ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ពេល​ហ្វូង​មនុស្ស​​កាន់​ទុក្ខ​សព​​មេធាវី ប្រជាជន​ភូមា​មួយ​ចំនួន​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​​ទៅ​លើ​កំណែទម្រង់​ជាតិ


ជន​មូស្លីម​ចូលរួម​កាន់​ទុក្ខ​លើក​មឈូស​សព​លោក​ Ko Ni សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ និង​មេធាវី​ច្បាប់​រដ្ឋធម្មនុញ្ញ នៅ​ក្រុង​យ៉ាងហ្គន។ (Paul Vrieze/VOA)
ជន​មូស្លីម​ចូលរួម​កាន់​ទុក្ខ​លើក​មឈូស​សព​លោក​ Ko Ni សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ និង​មេធាវី​ច្បាប់​រដ្ឋធម្មនុញ្ញ នៅ​ក្រុង​យ៉ាងហ្គន។ (Paul Vrieze/VOA)

លោក Ko Ni ដែល​ជា​មេធាវី​មាន​ឈ្មោះ​បោះសំឡេង​មួយ​រូប​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ជា​ទីប្រឹក្សា​គណបក្ស​កាន់អំណាច​របស់​លោកស្រី​អង់សាន ស៊ូជី ត្រូវ​បាន​គេ​​ធ្វើ​ឃាត​នៅ​ព្រលាន​យន្តហោះ​ក្រុង​យ៉ាងហ្គន ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​បញ្ចុះ​សព​ Yayway Cemetery នៅ​ជាយ​ក្រុង​យ៉ាងហ្គន (Yangon)​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​សម្តែង​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក Ko Ni ដែល​លោក​ជា​មេធាវី​មាន​ឈ្មោះ​បោះសំឡេង​មួយ​រូប​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ជា​ទីប្រឹក្សា​គណបក្ស​កាន់អំណាច​របស់​លោកស្រី​អង់សាន ស៊ូជី។ លោក Ko Ni ត្រូវ​បាន​គេធ្វើ​ឃាត​នៅ​ព្រលាន​យន្តហោះ​ក្រុង​យ៉ាងហ្គន ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ពិធី​បុណ្យ​សពលោក​មេធាវី Ko Ni គឺពោរពេញ​ទៅ​ដោយ​ភាពសោកសង្រេង និង​តឹងតែង​ក្នុង​ចិត្ត​ពី​សំណាក់​សាធារណជន។ បុរស​មូស្លីម​រាប់​រយ​នាក់​បាន​ស្រែក​បន្ទរ​នូវ​ឃ្លាឃ្លង​បញ្ជាក់​ឡើង​ពី​ជំនឿ​សាសនា​របស់​ខ្លួន​ ស្រប​ពេល​ដែល​ពួកគេលើក​មជ្ឈូស​លោក​ Ko Ni ចេញ​ពី​វិហារ​ឥស្លាម ទៅ​កាន់​រណ្តៅ​កប់​សព​នៅ​ជិត​នោះ​ ខណៈ​ដែល​ហ្វូង​មនុស្ស​យ៉ាង​ធំ​មួយ​ឈរ​សម្លឹង​មើល។ បន្ទាប់​មក មនុស្ស​មួយ​ចំនួន​បាន​ឈរ​តម្រង់​ជួរ​ដើម្បី​យក​ខ្សាច់​មួយ​ក្តាប់​ដៃ​ស្រោច​ទៅ​លើ​រណ្តៅ​សព​របស់​លោក​មេធាវី។

​លោក​មេធាវី Nyan Win និង​សមាជិក​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ (NLD) បាន​មក​ចូលរួម​ពិធីបុណ្យ​សព​ ដើម្បី​ជា​ការ​គោរព។

សេចក្តីថ្លែងការណ៍​មួយ​របស់គណបក្សបាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​លោក Kon Ni គឺ​ជា​ «ការ​បាត់បង់​មិនអាច​ស្រោចស្រង់​ឡើង​វិញ​បាន» សម្រាប់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។ ស្របពេលនេះ​ដែរ ខុទ្ទកាល័យ​លោក​ប្រធានាធិបតី​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ការ​ធ្វើ​ឃាត​លោក Kon Ni មាន​បំណងធ្វើ​ឲ្យ​ប្រទេស​ទាំង​មូល «ជ្រួលច្របល់»។ ប្រមុខ​ប្រឹក្សា​រដ្ឋ​លោកស្រី​អង់សាន ស៊ូជី​ មិនទាន់​បង្ហាញ​ប្រតិកម្ម​ណាមួយ​ទៅ​នឹង​ករណី​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ។

លោក Soe Lwin ​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជា​ជន​មូស្លីម​មួយ​រូប​មក​ពី​សង្កាត់ Hlaing ក្រុង​យ៉ាងហ្គន។ លោក​បាន​ចូលរួម​ពិធី​បុណ្យ​សព និង​បាន​មាន​ប្រសាសន៍​ថា «មនុស្ស​គ្រប់គ្នា​មាន​ភាព​សោកសៅ និង​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង។ ពួកយើង​ព្រួយបារម្ភ​ថា​តើ​នឹង​មាន​អ្នក​ដែល​មាន​សមត្ថភាព​ផ្នែក​ច្បាប់​ដូច​រូប​គាត់​ទៀត​ដែរ​ឬ​យ៉ាងណាទេ»។

លោក Ko Ni សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​ និង​មេធាវី​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ (Paul Vrieze/VOA)
លោក Ko Ni សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​ និង​មេធាវី​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ (Paul Vrieze/VOA)

លោកត្រូវបានគេធ្វើឃាតនៅអាកាសយាន្តដ្ឋាន

លោក​ Ko Ni ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ដើរ​មក​បាញ់​ចំ​ក្បាលផ្នែក​ខាង​ក្រោយ ខណៈ​ដែល​លោក​កំពុង​ពរ​ចៅ​ប្រុស​នៅ​ឯ​ព្រលានយន្តហោះ។ ឃាតករនោះ​ក៏​បាន​បាញ់​សម្លាប់​អ្នក​រត់តាក់ស៊ី​ម្នាក់ ដែល​ព្យាយាម​ឃាត់ផ្លូវខ្លួន​កុំ​ឲ្យ​រត់​គេច​ ប៉ុន្តែ​ចុងក្រោយត្រូវ​បាន​ប៉ូលិស​ និង​អ្នក​រត់តាក់ស៊ី​ដទៃទៀត​ចាប់ខ្លួន។ ពេល​នោះ​ អ្នក​រត់តាក់ស៊ី​ពីរនាក់​នៅ​ក្នុង​ចំណោម​នោះ​ក៏​បាន​រងរបួស​ផងដែរ។

លោក Ko Ni គឺ​ជា មេធាវីគាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​មួយរូប ហើយ​លោក​បាន​បំពេញការងារ​ជា​មេធាវីខាង​ច្បាប់​ធម្មនុញ្ញ ដែល​បាន​ផ្តល់​ប្រឹក្សា​ដល់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ផ្នែក​កំណែទម្រង់​រដ្ឋធម្មនុញ្ញ។ គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​បង្កើត​នូវ​រដ្ឋាភិបាល​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន ប៉ុន្តែ​អំណាច​របស់​គណបក្ស​នេះ​នៅ​តែ​រងការ​រឹតត្បិត​យ៉ាង​ខ្លាំង​ដោយ​រដ្ឋធម្មនុញ្ញ​រៀបរៀង​ឡើង​ដោយ​យោធា​ក្នុង​ឆ្នាំ​២០០៨។

លោក​ក៏​ជា​សមាជិក​មួយរូប​នៃ​ជនភាគតិច​មូស្លីម​ផងដែរ។ ក្រៅ​ពី​ការ​លើក​ឡើង​ពីកំណែទម្រង់​រដ្ឋធម្មនុញ្ញ លោក​មេធាវី​ក៏​បាន​ប្រឆាំង​នឹង​ភាព​តានតឹង​ក្នុង​សហគមន៍​ជាមួយ​នឹង​ជន​កាន់​ពុទ្ធសាសនាមួយ​ភាគ​ធំ និង​ការ​ងើបឡើង​នៃ​ចលនា​ជាតិនិយមបែប​ពុទ្ធសាសនា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

នៅ​ថ្ងៃ​អាទិត្យ​ លោក​ Ko Ni បាន​វិល​ត្រលប់​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​ជាមួយ​នឹង​គណៈប្រតិភូ​មីយ៉ាន់ម៉ា ដែល​ក្នុង​នោះ​រួម​មាន​សមាជិក​គណៈរដ្ឋមន្រ្តី មេដឹកនាំ​សាសនា​ព្រះពុទ្ធ​នៅ​រដ្ឋ Rakhine និង​មេដឹកនាំ​ជនមូស្លីម​កុលសម្ព័ន្ធ​រ៉ូហ៊ីងយ៉ា (Rohingya)។ ពួកលោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វគ្គ​សិក្សា​ពី​ដំណើរការ​ដោះស្រាយ​ជម្លោះ​សហគមន៍​នៅឥណ្ឌូនេស៊ី ដើម្បី​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​វិបត្តិ​នៅ​រដ្ឋ​ Rakhine ប្រទេស​មីយ៉ាន់ម៉ា។ វិបត្តិ​នេះ​បាន​ធ្វើ​ឲ្យ​ជនរ៉ូហ៊ីងយ៉ា​រាប់សិបពាន់នាក់​បាត់បង់​ទី​ជម្រក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ប៉ូលិស​មិន​បាន​ផ្តល់​ដំណឹង​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្លាប់​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​រាយការណ៍​ថា បាន​លើកឡើង​ថា ខ្មាន់​កាំភ្លើង​នោះ​ធ្លាប់​ជាប់​ពន្ធនាគារ​ក្រុង Mandalay មុន​ពេល​ត្រូវ​បាន​ដោះលែងក្នុង​ការ​លើកលែង​ទោស​កាល​ពី​ឆ្នាំ​២០១៤។

កាល​ពី​ថ្ងៃ​ចន្ទ ជន​មូស្លីម​ចូលរួម​រំលែក​ទុក្ខ​មួយ​ភាគ​ធំ​ ដែល​ត្រូវ​បាន​សម្ភាសន៍ ជឿ​ថា លោក Ko Ni ត្រូវ​បាន​ធ្វើ​ឃាត​ដោយសារ​កិច្ចការ​របស់​លោក​ក្នុងការ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ​មិនមែន​ដោយសារ​តែ​ភាពតានតឹង​រវាង​សហគមន៍​និង​សហគមន៍​នោះ​ទេ។

សមាជិក​គណបក្ស​សម្ព័ន្ធជាតិដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ លោក Soe Lwin បាន​និយាយ​ថា «លោក U Ko Ni ធ្លាប់​បាន​និយាយ​យ៉ាង​បើក​ចំហ​ និង​យ៉ាង​លម្អិត​ពី​រដ្ឋធម្មនុញ្ញ ដូចនេះ​សាធារណជន​ត្រូវ​តែ​យល់ដឹង​ពី​អ្វី​ដែល​ខុសឆ្គង​ជាមួយ​នឹង​រដ្ឋធម្មនុញ្ញ»។ លោក​បាន​បន្ត​ថា «វា​គ្មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​នឹង​សាសនា ឬ​ជម្លោះ​រវាង​ពុទ្ធសាសនិក និង​ជន​មូស្លីម​ទេ ហេតុ​តែ​មួយ​នោះ​គឺ​ថា មាន​អ្នក​ចង់​បញ្ឈប់លោក»។

លោក​ Tun Kyi ​សកម្មជន​មូស្លីម​ពី​អង្គការ​សហគមន៍​អតីត​អ្នក​ទោស​នយោបាយ​ (Former Political Prisoners Society) ដែល​បាន​ជួយ​រៀប​ចំ​ពិធី​បុណ្យ​សព​លោក​មេធាវី Ko Ni បាន​និយាយ​ថា «លោក Ko Ni ដឹង​យ៉ាងច្បាស់​ពី​ច្បាប់ និង​របៀប​រៀបចំ​រដ្ឋធម្មនុញ្ញ។ នៅ​ក្នុងប្រទេស​របស់​យើង មនុស្ស​មួយ​ចំនួន​មិន​ចង់​ផ្លាស់​ប្តូរ​រដ្ឋធម្ម​នុញ្ញ​ទេ។ នេះ​ហើយ​ជា​ហេតុផល (ដែល​គាត់​ត្រូវ​បាន​គេ​សម្លាប់)»។

លោក​បាន​លើកឡើង​ថា ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យទៅ​នឹង​រឿង​ឃាតកម្ម​នេះមាន​ភាពប្រសើរ​មក​ទល់​ពេល​នេះ ហើយលោក​បាន​សង្កត់ធ្ងន់​ថា ​ត្រូវ​មានការស៊ើបអង្កេត​ពេញលេញ​ទៅ​លើ​ករណី​ឃាតកម្ម​លោក​មេធាវី​ Ko Ni។ ​

លោក Bo Bo Oo តំណាងរាស្រ្ត​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ និង​រដ្ឋលេខាធិការ​គណៈកម្មាការ​ទំនាក់ទំនង​ការបរទេស​នៃ​សភាជាន់ទាប​ បាន​ប្រាប់​ VOA ថា មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ​ថាតើ​សភា​នឹង​កោះ​ហៅ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដោយ​បន្ថែម​ថា ប៉ូលិស​កំពុង​តែ​ត្រួតពិនិត្យរឿងក្តី​នេះ។

ជន​មូស្លីម​ចូលរួម​កាន់​ទុក្ខ​ស្រោច​ខ្សាច់​លើ​រណ្តៅ​សព​លោក​ Ko Ni សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​ និង​មេធាវី​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ (Paul Vrieze/VOA)
ជន​មូស្លីម​ចូលរួម​កាន់​ទុក្ខ​ស្រោច​ខ្សាច់​លើ​រណ្តៅ​សព​លោក​ Ko Ni សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​ និង​មេធាវី​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ (Paul Vrieze/VOA)

ទាមទារឲ្យមានការស៊ើបអង្កេត

អង្គការ​ការពារ​សិទ្ធិ​អន្តរជាតិ អង្គការសហប្រជាជាតិ​ និងតំណាងស្ថានទូតនានា​នៅ​ក្រុង​យ៉ាងហ្គន​ ដែល​មួយ​ចំនួន​ពី​មុន​មក​ធ្លាប់បាន​ពិគ្រោះយោបល់​ជាមួយ​នឹង​លោក Ko Ni ជុំវិញ​បញ្ហា​ផ្លូវ​ច្បាប់ និង​នយោបាយ បាន​អំពាវនាវ​យ៉ាង​ខ្លាំង​សុំ​ឲ្យ​មាន​ការស៊ើបអង្កេត​ដោយ​តម្លាភាព​ និង​ឯករាជ្យទៅ​លើករណី​ឃាតកម្ម​នោះ។

អង្គការដោះស្រាយ​វិបត្តិ​អន្តរជាតិ​ (International Crisis Group) បាន​ឲ្យ​ដឹងថា​ ករណី​ឃាតកម្ម​នោះ​«មាន​គ្រប់សណ្ឋាន​នៃ​រឿង​ឧក្រិដ្ឋកម្ម​ដោយសារ​ភាព​សម្អប់» និង «សង្កត់ធ្ងន់​យ៉ាងខ្លាំង​ឲ្យ​មាន​ការ​សហការ​ការ​គ្នា​រវាង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​សង្គម​ទាំងមូល ដើម្បី​ថ្កោលទោស​គ្រប់​សណ្ឋាន​នៃ​ការ​បោះសម្តី​បណ្តុះ​ឲ្យ​មាន​ភាព​សម្អប់»។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីលទ្ធិប្រជាធិតេយ្យ​មាន​ភាព​ស្ងៀមស្ងាត់​អំពី​កំណើន​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ជនមូស្លីម​ និង​បាន​ដកថយ​ពី​ការ​ដាក់​បេក្ខជន​តំណាងជា​ជនមូស្លីម​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៥ ដែល​នេះ​ប្រហែល​ដោយសារ​ការ​ភ័យខ្លាច​ពីការ​រីកដុះដាល​ចលនា​ជាតិ​និយម​ពី​ក្រុម​ជន​កាន់​សាសនា​ព្រះពុទ្ធ​នា​គ្រា​នោះ។

លោក Soe Tint ​មេធាវី​ប្រចាំតុលាការ​កំពូល និង​ជា​មិត្តភក្តិ​ជិតដិត​នឹង​លោក​ Ko Ni បាន​ឈរ​មើល​ពិធី​បុណ្យ​សព​ពី​ចម្ងាយ​កាល​ពី​ចន្ទ។ លោក​បដិសេធ​មិន​ផ្សារភ្ជាប់រឿង​នេះ​ទៅ​នឹង​បញ្ហា​សាសនា ហើយបាន​និយាយ​ថា «លោក U Ko Ni បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​តែ​ខ្លួន​អាច​ធ្វើ​បាន​សម្រាប់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន»។

លោក​បាន​បន្ត​ថា «វា​ពិបាក​នឹង​និយាយ​ឲ្យ​ត្រូវ​ (ពីរឿង​ឃាតកម្មនោះ) ប៉ុន្តែ​ប្រហែល​ជា​មាន​មេក្លោង​នៅ​ពីក្រោយ។ ខ្ញុំ​គិត​ថា មាន​ការ​មិនពេញចិត្ត​ខ្លះ​ទាក់ទង​នឹង​ការ​រួម​ចំណែក​របស់​លោក​ទៅ​កាន់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​ដំណើរការ​នយោបាយ​មក​ទល់​ពេល​នេះ»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG