ​កងសមត្ថកិច្ច​ព្រួតគ្នា ​រោមវាយ​ដូច​គោ​ហ្វូងដោយវាយ​លើក្បាល ​ដង​ខ្លួន ​ជើង​និង​ធាក់​ដោយគ្រាន់​តែ​សង្ស័យ​ថា​បុរស​រូប​នេះ​បាន​ចូល​រួម​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​រោងចក្រ​SL។ ដៃ​ហើម​ទាង​សង​ខាង ​មាត់​បែក​ឈាម​ពេញមាត់​ និង​មាន​ស្នាម​របួស​លើ​ជើង ​បុរស​នេះ​មិន​ហ៊ាន​ទាំង​ប្រាប់​ឈ្មោះ​ខ្លួនទេ​ដោយសារ​ខ្លាច​ប្រពន្ធ​របស់​ខ្លួន​នៅ​ខេត្ត​ព្រៃវែង​ឮ​ដំណឹង​អកុសល​របស់​ខ្លួន។

«អាជ្ញាធរ​វាយ។ហើម​ដៃ​ហើម​ជើង​អស់​ហើយ»។

លោក​ឧត្តមសេនីយ៍​ជួន ​សុវណ្ណ​ ស្នង​ការនគរបាល​រាជ​ធានី​ភ្នំពេញ​និង​លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មិនអាច​ទាក់​ទង​បានទេ​នៅថ្ងៃ​នេះ។​ ប៉ុន្តែ​បើ​យោង​តាម​ការ​គេហ​ទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​លោក​ជួន សុវណ្ណ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​ហើយ​បានស្តី​បន្ទោស​ជាពិសេស​ទៅ​លើ​ការ​បង្កហេតុ​របស់​ក្រុម​បាតុករ។

ដោយឡែក​លោក​ខេង​ ទីតូ ​អ្នកនាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បញ្ជាក់​ថា​កង​រាជអាវុធហត្ថ​គ្រាន់​តែ​ជា​កង​ជំនួយ​ដល់​សមត្ថកិច្ច​ប៉ូលិស​តែ​ប៉ុណ្ណោះ។

«ខ្ញុំគ្រាន់​តែ​ជា​កម្លាំង​ជំនួយ​ក្រោយ​ពេល​ដែល​ប៉ូលិស​ដែល​ប៉ះ​ទង្គិច​ជាមួយ​បាតុករ។ ​ក្រោយ​ពេល​ឃើញ​ពួក​យើង​គេ​ក៏បា​នរត់​ ហើយ​សល់​មួយ​ចំនួន​យើង​ក៏​បាន​ឃាត់​ខ្លួន​ហើយ​បញ្ជូន​ឲ្យ​ប៉ូលិស​ដើម្បី​ឲ្យគេ​ចាត់​ការ​តាម​នីតិវិធី»។

យោងតាម​លោក​ខេង​ ទីតូ ​កង​ប៉ូលិស​ចំនួន​បួន​នាក់​បាន​រង​របួស​ក្នុង​ការប៉ះ​ទង្គិច​គ្នា​នោះ​ដែរ។

អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​ដដែល​បន្ថែម​ថា​កង​ប៉ូលិស​នឹ​ង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​គ្រាប់​ពិត​ដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នោះ។

លោកអំ ​សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អំពើ​ហិង្សា​និង​បាន​ស្តី​បន្ទោស​លើ​អសមត្ថភាព​នៃ​សមត្ថកិច្ច​របស់​ស្ថាប័ន​រដ្ឋាភិបាលក្នុងការ​ដោះ​សា្រយ​វិវាទ​រវាង​ក្រុម​កម្មករ​រោងចក្រ​SL ​ជាមួយ​នឹង​ថៅកែ​រោងចក្រ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បាន​ព្រមាន​ពីវ​ប្បធម៌​នៃ​អំពើ​ហិង្សា​អាច​នឹង​បន្ត​កើត​មាន​ដូច្នេះ៖ «ការ​វាយដំ​គឺ​ជា​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់។​ការ​ប្រទូស​រ៉ាយ​វាមាន​ ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់​បាន​ត្រូវ​តែ​អនុ​វត្ត​តាម​ច្បាប់​គឺ​ច្បាប់​តម្រូវ​មិន​ឲ្យ​ធ្វើការ​វាយដំ។​អញ្ចឹង​កាល​ណា​មាន​អំពើ​ហិង្សា​ហើយ​អ្នកបង្ក​ឬ​អ្នក​ទទួល​ខុសត្រូវ​មិន​ត្រូវ​បានអនុវត្ត​ច្បាប់​ វប្បធម៌​នៃ​អំពើ​ហិង្សា​នឹង​ចេះ​តែ​បន្ត​និង​អាច​ខ្លាំង​ជាង​នេះ​ទៀត»។

ជាមួយគ្នា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ជាប់​ឆ្នោតបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​អំពើ​ហិង្សា​របស់​អាជ្ញាធរ​លើ​កម្មករ​រោងចក្រ​SLនិង​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​បញ្ឈប់​អំពើ​ហិង្សា​តទៅ​ទៀត។

នេះគឺ​ជាលើក​ទីពីរ​ហើយ​ដែល​មាន​ការប៉ះ​ទង្គិច​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ​និង​ក្រុម​សមត្ថកិច្ច​ក្រោយ​ពី​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា។

ការ​ប៉ះទង្គិច​លើក​ទី​១​សមត្ថកិច្ច​បាន​បាញ់​និង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​នេះ​មិនទាន់​ត្រូវ​វែក​មុខ​ឃើញ​នៅ​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG