មន្ត្រីអង្គការសហប្រជាជាតិបានថ្កោលទោសឃាតកម្មលើទីប្រឹក្សាផ្នែកច្បាប់របស់គណបក្សកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវឲ្យបើកការស៊ើបអង្កេតត្រឹមត្រូវនិងមិនលម្អៀងប្រកបដោយប្រសិទ្ធភាពទៅលើករណីឃាតកម្មនេះ។
លោក Ko Ni ដែលជាសមាជិកដ៏សំខាន់ម្នាក់នៃអ្នកកាន់សាសនាឥស្លាមភាគតិចនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ ខណៈពេលដែលលោកកំពុងរង់ចាំរថយន្តឈ្នួលនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Yangon។ លោកទើបតែមកដល់ប្រទេសមីយ៉ាន់ម៉ាពីក្រៅប្រទេស។
អ្នកបើកបររថយន្តឈ្នួលម្នាក់បានរងរបួសនៅក្នុងការវាយប្រហារនោះ។ ក្រុមមន្ត្រីនិយាយថាខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។
លោកស្រី Yanghee Lee ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានមានប្រសាសន៍ថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមូលហេតុនៃការសម្លាប់ដោយមិនសមហេតុផលទៅលើបុគ្គលដ៏គួរឲ្យគោរពនិងមានចំណេះដឹងម្នាក់ ដែលខ្ញុំបានជួបរាល់ពេលដែលខ្ញុំធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះ ដោយរួមទាំងទស្សនកិច្ចលើកចុងក្រោយបង្អស់របស់ខ្ញុំកាលពីជាងមួយសប្តាហ៍មុននេះ»។
លោកស្រីបានមានប្រសាសន៍ថា ការស្លាប់របស់លោកគឺជាការបាត់បង់យ៉ាងធំធេងចំពោះអ្នកការពារសិទ្ធិមនុស្សនិងសម្រាប់ប្រទេសមីយ៉ាន់ម៉ា។
អ្នកកាន់ទុក្ខរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកន្លែងបញ្ចុះសព Yayway ដែលស្ថិតនៅជាយរដ្ឋធានី Yangon កាលពីល្ងាចថ្ងៃចន្ទ ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក Ko Ni ដែលជាមេធាវីមីយ៉ាន់ម៉ាដ៏សំខាន់ម្នាក់និងជាទីប្រឹក្សារបស់គណបក្សកាន់អំណាចរបស់លោកស្រី អង់សាន ស៊ូជី។
ពិធីបុណ្យសពនោះបានប្រព្រឹត្តទៅដោយក្តីទុក្ខសោកពីសំណាក់សាធារណជន។ បុរសកាន់សាសនាឥស្លាមរាប់រយនាក់បានសូត្រធម៌ ខណៈដែលពួកគេសែងក្ដារមឈូសរបស់លោកពីវិហារឥស្លាមមួយទៅកាន់ផ្នូរសពដែលនៅក្បែរនោះ ហើយហ្វូងមនុស្សដ៏ច្រើនបាននាំគ្នាឈរមើល។ ក្រោយមកមនុស្សជាច្រើនបាននាំគ្នាបាចខ្សាច់ទៅលើផ្នូររបស់លោក Ko Ni។
លោក Nyan Win និងសមាជិកជាន់ខ្ពស់មួយចំនួនទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក៏បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពដែរ៕