ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ស្វែង​រក​វិធី​ត្រឡប់​ទៅ​ប្រទេស​កំណើត​មីយ៉ាន់ម៉ា​វិញ


ជន​ភៀសខ្លួន​រ៉ូងហ៊ីងយ៉ា​កំពុង​អង្គុយ​រង់​ចាំ​នៅ​ច្រក​ទ្វារ​ចូល​ទៅកាន់​ជំរំ​ជន​ភៀសខ្លួន​ Kutupalang ក្នុង​ស្រុក Cox’s Bazar ប្រទេស​បង់ក្លាដែស​ កាល​ពី​ខែ​វិច្ឆិកា។
ជន​ភៀសខ្លួន​រ៉ូងហ៊ីងយ៉ា​កំពុង​អង្គុយ​រង់​ចាំ​នៅ​ច្រក​ទ្វារ​ចូល​ទៅកាន់​ជំរំ​ជន​ភៀសខ្លួន​ Kutupalang ក្នុង​ស្រុក Cox’s Bazar ប្រទេស​បង់ក្លាដែស​ កាល​ពី​ខែ​វិច្ឆិកា។

ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ ដែល​បាន​ស្វែង​រក​ការជ្រក​កោន​នៅ​ប្រទេស​បង់ក្លាដែស​បាន​និយាយ​ថា​ ពួក​គេ​ប្រាថ្នា​ចង់​ឈប់​រស់​នៅ​ជា​ជនភៀស​ខ្លួន​ទៀត​ហើយ និង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​មីយ៉ាន់ម៉ា​វិញ។

ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ ដែល​បាន​ស្វែង​រក​ការជ្រក​កោន​នៅ​ប្រទេស​បង់ក្លាដែស​បាន​និយាយ​ថា​ ពួក​គេ​ប្រាថ្នា​ចង់​ឈប់​រស់​នៅ​ជា​ជនភៀស​ខ្លួន​ទៀត​ហើយ និង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​មីយ៉ាន់ម៉ា​វិញ។

លោក​ Mohammad Shaker ​មេដឹកនាំ​ក្រុមជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ស្រុក ​Cox's Bazar ​នៃ​ប្រទេស​បង់ក្លាដែស បាន​និយាយ​ថា៖​ «ជន​ជាតិ​រ៉ូហ៊ីងយ៉ា​បាន​ស្វែង​រកទី​ជម្រក​បណ្តោះ​អាសន្ន​នៅ​ប្រទេស​បង់ក្លាដែស ​ដើម្បី​រួច​ជីវិត​ពី​ស្ថានភាព​ប្រៀប​បី​ដូច​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ សម្រាប់​ពួក​យើង​ភាគ​ច្រើន​ ជី​វិត​ជា​ជនភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​មាន​ការ​លំបាក​ខ្លាំង​ណាស់។ រដ្ឋ​Rakhine ​ដែល​សហគមន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​យើង​រស់​នៅ​អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ គឺ​ជា​ស្រុក​កំណើត​ដូនតា​របស់​យើង។ ពួក​យើង​ចង់​ត្រឡប់​ទៅ​រដ្ឋ Arakan​ ឬ​ហៅ​ថា​រដ្ឋRakhine វិញ»។

លោក Nurul Islam សកម្មជន​សិទ្ធិ​ក្រុមជន​រ៉ូហ៊ីងយ៉ា​និង​ជា​មេ​ដឹក​នាំ​សហគមន៍​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា ​នៅ​ពេល​ណា​ដែល​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា​ផ្ទុះ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​សហគមន៍អន្តរជាតិ​បាន​ចាប់អារម្មណ៍​ចង់​ឃើញ​ថា ​តើពួក​គេ​បាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​ទៅ​កាន់​ប្រទេស​ដទៃ​ទៀតដែរ​ឬទេ។ ប៉ុន្តែ​លោក​បាន​ចោទ​ប្រទេស​មាន​អំណាច​អន្តរជាតិ​ថា​ មិន​បាន​បន្ត​ជួយ​ជនភៀស​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​ដល់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ទេ។

លោក Islamប្រធាន​អង្គការ​ជាតិ​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋArakanបាន​និយាយ​ថា៖ «មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ទំនង​ជា​គិត​ថា ប្រសិន​បើ​ជនជាតិរ៉ូហ៊ីងយ៉ា​ទាំង​អស់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ​បញ្ហា​ក្នុង​សហគមន៍​របស់​យើង​នឹង​ត្រូវ​បាន​ដោះស្រាយ។ ពួក​គេ​គិត​ខុស​ហើយ។ វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​ ដរាប​ណា​សមាជិក​សហគមន៍​របស់​យើង​មិន​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​នៅ​រដ្ឋ​ Arakan​នោះ»។​

បញ្ហា​អូស​បន្លាយ​យូរ​មក​ហើយ

ចាប់​តាំ​ង​ពី​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា បាន​ក្លា​យ​ជាគោលដៅ​នៃ​អំពើ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​១៩៧៨ សហគមន៍​សាសនា​ជនជាតិ​ភាគតិច ​បាន​រត់​គេច​ខ្លួន​ពីការ​ធ្វើទុក្ខ​បុកម្នេញ និង​បញ្ហា​លំបាក​ផ្នែកសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ តាមរយៈ​ការចាក​ចេញ​ទៅ​ប្រទេស​បង់ក្លាដែស ​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត។

ថ្មីៗ​នេះ មាន​ជនជាតិរ៉ូហ៊ីងយ៉ារហូត​ដល់​ទៅ​៥​សែន​នាក់​រស់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ក្នុង​នោះ​៩០​ភាគរយ​រស់​នៅ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ខុស​ច្បាប់ ហើយ​ ភាគច្រើន​រស់​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដែល​ចាស់​ទ្រុឌទ្រោម​នៅ​ទូទាំង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដេស។

បើ​សិន​ជា​គ្មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​បង់ក្លាដែស​ ឬ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ (UNHCR) ទេ​នោះ ​ជន​ភៀស​ខ្លួន​ភាគ​ច្រើន​ធ្វើ​ការងារ​តូច​តាច​ គ្មានលទ្ធភាព​ទទួល​បាន​សេវា​ជាមូលដ្ឋាន ​និង​រស់​នៅ​ដើម្បី​តែ​ចិញ្ចឹម​ក្រពះ​តែ​ប៉ុណ្ណោះ។

ពួក​គេ​ភាគ​ច្រើន​ត្អូញ​ត្អែរ​ថា​ ជីវិត​របស់​គេ​នៅ​ប្រទេស​បង់ក្លាដែស​ពោរ​ពេញ​ទៅ​ដោយ​ការ​លំបាក ​ហើយ​ជីវិត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គឺ​សុខ​ស្រួល​ជាង។

លោក Mohammad Ismail ជន​ជាតិ​រ៉ូហ៊ីងយ៉ា​អាយុ​៣៨ឆ្នាំ​បាន​និយាយ​ថា៖ «បន្ទាប់​ពី​ពុទ្ធសាសនិក​ក្នុង​រដ្ឋ​ Rakhine បាន​ដុត​បំផ្លាញ​ផ្ទះ​របស់ខ្ញុំ​ ខ្ញុំ​ ប្រពន្ធ​របស់​ខ្ញុំ​ និង​កូន​ទាំង​ពីរ​នាក់​របស់​យើង​បានភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​កាល​ពី​បួន​ឆ្នាំ​មុន។ ខ្ញុំធ្វើ​ការងារមួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ​ដើម្បី​បា​ន​ប្រាក់​ឈ្នួល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ខ្ញុំ។ ជា​រឿយៗ​ ខ្ញុំ​គ្មាន​ការងារ​ធ្វើ​ទេ។ ខ្ញុំរស់​នៅ​ក្នុង​ខ្ទម​ធ្លុះធ្លាយ​ ហើយ​ខ្ញុំគិត​ថា​ ខ្ញុំ​មិន​អាច​គេច​ផុត​ពី​ភាព​ក្រីក្រ​នៅ​ទីនេះ​ទេ។ ខ្ញុំ​ធ្លាប់​មាន​ដី​ស្រែ​ចម្ការ​ផ្ទាល់​ខ្លួន​ ខ្ញុំ​ក៏​ជា​ម្ចាស់​ហាង​មួយ ​ហើយ​ខ្ញុំ​រក​ចំណូល​បាន​ច្រើន​គួរ​សម។ ប្រសិន​បើ​ស្ថានភាព​នៅ​ទីនោះ​មាន​ការ​ផ្លាស់​ប្តូរ ខ្ញុំ​ចង់​ត្រឡប់​ទៅ​រដ្ឋ​ Arakan​ វិញ»។

ក្រុម​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ដែល​បាន​ភៀស​ខ្លួន​ពី​មីយ៉ាន់ម៉ា​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ កំពុង​រស់​នៅ​ក្នុង​ជំរំ​ខុស​ច្បាប់ ​Kutupalong ដែល​ធ្លុះធ្លាយ​នេះ​ ក្នុង​ស្រុក​ Cox’s Bazar ​របស់​ប្រទេស​បង់ក្លាដែស។
ក្រុម​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ដែល​បាន​ភៀស​ខ្លួន​ពី​មីយ៉ាន់ម៉ា​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ កំពុង​រស់​នៅ​ក្នុង​ជំរំ​ខុស​ច្បាប់ ​Kutupalong ដែល​ធ្លុះធ្លាយ​នេះ​ ក្នុង​ស្រុក​ Cox’s Bazar ​របស់​ប្រទេស​បង់ក្លាដែស។

វិបត្តិ​បច្ចុប្បន្ន​

​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើម​នៅ​ក្នុង​រដ្ឋ​ Rakhine ​កាល​ពី​ដើម​ខែ​តុលា​មក​ ក្រោយ​ពេល​ដែល​មាន​ការ​សម្លាប់​ប៉ូលិស​៩នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​មួយ​ ដែលគេ​បាន​បន្ទោស​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា។ ចាប់​តាំង​ពី​ពេល​នោះ​មក បុរស ស្ត្រី និងកុមារ​ហ៊ីងយ៉ា​ជា​ច្រើន​ពាន់​នាក់​បាន​រត់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

លោក​ Asaduzzaman Khan Kamal ​រដ្ឋមន្ត្រី​លំនៅដ្ឋាន​បង់ក្លាដែស​មាន​ប្រសាសន៍​ថា ផ្អែក​លើ​ហេតុផល​មនុស្សធម៌​ ជនជាតិ​រ៉ូហ៊ីងយ៉ា​មួយ​ចំនួន​ដែល​កំពុង​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​កំពុង​កើត​មាន​អំពើ​ហិង្សា ​ត្រូវ​បាន​ផ្តល់ទីជម្រកថ្មីសម្រាប់​ស្នាក់​នៅ។

លោក​ Kamal មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ព្យាយាម​ផ្តល់​ទីជម្រក​ដល់​ពួក​គេ​ឲ្យ​បាន​កាន់​តែ​យូរ​តាម​ដែល​អាច​ធ្វើ​បាន។ បន្ទាប់​មក​យើង​នឹង​ចាប់​ផ្តើម​ការ​សន្ទនា​ជា​មួយ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ឲ្យ​ពួក​គេ​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​។ យើង​សង្ឃឹមថា​ នៅ​ទីបំផុត​ប្រទេស​មីយ៉ាន់ម៉ា​នឹង​នាំ​យក​ពួកគេ​ត្រឡប់​ទៅ​វិញ»។

ប៉ុន្តែ​លោកNurul Islam មេដឹកនាំ​សហគមន៍​រ៉ូហ៊ីងយ៉ា បាន​ចោទ​ប្រកាន់​ថា អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​បន្ត​នៅ​ក្នុង​រដ្ឋ​ Rakhine គឺ​ជា​ហិង្សា​ «ដែល​មាន​ការគាំទ្រ​ពី​រដ្ឋ»។

លោក Nurul Islam បាន​ថ្លែង​ប្រាប់ ​VOAថា៖ «កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​កំពុង​ចូល​ទៅ​តាម​ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយ​ធ្វើ​ការ​សម្លាប់ រំលោភ​សេពសន្ថវៈ និង​ដុត​ផ្ទះ​សម្បែង​យ៉ាង​ព្រៃ​ផ្សៃ ​ដូច​ដែល​យើង​បាន​ឃើញ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។ កម្រិត​នៃ​ការ​ធ្វើទារុណកម្ម​ដ៏​ឃោរឃៅ​មិន​អាច​រៀបរាប់​បាន​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំភ័យ​សហគមន៍​ទាំងមូល​ឲ្យ​ដល់​កម្រិត​ធ្ងន់ធ្ងរ​មួយ ដើម្បី​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា ភៀស​ខ្លួន​ទៅ​ប្រទេស​ផ្សេង។ គ្មាន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ណា​ហ៊ាន​វិលត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ក្នុង​ស្ថានភាព​បែប​នេះ​ទេ។ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​យើង​គឺ​ថា​ពួក​យើង​ចង់​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​យើង​នៅ​រដ្ឋArakan វិញ»។

ការស៊ើប​អង្កេត ​និង​សម្ពាធ

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ​ខ្លួន​កំពុង​បង្កើត​«គណៈកម្មាធិការ​ថ្នាក់​ជាតិ​មួយ» ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេតលើ​ស្ថានភាព ​និង​ការចោទ​ប្រកាន់​ពី​ការ​រំលោភ​បំពាន​នានា ស្រប​ពេល​ដែលមាន​សម្ពាធ​ពី​អន្តរជាតិ​អំពី​ការកើន​ឡើង​អំពើ​ហិង្សា និង​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​រដ្ឋ​ Rakhine​ ភាគ​ខាង​ជើង។

ទោះ​បី​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន​ បាន​និយាយ​តិច​តួច​អំពី​ស្ថានភាព​នា​ពេលបច្ចុប្បន្ន​ក៏​ដោយ ក៏​រដ្ឋាភិបាល​ធ្លាប់​បាន​បដិសេធ​ជា​យូរ​មក​ហើយ​លើ​ការ​ចោទ​ប្រកាន់​អំពី​ការរំលោភ​បំពាន​និង​ការធ្វើ​ទុក្ខបុក​ម្នេញ។ អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ក្រុម​មន្រ្តី​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​ ជនជាតិ​រ៉ូហ៊ីងយ៉ា​ភាគ​ច្រើន​គឺ​ជា​ជន​ចំណាក​ស្រុក​មកពី​បង់ក្លាដែស ​ហើយ​ជា​ទូ​ទៅ​រដ្ឋាភិបាល​ចាត់​ទុក​ពួក​គេ​ថា​ជា​ជនជាតិ​Bengali។

លោកស្រី​ អង់សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​និង​ជា​និមិត្តរូប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា ប្រឈម​នឹង​ការរិះគន់​កាន់​តែ​ច្រើន​ឡើង​ចំពោះ​ការបរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ហិង្សា​នេះ​ ស្រប​ពេល​ដែលយុទ្ធនាការ​យោធា​បាន​បង្ក​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​ផ្លាស់ប្ដូរ​លំនៅដ្ឋាន។

គណៈកម្មាធិការ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ថ្មី​នេះ នឹង​ត្រូវ​បង្កើត​ឡើង​បន្ថែម​ពី​លើ​គណៈកម្មការ​ប្រឹក្សា​រដ្ឋ​ Rakhineដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​សីហា ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ​កូហ្វី អាណាន់។ លោក​ កូហ្វី ​អាណាន់ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​«ក្តីបារម្ភ​យ៉ាង​ខ្លាំង» ​ទៅ​លើ​វិបត្តិ​ហិង្សា​នៅ​ក្នុង​តំបន់​នេះ។

លោក​ស្រី​ Penny Green​ សាស្រ្តាចារ្យ​ច្បាប់​និង​សកលភាវូបនីយកម្ម​នៅ​សាកលវិទ្យាល័យ Queen Mary នៅ​ទីក្រុង​ឡុងដ៍ បាន​និយាយ​ថា ​ដរាបណា​នៅ​តែ​មាន​កា​ររើសអើង​ជា​លក្ខណៈ​ស្ថាប័ន និង​ការ​រីក​រាល​ដាល​ការ​បែង​ចែក​ជនជាតិ​ដោយ​ស្ថាប័ន​រដ្ឋ​នៅ​តែ​ដើរ​តួ​ជា​អ្នក​កំណត់​ជីវិត​របស់​ជនជាតិរ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ពួកគេ​នឹង​នៅ​តែ​បន្ត​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។

លោក​ស្រី Green ក៏​ជា​នាយិកា​នៃ​គំនិត​ផ្ដួច​ផ្ដើម​អន្តរជាតិ​លើ​ឧក្រិដ្ឋកម្ម​ដោយ​រដ្ឋ​នៅ​សាកលវិទ្យាល័យ Queen Mary ផង​ដែរ។ លោក​ស្រី​និយាយ​ថា៖ «ការ​ត្រឡប់​មក​វិញ​ដោយ​ស្ម័គ្រចិត្ត​នៃ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​អាច​កើត​ឡើង​បាន លុះ​ត្រា​តែ​ប្រទេស​មីយ៉ាន់ម៉ា​ហ៊ាន​ប្រឈម​មុខ​នឹងឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​របស់​ខ្លួន ដាក់​ទោស​ជន​ដៃ​ដល់ និង​ស្ដារ​សិទ្ធិ​មនុស្ស សេដ្ឋកិច្ច​ សង្គម​និង​សិទ្ធិ​នយោបាយ​ទៅ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​វិញ»។

លោក​ស្រី​បាន​បន្ថែម​ថា ត្រូវ​តែ​មាន​ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​ស្រី អ៊ង់សាន ស៊ូជី។

អ្នកស្រី​មាន​ប្រសាសន៍​ទៀត​ថា «ការ​ដាក់​ទណ្ឌកម្ម​ ការធ្វើ​ពហិការ​និង​ការ​លក់​ភាគហ៊ុន​ចេញ​ ធ្លាប់​ជា​មេរៀន​ជោគជ័យ​ក្នុង​ការ​ប្រឈម​ជា​មួយ​នឹង​ឧក្រិដ្ឋកម្ម​អាក្រក់​បំផុត​របស់​ពិភពលោក។ យើង​ទាំង​អស់​គ្នា​គួរតែ​ជំរុញ​រដ្ឋាភិបាល​របស់​យើង​កុំ​ឲ្យ​ចូល​រួម​ជា​មួយ​ប្រទេស​មីយ៉ាន់ម៉ា​ លុះ​ត្រា​តែ​ប្រទេស​នេះ​បញ្ឈប់​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្លួន»៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG