លោកស្រី អង់សាន ស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋនិងជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរិះគន់ចំពោះការបរាជ័យរបស់លោកស្រីក្នុងការដោះស្រាយអំពើហិង្សា ស្របពេលដែលយុទ្ធនាការយោធាយកក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាជាគោលដៅវាយប្រហារ បានបង្កឱ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ប្ដូរទីលំនៅ។
លោក Zaw Htay សមាជិកនៃគណៈកម្មាធិការព័ត៌មានការិយាល័យក្រុមប្រឹក្សារដ្ឋ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាថា ការបង្កើតគណៈកម្មាធិការស៊ើបអង្កេតថ្មីនេះកំពុងតែដំណើរការ។
គណៈកម្មាធិការនេះនឹងត្រូវបង្កើតឡើងក្រោយពីបង្កើតគណៈកម្មការប្រឹក្សារដ្ឋ Rakhineដែលបានបង្កើតឡើងកាលពីខែសីហា ក្រោមការដឹកនាំរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ដែលថ្មីៗនេះលោកបានសំដែង«ការព្រួយបារម្ភយ៉ាងខ្លាំង»ទៅលើអំពើហិង្សានេះ។
អំពើហិង្សាកាន់តែកើនឡើង
អំពើហិង្សាបានកើនឡើងនៅរដ្ឋ Rakhine ភាគខាងជើង ចាប់តាំងពីមានការវាយប្រហារលើប៉ុស្តិ៍ការពារព្រំដែនកាលពីថ្ងៃទី៩ ខែតុលា ដែលបានបណ្តាលឲ្យទាហាន និងប៉ូលិសចំនួន៩នាក់បាត់បង់ជីវិត។
ក្នុងប្រតិបត្តិការជាបន្តបន្ទាប់ ក្រុមយោធាបាននិយាយថា ជនសង្ស័យថាជាជនសកម្មប្រយុទ្ធចំនួន២៣៤នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋ Rakhine ចាប់ពីថ្ងៃទី៩ដល់ទី១៤ ខែវិច្ឆិកា ហើយជនសង្ស័យ៦៩នាក់ផ្សេងទៀតត្រូវបានសម្លាប់។ រដ្ឋាភិបាលបាននិយាយថា ជនសង្ស័យជាអ្នកវាយប្រហារជាង២០០នាក់ទៀតត្រូវបានឃុំខ្លួនចាប់ពីថ្ងៃ១៤ ដល់២៣ខែវិច្ឆិកា។
ក្រុមអ្នកវិភាគសន្តិសុខបាននិយាយថា មានការព្រួយបារម្ភកាន់តែខ្លាំងទៅលើការបង្កើនសកម្មភាពយោធានៅក្នុងតំបន់ ដែលភាគច្រើនដោយសារតែប្រវត្តិនៃការប្រព្រឹត្តទៅលើជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅប្រទេសមីយ៉ាន់ម៉ា។
បន្ទាប់ពីមានអំពើហិង្សាក្នុងឆ្នាំ២០១២ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាង១២០.០០០នាក់ត្រូវបានបង្ខំឲ្យរស់នៅក្នុងជំរំបណ្តោះអាសន្ន ស្របពេលដែលមានរបាយការណ៍អំពីស្ថានភាពរស់នៅរបស់ពួកគេគ្មានអនាម័យ និងមានការរឹតបន្តឹងលើការធ្វើដំណើរ។
លោកស្រី Sidney Jones នាយកវិទ្យាសា្ថនសម្រាប់ការវិភាគគោលនយោបាយនៃជម្លោះ ដែលមានមូលដ្ឋាននៅរដ្ឋធានីហ្សាការតាបាននិយាយថា ការគំរាមកំហែងពីក្រុម Jihad អាចនឹងក្លាយជាសញ្ញានៃការប្រែប្រួលនៅក្នុងតំបន់នេះ។
លោកស្រីនិយាយថា៖ «រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមសកម្មប្រយុទ្ធមូស្លីមណាមួយស្មោះស្ម័គ្រជាមួយក្រុម jihad នៅឡើយ។ ប៉ុន្តែថ្មីៗនេះ វាហាក់បីដូចជាមានក្រុមណាមួយចាប់ផ្តើមស្មោះស្ម័គ្រហើយ។ ការណ៍នេះនឹងអាចក្លាយជាការប្រែប្រួលដ៏ធំមួយសម្រាប់ក្រុមជ្រុលនិយមក្នុងការមើលឃើញសក្តានុពលនៃការទទួលបានក្រុមស្មោះស្ម័គ្រណាមួយ»។
ការរំលោភបំពាននានា
អង្គការការពារសិទ្ធិមនុស្សនានាបានចោទប្រកាន់អំពីការកើនឡើងនៃការរំលោភបំពាននានា រាប់បញ្ចូលទាំងការរំលោភផ្លូវភេទដោយកងកម្លាំងមីយ៉ាន់ម៉ា និងការដុតបំផ្លាញផ្ទះសម្បែងរាប់រយខ្នងក្នុងអំឡុងពេលចុះបង្រ្កាបផងដែរ។
លោកស្រី Chris Lewa សកម្មជនសិទ្ធិមនុស្សនៃក្រុមតស៊ូមតិគម្រោង Arakan បាននិយាយថា ប្រតិបត្តិការរបស់រដ្ឋាភិបាលដែលអ្នកស្រីពិពណ៌នាថាជាអំពើដ៏ឃោរឃៅ បានកើនឡើងចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក។ លោកស្រីបន្ថែមថា ការមិនទទួលបានជំនួយមនុស្សធម៌បានធ្វើឲ្យប៉ះពាល់ដល់គ្រប់សហគមន៍ទាំងអស់ ជាពិសេសសហគមន៍នៅក្នុងតំបន់ Maungdaw ក្បែរព្រំដែនប្រទេសបង់ក្លាដែស។
លោកស្រីនិយាយថា៖ «ការរំលោភបំពានមានលក្ខណៈព្រៃផ្សៃខ្លាំងណាស់ ហើយបញ្ហានៅក្នុងតំបន់នោះ គឺការចូលទៅជួយប្រជាជនដែលត្រូវផ្លាស់ប្ដូរទីលំនៅនិងអ្នកដែលមិនផ្លាស់ប្ដូរទីលំនៅ។ បញ្ហានេះមិនមែនកើតឡើងចំពោះតែប្រជាជនក្រីក្រទេ គឺកើតឡើងចំពោះប្រជាជនទូទៅ ពីព្រោះពួកគេមិនអាចទទួលបានជំនួយ មិនអាចទៅផ្សារ និងមិនអាចប្រមូលផលបានទេ ហើយបញ្ហាទាំងអស់នេះនឹងនាំឲ្យមានមហន្តរាយដល់ជីវិតមនុស្ស»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានរកឃើញថា អគារចំនួន៤៣០ខ្នងត្រូវបានបំផ្លាញក្នុងភូមិចំនួន៣ ដែលស្ថិតនៅក្បែរតំបន់ Maungdaw ដែលការរកឃើញនេះធ្វើឡើងតាមរយៈការប្រើប្រាស់ឧបករណ៍ថតរូបដោយប្រើប្រព័ន្ធផ្កាយរណបមានកម្រិតរូបភាពច្បាស់ខ្ពស់។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការការពារសិទ្ធិមនុស្សនេះបានហៅចំណាត់ការឆ្លើយតបរបស់យោធាថាជា «ប្រតិកម្មហួសហេតុយ៉ាងច្បាស់ក្រឡែត»។
លោកបានបញ្ជាក់ថា៖ «ទាហានភូមាទំនងជាគ្មានការដឹកនាំត្រឹមត្រូវ ហើយពួកគេធ្វើអ្វីស្រេចតែចិត្តក្នុងតំបន់ទាំងនោះ ដោយបន្តយុទ្ធសាស្រ្តដុតបំផ្លាញ និងវាយប្រហារលើជនស៊ីវិលក្នុងរូបភាពតាមចាប់ខ្លួនជនសកម្មប្រយុទ្ធ ប៉ុន្តែជាក់ស្តែងគឺជាប្រតិកម្មហួសហេតុយ៉ាងច្បាស់ក្រឡែតរបស់ពួកយោធាភូមា ដែលទាំងនេះជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មជាលក្ខណៈប្រព័ន្ធលើជនជាតិរ៉ូហ៊ីងយ៉ា»។
ការផ្ទៀងផ្ទាត់
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា សារព័ត៌មាន Irrawaddy បានដកស្រង់អត្ថាធិប្បាយរបស់បងប្អូនប្រុសអ្នកនាំពាក្យក្រុមប្រឹក្សាឥស្លាមសម្រាប់តំបន់ Maungdaw ដែលបាននិយាយថា «អ្នកភូមិរាប់រយនាក់» នៅតំបន់ភាគខាងជើងត្រូវបានសម្លាប់កាលពីខែមុន នៅស្របពេលដែលមានការចោទប្រកាន់ថាមានករណីរំលោភផ្លូវភេទពីសំណាក់ទាហានរដ្ឋាភិបាលផងដែរ។
ក៏ប៉ុន្តែ និពន្ធនាយកនៃសារព័ត៌មាន Irrawaddy លោក Aung Zaw បាននិយាយថា វាមាន«សារៈសំខាន់ណាស់»ដែលសហគមន៍អន្តរជាតិត្រូវតែចូលទៅកាន់តំបន់នោះដើម្បីផ្ទៀងផ្ទាត់ទៅលើការចោទប្រកាន់ទាំងនោះ។
លោកបន្ថែមថា៖ «មានរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សជាច្រើនករណីនៅតំបន់នោះ ដែលទាមទារឲ្យមានការផ្ទៀងផ្ទាត់ ពីព្រោះភាគីទាំងពីរសុទ្ធតែអះអាងដោយគ្មានភស្តុតាងច្បាស់លាស់។ ភាគីរដ្ឋាភិបាលក៏បានបដិសេធលើការរំលោភបំពានទាំងនេះដែរ»។
លោក Aung Zaw បានប្រាប់ VOA ថា៖ «ផ្នែកមួយទៀតដែលគួរផ្ទៀងផ្ទាត់គឺថា តើមានជនរងគ្រោះដោយការរំលោភផ្លូវភេទប៉ុន្មាននាក់ ជនរងគ្រោះដែលត្រូវបានសម្លាប់មានប៉ុន្មាននាក់ ហើយតើផ្ទះសម្បែងប៉ុន្មានខ្នងត្រូវបានដុតបំផ្លាញ? ប៉ុន្តែករណីនេះទាមទារឲ្យមានការពិនិត្យមើលដោយប្រុងប្រយ័ត្ន ពីព្រោះភាគីទាំងពីរសុទ្ធតែមានការឃោសនារៀងៗខ្លួនជាច្រើនដោយមិនបានឈរលើមូលដ្ឋានជាក់ស្តែងនោះទេ»។
លោកក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិគិតគូរផងដែរអំពីការមិនសប្បាយចិត្តរបស់ពុទ្ធសាសនិកជុំវិញការមិនគិតគូរពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់នោះ ដែលត្រូវបានគេមើលឃើញថាជាតំបន់ក្រីក្របំផុតក្នុងប្រទេសនេះ។
លោកបានបន្ថែមថា៖ «នៅពេលបស្ចិមប្រទេសនិយាយអំពីបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ពួកគេនិយាយតែពីជនជាតិរ៉ូហ៊ីងយ៉ានិងការបែកបាក់គ្នាយ៉ាងខ្លាំងប៉ុណ្ណោះ។ យើងកំពុងប្រែក្លាយស្ថានភាពនេះឲ្យធ្លាក់ទៅក្នុងយុគសម័យដ៏គ្រោះថ្នាក់មួយ ពីព្រោះការមើលឃើញរបស់ពួកគេទៅលើតំបន់នេះ មានភាពខុសគ្នាដាច់ស្រឡះ ដូចពណ៌សនិងខ្មៅ។ ពួកគេមិនបាននិយាយអំពីភាពអាចរួមគ្នានៅតំបន់នោះឡើយ»។
ស្របពេលដែលមានការបង្រ្កាប ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង ហើយពួកគេភាគច្រើនត្រូវបានបង្ខំឲ្យត្រឡប់មកវិញ។ សកម្មភាពនេះត្រូវបានអង្គការAmnesty Internationalហៅថាជា «ការបំពានច្បាប់អន្តរជាតិយ៉ាងជាក់ស្តែង»។
កាលពីពេលថ្មីៗកន្លងទៅនេះ មនុស្សប្រហែល៥០០០នាក់បានធ្វើបាតុកម្មតវ៉ាក្នុងរដ្ឋធានីដាក្កានៃប្រទេសបង់ក្លាដែស ដើម្បីប្រឆាំងទៅនឹងអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា «ដោះស្រាយទៅលើការចោទប្រកាន់ថាមានការបោសសម្អាតជនជាតិភាគតិចនៅរដ្ឋRakhineភាគខាងជើងផងដែរ»។
សមាជិកនៃគណៈកម្មការដែលដឹកនាំដោយលោក កូហ្វី អាណាន់ ក៏បានបើកកិច្ចប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំសង្គមស៊ីវិលពុទ្ធសាសនិកនិងថ្នាក់ដឹកនាំអ្នកកាន់សាសនាឥស្លាមផងដែរ។
គណៈកម្មការនេះក៏បានអំពាវនាវឲ្យមានការការពារស្រ្តីនិងកុមារ ក្នុងអំឡុងពេលដែលមានប្រតិបត្តិការយោធា និងបានអំពាវនាវឲ្យរដ្ឋាភិបាលផ្តល់សញ្ជាតិជូនក្រុមជនជាតិរ៉ូហ៊ីងយ៉ាដែលមិនទាន់មានរដ្ឋណាទទួលស្គាល់នៅឡើយនោះ។
រដ្ឋាភិបាលកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ានិងសហគមន៍ពុទ្ធសាសនិកនានាបានប្រឆាំងនឹងការប្រើពាក្យ «រ៉ូហ៊ីងយ៉ា» និងចង់ឲ្យប្រើពាក្យBengali ជំនួសវិញសម្រាប់ជនជាតិមូស្លីមចំនួន១,៣លាននាក់ដែលកំពុងរស់នៅក្នុងតំបន់ជាច្រើននៅរដ្ឋ Rakhineភាគខាងជើងនោះ។
សហគមន៍ជនជាតិរ៉ូហ៊ីងយ៉ានេះប្រឈមនឹងការរើសអើងកាន់តែច្រើនឡើង ចាប់តាំងពីច្បាប់មួយដែលអនុម័តនៅឆ្នាំ១៩៨២ បានដកសញ្ជាតិពីពួកគេអស់ជាច្រើននាក់។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប៉ាន់ប្រមាណថា ប្រជាជនជាង៨០០.០០០នាក់ក្នុងរដ្ឋ Rakhineគ្មានសញ្ជាតិនោះទេ៕
ប្រែសម្រួលដោយ កោះ សុគន្ធី