ភ្នំពេញ — ដូចពលរដ្ឋកម្ពុជាវ័យចំណាស់មួយចំនួនដទៃទៀត អ្នកស្រី នឹម ឌីណាត បានជួបប្រទះរឿងរ៉ាវដ៏តក់ស្លុតនៅក្នុងរបបខ្មែរក្រហម និងការលំបាកជាច្រើនទសវត្សរ៍បន្តមក ដើម្បីបំភ្លេចរឿងរ៉ាវទាំងនោះ។ ការសម្លាប់ស្វាមីរបស់អ្នកស្រី និងការបង្ខំឲ្យរៀបការជាមួយបុរសម្នាក់ទៀត ដែលអ្នកស្រីមិនបានស្គាល់ បានបង្កជាស្នាមរបួសផ្លូវចិត្តដ៏ជ្រៅមួយ។
ដូចនឹងជនរងគ្រោះភាគច្រើនពីរបបកាន់កាប់ក្នុងទសវត្សរ៍ ១៩៧០ នេះ អ្នកស្រីត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតែខ្លួនឯង ដោយមានការផ្តល់ជំនួយពីខាងក្រៅតិចតួចតែប៉ុណ្ណោះ។ អ្នកស្រី នឹម ឌីណាត់ អាយុ ៧៨ ឆ្នាំ និយាយថា៖ «យើងធ្វើបុណ្យធ្វើទៀន ដាក់បាយ រាប់បាត្ររាប់អីចឹងទៅ។ ព្រះសង្ឃនិមន្តមកអ៊ីចឹងទៅ យើងដាក់បាត្រទៅ។ មានអី ចេះតែកាត់បន្ថយ [បញ្ហាផ្លូវចិត្ត] ខ្លួនឯងអ៊ីចឹងទៅ»។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ អ្នកស្រីបានចាកចេញពីចំណងអាពាហ៌ពិពាហ៍ក្រោមការចាប់បង្ខំ និងបានចិញ្ចឹមកូនដោយខ្លួនឯងនៅផ្ទះ ក្នុងភូមិផ្សារសាមគ្គី ក្នុងស្រុកកណ្តោលដុំ ខេត្តកំពង់ស្ពឺ ជាទីដែលមានសេវាសង្គមតិចតួចប៉ុណ្ណោះ កុំថាឡើយគ្លីនិកផ្តល់សេវាថែទាំផ្នែកសុខភាពផ្លូវចិត្ត។
រហូតដល់ឆ្នាំ ២០១៦ ទើបអ្នកស្រី ឌីណាត មានឱកាសទទួលបានសេវាប្រឹក្សាផ្លូវចិត្ត ដែលត្រូវបានរៀបចំដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO)។ អង្គការនេះផ្តល់ជំនួយដល់ជនរងគ្រោះចំនួន ៣.៨៦៥ នាក់ ដែលត្រូវបានចុះឈ្មោះជា ដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីចូលរូមក្នុងដំណើរការសាលាក្តីខ្មែរក្រហម។
អ្នកស្រី នឹម ឌីណាត់ បានប្រាប់វីអូអេថា៖ «គាត់ឱ្យយើងជួបជុំគ្នា ឆ្លើយសំណួរបន្តិចបន្តួចអ៊ីចឹង គាត់នាំលេងសប្បាយ ឱ្យបាយហូប នាំយើងចូលហាងចូលអីអ៊ីចឹង»។
ដើម្បីបណ្តឹងរដ្ឋប្បវេណីមួយរូបទៀត អ្នកស្រី គឹម សាវៃ អាយុ ៥៥ ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ បាននិយាយថា អ្នកស្រី «មិនដែលទទួលបាន» សេវាប្រឹក្សាផ្នែកផ្លូវចិត្តណាមួយអំឡុងពេលដំណើរការសាលាក្តីខ្មែរក្រហមនោះទេ ដោយបន្ថែមថា៖ «ទោះបីខ្ញុំត្រូវការ ក៏មិនដឹងធ្វើម៉េច មាននរណាជួយ»។
ស្ថានភាពស្រ្តីរបស់ទាំងពីរនាក់នេះសបញ្ជាក់ពីកង្វះខាតការទទួលសេវាកម្មថែទាំសុខភាពផ្លូវចិត្ត បើទោះបីជាពួកគេមានបញ្ហាជំងឺបាក់ស្បាតក៏ដោយ។
ពលរដ្ឋមានជំងឺបាក់ស្បាតមិនទទួលបានការព្យាបាល
ចាប់តាំងពីកម្ពុជាងើបរើចេញពីសង្រ្គាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ មក ប្រទេសក្រីក្រមួយនេះបានប្រឈមនឹងការលំបាកដើម្បីបំពេញតម្រូវការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តនៅក្នុងសង្គមមួយ ដែលបានបាត់បង់ពលរដ្ឋប្រមាណ ២ លាននាក់ ដោយសារការកាប់សម្លាប់ និងការបង្អត់អាហារ អំឡុងពេលការដឹកនាំដោយពួកខ្មែរក្រហមរវាងឆ្នាំ ១៩៧៥ និង ១៩៧៩។
ទោះបីរដ្ឋាភិបាលកម្ពុជាដំបូងឡើយបានប្រឹងប្រែងដើម្បីរក្សាទុក និងសាងសង់កន្លែងជានិមិត្តរូបរំឮកមួយចំនួន ដូចជា ចេតិយ និងសារមន្ទីរ ដើម្បីផ្តល់នូវការព្យាបាលមួយកម្រិតដល់សាធារណជន ក៏ដោយ ក៏ការបំពេញតម្រូវការផ្នែកសុខភាពផ្លូវចិត្តចំពោះជនរងគ្រោះ ត្រូវបានធ្លាក់បន្ទុកនេះទៅជាការងារចម្បងរបស់អង្គការផ្សេងៗ ដូចជា អង្គការ TPO ទៅវិញ។
តុលាការខ្មែរក្រហម ដែលត្រូវបានគាំទ្រដោយ អ.ស.ប បានផ្តល់យុត្តិធម៌មួយកម្រិតដល់ជនរងគ្រោះ និងបានជំរុញឲ្យមានការពិភាក្សាផ្សេងៗពីឧក្រិដ្ឋកម្មរបស់របបខ្មែរក្រហម។ ប៉ុន្តែតុលាការដែលបានប្រើពេលវេលាដ៏យូរអង្វែងមួយនេះមិនបានបំពេញសេចក្តីសង្ឃឹមកាលពីដើមឡើយ ដែលថា នឹងផ្តល់ជំនួយផ្សះផ្សាផ្សេងៗដល់ជនរងគ្រោះនោះទេ ដូចជា សេវាថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដើម្បីព្យាបាលការឈឺចាប់របស់ពួកគេ។
ខណៈសាលាក្តីខ្មែរកំពុងខិតទៅរកការបញ្ចប់ អ្នកគាំទ្រជនរងគ្រោះមួយចំនួនកំពុងកោះហៅឲ្យមានកិច្ចប្រឹងប្រែងសាជាថ្មី ដើម្បីផ្តល់សេវាកម្មថែទាំសុខភាពប្រសើរជាងមុនសម្រាប់ក្រុមអ្នកនៅរស់រានមានជីវិត ដែលកំពុងមានវ័យជរា និងទ្រុឌទ្រោម។
អ្នកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ជាទីដែលអ្នកស្រីដឹកនាំគម្រោងមួយដើម្បីជំរុញផ្នែកសិទ្ធិ និងស្ថានភាពសុខភាពរបស់អ្នករួចជីវិតពីរបបខ្មែរក្រហម បាននិយាយថា៖ «មិនមានពេលវលាណាប្រសើរជាងពេលនេះនោះទេ ដើម្បីស្វែងរកមធ្យោបាយផ្សេងៗដើម្បីជួយជនរងគ្រោះពីរបបប្រល័យពូជសាសន៍... ការផ្តល់សេវាសុខាភបាលគឺជា វិធីមួយដែលយើងអាចផ្តល់កិត្តិយស និងភាពជាមនុស្សជាតិឡើងវិញចំពោះជនរងគ្រោះ»។
អ្នកស្រីបានប្រាប់វីអូអេតាមសារអ៊ីម៉ែលក្នុងន័យដើមថា៖ «ដោយសហការជាមួយរដ្ឋាភិបាល អង្គការសង្គមស៊ីវិលគួរតែដឹកនាំគម្រោងសម្របសម្រួលផ្សេងៗ ដែលផ្តល់ជាកម្លាំងមួយដល់អ្នករស់រានមានជីវិត។ ការផ្តល់ជាកម្លាំងនេះសម្រាប់ផ្នែកសុខភាពនិងសុខមាលភាពរបស់ពួកគេមិនចាំបាច់ត្រូវតែចំណាយច្រើន ដើម្បីមានប្រសិទ្ធភាពនោះទេ»។
«ចន្លោះប្រហោងដ៏ធំនៅក្នុងផ្នែកផ្តល់ជំនួយ»
អ្នកស្រី សូ ហ្វារីណា បានបន្ថែមថា សេវាកម្មថែទាំសុខភាពផ្លូវចិត្ត «គឺមិនមានច្រើន» នោះទេ សម្រាប់ជនរងគ្រោះ ទោះបីជាមានកម្មវិធីផ្សេងៗជាយូរមកហើយបង្កើតឡើងដោយអង្គការ TPO។ អ្នកស្រីបានលើកឡើងថា អង្គការនេះ «បានធ្វើការងារយ៉ាងធំធេងនៅក្នុងការជួយជនរងគ្រោះក្នុងផ្នែកនេះ... ប៉ុន្តែនៅតែមានចន្លោះប្រហោងដ៏ធំនៅក្នុងផ្នែកផ្តល់ជំនួយ»។
អ្នកស្រីបានថ្លែងថា៖ «នេះជាកាលៈទេសៈមួយដែលត្រូវផ្លាស់ប្តូរ ដោយសារតែផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍មិនត្រឹមមានតែលើអ្នករួចជីវិតប៉ុណ្ណោះទេ។ ជាការពិត ការខកខាននៅក្នុងការផ្តល់សេវាផ្នែកសុខភាពផ្លូវចិត្តនៅក្នុងសង្គមមួយ ក្រោយពេលមានសង្រ្គាមគឺបានជះឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់នៅក្នុងសង្គម ដោយបង្កការប៉ះពាល់មិនត្រឹមតែទៅលើគ្រួសារ និងសហគមន៍ប៉ុណ្ណោះ គឺថែមទាំងមនុស្សជំនាន់ក្រោយផងដែរ»។
អ្នកស្រីបានបន្ថែមថា គម្រោងផ្តួចផ្តើមថ្មីមួយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា មានគោលដៅលើកកម្ពស់សុខមាលភាពរបស់ជនរងគ្រោះ តាមរយៈការលើកកម្ពស់ការយល់ដឹងពីសុខភាពសាធារណៈ និងសម្របសម្រួលការទទួលបានសេវាថែទាំសុខភាពតាមសហគមន៍នានានៅកម្ពុជា។
ស្របពេលប្រព័ន្ធសុខាភិបាលដែលត្រូវបានបំផ្លាញនៅក្នុងប្រទេសត្រូវបានពង្រឹងឡើងវិញសន្សឹមៗចាប់តាំងពីទសវត្សរ៍ ១៩៩០ មក លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងរាជធានីភ្នំពេញ បាននិយាយថា រដ្ឋាភិបាលខ្វះខាតសេវាថែទាំផ្នែកសុខភាពផ្លូវចិត្ត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋទូទៅ និងគ្មានកម្មវិធីផ្តោតជាក់លាក់ណាមួយសម្រាប់ជនរងគ្រោះពីសម័យរបបប៉ុលពតនោះទេ។
លោកបានថ្លែងប្រាប់វីអូអេថា៖ «ការដែលទទួលរងទារុណកម្មក្នុងពេលខ្មែរក្រហម ដែលបងប្អូនប្រជាពលរដ្ឋយើងទទួលទុក្ខលំបាកវេទនាសព្វបែបយ៉ាង បែកបាក់គ្រួសារដោយការកាប់សម្លាប់សព្វសារពើហ្នឹង គឺវាអាចនឹងមានបញ្ហាជំងឺ Post-traumatic stress disorder (PTSD)។ រឿងហ្នឹងវាមានលក្ខណៈពិសេសមួយដែលអាចត្រូវការអ្នកជំនាញស៊ីជម្រៅផ្នែក PTSD ដើម្បីព្យាបាលជនរងគ្រោះទាំងនោះដាច់ដោយឡែក»។
ការសិក្សាមួយនៅក្នុងរបាយការណ៍ស្រាវជ្រាវសមាគមវេជ្ជសាស្រ្តអាមេរិកាំង (Journal of the American Medical Association) កាលពីឆ្នាំ ២០០៩ បានប៉ានប្រមាណថា ប្រហែល ១៤ ភាគរយនៃពលរដ្ឋកម្ពុជា ដែលមានអាយុយ៉ាងហោចណាស់ ៣ ឆ្នាំ អំឡុងពេលរបបខ្មែរក្រហម បានប្រឈមនឹងជំងឺបាក់ស្បាត ស្របពេលដែលមួយភាគបួននៃពលរដ្ឋក្នុងក្រុមនេះក៏ត្រូវបានរាយការណ៍ថា បានរងពិការភាពផ្លូវចិត្តក្នុងកម្រិតមួយផងដែរ។
អង្គការ TPO គឺជា អង្គការផ្តល់សេវាកម្មថែទាំសុខភាពផ្លូវចិត្តចម្បងមួយនៅកម្ពុជា និងមានកម្មវិធីក្រោមជំនួយពីបរទេសដែលបានផ្តល់ទៅឲ្យអ្នករួចជីវិតពីរបបខ្មែរក្រហម។ ការគាំទ្រផ្នែកសុខភាពផ្លូវចិត្តរបស់អង្គការ TPO រួមមាន ការរៀបចំជាក្រុមមនុស្សក្នុងគោលដៅជួយខ្លួនឯង ការប្រឹក្សាយោបល់តាមទូរសព្ទ និង «ការព្យាបាលតាមសក្ខីកម្ម»។
«ការព្យាបាលតាមសក្ខីកម្ម» គឺពាក់ព័ន្ធជាមួយនឹងការឲ្យជនរងគ្រោះសរសេររៀបរាប់តាមការចងចាំពីការឈឺចាប់ផ្សេងៗ ក្រោមជំនួយពីអ្នកប្រឹក្សាយោបល់ ដែលបន្ទាប់មកសំណេរនោះត្រូវបានព្រះសង្ឃយកទៅអានឲ្យឮៗ អំឡុងពេលពិធីមួយ ដែលមានការចូលរួមពីអ្នករួចជីវិត និងសហគមន៍ ជាកិច្ចប្រឹងប្រែងមួយដើម្បីទទួលស្គាល់ជាសាធារណៈនូវការឈឺចាប់ ការលុបបំបាត់នូវការដិតដានផ្សេងៗ និងផ្តល់កិត្តិយសឡើងវិញដល់ជនរងគ្រោះ។ នេះបើយោងទៅតាមវេបសាយរបស់អង្គការ TPO។
នាយកប្រតិបត្តិអង្គការ TPO លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានប្រាប់វីអូអេថា អ្នករួចជីវិតពីរបបខ្មែរក្រហមកំពុងតែមានវ័យជរា ហើយដូច្នេះតម្រូវការរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែផ្តោតទៅលើ «ជំងឺជាទូទៅជាជាងសុខភាពផ្លូវចិត្តរបស់ពួកគេ»។
ការគាំទ្ររបស់អង្គការ TPO ចំពោះអ្នករួចជីវិតពីរបបខ្មែរក្រហមរួមមានគម្រោងផ្សេងៗសម្រាប់ជនរងគ្រោះពីការធ្វើទារុណកម្ម និងអំពើហិង្សាផ្អែកលើយេនឌឺ ក៏ដូចជា គម្រោងផ្សេងៗ ដើម្បីផ្តល់ការប្រឹក្សាដល់ជនរងគ្រោះរាប់រយនាក់ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ឬសាក្សីនៅសាលាក្តីខ្មែរក្រហម។
គ្មានការផ្តល់ជំនួយផ្នែកសេវាសុខាភិបាលពីសាលាក្តីខ្មែរក្រហម
សាលាក្តីខ្មែរក្រហមគឺជា តុលាការចម្រុះរវាងកម្ពុជានិងអន្តរជាតិ ហើយតុលាការនេះរួមបញ្ចូលនូវការច្នៃប្រឌិតផ្នែកផ្លូវច្បាប់មួយ ដែលផ្តល់ឲ្យជនរងគ្រោះនូវការទទួលស្គាល់តាមរយៈតួនាទីជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងដំណើរការសវនាការ ដែលក្នុងនោះពួកគេទទួលបានសិទ្ធិទូលំទូលាយស្រដៀងនឹងព្រះរាជអាជ្ញា និងមេធាវី។ ជនរងគ្រោះសរុប ៣.៨៦៥ នាក់ ត្រូវបានចុះបញ្ជីជាដើមបណ្តឹងរដ្ឋប្បវេណី និងត្រូវបានតំណាងឲ្យដោយក្រុមមេធាវីជាតិ និងអន្តរជាតិចំនួន ២០ នាក់។
បន្ទាប់ពីការបង្កើតសាលាក្តីខ្មែរក្រហមកាលពីឆ្នាំ ២០០៦ មានក្តីសង្ឃឹមថា ការណ៍នេះនឹងអនុញ្ញាតឲ្យជនរងគ្រោះចូលរួមប្រកបដោយខ្លឹមសារនៅក្នុងសវនាការ។ ស្របពេលដែលដើមបណ្តឹងរដ្ឋប្បវេណីចំនួនរាប់រយនាក់បានចូលរួមក្នុងសវនាការមួយចំនួន មានការផ្តល់មូលនិធិតិចតួចប៉ុណ្ណោះសម្រាប់ការរៀបចំជំនួបផ្សេងៗរវាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីរបស់ពួកគេ ហើយការប្រាស្រ័យទាក់ទងគ្នាគឺ បានខកខានភាគច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ភាគីដើមបណ្តឹងរដ្ឋប្បវេណីដំបូងឡើយក៏បានរំពឹងថា នឹងស្នើសុំតុលាការដើម្បីឲ្យមានការផ្តល់ជំនួយផ្សេងៗជារួមសម្រាប់ជនរងគ្រោះផងដែរ ហើយពួកគេបានធ្វើសំណើដូចគ្នានេះក្នុងសំណុំរឿងលេខ ០០១ ប្រឆាំងនឹងប្រធានមន្ទីរធ្វើទារុណកម្មស ២១ គឺលោក កាំង ហ្គិចអ៊ាវ ហៅ «សមមិត្តឌុច»។
ផ្នែកចម្បងនៅក្នុងសំណើខាងលើគឺថា តុលាការគួរឲ្យរដ្ឋាភិបាលផ្តល់ឲ្យជនរងគ្រោះនូវសេវាកម្មថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តដោយឥតគិតថ្លៃ ការដឹកជញ្ជូនទៅកាន់មណ្ឌលសុខភាព ការផ្តល់ការគាំទ្រផ្នែកថវិកាសម្រាប់ការអប់រំអំពីខ្មែរក្រហម ក៏ដូចជា សាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធនិងរបងវត្តអារាមនៅមន្ទីរស ២១។ នេះបើយោងទៅតាមរបាយការណ៍ស្រាវជ្រាវមួយរៀបរៀងដោយលោក Michael Karnavas អតីតមេធាវីការពារក្តីផ្នែកព្រហ្មទណ្ឌនៅសាលាក្តីខ្មែរក្រហម។
ប៉ុន្តែលោក Karnavas បានសរសេរថា តុលាការខ្មែរក្រហមបានច្រានចោលសំណើខាងលើ និងមិនបានផ្តល់ការគាំទ្រផ្នែកសុខាភិបាលនោះទេ ដោយអះអាងថា «ខ្លួនមិនអាចបង្គាប់កាតព្វកិច្ចផ្លូវច្បាប់ទៅកាន់រដ្ឋាភិបាលកម្ពុជា និងថា តុលាការខ្វះធនធានដើម្បីបំពេញកាតព្វកិច្ចទាំងនោះ»។
តុលាការខ្មែរក្រហមបានចំណាយទឹកប្រាក់អស់ជាង ៣០០ លានដុល្លារ និងបានផ្តន្ទាទោសចុងចោទចំនួនបីនាក់ រួមមាន «សមមិត្តឌុច» ក្នុងឆ្នាំ ២០១០ និងមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រោមលោក នួន ជា និងលោក ខៀវ សំផន ក្នុងឆ្នាំ ២០១៨ ឲ្យជាប់ពន្ធនាគារពេញមួយជីវិតចំពោះឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មដទៃទៀត។ មានតែលោក ខៀវ សំផន តែប៉ុណ្ណោះ ដែលកំពុងនៅរស់ ហើយការបង្ហាញខ្លួនចុងក្រោយរបស់លោកនៅតុលាការគឺនឹងធ្វើឡើងនៅខែកញ្ញាឆ្នាំនេះ។
ដោយបានពិនិត្យមើលការស៊ើបអង្កេតរបស់តុលាការកម្ពុជានិងអន្តរជាតិលើបទឧក្រិដ្ឋធ្ងន់ធ្ងរនានា លោក Karnavas បានសន្និដ្ឋានថា គម្រោងផ្តួចផ្តើមផ្នែកយុត្តិធម៌ធំទូលាយជាងនេះ ជាជាងដំណើរការតាមប្រព័ន្ធតុលាការ ដែលល្អបំផុតគឺ រួមមានការផ្តល់ការព្យាបាលផ្នែកសុខភាពដល់ជនរងគ្រោះ។ លោកបានណែនាំថា គម្រោងផ្តួចផ្តើមក្នុងទម្រង់បែបបទនេះគួរតែមាននៅកម្ពុជា តាមរយៈការសហការគ្នារវាងអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងក្រុមផ្តល់ជំនួយអន្តរជាតិ។
អ្នកស្រី នឹម ឌីណាត ដែលជាអ្នករួចជីវិតមួយរូបក្នុងរបបខ្មែរក្រហម បាននិយាយថា អ្នកស្រីមិនមានក្តីសង្ឃឹមខ្ពស់ទេថា រដ្ឋាភិបាល ឬតុលាការនឹងផ្តល់សំណងជាប្រាក់ ឬសេវាថែទាំសុខភាពដោយឥតគិតថ្លៃនាពេលខាងមុខ។ អ្នកស្រីបានបន្តថា បំណងចុងក្រោយគឺ អ្នកស្រីចង់ឃើញមានកន្លែងរំឮកវិញ្ញាណក្ខន្ធមួយសាងសង់ឡើងនៅក្នុងសហគមន៍របស់អ្នកស្រី ដោយមានការសូត្រមន្តសម្ពោធតាមពិធីពុទ្ធសាសនា ដើម្បីរំឮកទៅដល់ជនរងគ្រោះគ្រប់រូប។
អ្នកស្រីបានថ្លែងថា៖ «ធ្វើជារបស់មួយសម្រាប់ដាក់ធាតុអ្នកដែលគេវាយចោល វាយអីហ្នឹង ប្រមូលមកដាក់ ហើយធ្វើដូចជាវិហារ ឬធ្វើឱ្យធំជាងចេតិយ ដើម្បីដាក់រូបភាពការកាប់សម្លាប់ និងការវេទនា ដូចថាធ្វើទារុណកម្មឱ្យរែកដី ច្រូតកាត់ បោកបែនយប់អាធ្រាត អត់ឱ្យសម្រាកអត់ឱ្យអីហ្នឹង»៕