វ៉ាស៊ីនតោន៖ តំណាងពលករខ្មែរ ដែលធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ទទូចឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់ខែ ដំឡើងប្រាក់ខែដល់កម្មករ និងពលករក្នុងប្រទេសកម្ពុជាឲ្យបានសមរម្យ។ លោកសុខ ខេមរា នៃ វីអូអេ ដែលបានជួបសម្ភាសជាមួយពលករ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងតាមប្រព័ន្ធ Skype រាយការណ៍ថា ប្រាក់ខែពលករខ្មែរធ្វើការដោយកម្លាំងគឺខ្ពស់ជាងឆ្ងាយពីប្រាក់ខែក្នុងប្រទេសកម្ពុជា។
ពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងធ្វើការបានប្រាក់ខែប្រមាណ២០០០ ដុល្លារក្នុងមួយខែៗ។
ក្រុមពលករនិងកម្មករបានអះអាងថា ប្រាក់ខែទាំងនោះបានផ្លាស់ប្តូរជីវភាពគ្រួសារពួកគេបានសមរម្យ រួចផុតពីភាពក្រីក្រ។ ក្រុមកម្មករទាំងនោះបានអះអាងថា ទោះជាពួកគេបានទទួលប្រាក់ខែខ្ពស់នៅឯក្រៅប្រទេសមែន តែគេគិតពីប្រាក់ខែសមរម្យសម្រាប់ពលករនិងកម្មករក្នុងស្រុករាប់សែននាក់។
ប្អូនប្រុសស៊ីទិត សុវណ្ណ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាមហើយដែលបានមកធ្វើការនៅក្នុងរោងចក្រមួយ នៅប្រទេសកូរ៉េខាងត្បូងពីរឆ្នាំកន្លះ បានថ្លែងថា៖
«ខ្ញុំសូមទាមទារដល់រដ្ឋាភិបាលឲ្យបង្កើតការងារឲ្យពលករនិងកម្មករ។ ទី២សុំឲ្យគាត់ដំឡើងប្រាក់បៀវត្សឲ្យបានសមរម្យ ជាពិសេសគឺអាចដោះស្រាយជីវភាពគ្រួសារបានតែម្តង។ យើងចង់មានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយចំណូលក្នុងគ្រួសារ»។
ប្អូនថ្លែងថា គ្រួសាររបស់ប្អូនធ្លាប់ជួបប្រទះនូវបញ្ហាក្រលំបាក គ្មានលុយទៅរៀន គ្មានលុយទិញម៉ូតូ សម្ភារៈទាន់សម័យនឹងគេ។ រឿងទាំងនេះហើយដែលប្អូនគិតថា ជារឿងលំបាក ហើយបង្ខំចិត្តមកធ្វើការនៅក្រៅប្រទេសនិងតស៊ូអភិវឌ្ឍខ្លួន។
«អញ្ចឹងការចំណាកស្រុកនេះគឺយើងចង់កែប្រែខ្លួនឯងដើម្បីឲ្យរីកចម្រើនព្រោះអី យើងអត់ចង់ស្នងពីឳពុកម្តាយយើង ធ្វើស្រែ ធ្វើចំការ ឬក៏ធ្វើអ្វីផ្សេងៗដែលពាក់ព័ន្ធជាមួយផ្នែកការងារបូរាណរបស់យើង។ បើអញ្ចឹងយើងអត់មានរីកចម្រើនអី យើងអត់បានយល់ដឹងអីទាំងអស់។ អញ្ចឹងយើងដឹងតែព្រលឹមឡើង លីចប លីពូថៅទៅស្រែ។ ការរៀនសូត្រក៏អញ្ចឹងដែរដោយសារខ្ញុំបានទទួលព័ត៌មានទៅតាមវិទ្យុទៅ តាមទូរទស្សន៍អញ្ចឹងបានធ្វើឲ្យពួកខ្ញុំគិតថា ធ្វើម៉េចដើម្បីអនាគតរបស់ខ្ញុំ។ អញ្ចឹងមានតែការចំណាកស្រុកនេះតែម្តង»។
គេបាន់ប្រម៉ាណថា មានកម្មករជាងបីម៉ឺននាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារថា ក្នុងប្រទេសកម្ពុជាមិនមានកន្លែងការងារដែលពួកគេអាចរកចំណូលចញ្ចឹមគ្រួសារបាន។
ប្អូនប្រុសសុខ វន្ធា អាយុ២៨ឆ្នាំ មកពីខេត្តកំពត។ ប្អូនប្រុសបានមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង២ឆ្នាំហើយគឺធ្វើកិច្ចការខាងផលិតម្ហូបអាហារ។
«មូលហេតុដែលឲ្យខ្ញុំចាប់ផ្តើមមានបំណងចង់មកធ្វើការនៅប្រទេសកូរ៉េនេះគឺដោយសារតែនៅក្នុងស្រុក ខ្ញុំវាអត់មានការងារសមស្របទៅនឹងសមត្ថភាពដែលខ្ញុំធ្វើ។ ដូចជាខ្ញុំរៀនចប់មហាវិទ្យល័យ ហើយប្រាក់ខែដំបូងរបស់ខ្ញុំត្រឹម៧០ដុល្លារ។ វាគ្មានតុល្យភាពទៅនឹងទំនិញទីផ្សារ។ មិនអាចទ្រាំទ្របាន ខ្ញុំក៏ដាច់ចិត្តចំណាកស្រុកតែម្តង»។
កម្មកររោងចក្រក្នុងប្រទេសកម្ពុជាប្រមាណ៣សែន៥ម៉ឺននាក់ទទួលប្រាក់ខែគោល៦១ដុល្លារក្នុងមួយខែ ហើយនឹងឡើងដល់៨០ដុល្លារនាពេលខាងមុខ។ កម្មករទាំងនោះនាំក្រោកឈរដើម្បីតវ៉ា ឬធ្វើបាតុកម្មជាញយៗទាមទារឲ្យរដ្ឋាភិបាល និងថៅកែគោរពសិទ្ធិកម្មករនិងផ្តល់ប្រាក់ខែខ្ពស់ដែលអាចចញ្ចឹមជីវភាពបានសមរម្យ។
នៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធអនុវិទ្យាល័យក្នុងឃុំទួលសូភី ស្រុកអូរាំងឳ ខេត្តកំពង់ចាមកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអះអាងថា រដ្ឋាភិបាលបានប្រឹងប្រែងធ្វើឲ្យប្រាក់ខែគោលឡើងពីជាង៣០ដុល្លារដល់៨០ដុល្លារស.រ.អា.សម្រាប់កម្មករជាច្រើនម៉ឺននាក់។
«កន្លែងខ្លះគេឲ្យឡើងលើសពីហ្នឹងទៅទៀត។ គេអត់ចាំអាប្រាក់ខែគោលហ្នឹងទេ ព្រោះគេត្រូវការកម្មករ។ អញ្ចឹងគេឲ្យប្រាក់ខែខ្ពស់។ អញ្ចឹងទេបានជាកម្មករមួយចំនួនមានលទ្ធភាពបញ្ជូនប្រាក់មកឲ្យឳពុកម្តាយ»។
លោកក៏បានចម្អកដល់ការសន្យាផ្តល់ប្រាក់ខែ២៥០ដុល្លារបស់គណបក្សជំទាស់ដែរ ដោយលោកអះអាងថា ជាការសន្យាខ្យល់។
ក្រុមមន្ត្រីគណបក្សជំទាស់បានរិះគន់ថា គណបក្សគ្រប់គ្រងប្រទេសបានដឹកនាំប្រទេសជាង៣០ឆ្នាំមិនឆ្ពោះទៅរកភាពជឿនលឿន។ មន្ត្រីរាជការ គ្រូបង្រៀន និងកម្មករមានប្រាក់ខែតិច ដែលមិនសមភាពទៅនឹងទំនិញលើទីផ្សារដែលអាចទ្រទ្រង់ជីវភាពបាន។
ថ្លែងប្រាប់វីអូអេតាមប្រព័ន្ធ Skype ក្នុងកិច្ចសម្ភាសមួយពេលលោកអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីជួបកម្មករនិងពលករខ្មែរ ដើម្បីស្វែងរកការគាំទ្រនយោបាយ មុនពេលបោះឆ្នោតនោះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា ពលករដែលធ្វើការនៅក្នុង ប្រទេសកូរ៉េខាងត្បូងទើបអាចដឹងច្បាស់ពីភាពរីកចម្រើន ឬមិនរីកចម្រើនពិតក្នុងប្រទេសកម្ពុជា។
«យើងដឹងហើយថា កន្លងមក គាត់ធ្លាប់នៅក្នុងស្រុកខ្មែរ គាត់ស្មានតែប្រទេសកម្ពុជាហ្នឹង ដែលនាយករដ្ឋមន្ត្រីហ៊ុន សែន គណបក្សប្រជាជនកម្ពុជាធ្លាប់អួតក្អេងក្អាងថា មានការរីកចម្រើន គាត់ស្មានថា ស្រុកហ្នឹងរីកចម្រើនមែន។ ហើយចេះថា រស់ប៉ុណ្ណឹងហើយម៉េចទៀតហ្នឹងគឺកាលគាត់នៅក្នុងស្រុក ដល់គាត់មកឃើញប្រទេសកូរ៉េខាងត្បូងនេះបានគាត់ភ្ញាក់ព្រឺត។ គាត់គិតថា អ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចជាគណបក្សប្រជាជន និយាយនោះ សុទ្ធតែជាពាក្យបោកប្រាសប្រជាពលរដ្ឋដោយសារយើងមិនទាន់ដឹងស្ថានភាពពិតក្នុងប្រទេសនានាលើពិភពលោកដែលគេជឿនលឿនដល់ណា»។
ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ៗជាមធ្យមរកប្រាក់ចំណូលបាន៣ម៉ឺន២ពាន់ដុល្លារក្នុងមួយឆ្នាំៗ ធៀបនឹងពលរដ្ឋកម្ពុជារកចំណូលបានជាមធ្យម២៤០០ដុល្លារស.រ.អា.។ នេះបើតាមការផ្សាយឲ្យដឹងរបស់កំណត់ហេតុ CIA សម្រាប់ឆ្នាំ២០១២។
ប្អូនប្រុសវន្ធា ពលករខ្មែរនៅកូរ៉ខាងត្បូង បានអះអាងថា កិច្ចការដែលប្អូនធ្វើគឺដោយសារកម្លាំងសុទ្ធសាធ។ ប្អូនប្រុសបានបន្ថែមថា ជនជាតិកូរ៉េគេមិនធ្វើទេកិច្ចការប្រើកម្លាំងគឺគេជួលជនជាតិដ៏ទៃមកធ្វើជំនួសវិញ។
ប្អូនប្រុសបានផ្ញើសារដល់យុវជនៗឲ្យខំរៀនដើម្បីយកចំណេះដឹងប្រើការនិងប្រើក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីគ្រួសារនិងអនាគតប្រទេសផងដែរ។
«យើងធ្វើម៉េចឲ្យខំរៀន ខំរៀនហើយបើមានបំណងចង់មកធ្វើការនៅប្រទេសកូរ៉េគឺយើងប្រឡងស្របច្បាប់។ ហើយបើមិនអញ្ចឹងទេ ត្រូវតែស្វែងយល់តាមដានផ្នែកប្រជាធិបតេយ្យទាក់ទងទៅនឹងនយោបាយ កុំឲ្យអ្នកនយោបាយយកប្រទេសជាតិយើងទៅលេងសើច។ កាលណាស្វែងយល់ពីនយោបាយ ហើយបោះឆ្នោតជ្រើសរើសតំណាងរាស្ត្របានត្រឹមត្រូវ ហើយឃើញដឹកនាំដោយគណបក្សត្រឹមត្រូវ គាត់អាចដឹកនាំប្រទេសជាតិ អាចសម្រេចនូវជោគវាសនាប្រទេសយើងបានគឺប្រាក់ខែយើងក៏មានតាមហ្នឹងដែរ ការងារក៏សម្បូរបែបតាមហ្នឹង»។
ពលរដ្ឋកម្ពុជា ជិត៣០ភាគរយដែលគេដឹងថា កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ រកចំណូលបានក្រោម១ដុល្លារក្នុងមួយថ្ងៃ។ ប្រទេសកម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសក្រីក្រមួយក្នុងពិភពលោក ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាងបីទសវត្សរ៍៕