ប្រទេសមីយ៉ាន់ម៉ាបានចាប់ខ្លួនមន្ត្រីប៉ូលិសមួយចំនួនកាលពីថ្ងៃចន្ទ ដែលត្រូវបានគេថតវីដេអូបង្ហាញពីសកម្មភាពវាយជនស៊ីវិលរ៉ូហ៊ីងយ៉ា។ នេះគឺជាការទទួលស្គាល់ដ៏កម្រមួយពីរដ្ឋាភិបាលចំពោះការរំលោភបំពានទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាមមួយនេះ។
ថ្វីដ្បិតតែវីដេអូមួយចំនួនបានចងក្រងជាឯកសារបញ្ជាក់អំពីការរលោភបំពានរបស់ប៉ូលិសនៅក្នុងរដ្ឋ Rakhine ដែលបានបិទបាំងដល់អ្នកកាសែតនិងបុគ្គលិកខាងស្ថាប័នផ្តល់ជំនួយអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ នេះគឺជាលើកទីមួយហើយ ដែលរដ្ឋាភិបាលបានបញ្ជាក់ថា អ្វីដែលមាននៅក្នុងដេអូនេះគឺជារឿងពិតប្រាកដ ហើយបានសន្យាថានឹងចាត់វិធានការនានា។
មន្ត្រីប៉ូលិសទាំងនោះត្រូវបានគេរាយការណ៍ថា បានសាកសួរប្រជាពលរដ្ឋនៅក្នុងភូមិ Kotankauk កាលពីខែវិច្ឆិកា ខណៈដែលស៊ើបអង្កេតទៅលើករណីខ្មាន់កាំភ្លើងដែលបានវាយប្រហារទៅលើប៉ុស្តិ៍ព្រំដែនមួយកាលពីខែតុលា។ ហេតុការណ៍នោះបានបណ្តាលឲ្យប៉ូលិស៩នាក់ស្លាប់បាត់បង់ជីវិត។
វីដេអូនោះបង្ហាញពីមន្ត្រីប៉ូលិសមួយចំនួនវាយនិងទាត់អ្នកភូមិ២នាក់ ក្នុងនោះរួមមានទាំងក្មេងប្រុសម្នាក់ដែលត្រូវបានវាយចំក្បាលថែមទៀតផង។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី បានសរសេរថា៖ «អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណត្រូវបានឃុំខ្លួនហើយ។ ការស៊ើបអង្កេតបន្តទៀតនឹងត្រូវធ្វើឡើងដើម្បីរកឲ្យឃើញមន្ត្រីប៉ូលិសផ្សេងទៀតដែលបានវាយអ្នកភូមិនៅក្នុងប្រតិបត្តិការនោះ»៕