ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល​ស្នើ​ក្រសួង​មហា​ផ្ទៃ ​និង​រដ្ឋសភា​ជួយ​ធ្វើ​អន្តរាគមន៍​វិវាទ​ការ​ងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍


រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ (AFP)
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ (AFP)

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ជាង​១០០​ស្ថាប័ន​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ​និង​ប្រធាន​រដ្ឋ​សភា ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​អូស​បន្លាយ​ជាច្រើនខែ​មក​ហើយ។​

ពួក​គេ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹក​នាំ ​និង​សកម្ម​ជន​សហ​ជីព​ និង​កូដករ​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពេល​ធ្វើ​កូដ​កម្ម​ទាម​ទារ​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ។​ នេះ​បើ​តាម​ញត្តិ​មួយ​ចុះ​ថ្ងៃ​ទី​៧ ​ខែ​កុម្ភៈ ​ដែល​វីអូអេ​ទទួល​បាន។​

បើ​តាម​ញត្តិ​នោះ ​ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ​ក្រុម​តំណាង​សហជីព​អ្នក​វិភាគ​សង្គម ​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​សង្គម ​សរុប​ចំនួន​១៣៣​ស្ថាប័ន​បាន​ស្នើ​ទៅ​លោក ​ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​និង​លោក ​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លឿន​ដំណោះ​ស្រាយ​ករណី​នេះ។​

ពួក​គេ​បញ្ជាក់​នៅ​ក្នុង​ញត្តិ​ថា៖ ​«យើង​ខ្ញុំ​សូម​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ថ្នាក់​ដឹកនាំ ​និង​សកម្ម​ជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​៨​រូប​ ព្រម​ទាំង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ។ ​ យើង​ខ្ញុំ​សូម​រំឭក​រាជ​រដ្ឋាភិបាល​ថា​សកម្ម​ភាព​បម្រើ​ការងារ​សហជីព​មិន​មែន​ជា​បទ​ល្មើស​ហើយ​ត្រូវ​ផ្តល់​កិច្ច​ការពារ​ដល់​សេរី​ភាព​មូលដ្ឋាន​នានា​ទោះ​បី​ជា​សេរី​ភាព​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​មូល​ហេតុ​ដែល​រដ្ឋាភិបាល​មិន​ឯកភាព​ក៏​ដោយ»។​

ញត្តិ​នេះ​បន្ថែម​ថា៖​«យើង​ខ្ញុំ​ក៏​សូម​ស្នើ​ដល់​រដ្ឋា​ភិបាល​មេត្តា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​ការ​ចរចា​ដោយ​ភាព​ស្មោះ​ត្រង់​ជាមួយ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​នៅ​ពេល​ថ្នាក់​ដឹកនាំ​សហជីព​៨​រូប​ត្រូវ​បាន​ដោះ​លែង​ក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ចំពោះ​វិវាទ​ការងារ​របស់​ពួក​គេ»។​

ហើយ​ស្ថាប័ន​ទាំង​នោះ​រួម​មាន​សម្ព័ន្ធ​សហ​ជីព​កម្មករ ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ​ មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អង្គការ​លីកាដូ សម្ព័ន្ធ​សហ​ជីព ​និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ ​និង​សកម្ម​ជន​សហជីព​៨រូប ​ និង​ការ​ចាប់​ខ្លួន​កូដករ​ជា​បន្ត​បន្ទាប់​នេះ​ជា​«ការ​បំពាន​ច្បាប់» ​ពីព្រោះ​សេរី​ភាព​បង្កើត​សមាគម ​សេរីភាព​ការ​ជួប​ជុំ​ដោយ​សន្តិ​វិធី​ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ។​

ពួក​គេ​បន្ត​ថាករណី​វិវាទ​ការងារ​នេះ​ជា​«ឧទាហរណ៍​មួយ​ដ៏​គ្រោះ​ថ្នាក់» ​ដែល​ជំរុញ​ឲ្យ​និយោជក​មិន​អើ​ពើ​ការ​អនុវត្ត​តាម​បទដ្ឋាន​ការ​ងារ​ ដែល​អាច​នាំ​ទៅ​រក​ការ​ដើរ​ថយ​ក្រោយ​នៃ​ការ​អនុវត្ត​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​សង្ឃឹម​ថា​ ស្ថាប័ន​ទាំង​ក្រសួង​មហា​ផ្ទៃ ​និង​រដ្ឋ​សភា​នឹង​ពិនិត្យ​មើល ​និង​ជួយ​ធ្វើ​អន្តរាគមន៍​លើ​វិវាទ​ការងារ​មួយ​នេះ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«ម្សិល​មិញ​នេះ​[ថ្ងៃ​៧ ខែ​កុម្ភៈ] ​យើង​បាន​ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ ​ដោយ​សារ​យើង​ដឹង​ថា​ ក្រសួង​មហា​ផ្ទៃ ​លោក [ស ខេង] ​បាន​បង្ហាញ​ការ​ខ្វាយ​ខ្វល់ ​ហើយ​នឹង​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ យើង​មាន​ឃើញ​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់។ ​ អ៊ីចឹង​កន្លែង​នេះ ​ស្ថាប័ន​ក្រសួង​មហាផ្ទៃ ​ក៏​ត្រូវ​ចូល​រួម​ក្នុង​ការ​ពិនិត្យ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន ​និង​ធ្វើ​ម៉េច​អន្តរាគមន៍​លើ​ករណី​នេះ»។​

អ្នកស្រី​បន្ថែម​ថា​ ក្រុម​សង្គម​ស៊ីវិល​ក៏​ចង់​ដឹង​ថា​ តើ​តំណាង​រាស្រ្ត​ដែល​បាន​តាក់​តែង​ច្បាប់ ​ទាំង​ច្បាប់​កំពូល​រដ្ឋ​ធម្មនុញ្ញ ​ទាំង​ច្បាប់​ពាក់​ព័ន្ធ​ក្តី ​យល់​យ៉ាង​ណា​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

លោក ​សរ​ ចំរុង​ ប្រធាន​គណៈ​កម្មការ​ សិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត ​ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធ​សភា​នៃ​រដ្ឋសភា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​នឹង​ពិនិត្យ​មើល​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ​ បន្ទាប់​ពី​ត្រឡប់​មក​ពី​ការ​បំពេញ​ភារ​កិច្ច​តាម​ខេត្ត​វិញ។​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ពេល​ពិនិត្យ​រួច​រាល់ ​ លោក​នឹង​សុំ​យោបល់​ពី​ថ្នាក់​ដឹក​នាំ​ថា​ ត្រូវ​ធ្វើ​បែប​ណា​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖​ «នីតិវិធី​គឺ​ថា​ ខ្ញុំ​ពិនិត្យ​ហើយ​ ខ្ញុំ​នឹង​សុំ​យោបល់​ទៅ​សម្តេច​ប្រធាន។​ជជែក​ក្នុង​ក្រុម​ខ្ញុំ​ហើយ​ តើ​លិខិត​ហ្នឹង​មាន​ន័យ​អ្វី​ខ្លះ?​អី​ខ្លះ​ ខ្លឹម​សារ​ហ្នឹង។ ​ ខ្ញុំ​សុំ​យោបល់​សម្តេច​ប្រធាន​ថា​ ទៅ​ណា​មក​ណា?​ ធ្វើ​យ៉ាង​ម៉េច​អីណា៎»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង​ និង​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​លោក​ ខៀវ សុភ័គ​បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ​កាល​ពី​ថ្ងៃទី​២៥ ​ខែមករា ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ ស ខេង ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​«អត់​ធ្មត់»​ ហើយ​ដោះ​ស្រាយ​ដោយ​ប្រកាន់​ជំហរ​សម្រប​សម្រួល។​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​នាយក​គ្រប់​គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​លោក​ Hein Dames ​បាន​ដែរ។​

កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​កុម្ភៈ​កូដករ​៣​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​សមត្ថ​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​ ហើយ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​មនុស្ស​៤​នាក់​ផ្សេង​ទៀត ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ បន្ត​ប្រមូល​ផ្តុំ​បំពាន​ច្បាប់​ស្តីពី​ជំងឺ​កូវីដ១៩។​

លោក ​សាន សុខសីហា ​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កូដករ​៣​នាក់​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ហើយ​សមត្ថកិច្ច​បន្ត​ស្វែង​រក​កូដករ​៤​នាក់​បន្ត​ទៀត។​

លោក​បញ្ជាក់​ថា៖​ «ទាក់​ទង​ការ​នាំ​ខ្លួន​បុរស​ទាំង​៣​នាក់​នេះ ​គឺ​យើង​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទាក់​ទង​ករណី​រារាំង​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ។ ​ ហើយ​មួយ​ទៀត​ ស្រប​ទៅ​លើ​មាត្រា​១១​នៃ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​កូវីដ។​ហើយ​ព្រឹក​នេះ​ដែរ​ មុន​ហ្នឹង​ យើង​បាន​បញ្ជូន​ទៅ​ដល់​តុលាការ​អស់​ហើយ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​មួយ​រូប​របស់​តុលាការ​រាជធានី​ភ្នំពេញ ​លោក​ ប្លង់ សុផល​ បាន​នៅ​ឡើយ​ទេ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មករ​និយោជិត​ និង​តំណាង​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចាប់​ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ នៅ​ពេល​កម្មករ​និយោជិត​ជាង​ ១.៣០០​នាក់​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ចុង​ខែ​មេសា​ ឆ្នាំ​២០២១​ហើយ​បុគ្គលិក​អះអាង​ថា​ ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ​ដូច​ជា​ប្រាក់​អតីត​ភាព​ការងារ​ត្រឹមត្រូវ ​និង​សមស្រប​តាម​ច្បាប់​ការ​ងារ​ទេ។​ ក្រុមហ៊ុន​ត្រូវ​មន្រ្តី​សហ​ជីព​ចោទ​ថា​មាន​ចេតនា​បំបាត់​សំឡេង​តំណាង​បុគ្គលិក​ដោយសារ​ក្រុមហ៊ុន ​មិន​ព្រម​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​មន្រ្តី​សហជីព​នៅ​ក្រុមហ៊ុន​នេះ​បាន​វិល​ត្រឡប់​មក​កន្លែង​ការងារ​វិញ៕

XS
SM
MD
LG