ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​អំពាវ​នាវ​ឲ្យ​ប្រុង​ប្រយ័ត្ន ​ខណៈ​មាន​ការ​កើន​ឡើង​វិញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅ​រដ្ឋធានីណៃពិដោ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ ដោយលោកបានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅ​រដ្ឋធានីណៃពិដោ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ ដោយលោកបានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ការ​ជួប​ជុំ ​និង​ការ​គោរព​តាម​វិធាន​ការ​សុខាភិបាល ​ ខណៈ​លោក​ប្រកាស​ថា​ ការ​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង​ប៉ុន្តែ​លោក​មិន​បាន​ចេញ​ជា​បទ​បញ្ជា​ជាក់​លាក់​ណា​មួយ​នោះ​ទេ។​

នៅ​ក្នុង​សារ​ជា​សំឡេង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​ចន្ទ លោក​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ជួបជុំ​ ឬ​ប្រមូល​ផ្តុំ ​ពិធី​អាពាហ៍​ពិពាហ៍​ និង​ពិធី​បុណ្យ​សាសនា ​ដើម្បី​អាច​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ប្រភេទ​ថ្មី​អូមីក្រុង។ ​ លោក​បន្ត​ថា​ ប្រសិន​បើ​មិន​គ្រប់​គ្រង​បាន​ត្រឹមត្រូវ​ ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩​ អាច​រាល​ដាល​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ​ដែល​មិន​មាន​ការ​ឆ្លង។​

លោក​ថ្លែង​ថា​«ក៏​ប៉ុន្តែ​នៅ​ទីក្រុង​ភ្នំពេញ​គឺ​បែរ​ជា​មាន​ចំនួន​ឆ្លង​ច្រើន​ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​នូវ​ស្ថាន​ភាព​ទាំង​ឡាយ​នៅ​តាម​ទីកន្លែង​ដែល​មាន​ការ​បើក​ឲ្យ​ធ្វើ​អាជីវកម្ម​ដូចជា ​រង្គសាល ​ពិធី​ជួបជុំ​នានា ​ការ​រៀប​អាពាហ៍​ពិពាហ៍ ឬ​ការ​ជួបជុំ​ខាង​សាសនា​ជា​ដើម ​គួរ​ត្រូវ​បាន​កម្រិត​ធ្វើ​ឲ្យ​តិច​... ​កាន់​តែ​តិច​ គឺ​កាន់​តែ​ល្អ»។​

ស្រប​ពេល​ដូច​គ្នា​នេះ​ដែរ ​លោក ​ហ៊ុន សែន ​ក៏​បាន​ជំរុញ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ដូស​ទីបី ​ដែល​គិត​ត្រឹម​ថ្ងៃ​ទី​៨ ​ខែ​កុម្ភៈ ​កម្ពុជា​បាន​ផ្តល់​ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ​៥,៨​លាន​នាក់​រួច​ហើយ។​

ក្រោយ​ពី​មាន​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ក្រើន​រំឭក​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​គោរព​តាម​វិធាន​ការ​បង្ការ​ការពារ​ជំងឺ​កូវីដ១៩​ ផង​ដែរ​តាម​គន្លង​នៃ​ការ «រៀន​រស់​នៅ​ធម្មតា​ជាមួយ​វីរុស​កូវីដ​១៩ ​តាម​បែប​គន្លង​ថ្មី ​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩»។​

អភិបាល​រង​រាជធានី​ភ្នំពេញ ​លោក ​កើត ឆែ ​ប្រាប់​វីអូអេ​ថា​ សាលា​រាជធានី​ភ្នំពេញ​នឹង​មាន​សេចក្តី​ណែនាំ​ក្រើន​រំឭក​សាជា​ថ្មី ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​និង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ ក៏ដូច​ជា ​ពិភាក្សា​ជាមួយ​មន្រ្តី​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​រឹត​បន្តឹង​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ​មួយ​ចំនួន​ឡើង​វិញ​ ក្រោយ​ពី​មាន​សារ​សំឡេង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ លោក​ យង់ គិមអេង ​មាន​ប្រសាសន៍​ថា​ វា​ជា​រឿង​ល្អ​មួយ​ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាល​ភាព​របស់​ពលរដ្ឋ​ចំពោះ​ការ​រឹតបន្តឹង​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ១៩​ឡើង​វិញ។​

លោក​បញ្ជាក់​ថា​ ជា​ការ​ប្រសើរ​ផង​ដែរ ​ប្រសិន​បើ​រដ្ឋាភិបាល​អាច​ដាក់​កម្រិត​លើ​វិស័យ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ជា​ពិសេស​នៅ​ក្នុង​ការ​ជួបជុំ​គ្នា​ពិសា​គ្រឿង​ស្រវឹង។​

លោក​ថ្លែង​ថា៖​ «ជាមួយ​គ្នា​នោះ​ ខ្ញុំ​ថា​ប្រសិន​បើ​យើង​ដាក់​កម្រិត​ ...​ដាក់​កម្រិត​ទៅ​លើ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ទៅ​បាន កុំ​ឲ្យ​គាត់​ទៅ​ទទួល​ទាន​ជា​លក្ខណៈ​ក្រុម​អី​ហូរ​ហែ​អ៊ីចឹង​ទៅ​បាន​ឬ​ក៏​យើង​អាច​បិទ​ការ​ទទួល​ទាន​មួយ​រយៈ។ ​នេះ​ជា​រឿង​មួយ​សំខាន់​ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​...​ហើយ​ជាមួយ​គ្នា​នោះ ខ្ញុំ​យល់​ថា​ ការ​ដាក់​កម្រិត​នេះ​ក៏​គួរ​តែ​មាន​ភាព​ច្បាស់​លាស់​ថា​ ការ​កម្រិត​ហ្នឹង​របៀប​ម៉េច?​ កម្រិត​ណា?»​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា ​លោក ​អ៊ូច វុទ្ធី​ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ ​ខណៈ​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ១៩​ ក្នុង​សហគមន៍​សា​ជាថ្មី។​

លោក​ថ្លែង​ថា៖ ​«បងប្អូន​មាន​ចម្ងល់​ ហើយ​ចេះ​តែ​ខ្លាច​ថា​ ចាក់​ដូស​ជំរុញ​ទៅ​នៅ​តែ​ឆ្លង​ ហើយ​អត់​ព្រម​ទៅ​ចាក់។ ​កន្លែង​នេះ​ បងប្អូន​គិត​របៀប​នេះ​ បាន​ន័យ​ថា​បងប្អូន​ខុស​ហើយ។ ​ វា​ហ្នឹង​មាន​ហានិ​ភ័យ​ចំពោះ​បងប្អូន។​វ៉ាក់សាំង​ដែល​ចាក់​ដូស​ទី​បី​ ទី​បួន​ជំរុញ​ចុង​ក្រោយ​នេះ ​វា​ល្អ​ប្រសើរ​ ហើយ​វា​ការពារ​បាន​ច្រើន»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បង្ហោះ​លើ​គេហ​ទំព័រ​របស់​អង្គការ​សុខភាព​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​អ្នកស្រី​ Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «អូមីក្រុង​ងាយ​ឆ្លង​ខ្លាំង​ ហើយ​ឆ្លង​ខ្លាំង​ជាង​មេរោគ​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​(Delta) ​ទៅ​ទៀត​ហេតុ​ដូច្នេះ​ហើយ​យើង​ទំនង​ជា​នឹង​មាន​ករណី​ឆ្លង​អូមីក្រុង​ច្រើន​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ហើយ​ករណី​ឆ្លង​ទំនង​ជា​នឹង​បន្ត​កើន​ឡើង»។​

អ្នកស្រី​បន្ត​ថា៖​ «អូមីក្រុង​ហាក់​ដូចជា​បង្ក​ឲ្យ​មាន​ជំងឺ​កូវីដ១៩ ​ដែល​មាន​លក្ខណៈ​ស្រាល​ជាង​ដែលតា ​ក៏​ប៉ុន្តែ​អូមីក្រុង​នៅ​តែ​ជា​មេរោគ​កូវីដ១៩​ បំប្លែង​ខ្លួន​ថ្មី​ដ៏​គ្រោះ​ថ្នាក់​មួយ ​ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ និង​ចំពោះ​អ្នក​ងាយ​រង​គ្រោះ​ដូចជា​មនុស្ស​វ័យ​ចំណាស់ ​និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ»។ ​

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ចេញ​បញ្ជា​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត​រហ័ស​ ហើយ​ក្រសួង​សុខាភិបាល​ចាប់​ផ្តើម​បង្ហាញ​តួលេខ​ឆ្លង​តែ​ករណី​វិជ្ជមាន​ចំពោះ​តែ​ការ​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន​ធំ​ PCR ​គេ​ឃើញ​ចំនួន​ករណី​ឆ្លង​ក្នុង​ប្រទេស​ ដែល​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​ ថយ​ចុះ​យ៉ាង​ខ្លាំង។​

ការ​កើន​ឡើង​នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ស្រប​ពេល​ដែល​គេ​ឃើញ​មាន​ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ចំណោម​កូដករ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

គួរ​បញ្ជាក់​ថា​ សម្រាប់​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ​ប្រភេទ​អូមីក្រុង​ចំនួន​២១៨​ករណី​ក្នុង​សហគមន៍​ ​ដោយ​ធ្វើ​ឲ្យ​ករណី​វីរុស​ប្រភេទ​នេះ​ឆ្លង​ក្នុង​សហគមន៍​សរុប​កើន​ដល់​ ១១៩៦​ករណី។ ​ចំណែក​ករណី​ឆ្លង​វីរុស​អូមីក្រុង​៥​ករណី​ទៀត​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស៕

XS
SM
MD
LG