ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សាថ្មី៖ អ្នករស់រាន​ពី​របប​ខ្មែរ​ក្រហម​ម្នាក់​ក្នុង​ចំណោម​៤​នាក់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត


រូបឯកសារ៖ អ្នក​ទោស​ទាំងអស់​​ដែល​បញ្ជូន​​ទៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ត្រូវ​បាន​ខ្មែរ​ក្រហម​ថត​រូប​ មុន​នឹង​សួរ​ចម្លើយ​ និង​ធ្វើ​ទារុណកម្ម។ រូប​នេះ​ថត​ចេញ​ពី​ជញ្ជាំង​តាំង​រូបថត​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​នៅ​ទី​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ អ្នក​ទោស​ទាំងអស់​​ដែល​បញ្ជូន​​ទៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ត្រូវ​បាន​ខ្មែរ​ក្រហម​ថត​រូប​ មុន​នឹង​សួរ​ចម្លើយ​ និង​ធ្វើ​ទារុណកម្ម។ រូប​នេះ​ថត​ចេញ​ពី​ជញ្ជាំង​តាំង​រូបថត​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​នៅ​ទី​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ជាង​៣​ម៉ឺន​នាក់​បង្ហាញ​ថា ​អ្នក​រស់​រាន​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នៅ​បន្ត​រង​ផល​ប៉ះ​ពាល់​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត ដោយ​សារ​បទ​ពិសោធន៍​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម ចាប់​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩ ដែល​ប្រជាពលរដ្ឋ​ប្រមាណ​១លាន​៧​សែន​បាន​ស្លាប់​ក្នុង​របប​នោះ។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ហៅ​កាត់​ថា DC-Cam ទៅ​លើ​អ្នក​រស់​រាន​ជាង​៣​ម៉ឺន​នាក់។

ការ​សិក្សា​នេះ​ធ្វើ​ឡើង​ចាប់​ពី​ខែ​សីហា ឆ្នាំ២០២១ ដល់​ខែ​សីហា ឆ្នាំ២០២២ ដែល​អ្នក​រស់​រាន​ភាគ​ច្រើន​មាន​អាយុ​ចន្លោះ​ពី​៥០​ដល់​៧៩​ឆ្នាំ។ អ្នក​រស់​រាន​ភាគ​ច្រើន​ស្ថិត​ក្នុង​ខេត្ត​នៅ​តំបន់​បឹង​ទន្លេ​សាប និង​តំបន់​វាល​ទំនាប។

ការ​សិក្សា​នេះ​បង្ហាញ​ថា ​អ្នក​រស់​រានមាន​ជីវិត​ភាគ​ច្រើន​ស្ថិត​ក្នុង​ភាព​ក្រីក្រ មិន​មាន​ការងារ​ធ្វើ ឬ​មាន​ការ​ធ្វើ ប៉ុន្តែ​ការងារ​ដែ​ល​ទទួល​បាន​ប្រាក់​ចំណូល​ទាប​ ជា​ពិសេស​ក្នុង​ផ្នែក​កសិកម្ម។ អ្នក​រស់​រាន​មាន​ជីវិត​ជា​ស្រ្តី មាន​ភាគ​រយ​ខ្ពស់​នៅ​ក្នុង​ការ​សិក្សា​មួយ​នេះ។

បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា អ្នក​រស់​រាន​ទាំង​នោះ​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន ដូច​ជា​លើស​សម្ពាធ​ឈាម រលាក​ក្រពះ​ពោះ​វៀន និង​វិបត្តិ​ផ្លូវ​ចិត្ត ដែល​អាច​បណ្តាល​មក​ពី​ឥទ្ធិពល​ដោយ​ផ្ទាល់​ឬ​ប្រយោល​នៃ​ការ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ដែល​មាន​ការ​កាប់​សម្លាប់​មនុស្ស ការ​បង្អត់​អាហារ និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​លើស​កម្លាំង​ជា​ដើម។

