អង្គការសង្គមស៊ីវិលជាង១៣០ស្ថាប័នដែលក្នុងនោះមានក្រុមសកម្មជនអ្នកតាមដានស្ថានការណ៍សង្គម បានសរសេរញត្តិមួយថ្មីទៀតដាក់ទៅក្រសួងចំនួន៣ដើម្បីស្នើសុំអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍យ៉ាងហោចណាស់៨នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារ។
ការដាក់ញត្តិទាមទារឲ្យដោះលែងអ្នកសហជីពខាងលើធ្វើឡើងនៅស្របពេលតុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់សកម្មជនសហជីពចំនួន៣នាក់ផ្សេងទៀតនៅក្រុមហ៊ុនណាហ្គាវើលដ៍ពីបទរារាំងដល់ការអនុវត្តវិធានការបង្ការការឆ្លងរាតត្បាតជំងឺកូវីដ១៩ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រីចក់ សុភាពនិងមន្ត្រីសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្សនិងការងារមួយចំនួនទៀតបាននាំយកញត្តិចំនួន៣ច្បាប់ទៅដាក់នៅក្រសួងយុត្តិធម៌ក្រសួងការងារ និងក្រសួងកិច្ចការនារីដើម្បីស្នើសុំឲ្យជួយសម្របសម្រួលដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាដើមចមនាំដល់ការឃាត់ខ្លួនថ្នាក់ដឹកនាំសកម្មជន និងសមាជិកសហជីពជាបន្តបន្ទាប់នោះ។
អ្នកស្រីថ្លែងទៅកាន់អ្នកកាសែតក្នុងសន្និសីទព័ត៌មានមួយនៅមុខក្រសួងយុត្តិធម៌ថា គន្លឹះនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ស្ថិតនៅលើសេរីភាពរបស់អ្នកសហជីពដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនពីបទល្មើសព្រហ្មទណ្ឌនិងវិធានការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។
«ដូចខ្ញុំបាននិយាយអ៊ីចឹងការចរចាមួយដែលមានយុត្តិធម៌គឺជាការចរចាមួយដែលមានអំណាចស្មើគ្នារវាងក្រុមហ៊ុនហើយនិងតំណាងសហជីព។បើសិនជាតំណាងសហជីពរបស់ពួកគាត់ត្រូវបានចាប់ខ្លួន ត្រូវបានចោទប្រកាន់ហើយយើងប្រកូកប្រកាសត្រូវមានការចរចាសួរថា តើអ្វីទៅជាអំណាចនៅក្នុងការចរចានៅពេលហ្នឹង»។
មានវត្តមានក្នុងសន្និសីទនោះដែរប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ និយាយថា ការប្រើប្រាស់បទល្មើសព្រហ្មទណ្ឌមកឆ្លើយតបនឹងជម្លោះការងារគឺជារឿងមិនអាចទទួលយកបានទេ ដូច្នេះលោកជឿថា ក្រសួងពាក់ព័ន្ធទាំង៣ដែលមានក្រសួងយុត្តិធម៌ក្រសួងការងារ និងក្រសួងកិច្ចការនារីអាចមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីសម្រួលបញ្ចប់វិវាទការងាររ៉ាំរ៉ៃមួយនេះ។
«អ៊ីចឹងខ្ញុំចូលរួមនៅក្នុងការដាក់ញត្តិនេះគឺទទូចជាពិសេសគឺក្រសួងយុត្តិធម៌ហ្នឹងតែម្តងដែលមានទំនាក់ទំនងឬក៏មានការងារជាប់ពាក់ព័ន្ធជាមួយនឹងព្រះរាជអាជ្ញាឬក៏កងកម្លាំងប៉ូលិសក្នុងនាមរដ្ឋាភិបាល។ ខ្ញុំគិតថាអាចនឹងមានឥទ្ធិពលនៅក្នុងការផ្តល់យោបល់និងដោះស្រាយរឿងនេះ។ខ្ញុំសង្ឃឹមថារឿងនេះនឹងអាចនឹងបានដោះស្រាយដោយប្រសើរនិងឈ្នះៗទាំងអស់គ្នា»។
ដោយឡែកមន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោកឃុន ថារ៉ូ លើកឡើងថាសង្គមស៊ីវិលចាត់ទុកថាការប្រើប្រាស់វិធានសុខាភិបាលតឹងរ៉ឹងរបស់អាជ្ញាធររដ្ឋអំឡុងពេលកូដកម្មបានធ្វើឲ្យប៉ះពាល់សិទ្ធិរបស់កូដករក្នុងការទាមទារឲ្យមានដំណោះស្រាយលើវិវាទការងាររបស់ពួកគេ។
លោកឃុន ថារ៉ូថ្លែងទៅកាន់អ្នកកាសែតថា៖«ការវិវឌ្ឍចុងក្រោយនៃការចាប់ខ្លួនជាបន្តបន្ទាប់គឺជាការរំលោភសិទ្ធិការងារធ្ងន់ធ្ងរដោយអាជ្ញាធររដ្ឋ»។
