ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស៖ ​ករណី​ជា វិជ្ជា​គឺ​ជា​ការ​បរាជ័យ​ខាង​ប្រព័ន្ធ​តុលាការ


រួបថត​លោក​ជា​ វិជ្ជា​ពេល​ដង្ហែ​សពលោក ក្រោយពី​ឃាតករ​បាញ់​សម្លាប់​លោក​ថ្ងៃ២២ ខែមករា​ឆ្នាំ​២០០៤។
រួបថត​លោក​ជា​ វិជ្ជា​ពេល​ដង្ហែ​សពលោក ក្រោយពី​ឃាតករ​បាញ់​សម្លាប់​លោក​ថ្ងៃ២២ ខែមករា​ឆ្នាំ​២០០៤។
ការសម្រេច​របស់​តុលាការ​កំពូល​ដោះលែង​លោកប៊ន សំណាង ​និងលោកសុខ សំអឿន​ បុរស​ពីរ​នាក់​ដែល​ត្រូវ​គេ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ក្នុង​រឿង​បាញ់​សម្លាប់​លោក​ជា វិជ្ជា ​ប្រធាន​សហជីព​ដ៏​ល្បី​ឈ្មោះ​ ជា​ការ​បង្ហាញ​នូវ​អសមត្ថភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​និង​ភាព​ចន្លោះ​ប្រហោង​ក្នុង​ច្បាប់​នៃ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​និង​ផលិតករ​ខ្សែ​ភាព​យន្ត​រឿង​«នណា​សម្លាប់​លោក​ជា វិជ្ជា?»។​

បន្ទាប់​ពី​ត្រូវ​ចាប់​ដាក់​គុក​ពីរ​ដង​និង​ចំណាយ​ពេល​ជិត​៦​ឆ្នាំ​ក្នុង​គុកនោះ​សំណុំ​រឿង​ឃាត​កម្ម​ដ៏​ចម្រូង​ចម្រាស​លើ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​វិល​ត្រឡប់​មក​ចំណុច​ចាប់​ផ្តើ​ម​ឡើង​វិញ​នាថ្ងៃ​ទី​២៦ខែ​កញ្ញា​ នៅពេល​ដែល​តុលាការ​ចំណាយ​ពេល​ជិត​១០​ឆ្នាំ​ទើប​អាច​សម្រេចបានថា​បុរស​ពីរនាក់​នេះ​មិន​មាន​ជាប់​ពាក់​ព័ន្ធក្នុង​ការ​លើកដៃកេះកៃ​កាំភ្លើង​បាញ់​ដើមទ្រូង​ធ្វើឃាត​លោក​ជា​ វិជ្ជា​ទេ។

«នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​អ្នក​ណា​សម្លាញ់​លោក​ជា វិជ្ជា?»។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ដ៏ល្បី​ល្បាញ​មួយ​នេះ។

លោក​ជា​ វិជ្ជា​ត្រូវ​បាន​ឃាតករ​បាញ់​ប្រហារ​ទាំង​ព្រឹក​នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤​ពេល​លោក​និង​មិត្ត​ភ័ក្រកំពុង​អង្គុយ​អាន​កាសែត​នៅក្បែ​វត្ត​លង្កា​នា​រាជ​ធានី​ភ្នំពេញ។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​អាជ្ញា​ប៉ូលិស​បាន​ចាប់​ខ្លួន ប៊ន សំណាង​និង​សុខ សំអឿន​ដោយ​ចោទ​ប្រកាន់​ថា​ពួកគេ​គឺ​ជា​ឃាតករ​ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ប្រកែក​ថា​មិន​មាន​ពាក់​ព័ន្ធ​អ្វី​ទេ។​

លោក​ប្រែដលី ខក ​ផលិតករ​ខ្សែ​ភាពយន្ត​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ដោយ​ស្វាគមន៍​ការសម្រេច​ចិត្ត​របស់​តុលាការ​កំពូល​ប៉ុន្តែ​បាន​បន្ថែម​ថា៖ ​«គេ​នៅ​មិន​ទាន់​អាច​មាន​ហេតុផល​ណា​ដើម្បី​សន្និដ្ឋាន​ថា​ការសម្រេច​ចិត្ត​របស់​តុលាការ​នេះ​បង្ហាញ​នូវ​ឯករាជ្យ​ភាព​របស់​តុលាការ​ទេ»។

ខ្សែភាព​យន្ត«រឿង​អ្នកណា​សម្លាប់​ជា វិជ្ជា?» ​បាន​បង្ហាញ​ថា​ជន​ណា​ដែល​អាច​ចេញ​បញ្ជា​សម្លាប់​មនុស្ស​ដែល​មាន​កម្រិត​ល្បី​ដូច​ជា​លោក​ជា​វិជ្ជា​ប៉ុន្តែ​មិន​ទាញ​ការ​សន្និដ្ឋាន​ថាតើ​អ្នក​ណា​នៅ​ពីក្រោយ​ការសម្លាប់​នេះ​ទេ។​

អាជ្ញា​ធរ​កម្ពុជា​មិន​ត្រឹមតែ​មិន​ស្នើ​សុំ​យក​ភាព​យន្ត​នោះ​ដើម្បី​ធ្វើ​ជា​ឯកសារ​ទេ​ប៉ុន្តែ​ថែម​ទាំង​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ដាក់​បញ្ចាំង​ភាព​យន្ត​ឯកសារ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង។ លើ​ស​ពីនេះ​ទៀត​មន្ត្រី ​ជាន់​ខ្ពស់​កម្ពុជា​បែរ​ជា​ចោទ​សាក្សី​ដែល​បាន​ឃើញ​ឃាតករ​ផ្ទាល់​ភ្នែក​ថា​ឆ្លើយ​បំផ្លើស​ដើម្បី​បាន​សិទ្ធិ​មកនៅ​ក្រៅ​ប្រទេស​នៅ​ពេល​ដែល​សាក្សី​រូប​នេះ​បញ្ជាក់​ថា​ប៊ន សំណាង​និង​សុខ​ សំអឿន​មិន​មែន​ជា​ឃាតករ​ទេ។​

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​មើល​ឃើញ​ថា​ប្រព័ន្ធ​តុលាការ​កម្ពុជា​នៅ​តែ​មិន​ឯករាជ្យ​ដោយ​សំអាង​ថា​បើ​សិន​ជា​មាន​ភាព​ឯករាជ្យ​មែន​គេ​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ដិតដល់​រក​មើល​ថា​អ្នក​ណា​ជា​អ្នក​សម្លាប់​លោក​ជា វិជ្ជា​ជាជាង​មក​ផ្តោតការស៊ើប​អង្កេតលើ​មនុស្ស​ដែល​គ្មាន​ទោស​ពៃរ៍​ពីរ​នាក់​នេះ​ទេ។

លោក​អំ សំអាត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ​បាន​បញ្ជាក់​ថា៖
«ខ្ញុំ​គិត​ថា​រឿង​នេះ​រាជ​រដ្ឋាភិបាល​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្តើម​កើត​ឡើង​នៅ ​ថ្ងៃ​ទី​២៤​នោះ​គួរ​តែ​គិត​ទៅ​វិញ ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​និង​ប្រព័ន្ធ​យុត្តិធម៌​ជាពិសេស​ត្រូវ​ផ្តល់​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទាំងឡាយ​ដែល​រងគ្រោះ​ដោយ​ភ្នាក់ងារ​រដ្ឋ​ឬ​រងគ្រោះ​តាម​រយៈ​ប្រព័ន្ធ​តុលាការឬ​ប្រព័ន្ធ​យុត្តិធម៌​នេះ​ត្រូវ​តែ​ទទួល​នូវ​សំណង​ដ៏​សម​រម្យ​ណាមួយ​សម្រាប់​ពួកគេ»។​

យ៉ាង​ណា​ក៏ដោយ​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​មាន​កំហុស​ឆ្គង​ក្នុង​ការ​មិន​ឱ្យ​មាន​ភាព​ជឿន​លឿន​ខាង​ផ្នែក​យុត្តិធម៌​ហើយ​ថា​នឹងខិតខំប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​នេះ។

លោក​ផៃ ស៊ីផាន​រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាស​ជាមួយ​វីអូអេ​ថា៖​

«យើង​ដឹង​ហើយ​យើង​គ្រប់​គ្រង​កំណើន​សេដ្ឋ​កិច្ច​យើងបាន​គឺ​៧ភាគរយ​នៃ​ផលិតផល​សរុប​ហើយ​យើង​កាត់​បន្ថយ​ភាព​ក្រីក្រ​យើង​បាន​ក៏​ប៉ុន្តែ​យើង​ជួប​ប្រទះ​នូវ​ឧបសគ្គ​ដូច​ជា​វិស័យ​យុត្តិធម៌​នៅ​ក្នុង​សង្គម​ក្នុង​វិស័យ​ប្រសិទ្ធភាព​ការងារ​ផ្តល់​សេវាកម្ម​ជូន​មហាជន​របស់​យើង»។​

រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កញ្ញា​នេះ​បាន​នាំ​ត្រឡប់​មក​វិញ​នូវ​សមាស​ភាព​ថ្នាក់​ដឹកនាំ​ស្ទើរតែ​ដដែល​ទាំងអស់​ដោយ​គ្រាន់​តែ​ដំឡើង​ឋានៈ​មន្រ្តី​ខ្លះ​ដែល​បម្រើ​ការងារ​នៅ​ស្ថាប័ន​នោះ​រាប់​សិបឆ្នាំ​មក​ហើយ​ឱ្យ​កាន់​ការងារ​ជា​រដ្ឋ​មន្ត្រី​មួយ​ចំនួន។​

ប្រការ​នេះ​ធ្វើ​ឱ្យ​ផលិតករ​ភាពយន្ត​ឯកសារ​ដែល​បាន​ស៊ើប​អង្កេត​ករណី​សម្លាប់​លោក​ជា វិជ្ជា​យល់​ថា​រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​ខិតខំ​យ៉ាង​ប្រវ៉េប្រវ៉ា​ដើម្បី​ស្តារនូវ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​វិញ​បន្ទាប់​ពី​ធ្លាក់​ប្រជាប្រិយ៍ភាព​ក្រោយពី​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨​ខែកក្កដា​ប៉ុន្តែ​នៅ​តែ​មិន​អាច​មាន​ប្រព័ន្ធយុត្តិធម៌​មួយ​នៅឆ្ងាយ​ពី​ឥទ្ធិពល​នយោបាយ​ដដែល។​

លោក​ប្រែដលី​ ខកបាន​បន្ថែម​ថា​«អ្វី​ដែល​យើង​អាច​បញ្ជាក់​បាន​គឺសវនាការ​តុលាការ​កំពូល​នេះ​ត្រូវបាន​រៀបចំ​ឡើង​តែ​នៅ​ក្រោយ​ពី​ពេល​បោះឆ្នោត​ប៉ុណ្ណោះ។ ដូច្នេះ​ការ​ដោះលែង​លោក​ប៊ន សំណាង​និង​សុខ សំអឿន​អាច​ជា​សញ្ញា​នៃ​ការ​ប្រឹងប្រែង​ដោយ​ក្តី​អស់​សង្ឃឹម​មួយ ​ប៉ុន្តែ​វាមិន​មែន​ជា​ភស្តុតាង​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ពិតប្រាកដ​មួយ​ទេ»។

ស្របគ្នា​នេះ​ដែរ​អង្គការ​សង្គម​ស៊ីវិលក្នុង​ស្រុក​នៅ​តែ​បន្ត​ជំរុញ​មិន​ឱ្យ​បំភ្លេច​ករណី​ឃាតកម្ម​កន្លង​មក​ដែល​រក​ឃាតករ​ពិត​មិន​ទាន់​ឃើញ។

លោក​អំ សំអាត​នៃ​អង្គការ​សិទ្ធិ​ម​នុស្ស​លីកាដូ​បាន​បន្ថែម​ថា៖ «ករណី​ដូច​លោក​ជា វិជ្ជា​គឺ​យើង​ឃើញ​នៅ​មាន​ច្រើនទៀត ​ដូច​ជា​ករណី ​លោ​កឃឹម សំបូរ​ លោក​ឈុត​វុទ្ធី​ កញ្ញា​ទូច ស្រី​និច លោ​កជូ ជេត​ថារិទ្ធ​ជាដើម​ដែល​ករណី ​ទាំង​អស់​នោះ​មក​ទល់​ពេល​នេះ​មិន​ទាន់​រក​ជន​ដៃ​ដល់​ក្នុង​រឿង​ហ្នឹង​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ដូច​ជា​ករណី​លោក​ជា​ វិជ្ជា​នេះ​ដែរ»។​

ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​មួយ​ចំនួន​រួម​ទាំង​ភរិយា​លោក​ជាវិជ្ជា​និង​កូនផង​កំពុង​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ចោល​ស្រុក​កំណើត​ដោយសារ​មិន​មាន​សុវត្ថិភាព​រស់​នៅ​ក្នុង​ប្រទេស​ហើយ​បាន​ត្រឹម​តែ​ដង្ហោយ​ហៅ​រក​យុត្តិធម៌​យ៉ាង​ល្វើយៗ​ពី​ចម្ងាយ​ប៉ុណ្ណោះ។ ​ហើយ​ករណី​ធ្វើ​ឃាត​លោក​ជា វិជ្ជា​នេះ​អាច​នឹង​នៅ ​បើក​ចំហរ​ដោយ​មិន​ដឹង​ជា​បញ្ចប់​នៅ​ពេល​ណា​ដូច​ជា​ករណី​ឃាតកម្ម​លើ​តារាភាព​យន្ត​ ពិសិដ្ឋ​ ពិលិកា​ដូច្នេះ​ដែរ៕
XS
SM
MD
LG