ការ​សិក្សា​ដដែល​នោះ​បញ្ជាក់​ទៀត​ថា​ អ្នក​រស់​រាន​មាន​ជីវិត​យ៉ាង​តិច​ម្នាក់​ក្នុង​ចំណោម​៤នាក់​នៅ​ក្នុង​ការ​សិក្សា​នេះ​ឆ្លើយ​ថា ពួកគេ​នៅ​តែ​ឈឺ​ចាប់​ពីស្ថានភាព​ផ្លូវ​ចិត្ត ឬ​រោគ​សញ្ញា​នៃ​ស្ថានភាព​ផ្លូវ​ចិត្ត​ដែល​អាច​មក​ពី​បទ​ពិសោធន៍​នៃ​ការ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​។ ការ​ប្រើប្រាស់​ថ្នាំ ដោយ​មិន​ទៅ​ជួប​វេជ្ជបណ្ឌិត​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​គឺ​ជា​វិធីសាស្រ្ត​ចម្បង​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ក្នុង​ចំណោម​អ្នក​រស់​រាន​ទាំង​នោះ។

លោក យន់ ប៊ីន អាយុ​៦៨​ឆ្នាំ អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​មួយ​រូប ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​ទួល​មាន​ជ័យ​ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​វីអូអេ​ថា​លោក​មាន​ការ​លំបាក​ក្នុង​ការ​សម្រាន​ នា​ពេល​យប់ ដោយ​សារ​តែ​លោក​តែង​នឹក​គិត​ឃើញ​ចំពោះ​ហេតុការណ៍​នៃ​ការ​កាប់​សម្លាប់​យ៉ាង​រង្គោល​ពី​ពួក​ខ្មែរ​ក្រហម។ លោក​ធ្លាប់​ត្រូវ​បាន​យក​ទៅ​វាយ​សម្លាប់​ក្នុង​រណ្តៅ ប៉ុន្តែ​លោក​នៅ​រស់​រាន​មាន​ជីវិត​វិញ ដោយ​លួច​រត់​ពី​រណ្តៅ។

លោកបន្ត​ថា ​រូបភាព​នៃ​ការ​កាប់​សម្លាប់ ការ​ធ្វើ​ទារុណ​កម្ម និង​សកម្មភាព​នៃ​ការ​ធ្វើ​បាប​ផ្សេងៗ តែង​តែ​លេច​ឡើង​ក្នុង​ការ​ចង​ចាំ​របស់​លោក​រហូត។ ប៉ុន្តែ​លោក​បាន​ទទួល​ការ​ព្យាបាល​ពី​អង្គការសុខភាព​ផ្លូវ​ចិត្ត​ (TPO) ទើប​ស្ថាន​ភាព​នៃ​ជំងឺ​ផ្លូវ​ចិត្ត​អាច​មាន​ការ​គ្រប់​គ្រង​បាន និង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

លោក​ប្រាប់​វីអូអេ​ថា៖ «លោក​គ្រូ​ខ្ញុំ​ដេក​យប់​ទៅ​នឹក​តែ​ស្រមៃ​ កាល​ពេល​វា​យក​ទៅ​វៃ​ចោល​លោក​គ្រូ​អើយ ដេក​អត់​លក់​ទេ​។ ខ្ញុំ​បាន​ថ្នាំ​ខាង ​TPO ដែរ​បាន​ដេក​លក់​ តែ​អញ្ចឹង​ខ្ញុំ​ស្រមៃ​គេ​ងាប់​អស់​មួយ​ឡាន​នៅ​រស់​តែ​ឯង​មួយ»។

លោក យន់ ប៊ិន ក៏​សង្ឃឹម​ថា​នឹង​មាន​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្តល់​ជា​ជំនួយ និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ព្យាបាល​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​លោក និង​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ផ្សេងៗ​ទៀត។

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា​៖ «ខ្ញុំ​នឹក​ឃើញ​តែ​ខ្ញុំ​មួយ ដូច​ថា​ខ្ញុំ​ជា​មនុស្ស​ បើ​និយាយ​ទៅ​ខ្ញុំ​គិត​ទៅ​ខ្ញុំ​ដូច​តែ​ស្លាប់​ម្តង​រួច​ទៅ​ហើយ ឥឡូវ​ខ្ញុំ​រស់​រាន​មាន​ជីវិត។ ចង់​តែ​ឱ្យ​រាជ​រដ្ឋា​ភិបាល​ជួយ​ខ្ញុំ​ ព្រោះ​ឥឡូវ​ខ្ញុំ​ធ្វើ​ការ​អី​ក៏​លែង​កើត​ហើយ»។

