កម្មវិធីទូរស័ព្ទ និងគេហទំព័រស្តីអំពីរឿងរ៉ាវ និងប្រវត្តិនៃទីតាំងសំខាន់ៗក្នុងរបបខ្មែរក្រហម ដែលមានឈ្មោះថា «ទីចងចាំ» ឬ «Mapping Memories Cambodia (MMC)» ទើបត្រូវបានសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃសៅរ៍ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងកម្មវិធីទូរស័ព្ទ និងគេហទំព័រ ដែលមានរៀបរាប់អំពីរឿងរ៉ាវស្តីពីទីតាំងសំខាន់ៗក្នុងសម័យខ្មែរក្រហមនេះ ត្រូវបានធ្វើឡើងតាមរយៈបទសម្ភាសន៍ជាមួយអ្នកនៅរស់រានពីរបបខ្មែរក្រហម និងតាមរយៈការដកស្រង់ចេញពីឯកសារនិងសៀវភៅប្រវត្តិសាស្ត្រនានា ស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ កម្មវិធីទូរស័ព្ទ និងគេហទំព័រនេះ ក៏មានការកំណត់ទីតាំងសំខាន់ៗនៃសម័យខ្មែរក្រហមលើផែនទីកម្ពុជា និងណែនាំអ្នកប្រើទៅកាន់ទីកន្លែងដែលប្រវត្តិបានកើតឡើងផងដែរ។
កញ្ញា ចាន់ មុយហុង ប្រធានគម្រោងបានលើកឡើងថា គម្រោងទីចងចាំឬ Mapping Memories Cambodia (MMC) ត្រូវបានផលិតឡើងដោយនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (DMC)។ កញ្ញាបន្តថា គម្រោងនេះធ្វើឡើងក្នុងគោលបំណងជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវខ្មែរក្រហម និងជួយឲ្យប្រជាជនកម្ពុជាចងចាំ និងទប់ស្កាត់ការត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនេះ។
កញ្ញាបញ្ជាក់ក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទ និងគេហទំព័រនោះក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា៖
«យើងខ្លាចថា ភស្តុតាង ឬក៏ទីតាំងសារៈសំខាន់ ដែលយើងអាចយកមកជាការចងចាំអំពីសម័យនោះហ្នឹងគឺបាត់បង់អស់ ហើយណាមួយអ្នករស់រានពីសម័យខ្មែរក្រហមគាត់ក៏អាយុច្រើនដែរ បើគិតទៅគឺបូក៤០ឆ្នាំពីពេលហ្នឹងមក។ អីចឹងបើយើងអត់ធ្វើការឥឡូវហ្នឹងទេ យើងនឹងបាត់បង់ឱកាសមួយដើម្បីយុវជនជំនាន់ក្រាយអាចរៀនសូត្រពីជីវិត បទពិសោធន៍នៃការរស់នៅក្នុងរបបហ្នឹងតែម្តង»។
ប្រធានគម្រោងវ័យ២៨ឆ្នាំរូបនេះ បន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំ ចាប់ពីដើមឆ្នាំ២០១៨មក និស្សិតជំនាន់ទី១៥ និងទី១៦នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានចុះស្រាវជ្រាវផ្ទាល់នៅនឹងកន្លែងចំនួនជាង៥០ ក្នុងរាជធានីខេត្តចំនួន១៨ ព្រមទាំងបានសម្ភាសន៍អ្នកនៅរស់រានមានជីវិតពីរបបនោះ ដើម្បីផ្សព្វផ្សាយក្នុងគម្រោងថ្មីនេះ។ កញ្ញាបន្ថែមថា គម្រោងនេះផ្តោតសំខាន់ក្នុងការជំរុញឲ្យយុវជនដែលមិនធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ឲ្យងាកមកសិក្សាពីប្រវត្តិសាស្រ្តនៅកម្ពុជា។
កញ្ញានិយាយថា៖
«ភាគច្រើនប្រធានបទអំពីអតីតកាល អំពីប្រវតិ្តសាស្រ្តអីចឹង ពុំសូវមានការយកចិត្តទុកដាក់ប៉ុន្មានទេ ដោយសារតែរវស់គិតច្រើនរឿងការអភិវឌ្ឍសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចអីជាដើម។ អីចឹងគម្រាងហ្នឹងយើងចង់ទាញអារម្មណ៍មកចាប់ផ្ដើមមកសិក្សា ព្រោះប្រវត្តិសាស្រ្តការពិតទៅនៅពេលដែលយើងដឹងប្រវតិ្តសាស្ត្រ យើងយល់ថាហេតុអីបានជាសង្គមយើងនៅពេលបច្ចុប្បន្នមានស្ថានភាពបែបហ្នឹង អញ្ចឹងវានឹងអាចជួយពួកគាត់អាចចាប់ផ្តើមគិត ហើយមានការប្តេជ្ញាក្នុងការកសាងសង្គមមួយដែលមានសនិ្តភាពនៅពេលក្រាយ»។
កញ្ញា ចាន់ មុយហុង បន្តថា សាធារណជនអាចចូលទស្សនា ស្តាប់ និងអាន សាច់រឿងទាំងអស់ជាភាសាខ្មែរឬអង់គ្លេស តាមរយៈគេហទំព័រ mappingmemoriescambodia.com ឬកម្មវិធីទូរស័ព្ទ ទីចងចាំ ឬ Mapping Memories Cambodia (MMC)។ កញ្ញាថា អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ និងគេហទំព័រនេះ ក៏អាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងសម័យខ្មែរក្រហមបានផងដែរ។
ក្នុងកម្មវិធីទូរស័ព្ទ និងគេហទំព័រនោះ គេឃើញមានវីដេអូឯកសារចំនួន៣០ កម្រងរូបភាពចំនួន៥ អត្ថបទបែបជាបទយកការណ៍ចំនួន៣ និងបទយកការណ៍វិទ្យុចំនួន២០ ព្រមទាំងផែនទីអំពីទីតាំងប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហមចំនួនជាង៥០ទីតាំង។
ក្នុងពិធីសម្ពោធកាលពីថ្ងៃសៅរ៍នោះ គេឃើញមានការចូលរួមពីមន្រ្តីស្ថាប័នរដ្ឋ និងឯកជនទាំងជាតិ និងអន្តរជាតិ ព្រមទាំងមានសិស្ស និស្សិត និងសាធារណជនមួយចំនួន ដោយមានទាំងការសម្តែងរបាំដែលមានចំណងជើងថា «ផ្កាស្លា» រៀបរាប់អំពីជីវិតគូស្រករក្នុងសម័យខ្មែរក្រហម ព្រមទាំងការចាក់បញ្ចាំងវីដេអូឯកសារពាក់ព័ន្ធនឹងរបបអាវខ្មៅនោះ មួយចំនួនផង។
កញ្ញា ហ៊ឹម ស្រីនា បុគ្គលិកអង្គការមួយរូបដែលបានចូលរួមសម្ពោធគម្រោងកម្មវិធីទូរស័ព្ទ និងគេហទំព័រនោះ ប្រាប់ VOA ថា ការបង្កើតគេហទំព័រ និងកម្មវិធីទូរស័ព្ទដែលផ្សព្វផ្សាយអំពីប្រវត្តិពាក់ព័ន្ធនឹងខ្មែរក្រហមនេះ ធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ពិសេសសិស្ស និស្សិតដែលត្រូវការសិក្សា និងស្រាវជ្រាវ។
កញ្ញាបញ្ជាក់ថា៖
«ខ្ញុំឃើញគេដាក់ជាភាពយន្តឯកសារ មានជាវីដេអូខ្លីៗមានអីអញ្ចឹង ខ្ញុំគិតថា វាល្អដែរ ពីព្រោះដោយសារវាជារឿងពិតផ្ទាល់របស់ពុកម៉ែបងប្អូនយើង ដែលគាត់ឆ្លងកាត់នូវរឿងរ៉ាវផ្ទាល់ អីចឹងខ្ញុំគិតថាអាចធ្វើឱ្យយើងដឹងតែច្បាស់ មានន័យថា ជាឧទាហរណ៍ជាក់ស្ដែងដែលពួកគាត់ឆ្លងកាត់។ សម្រាប់ខ្ញុំពេលមើលវីដេអូវាម្យ៉ាង ពេលដែលយើងអានឯកសារ ឬសៀវភៅម្យ៉ាង អញ្ចឹងវាពិតជាមាននៅក្នុងហ្នឹងទាំងអស់ វាពិតជាមានភាពងាយស្រួល ហើយល្អមែនទែនសម្រាប់ខ្ញុំ»។
បុគ្គលិកអង្គការវ័យ២៦ឆ្នាំរូបនេះបន្ថែមថា ផែនទីបង្ហាញពីទីតាំងស្តីពីតំបន់ខ្មែរក្រហមក្នុងគេហទំព័រ និងកម្មវិធីទូរស័ព្ទនេះ ក៏ជាផ្នែកនៃការកំសាន្តសម្រាប់អ្នកប្រើប្រាស់ផងដែរ។
កញ្ញានិយាយថា៖
«ពេលខ្លះយើងគិតថា យើងដឹងពីប្រវតិ្តសា្រស្តធំៗ ដូចថាតំបន់ហ្នឹងធ្លាប់មានបញ្ហាជាតំបន់ប្រវតិ្តសាស្រ្តអីអញ្ចឹង។ ពេលខ្លះខ្ញុំមិនមែនជាអ្នកស្រាវជ្រាវខ្ញុំអត់ដឹងថា តំបន់ជិតខ្លួនជាប្រវតិ្តសាស្ត្រដែរទេ អញ្ចឹងអាចថា វាល្អដែរសម្រាប់ការដែលមាន (map) ផែនទីមើល»។
របបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ដែលមានការគាំទ្រពីប្រទេសចិន និងប្រទេសកុម្មុយនីស្តមួយចំនួន បានគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីខែមេសា ឆ្នាំ ១៩៧៥ដល់ខែមករា ឆ្នាំ១៩៧៩ អស់រយៈពេលជាង៣ឆ្នាំ។ របបកុម្មុយនីស្តមួយនេះបានធ្វើឲ្យមនុស្សស្លាប់ប្រមាណជា១,៧លាននាក់ ដោយសារការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ ជំងឺរ៉ាំរ៉ៃ និងការបង្ខំឲ្យប្រជាជនធ្វើការហួសកម្លាំងជាដើម។
ក្រោយការបង្កើតអង្គជំនុំជម្រះវិសាមញ្ញដែលហៅកាត់ថាសាលាក្តីខ្មែរក្រហម គេឃើញអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមួយចំនួន ដែលរួមមាន នួន ជា អតីតប្រធានរដ្ឋសភា អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងខៀវ សំផន អតីតប្រមុខរដ្ឋ ជាដើម ត្រូវយកមកកាត់ទោសជាបន្តបន្ទាប់។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ដែលបានចូលរួមក្នុងពិធីសម្ពោធនោះ ថ្លែងថា គម្រោងនេះមានសារសំខាន់សម្រាប់ការសិក្សា និងពង្រឹងការយល់ដឹងពីរបបខ្មែរក្រហម ដើម្បីទប់ស្កាត់មិនឲ្យមានការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍បែបនេះ។
លោកបញ្ជាក់ថា៖
«App (កម្មវិធីទូរស័ព្ទ) នេះ ក៏ដើរតួនាទីសំខាន់នៅក្នុងការពង្រឹងការយល់ដឹងសាធារណជន។ អីចឹងគឺជាផ្នែកនៃការចូលរួមពង្រឹង ការទប់ស្កាត់ និងកុំឲ្យមានអំពើឧក្រិដ្ឋកម្មសាហាវឃោរឃៅដូចរបបខ្មែរក្រហម វិលមកប្រទេសកម្ពុជាវិញ។ អីចឹង App នេះគឺជាផ្នែកតូចមួយមែន ក៏ប៉ុន្តែជាផ្នែកមួយនៃការពង្រឹងការយល់ដឹងយូរអង្វែងសម្រាប់មនុស្សជាតិយើង»។
លោក នេត្រ ភក្រ្តា បន្ថែមដោយរំពឹងថា អង្គភាពគាំពារជនរងគ្រោះសាលាក្តីខ្មែរក្រហម អាចស្នើសុំគម្រោងនេះធ្វើជាផ្នែកមួយនៃសំណងសមូហភាពក្រៅតុលាការ ដើម្បីផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះពីសម័យខ្មែរក្រហម។
ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៧ សាលាក្តីខ្មែរក្រហម បានចំណាយថវិកាអស់២៩៧លានដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាបានមកពីរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយអន្តរជាតិផ្សេងៗ។
សាលាក្តីកូនកាត់មួយនេះបានជំនុំជម្រះ និងផ្តល់សំណងដល់ដើមបណ្តឹងរដ្ឋប្បវេណីជាសំណងផ្លូវចិត្ត និងសំណងសមូហភាព តាមរយៈការទទួលស្គាល់ជនរងគ្រោះជាដើមបណ្តឹង ការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ ការបញ្ចូលកម្មវិធីផ្សព្វផ្សាយនិងអប់រំជាដើម។ យ៉ាងណាក្តី នៅមានដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួន ទទូចចង់បានសំណងជាទឹកប្រាក់សម្រាប់បុគ្គលម្នាក់ៗ ប៉ុន្តែសំណើនេះត្រូវបានអង្គជំនុំជម្រះច្រានចោល ដោយអះអាងថា មិនមានលទ្ធភាពផ្តល់ឲ្យ៕