ប្រទេសមីយ៉ាន់ម៉ានឹងផ្ដល់នូវព័ត៌មានអំពីវិបត្តិកំពុងបន្តកើតឡើងនៅក្នុងរដ្ឋ Rakhine ជាទៀងទាត់ដល់បណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត និងអាចសហការជាមួយនឹងបណ្ដាប្រទេសអាស៊ានទាំងអស់ដើម្បីជួយសម្របសម្រួលដល់កិច្ចការដឹកជញ្ជូនជំនួយចូលទៅកាន់តំបន់ដែលមានវិបត្តិនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនានា នៅក្រោយការបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនានានៅក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃចន្ទនេះ។
កិច្ចប្រជុំនេះជាកិច្ចប្រជុំកម្រិតខ្ពស់ក្នុងតំបន់លើកដំបូងបង្អស់ ដែលផ្ដោតលើបញ្ហាដែលបានកើតឡើងនៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។
បើយោងតាមសេចក្ដីប្រកាសរបស់កិច្ចប្រជុំនេះ លោក Anifah Aman រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា៖ «ខ្ញុំជឿថា នៅក្នុងស្មារតីរក្សាភាពរួបរួមតែមួយរបស់អាស៊ាន យើងត្រូវតែដោះស្រាយបញ្ហានេះទាំងអស់គ្នា»។
លោកបានបន្ថែមថា រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវតែធ្វើឲ្យបានច្រើនជាងនេះ។ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមអាចទាញប្រយោជន៍ពីវិបត្តិនេះ ដោយបានស្នើឲ្យមានការបង្កើត «ក្រុមអ្នកជំនាញការឯករាជ្យ» មួយក្រុម ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់អំពីការរំលោភធ្វើបាបនៅក្នុងរដ្ឋ Rakhine។
រដ្ឋាភិបាលរដ្ឋ Rakhine និងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ ដើម្បីដោះស្រាយបញ្ហានេះ។
រដ្ឋមន្ត្រីការបរទេសដទៃទៀតដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះជាកិច្ចប្រជុំប្រកបដោយផ្លែផ្កា។
លោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានថ្លែងថា៖ «រដ្ឋមន្ត្រីការបរទេសទាំងអស់ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានផ្លាស់ប្ដូរយោបល់គ្នាដោយស្មារតីស្មោះត្រង់ទៅវិញទៅមក»៕