ទោះ​បី​រយៈ​ពេល​៣០ឆ្នាំ​បាន​កន្លង​ផុត​ទៅ ដោយ​កម្ពុជា​បាន​ចាប់​ផ្តើម​វិល​មក​រក​សន្តិភាព​វិញ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០ ក្តី ក៏​ភាព​ខ្វះ​ខាត​នៃ​ការ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស​នៅ​តែ​បន្ត​កើត​មាន​ឡើង ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ ដែល​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន​រស់​នៅ។ បើ​ទោះ​បី​ជា​របួស​នៃ​ផ្លូវ​ចិត្ត​បាន​ថយ​ចុះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ក៏ដោយ ក៏​វានៅ​តែ​ដិត​ដាម​ក្នុង​ចិត្ត​របស់​ពួក​គេ​ទាំង​អស់​នោះ។

លោក តូយ ង៉ា អាយុ​៧៧​ឆ្នាំ អ្នក​រស់​រាន​មាន​ជីវិត​ម្នាក់​ទៀត ដែល​រស់​នៅ​ភូមិ​បាក់​នឹម ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្ត​កំពត បា្រប់​វីអូអេ​ថា​ក្រោយ​បង​ប្អូន​បង្កើត​លោក​២​នាក់​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម វា​បាន​បន្សល់​នូវ​ការ​ចង​ចាំ​មួយ​ដែល​បាន​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​លោក។

លោក​ថ្លែង​ថា៖ «ដក់​អារម្មណ៍​ជាប់​ដល់​សព្វ​ថ្ងៃ​ហ្នឹង ដោយ​សារ​ជំនាន់​នោះ​ការ​កាប់​សម្លាប់​ហ្នឹង​វា​ព្រៃ​ផ្សៃ​ពេក ហើយ​ប្អូន​ខ្ញុំ​ក៏​ដោយ​សារ​គេ​សម្លាប់​ដែរ​ គេ​ថា​ក្បត់​អង្គ​ការ​លើ​អីណា​ ហើយ​គេ​សម្លាប់​ទៅ​នៅ​ជំនាន់​នោះ បញ្ហា​ហូប​ចុក​ក៏​មិន​ដិត​ដល់ ហើយ​ធ្វើ​[ការ]​ខ្លាំង​ដល់​ហូប​តិច»។

លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ប្រាប់​វីអូអេ​ថា​តាម​ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​មជ្ឈ​មណ្ឌលបាន​សាក​សួរ​អ្នក​រស់​រាន​មាន​ជីវិត​ប្រហែល​៣​ម៉ឺន​២​ពាន់​នាក់ ជំងឺ​រ៉ាំ​រ៉ៃ​ចំនួន​១០​ដែល​អ្នក​រស់​រាន​មាន​ជីវិត​ជួប​ប្រទះ ប៉ុន្តែ​បញ្ហា​ផ្លូវ​ចិត្ត​ជា​ជំងឺ​ដ៏​ចម្បង​មួយ​របស់​ពួក​គេ។ លោក​បន្ត​ថា​ចំនួន​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​មាន​រហូត​ទៅ​ដល់​៣៣% ​នៃ​ប្រជាជន​សរុប ហើយ​ពួកគេ​ទាំង​នោះ​ត្រូវ​ការ​ការ​គាំពារ​ពី​ជំងឺ​ផ្លូវ​ចិត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​សំណាក់​អ្នក​ជំនាញ។

លោក​ថ្លែង​ថា៖ «គ្នា​គាត់​ទាំង​អស់​មាន​ចំនួន​រហូត​ដល់​៣៣% ស្មើ​នឹង​ជាង​៥​លាន​នាក់​នៃ​ប្រជា​ជន​យើង​ទាំង​អស់​គ្នា ហើយ​ការ​ទទួល​បាន​ការ​គ្រាំគ្រា​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​គាត់​មាន​លក្ខណៈ​ពិសេស​មួយ​ដោយ​សារ​តែ​មាន​ការ​បន្សល់​ទុក​ពី​ការ​ធ្វើ​ការ​ហួស​កម្លាំង​ ពី​ការ​បង្អត់​អាហារ​ ពី​ការ​បែក​បាក់​គ្រួសារ​ ពី​ការ​ភ័យ​រន្ធត់​ជា​ដើម»។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រូប​នេះ​ក៏​លើក​ឡើង​បន្ថែម​ទៀត​ថា​រដ្ឋា​ភិបាល​បាន​ចូល​រួម​នៅ​ក្នុង​ការ​គាំពារ​សុខ​ភាព​ដល់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ ដោយ​មាន​ការ​ទទួល​បាន​សេវា​កម្ម​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​នៅ​តាម​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខ​ភាព​ក្នុង​ស្រុក​ឃុំ​នីមួយៗ​។ លោក​បន្ត​ថា​ដោយ​សារ​តែ​ចំនួន​អ្នក​រស់​រាន​មាន​ច្រើន ​ស្រប​ពេល​ដែល​មាន​ធនធាន​អ្នក​ជំនាញ និង​ប្រជា​ពលរដ្ឋ​ខ្លះ​រស់​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំជន វា​បង្ក​ជា​ផល​លំបាក​សម្រាប់​ពួក​គេ​ទាំង​នោះ​ទទួល​បាន​ការ​ព្យាបាល​មួយ​ដែល​ត្រឹម​ត្រូវ។

លោក​ថ្លែង​ថា៖ «ដូច​ជា​នៅ​ភូមិ​ខ្លះ ការ​ផ្តល់​សេវា​កម្ម​សុខភាព​នេះ​វា​មិន​អាច​ទៅ​ដល់​ព្រោះ​វា​ឆ្ងាយ​ខ្លាំង​ពេក​ ដូចជា​នៅ​ឆ្លង​ភ្នំ​២-៣ នៅ​ដាច់​សង្វែង ផ្លូវ​មិន​ទាន់​ទៅ​ដល់​ទោះ​បី​មួយ​ចំនួន​ទៅ​ដល់ ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​ដែល​មិន​ទាន់​ទៅ​ដល់។ ហើយ​អញ្ចឹង​ធ្វើ​ឱ្យ​គាត់​មិន​បាន​ទទួល​នូវ​សេវា​កម្ម​ទាំង​អស់​នេះ រដ្ឋា​ភិបាល​បាន​ធ្វើ​រួច​ហើយ​ យើង​គិត​ថា​ជំរុញ​បន្ថែម​ទៀត ហើយ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​បន្តិច​ទៀត ហើយ​យើង​មិន​បាន​បោះ​បង់​ចោល​នរណា​ម្នាក់»។

វីអូអេ​មិន​ទាន់​សុំ​ការ​អត្ថា​ធិប្បាយ​ពី​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​លោក ឈាង រ៉ា​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ ការ​សិក្សា​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ក៏​បាន​ផ្តល់​នូវ​អនុ​សាសន៍​មួយ​ចំនួន​ផង​ដែរ​ថា​គួរ​តែ​មាន​សកម្ម​ភាព គោល​នយោបាយ ឬ​កម្មវិធី​ដែល​មាន​គោល​បំណង​ដោះ​ស្រាយ និង​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​បន្ថែម​ដល់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។ បើ​តាម​អនុសាសន៍​នៅ​ក្នុង​ការ​សិក្សា​នោះ តម្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ចំពោះ​ព័ត៌មាន សេវាកម្ម និង​ធនធាន​ដែល​គាំទ្រទម្លាប់​ដែល​មាន​សុខភាព​ល្អ និង​គាំទ្រ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ទៅ​ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

ការ​សិក្សា​នោះ​ក៏​ដាក់​អនុសាសន៍​ឱ្យ​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ដែលផ្តោត​លើ​សហគមន៍​អ្នក​រស់​រាន​មាន​ជីវិត ដែល​អាច​កំណត់​គោល​ដៅ​នៅ​តំបន់​បឹង​ទន្លេ​សាប តំបន់​ទំនាប​នៃ​ប្រទេស​កម្ពុជា តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា ដូច​ជា​តំបន់​អន្លង់​វែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​អតីត​តំបន់​ខ្មែរ​ក្រហម​ចុង​ក្រោយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG