វិហារភីឡៃ(Phi Lai) និងតាំ ប៊ូ (Tam Buu) នៅឃុំបាជុក (Ba Chuc) ធ្លាប់ជាកន្លែងដែលទាហានខ្មែរក្រហមបានចូលលុកលុយកាលពីខែមេសាឆ្នាំ១៩៧៨ ក្នុងប្រតិបត្តិការប្រឆាំងនឹងប្រទេសវៀតណាម។
ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៧ ទាហានខ្មែរក្រហមបានចាប់ផ្ដើមការវាយប្រហារប្រដាប់អាវុធនៅព្រំប្រទល់ភាគនិរតីវៀតណាម។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមបានចូលទៅក្នុងឃុំបាជុកនៃខេត្តអានយ៉ាង(An Giang) ដែលនៅចំងាយ២គីឡូម៉ែត្រពីព្រំដែនខេត្តតាកែវ និងសម្លាប់ជនស៊ីវិលស្លូតត្រង់។ មនុស្សជាច្រើនបានរត់ភៀសខ្លួនទៅកាន់វិហារភីឡៃ និងតាំប៊ូ ប៉ុន្តែត្រូវបានក្រុមខ្មែរក្រហមតាមសម្លាប់យ៉ាងឃោរឃៅ។
លោក ហៃថុង អ្នកគ្រប់គ្រងវិហារបាននិយាយថា៖
«តាមពិតទៅ រដ្ឋាភិបាលបានប្រាប់ឱ្យយើងចាកចេញ ប៉ុន្តែយើងមិនចេញទេ។ រដ្ឋាភិបាលបានយករថយន្តមកដឹកពួកយើងចេញដែរ ប៉ុន្តែយើងមិនព្រមចេញ។ យើងគិតថាក្នុងពេលសង្គ្រាម សត្រូវប្រយុទ្ធគ្នាមែនតែគេមិនសម្លាប់ជនស៊ីវិលទេ។ អ្នកស្រុកគិតថា តាំងពីសម័យអាណានិគមបារំាងមកគឺតែងមានសង្គ្រាមនៅទីនេះ។ ពលរដ្ឋគិតថា អ្នកធ្វើសង្គ្រាមមិនសម្លាប់ជនស៊ីវិលទេ។ ដូច្នេះហើយពួកគេបន្តរស់នៅទីនេះ។ អ្នកដែលគិតវែងឆ្ងាយបានចាកចេញ។ អ្នកខ្លះមិនដឹងថាត្រូវទៅទីណាទេព្រោះយើងមិនដឹងថាសង្គ្រាមនឹងត្រូវចប់ពេលណា ដោយសារតែវាបានចាប់ផ្តើមតាំងពីឆ្នាំ៧៦ រហូតដល់ឆ្នាំ៧៧ និង៧៨។ សង្គ្រាមកើតមានឡើង៣ ឬ៤ឆ្នាំហើយទើបពួកគេបានមកដល់ទីនេះ។ មិនមែន ពួកគេមកដល់ពេលកើតសង្គ្រាមភ្លាមឯណា»។
ម៉ោង ៣រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៧៨ ត្រូវជាថ្ងៃព្រះច័ន្ទពេញបូរមីនៃខែចែត្រឆ្នាំមមី មេទ័ពរបស់ប៉ុលពត បានឆ្លងកាត់ព្រំប្រទល់ហើយចូលទៅក្នុងវិហារភីឡៃ។ ក្រុមប៉ុលពតបានបាញ់និងបោកគ្រាប់បែកសម្លាប់មនុស្សនៅនឹងកន្លែងជាង៨០ នាក់។ ប្រជាជនបានភ័យស្លន់ស្លោហើយរត់ចេញទៅទ្វារ ប៉ុន្តែត្រូវបានវាយប្រហារសម្លាប់អស់ជាង១០០នាក់។ មានមនុស្ស ៤០នាក់ដែលកំពុងលាក់ខ្លួនក្រោមទីដម្កល់ព្រះពុទ្ធរូបក៏ត្រូវគ្រាប់បែកដៃដែរ។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃខែមេសា ឆ្នាំ១៩៧៨ ដែលទាហានខ្មែរក្រហមកាន់កាប់មានប្រជាជនស្លូតត្រង់ជាង ៣០០០ នាក់នៅឃុំ បាជុក ស្រុកទ្រីតុន ខេត្តអានយ៉ាង ដែលមានដើមកំណើតវៀតណាមនិងខ្មែរកម្ពុជាក្រោមត្រូវបានសម្លាប់រង្គាល។
បន្ទាប់ពីរត់គេចពីទីជំរកនៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៨ ប្រជាជននៃឃុំបាជុកបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ នៅលើវិហារភីឡៃ ពួកគេឃើញស្នាមប្រឡាក់ឈាមជាច្រើននៅលើជញ្ជាំង។ នៅគ្រប់ទីកន្លែងក្លិនស្អុយបានកើនឡើងដោយសារតែសាកសពជាច្រើនបានរលួយ។
លោកស្រីង៉ាជាអ្នកធម្មយាត្រាម្នាក់បានបញ្ជាក់ថា៖
«ខ្ញុំមានអារម្មណ៍ញាប់ញ័រ។ មើលឃើញអាណិតផងដែរ។ សូមអធិដ្ឋានសម្រាប់មនុស្សគ្រប់គ្នាដើម្បីរួចផុតទុក្ខ...»។
នៅខែចែត្រកន្លែងនេះ មមាញឹករៀបចំខួបលើកទី៤១ នៃការស្លាប់របស់ប្រជាជនឃុំបាជុក។ ពេលវេលាហាក់បីដូចជាកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំហើយអ្វីៗគ្រប់យ៉ាងបានបញ្ចប់។ រីឯមុខរបួសនៅក្នុងខ្លួននិងព្រលឹងនៃប្រជាជននៃតំបន់នេះក៏ជាសះស្បើយដែរ។ រដូវផ្ការីកមួយទៀតកំពុងត្រឡប់មកឃុំបាជុកស្រុកទ្រីតុន នៃខេត្តអានយ៉ាង។
បន្ទាប់ពីសង្គ្រាមបានបញ្ចប់ វិហារនៅឃុំបាជុកត្រូវបានសាងសង់ឡើងវិញ។ នៅឆ្នាំ២០១៣ ចេតីយ៍ត្រូវបានរៀបចំសារជាថ្មី ហើយប្រជាជនក្នុងតំបន់ក៏បានជៀសវាងមិនរំឭកពីការចងចាំដ៏ក្រៀមក្រំនេះ។
លោកស្រីង្វៀន ធីឌី ពលរដ្ឋក្នុងឃុំបាជុកបាននិយាយថា៖
«កន្លែងនេះសាងសង់យូរមកហើយ។ តាំងពីពេលនោះមកវាត្រូវបានជួសជុលពីរបីដងហើយ»។
អ្នកស្រីម៉ៃ ជាពលរដ្ឋម្នាក់ទៀតបាននិយាយថាកាលពី ៤០ ឆ្នាំមុនឆ្អឹងនេះត្រូវបានប្រមូលមកពីទីវាលស្រែ៖
«ពួកប៉ុល ពតបានមកសម្លាប់ពលរដ្ឋទាំងនេះ។ ឆ្អឹងជនរងគ្រោះនៅរាយប៉ាយតាមវាលស្រែ។ យើងប្រមូលឆ្អឹងហើយយកមកដាក់នៅចេតិយ៍នេះ»។
បច្ចុប្បន្ននេះនៅទីនេះមានរក្សាធាតុជនរងគ្រោះចំនួន ១.១៥៩នាក់ក្នុងចំណោមជនរងគ្រោះចំនួន ៣.១៥៧ នាក់ដែលស្មើនឹងមួយភាគបីនៃជនរងគ្រោះដែលត្រូវបានសម្លាប់ដោយទាហានខ្មែរក្រហមក្នុងការកាន់កាប់រយៈពេល១២ថ្ងៃនៅឃុំបាជុក។
កន្លែងរក្សាធាតុត្រូវបានរចនាឡើងជារាងផ្កាឈូកដែលមានត្របកចំនួន ៨ ដែលលាបពណ៌ស។ ប្រជាជន ឃុំបាជុកបាននិយាយថានេះគឺជាចេតីយ៍នៃជីដូនជីតារបស់ពួកគេ។
លោកស្រីម៉ៃ បានលើកឡើងថា៖
«អារម្មណ៍ខ្ញុំគឺមានកំហឹងខ្លាំងណាស់។ អ្នកស្លាប់គឺជាសាច់ញាតិរបស់យើង។ ប៉ុន្តែគំនុំបានរសាយបាត់តាមពេលវេលាដែរ។ យើងព្យាយាមជួយគ្នាដើម្បីផ្សះផ្សាររបួសផ្លូវចិត្ត»។
អស់រយៈពេលជាង៤០ឆ្នាំក្រោយពីការកាប់សម្លាប់ លោកស្រីម៉ៃ ក៏ដូចជាប្រជាពលរដ្ឋឃុំ បាជុក ថាការស្អប់ហាក់ដូចជារសាត់បាត់។ អ្នកស្រីបន្ថែមថាឥឡូវនេះគិតថាមិនមានអ្វីដែលត្រូវគុំគួននិងស្អប់ទៀតទេ៕
(រាយការណ៍បន្ថែមដោយអ្នកយកព័ត៌មានVOA សេវាវៀតណាម)