អាជ្ញាធររាជធានីភ្នំពេញបានប្រកាសរកឃើញកូដករដែលជាបុគ្គលិកកម្មកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍មានជំងឺកូវីដ១៩ ដែលនាំឲ្យមានការឃាត់ខ្លួនមនុស្ស៣នាក់ និងតាមចាប់ខ្លួនមនុស្ស៤នាក់ទៀត ដែលនៅតែបន្តចេញមុខតវ៉ាក្នុងវិវាទការងារ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វីអូអេនៅរសៀលថ្ងៃចន្ទនេះថា កូដករជាបុរស៣នាក់កំពុងស្ថិតក្រោមការឃុំខ្លួន និងការសាកសួរពាក់ព័ន្ធនឹងការបំពានការអនុវត្តវិធានការសុខាភិបាល មុនពេលបញ្ជូនសំណុំរឿងទៅកាន់តុលាការរាជធានីភ្នំពេញ។ លោកបន្តថា កូដករ៤នាក់ទៀតកំពុងត្រូវអាជ្ញាធរស្វែងរកចាប់ខ្លួនតាមដីការបស់តុលាការ។
លោកថ្លែងថា៖ «យើងបាននាំខ្លួនបាន៣នាក់ ហើយនៅសល់៣នាក់ទៀត ដែលសមត្ថកិច្ចយើងកំពុងតែស្វែងរកតាមដីកាតុលាការ»។
លោកបន្តថាពួកគេទាំងនោះបានបំពានមាត្រា១១នៃច្បាប់កូវីដដែលចែងថាអំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានចេញស្របតាមច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលដល់១០លានរៀល។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញបាននៅឡើយទេ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងតាមការបង្ហោះលើទំព័រហ្វេសប៊ុកថាកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ សមត្ថកិច្ចបានចាប់ខ្លួនកូដករជាបុគ្គលិកណាហ្គាវើលដ៍ចំនួន៦នាក់ពាក់ព័ន្ធនឹងការរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ត្រូវបានដោះលែង ហើយ៣នាក់ទៀតត្រូវបានឃុំខ្លួនដើម្បីបន្តនីតិវិធី។
កាលពីថ្ងៃទី៥ ខែកុម្ភៈ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យសមាជិក៤នាក់នៃក្រុមកូដករ ដែលមានឈ្មោះ ខេង ចិន្តា ឈ្មោះ អ៊ុក សុភ័ក្រ ឈ្មោះ ម៉ូលីកា ឈ្មោះ អេង ស្រីបូ និងឈ្មោះ ម៉េង កាក់នីកា បង្ហាញខ្លួននៅការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរពាក់ព័ន្ធនឹង«ការរារាំងការអនុវត្តវិធានការ»របស់អាជ្ញាធរ។
បន្ទាប់ពីរកឃើញករណីកូដករមានជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ កូដករជាបុគ្គលិកនិយោជិត និងសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ៨០០នាក់ បានចូលរួមផ្តល់សំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។ នេះបើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចុះកាលពីថ្ងៃទី៦ ខែកុម្ភៈ ឲ្យដឹងថា គ្រាន់តែក្នុងថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ មានករណីជំងឺកូវីដថ្មីរហូតដល់២៩នាក់ក្នុងចំណោមកូដករ។ សេចក្តីណែនាំក៏បានបញ្ជាក់ថា ក្រោយពេលយកសំណាកមានកូវីដ១៩រួច ក្រុមកូដករ និងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ និងត្រូវបញ្ឈប់រាល់ការប្រមូលផ្តុំ ឬការជួបជុំផ្សេងៗ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ និយាយថា ការអនុវត្តវិធានការសុខាភិបាលរបស់អាជ្ញាធរមកលើក្រុមកូដករមានលក្ខណៈ«មិនប្រក្រតី» ដោយលើកឡើងថា ការអនុវត្តនេះមិនមានធ្វើចំពោះទីតាំងសាធារណៈ កន្លែងឯកជនដទៃ ឬពិធីផ្សេងៗ ដែលមានការជួបជុំ ឬមនុស្សច្រើន ក្នុងករណីរកឃើញមានបុគ្គលវិជ្ជមានជំងឺកូវីដ១៩។
លោកបន្តថា ការអនុវត្តវិធានការសុខាភិបាលនិងការចោទប្រកាន់ផ្សេងៗហាក់ដូចជាចាត់គោលដៅ និងដាក់សម្ពាធបន្ថែមមកលើក្រុមបុគ្គលិកនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលតវ៉ាជាងមួយខែមកហើយ។
លោកថ្លែងថា៖ «ការអនុវត្តវិធាននេះ វាមិនមានអនុវត្តនៅចំពោះមុខ ហើយការដែលធ្វើការចោទប្រកាន់ ការលើកឡើងរបស់អាជ្ញាធរតាមរយៈសេចក្តីជូនដំណឹង សេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញនេះទៀតសោត គឺបានបង្ហាញច្បាស់អំពីការអនុវត្តវិធានតឹងរ៉ឹងសម្រាប់ពួកគាត់ ហើយហេតុផលមួយចំនួន ដែលយើងឃើញថា ការអនុវត្តលក្ខខណ្ឌនេះគឺសម្រាប់តែបុគ្គលិកនិយោជិតណាហ្គាវើលដ៍ដែលគាត់កំពុងធ្វើកូដកម្ម»។
លោក ឃុន ថារ៉ូ បន្ថែមថាការចាប់ខ្លួននិងគំរាមកំហែងមកលើសហជីពពីសំណាក់អាជ្ញាធរ និងការមិនព្យាយាមស្វែងរកដំណោះស្រាយកាន់តែធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ អាស្រ័យហេតុថា កូដករត្រូវប្រឈមនឹងការរារាំងក្នុងការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ ដែលនេះអាចនឹងធ្វើឲ្យជម្លោះកាន់តែអូសបន្លាយពេលបន្ថែមទៀត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរសារបង្ហោះនៅលើគណនីបណ្តាញសង្គម Twitter ជាភាសាអង់គ្លេស កាលពីថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ហើយត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖ «ករណីវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានចាត់ទុកជាបន្តបន្ទាប់ថា ជាបដិវត្តន៍ពណ៌ រហូតដល់ការចម្លងជំងឺកូវីដ១៩ នាពេលឥឡូវនេះ។ ជារឿងគួរឲ្យសោកស្តាយ ដែលពួកគេ(កូដករ) ទាំងអស់ត្រូវប្រឈមមុខនឹងឧបសគ្គដែលត្រូវបានរៀបចំឡើងជាយុទ្ធសាស្រ្ត ប៉ុន្តែមិនទទួលដំណោះស្រាយពាក់ព័ន្ធនឹងវិវាទការងារនេះ។ នាថ្ងៃនេះ កូដករ៦នាក់ត្រូវបានចាប់ខ្លួន ហើយមានតែ៣នាក់ប៉ុណ្ណោះត្រូវបានដោះលែង»។
អ្នកស្រី កាំង លីណា អាយុ៣៦ឆ្នាំ ដែលជាកូដករមួយរូប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាអាជ្ញាធរហាក់ដូចជាកំណត់មុខសញ្ញាលើកូដករដែលមានសកម្មភាពជាងគេនៅក្នុងចំណោមកូដករទាំងអស់ទាក់ទិននឹងការចេញដីកាពីតុលាការខាងលើ។ អតីតបុគ្គលិកផ្នែកម៉ាស៊ីនស្លតនេះក៏បានឲ្យដឹងផងដែរថា ស្វាមីរបស់អ្នកស្រីត្រូវបានអាជ្ញាធរនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលពាក់ព័ន្ធនឹងការថតរូបមន្ត្រីអាជ្ញាធរ អំឡុងពេលបញ្ចប់កូដកម្មកាលពីពេលថ្មីៗនេះ ហើយត្រូវបានដោះលែងមកវិញ។
អ្នកស្រីបន្តថា តាមរយៈការដាក់ចេញវិធានការសុខាភិបាល កូដករលែងអាចធ្វើការប្រមូលផ្តុំបានតទៅទៀត ខណៈពួកគេនៅតែបន្តប្រឈមនឹងការដាក់សម្ពាធផ្សេងៗជាបន្តបន្ទាប់ពីអាជ្ញាធរ។
អ្នកស្រីនិយាយថា៖ «ពួកខ្ញុំម៉េចអាចប្រមូលផ្តុំគ្នាបាន? ពីព្រោះពួកគេឲ្យពួកខ្ញុំធ្វើចត្តាឡីស័កបីថ្ងៃចាំស្តាប់តេស្ត PCR គេនោះ។ អ៊ីចឹងពួកគេខ្ញុំមិនអាចប្រមូលផ្តុំគ្នាបានទេ។ គេចោទពួកខ្ញុំឥឡូវហើយ។ សូម្បីរាល់ថ្ងៃនេះ ពួកខ្ញុំធ្វើតាមផ្លូវច្បាប់អស់ត្រឹមប៉ុណ្ណឹងហើយណា៎ ក៏គេនៅចោទទៀត... ធ្វើតាមផ្លូវច្បាប់ហើយ ធ្វើដោយអហិង្សា គេឲ្យនៅទីណា គឺនៅត្រង់ទីហ្នឹង។ តាមពិតគោលការណ៍របស់ពួកយើង យើងមានវិវាទកន្លែងណាគឺ យើងឈរកន្លែងហ្នឹង ប៉ុន្តែគេគាបសង្កត់យើងគ្រប់បែបយ៉ាង»។
ពាក់ព័ន្ធនឹងការអនុវត្តវិធានការសុខាភិបាល អ្នកស្រីនិយាយថា អាជ្ញាធរមិនបានចាត់វិធានការធ្វើតេស្តរកជំងឺកូវីដ១៩ ភ្លាមៗនោះទេ បន្ទាប់ពីរកឃើញអ្នកមានកូវីដ១៩ ដែលជាកូដករ កាលពីថ្ងៃទី២៨ ខែមករា និងទើបតែចាប់ផ្តើមការធ្វើតេស្តនៅថ្ងៃទី៤ ខែកុម្ភៈតែប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញកាលពីពេលដំបូងនោះ គឺលែងមកកន្លែងកូដកម្មតាំងពីខែមករាមកម៉្លេះ ដោយសារមានផ្ទៃពោះ។
អ្នកស្រី កាំង លីណានៅតែបន្តរក្សាជំហរថា ដំណោះស្រាយចំពោះជម្លោះការងារនេះនៅតែមិនអាចដោះស្រាយទៅរួចនោះទេ ប្រសិនបើមិនទាន់មានការដោះលែងតំណាងសហជីព ដើម្បីឲ្យពួកគេវិលមកតុចរចា។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ«អត់ធ្មត់» ហើយដោះស្រាយដោយប្រកាន់ជំហរសម្របសម្រួល។
គួរបញ្ជាក់ផងដែរថា កម្មករនិយោជិត និងតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមមានទំនាស់ជាមួយក្រុមហ៊ុន នៅពេលកម្មករនិយោជិតជាង ១.៣០០នាក់ ត្រូវបានបញ្ឈប់ពីការងារកាលពីចុងខែមេសា ឆ្នាំ២០២១ ហើយបុគ្គលិកអះអាងថាក្រុមហ៊ុនមិនផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់អតីតភាពការងារត្រឹមត្រូវ និងសមស្របតាមច្បាប់ការងារទេ។ ក្រុមហ៊ុនត្រូវមន្រ្តីសហជីពចោទថា មានចេតនាបំបាត់សំឡេងតំណាងបុគ្គលិកដោយសារក្រុមហ៊ុន មិនព្រមបើកផ្លូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសហជីពនៅក្រុមហ៊ុននេះបានវិលត្រឡប់មកកន្លែងការងារវិញ៕