មន្រ្តីសិទ្ធិមនុស្សមួយចំនួនបានបង្ហាញក្តីព្រួយបារម្ភជុំវិញការប្រើប្រាស់វិធានការសុខាភិបាលនាពេលថ្មីៗនេះ ដែលក្នុងនោះយកច្បាប់ស្តីពីជំងឺកូវីដ១៩ មកចោទប្រកាន់លើអ្នកតវ៉ាទាមទារសិទ្ធិការងារ ដូចជាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ជាដើម។
កាលពីសប្តាហ៍មុន អាជ្ញាធររាជធានីភ្នំពេញបានអនុវត្តវិធានការសុខាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ មកលើក្រុមកូដករ ដែលជាបុគ្គលិកនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងចំណោមពួកគេ។អាជ្ញាធរបានបង្ខំឲ្យពួកគេបញ្ឈប់ការតវ៉ាដែលអូសបន្លាយជាងមួយខែមកហើយ។ មិនតែប៉ុណ្ណោះ មនុស្ស៣នាក់ត្រូវបានចាប់ខ្លួន ខណៈអាជ្ញាធរកំពុងតាមចាប់ខ្លួនអ្នកផ្សេងទៀត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានបង្ហាញក្តីបារម្ភលើចំណាត់ការពីសំណាក់អាជ្ញាធរដែលឈានដល់មានការចាប់ខ្លួនបើទោះបីក្រុមកូដករបង្ហាញការស្ម័គ្រចិត្តចូលរួមនៅក្នុងការអនុវត្តវិធានការសុខាភិបាលក៏ដោយ។
អ្នកស្រីប្រាប់វីអូអេថា៖ «ខ្ញុំឃើញថាសម្រាប់កូដករហ្នឹង គឺគាត់បានបង្ហាញនូវឆន្ទៈនៅក្នុងការចូលរួមសហការតាំងពីដំបូង។ ប៉ុន្តែផ្ទុយទៅវិញយើងឃើញចំណាត់ការពីសាលាក្រុង ពីអាជ្ញាធរ ជាបន្តបន្ទាប់ហ្នឹង គឺមានការចោទប្រកាន់ដោយថាកូដករគាត់បានគេចវេះ ហើយប្រើនូវវិធានច្បាប់ទប់ស្កាត់កូវីដអីជាដើមហ្នឹង។នេះខ្ញុំមើលទៅជាការអនុវត្តច្បាប់មួយដែលមានស្តង់ដារច្រើនមែនទែន ហើយដែលដៅមុខសញ្ញាចំពោះកូដករទៅទៀត»។
អ្នកស្រីបន្ថែមថា ប្រសិនបើអាជ្ញាធរមានចេតនាមិនឲ្យមានការជួបជុំដោយសន្តិវិធី ច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ ក៏អាច ត្រូវ«ប្រើប្រាស់ជាឧបករណ៍» នៅក្នុងការបំបិទការប្រមូលផ្តុំផងដែរ។ អ្នកស្រីអំពាវនាវឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយធានាលើសិទ្ធិស្មើភាពគ្នា និងគោលការណ៍សិទ្ធិមនុស្ស និងជាពិសេស មិនប្រើប្រាស់ច្បាប់ស្តីពីជំងឺកូវីដ១៩ ដើម្បីកំណត់មុខសញ្ញាមកលើក្រុមពលរដ្ឋ ដែលតវ៉ាស្នើសុំដំណោះស្រាយលើបញ្ហាអ្វីមួយឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត និយាយថា ការអនុវត្តវិធានការសុខាភិបាលពីសំណាក់អាជ្ញាធរមកលើបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានធ្វើឡើងដោយផ្តោតលើគោលដៅការពារសុខភាពក៏ពិតមែនក៏ប៉ុន្តែបានបង្កការប៉ះពាល់មកលើក្រុមអ្នកតវ៉ាទាមទារ ដោយធ្វើឲ្យជម្លោះនៅបន្តអូសបន្លាយពេល ស្របពេលកូដកម្មត្រូវបង្ខំឲ្យរំសោយចោល។
លោកថ្លែងថា៖ «ខ្ញុំគិតថា អាហ្នឹងវាអាចនឹងអនុវត្តជាទូទៅ ពីព្រោះឃើញថា ការអនុវត្តវិធានការសុខាភិបាលនេះ គេអាចនឹងរកឃើញទាក់ទងនឹងអ្នកមានកូវីដ១៩ នៅក្នុងក្រុមកូដករអ៊ីចឹង។ អ៊ីចឹងការជួបជុំផ្សេងៗទៀត ហើយបើសិនជាមានខាងក្រុមអ្នកជួបជុំណាមួយដែលគេរកឃើញទៅថា មានជំងឺកូវីដ១៩ គេនឹងអនុវត្តវិធានការសុខាភិបាលដូចគ្នានេះ»។
លោកបន្តថា៖«ចំណុចដែលកុំឲ្យកើតមានរឿងហ្នឹងគឺការស្វែងរកដំណោះស្រាយនៅពេលដែលពលរដ្ឋ ឬក៏កម្មករ ដូចជាបុគ្គលិកណាហ្គាវើលដ៍អីដែលគាត់មានបញ្ហាហ្នឹង។ឫសគល់គឺដោះរឿងហ្នឹងកុំឲ្យរហូតទៅដល់មានការធ្វើកូដកម្ម ឬការតវ៉ានោះ»។
លោក អំ សំអាតក៏បានឲ្យដឹងផងដែរថា កន្លងមក គេឃើញអាជ្ញាធរបានអនុវត្តច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងករណីសហគមន៍ដីធ្លីដែលបានតវ៉ាផងដែរ។
នៅពេលមានការដាក់ចេញនូវច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីខែមីនា ឆ្នាំមុនសង្គមស៊ីវិលបានបង្ហាញការព្រួយបារម្ភពីវិសាលភាពនៃច្បាប់នេះដែលអាចត្រូវយកទៅប្រើប្រាស់ដើម្បីរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ សហជីព ឬសហគមន៍នានា។
ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបរិហារច្បាប់នេះថាមានចរិត «រំលោភបំពាន» និង «បញ្ញត្តិទោសធ្ងន់ធ្ងរហួសហេតុ»។
លោក Phil Robertson នាយករងផ្នែកតំបន់អាស៊ីរបស់អង្គការនេះបានមានប្រតិម្មប្រាប់វីអូអេតាមអ៊ីមែលថា នេះជាការតាមប្រមាញ់ផ្នែកនយោបាយប្រឆាំងសហជីព និងកម្មករដោយរដ្ឋាភិបាលកម្ពុជាប្រើវិធានការសុខភាពសាធារណៈជាលេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកបានធ្លាក់ដល់កម្រិតទាបថ្មីមួយក្នុងការរំលោភបំពានលើវិធានការសុខភាពសាធារណៈដើម្បីគាបសង្កត់សិទ្ធិមនុស្ស ហើយអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកគួរប្រឆាំងក្នុងរឿងនេះ។ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីការគំរាមកំហែងដោយប្រើច្បាប់កូវីដ១៩របស់រដ្ឋាភិបាលលើសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះបានផ្តល់ឧបករណ៍បន្ថែមឱ្យរដ្ឋាភិបាលទប់ស្កាត់សិទ្ធិសកម្មជន អ្នករិះគន់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូច្នេះការចាប់ខ្លួនដោយផ្អែកលើវិធានការសុខភាពដែលចោទប្រកាន់លើកម្មករណាហ្គាវើលដ៍ដែលធ្វើកូដកម្មនេះ គឺជាបញ្ហាគួរឱ្យខឹងសម្បារ និងមិនអាចទទួលយកបានទេ។ ប៉ុន្តែគួរឱ្យស្តាយ វាមិនមែនជារឿងចម្លែកគួរឱ្យភ្ញាក់ផ្អើលនោះទេ។
មាត្រា១១នៃច្បាប់កូវីដដែលត្រូវបានប្រើប្រាស់ដើម្បីចោទប្រកាន់លើកូដកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ចែងថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលដល់១០លានរៀល។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ឆ្លើយសំណួរវីអូអេនៅថ្ងៃអង្គារនេះ ដោយបានច្រានចោលការរិះគន់របស់សង្គមស៊ីវិលពាក់ព័ន្ធនឹងការអនុវត្តវិធានការសុខាភិបាលដោយអាជ្ញាធរ និងស្នើឲ្យមានការពិចារណាឡើងវិញ។លោកការពារថាគោលដៅចម្បងរបស់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ គឺព្យាយាមបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ទ្រង់ទ្រាយធំ ទើបមានការដាក់ចេញនូវវិធានការសុខាភិបាលខាងលើនេះ។
លោកបញ្ជាក់ថា៖ «យើងឃើញហើយថា ដំណាក់កាលចុងក្រោយដែលមានការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ សាលារាជធានីភ្នំពេញក៏ដូចជាស្នងការរាជធានីភ្នំពេញថា តើយើងប្រើប្រាស់កម្លាំងរបៀបណា ដើម្បីធ្វើការបង្ការទប់ស្កាត់ហ្នឹង ស្របពេលដែលរីករាលដាលនៅឆ្នាំ២០២០-២១ ដែលយើងបិទខ្ទប់នោះថា វាមានផលប៉ះពាល់អីខ្លះ។ អានេះគឺដូចគ្នាដែរណា៎»។
លោក សាន សុខសីហា ក៏បានឲ្យដឹងផងដែរថានៅក្នុងករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ភ្លាមនៅក្នុងចំណោមកូដករដែលជាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ សាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំភ្លាម ប៉ុន្តែក្រុមអ្នកតវ៉ាមិនស្តាប់ និងមិនអនុវត្តតាម។
គួរបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០២១ បុរសម្នាក់ត្រូវបានចាប់ខ្លួន តាមច្បាប់បង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើបណ្ដាញសង្គម កុំឲ្យកម្មកររោងចក្រ ចាក់វ៉ាក់សាំងរបស់ចិន។ មនុស្សមួយចំនួនទៀតក៏ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងការបំពានវិធានការសុខាភិបាលដែលមានចែងក្នុងច្បាប់នេះ ក្នុងនោះមានការបន្តប្រមូលផ្តុំ ផ្ទុយពីវិធានការរបស់រដ្ឋាភិបាលប្រឆាំងនឹងជំងឺកូវីដ១៩៕