លោកអ៊ូវីរៈបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖
«កម្មករកាត់ដេរ ជាជាក់ស្តែងគាត់ជាអ្នករស់នៅ ប្រជុំជនប៉ុន្តែនៅពេលដែលគាត់ទៅ បោះឆ្នោតគាត់ទៅ បោះនៅតាមបណ្តាញ ខេត្តមានលក្ខណៈជាជនបទអញ្ចឹងការសម្រេចចិត្តរបស់គាត់មានលក្ខណៈនឹងប៉ះពាល់លទ្ធផលនៅ តាមខេត្តគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជាហើយខ្ញុំមើលទៅជារឿងមួយគួរឱ្យចាប់អារម្មណ៍មែនទែន។ បើសិនជាអ្នកមកកាត់ដេរគាត់មានសិទ្ធិបោះឆ្នោតការទាយរបស់ខ្ញុំគឺថាគណបក្សប្រឆាំងអាចមានសំឡេងគ្រាន់បើ»។
លោកអ៊ូ វីរៈបញ្ជាក់ថាការផ្លាស់ប្តូរខាងប្រជាសាស្រ្តនិងការរីកសាយនៃតំបន់ទីក្រុងអាចនឹងឱ្យមនុស្សជាច្រើនទទួលបានព័ត៌មានល្អជាងមុនហើយអាចនឹងមានផលប៉ះពាល់ធំជាងមុនដល់ការបោះឆ្នោតផងដែរ។
កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះអ្នកនយោបាយបានទស្សទាយអំពីជោគជ័យនៃគណបក្សរបស់គេរៀងៗខ្លួននៅមុនពេលយុទ្ធនាការបោះឆ្នោតបានចាប់ផ្តើមទៅទៀត។ ពួកគេបានផ្អែកការអះអាងនេះលើការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់អាមេរិកាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអះអាងថាគណបក្សរបស់លោកអាចនឹងឈ្នះបានរហូតដល់ជាង៧០ភាគរយក្នុងចំណោមអសនៈ១២៣នៅក្នុងសភាជាតិ។ ប៉ុន្តែបានព្រមានថាសង្រ្គាមអាចនឹងកើតមានឡើងបាននិងកម្ពុជាធ្លាក់ទៅក្នុងរបបខ្មែរក្រហមសារជាថ្មីបើសិនគណបក្សរបស់លោកចាញ់ឆ្នោត។
ប៉ុន្តែលោកអ៊ូ វីរៈ ជឿថាមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចមានការភ័យខ្លាចសង្គ្រាមជាងគេដោយសារតែពួកគាត់មានកម្មសិទ្ធិដី ធ្លីនិងផ្ទះវីឡាធំៗ។
«អស្ថិភាពមួយណានឹងធ្វើឱ្យខូចប្រយោជន៍ពួកគាត់ខ្លាំងជាងគេទាំងអស់ហើយអញ្ចឹងហើយខ្ញុំមើលទៅស្ថិរភាពគឺជាឆន្ទៈមួយដែលគណបក្សទាំងសងខាងចង់បាន។ អញ្ចឹងខ្ញុំអត់រំពឹងថានឹងមានសង្គ្រាមទេទោះបីប្រើប្រាស់យុទ្ធសាស្រ្តគំរាមកំហែងដើម្បីបំភ័យដើម្បីបានសន្លឹកឆ្នោតក៏ដោយ»៕