ក្នុងញត្តិដែលបានដាក់ទៅកាន់ក្រសួងទាំង៣នោះក្រុមអង្គការសង្គមស៊ីវិលទាមទារឱ្យដោះលែងជាបន្ទាន់និងទម្លាក់ចោលការចោទប្រកាន់ដោយឥតលក្ខខណ្ឌលើថ្នាក់ដឹកនាំនិងសកម្មជនសហជីពដែលតុលាការកំពុងឃុំខ្លួននិងជំរុញឲ្យមានការស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បីបញ្ចប់វិវាទការងាររួមមួយនេះ។ ញត្តិនោះនិយាយតែអំពីថ្នាក់ដឹកនាំនិងសកម្មជនសហជីព៨នាក់ដែលកំពុងជាប់ឃុំ ដោយមិនបានរាប់បញ្ចូលសមាជិកសហជីព៣រូបដែលត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន បានប្រាប់វីអូអេនៅថ្ងៃព្រសហ្បតិ៍ថា ក្រុមអង្គការសង្គមស៊ីវិលដែលស្វះស្វែងរកការដោះលែងអ្នកសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍នោះកំពុងធ្វើសកម្មភាពដើម្បីកេងចំណេញផលប្រយោជន៍ខាងនយោបាយ។លោកបានមានប្រសាសន៍ថា៖«នេះជាទម្លាប់អង្គការសង្គមស៊ីវិលនៅយើងដែលដឹងយល់ពីច្បាប់ដែរ ក៏ប៉ុន្តែចូលចិត្តតែបំពានច្បាប់ ហើយមិនធ្វើទៅតាមក្របខណ្ឌនិងនីតិវិធីច្បាប់ទេហើយតែងតែធ្វើបំពានគោលការណ៍នីតិវិធីច្បាប់ដើម្បីគ្រាន់តែជាការកេងចំណេញផ្នែកនយោបាយ»។
យ៉ាងណាក៏ដោយនាយករងទទួលបន្ទុកសិទ្ធិមនុស្សអង្គការលីកាដូលោកអំ សំអាត ប្រាប់វីអូអេថាតំណាងកូដករដែលជាថ្នាក់ដឹកនាំនិងអ្នកសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍គួរតែត្រូវបានដោះលែងដើម្បីឈានទៅរកការដោះស្រាយវិវាទការងារនៅក្រុមហ៊ុននោះស្របទៅតាមច្បាប់ស្តីពីការងារដែលជាជម្រើសសមស្របមួយ។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូសហជីពណាហ្គាវើលដ៍បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីខែធ្នូឆ្នាំ២០២១ដើម្បីតវ៉ាទៅនឹងការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនៅកាស៊ីណូណាហ្គាវើលដ៍ដែលបានដាក់គោលដៅលើសហជីពនិងមិនបានអនុវត្តពេញលេញនូវច្បាប់ស្ដីពីការងាររបស់ប្រទេសកម្ពុជា។អាជ្ញាធរបានចាត់ទុកកូដកម្មនោះជាកូដកម្មធ្វើឡើងដោយខុសច្បាប់និងបានចាប់ខ្លួនសកម្មជនសហជីពមួយចំនួនរួមមានកញ្ញា ឈឹម ស៊ីថរដែលជាប្រធានសហជីពផងដែរ។
បន្ទាប់ពីការចាប់ខ្លួនអ្នកសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្តបន្ទាប់ក្រោមបទចោទថាបានបំពានវិធានការបង្ការការឆ្លងជំងឺកូវីដ១៩នោះ ក្រុមកូដករបានអនុលោមទៅតាមអាជ្ញាធរដោយធ្វើចត្តាឡីស័កចំនួន៧ថ្ងៃហើយផ្អាកកូដកម្មមួយរយៈ។
នាយកគ្រប់គ្រងផ្នែកធនធានមនុស្សប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames បដិសេធមិនផ្តល់ការអត្ថាធិប្បាយនៅថ្ងៃព្រសហ្បតិ៍នេះ។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ ការចាប់ខ្លួនអ្នកសហជីព៣នាក់ចុងក្រោយនាំឱ្យចំនួនសកម្មជនសហជីពណាហ្គាវើលដ៍ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារកើនឡើងដល់១១នាក់។សមាជិកសហជីពចំនួន៤នាក់ទៀតក៏ត្រូវបានតុលាការចេញដីកាឲ្យចូលខ្លួនទាក់ទងនឹងសំណុំរឿងបំពានវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ដែរ។
គួររម្លឹកផងដែរថាកាលពីដើមខែកុម្ភៈ ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងប្រធានរដ្ឋសភាក្នុងការដោះស្រាយវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយពេលមកជាង៩ខែ ហើយបុគ្គលិកកម្មករបានធ្វើកូដកម្មជាងមួយខែមកហើយ៕