ក្រុមមន្ត្រីសិទ្ធិមនុស្សនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះសង្ឃចំនួន៨អង្គដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរក្នុងទីក្រុងភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យនិមន្តទៅគង់ក្នុងវត្តដែលព្រះសង្ឃទាំង៨អង្គគង់នៅក្នុងខេត្តបាត់ដំបង ដោយមានការហាមឃាត់មិនឲ្យប្រាស្រ័យទាក់ទងនឹងអ្នកសារព័ត៌មាន។
ព្រះសង្ឃទាំង៨ អង្គនោះ ត្រូវបានអាជ្ញាធរឃាត់ព្រះកាយកាលពីយប់ថ្ងៃអង្គារ នៅពេលព្រះអង្គនិមន្តមកដល់ទីក្រុងភ្នំពេញ ដើម្បីចូលរួមទាមទាររកយុត្តិធម៌ឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនដោយសាររិះគន់រឿងព្រំដែនកម្ពុជាវៀតណាម។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សអង្គការលីកាដូ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះសង្ឃទាំង៨អង្គត្រូវបានឃាត់ព្រះកាយ និងនាំទៅគង់នៅវត្តថាន់ ក្នុងខណ្ឌចម្ការមន ហើយក៏ត្រូវបញ្ជូនទៅវត្តបទុមវត្តី។
លោកបន្តថា ក្រោយមកព្រះសង្ឃទាំងអស់ត្រូវបានអនុញ្ញាតឲ្យនិមន្តត្រឡប់ទៅខេត្តបាត់ដំបងវិញ កាលពីថ្ងៃពុធ ដោយមិនបានដឹងពីមូលហេតុច្បាស់លាស់នោះទេ។លោកបញ្ជាក់ទៀតថាព្រះសង្ឃទាំង៨អង្គនោះ ត្រូវបានគេចោទថា ប្រព្រឹត្តខុសពុទ្ធវិន័យក្នុងពេលចូលវស្សា។
លោកថ្លែងប្រាប់ VOA ថា៖ «តាមពុទ្ធវិន័យ គឺគេមានការចោទប្រកាន់ព្រះអង្គថាក្នុងពេលដែលគង់វស្សា ព្រះអង្គមិនត្រូវចាកចេញពីវត្ត ទៅសឹងនៅកន្លែងផ្សេង។ ហ្នឹងគឺមានការចោទប្រកាន់ថា ខុសព្រះពុទ្ធវិន័យកន្លែងចំណុចហ្នុង។ យើងអត់ដឹងថា តើមានកិច្ចសន្យា អ្វីផ្សេងទៀតទេ»។
បើតាមលោក អំ សំអាត ព្រះសង្ឃទាំង៨អង្គនោះ គឺស្ថិតក្នុងភាពជាយុវវ័យនៅឡើយ ហើយកំពុងគង់ក្នុងវត្តចំនួនបួនក្នុងក្រុងបាត់ដំបង រួមមាន វត្តប៉ាឆា វត្តដំរីស វត្តលាភ និងវត្តសង្កែ។ លោកបន្ថែមថា ការចូលរួមរបស់ព្រះអង្គក្នុងកិច្ចការសង្គមនោះគឺមិនមានអ្វីឆ្គាំឆ្គង ព្រោះជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
«លុះត្រាតែបុគ្គលមួយៗប្រព្រឹត្តនូវបទល្មើសអាហ្នឹងបានខុស ឬក៏ព្រះសង្ឃដែលប្រព្រឹត្តខុសនឹងពុទ្ធពិន័យ អាហ្នឹងបាន...ឬក៏ប្រព្រឹត្តខុសនឹងច្បាប់រដ្ឋអី តែបើសិនជាមិនមានបទល្មើសកើតឡើងទេ អាហ្នឹងវាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប»។
អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា គ្មានច្បាប់ណាដែលចែងពីការហាមឃាត់ព្រះសង្ឃចូលរួមក្នុងកិច្ចការសង្គមនោះទេ។ លោកយល់ថា ការបំបិទសិទ្ធិព្រះសង្ឃនេះ មិនមែនទើបតែកើតឡើងជាលើកទីមួយទេ។
លោកមានប្រសាសន៍ថា៖ «បញ្ហានេះ មិនមែនទើបតែកើតឡើងទៅលើព្រះសង្ឃ៨អង្គទ។ បញ្ហានេះ កើតតាំងពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ម៉្លេះ នៅពេលដែលព្រះសង្ឃ ព្រះអង្គនិមន្ត ធ្វើធម្មយាត្រា ទាមទារឲ្យគ្រឹះស្ថាន ឬក៏មីក្រូហិរញ្ញវត្ថុហ្នឹងបន្ធូរបន្ថយអនុគ្រោះការយកពន្ធនិងពាក់ព័ន្ធទៅនឹងរឿងការប្រាក់នៅក្នុងសម័យកូវីដ។ ព្រះសង្ឃដែលនិមន្តចូលរួមហ្នឹង ក៏ត្រូវបានចៅអធិការវត្តហៅទៅធ្វើកិច្ចសន្យាត្រូវបានអាជ្ញាធរចុះមកស្រង់សាវតារបស់ព្រះអង្គ។អាហ្នឹងគឺបានបង្ហាញអំពីការរឹតត្បិតសេរីភាព»។
មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តបាត់ដំបងរូបនេះឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ព្រះសង្ឃទាំង៨អង្គកំពុងគង់នៅវត្តពោធិវាល សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ព្រះសង្ឃទាំងនោះត្រូវបានដាក់ឲ្យស្ថិតក្រោមការយាមកាមតឹងរ៉ឹង និងមិនអនុញ្ញាតឲ្យបានជួបប្រាស្រ័យទាក់ទងជាមួយសាធារណជនទេ។
បើតាមក្រុមយុវជនខ្មែរថាវរៈ ព្រះសង្ឃចំនួនទាំង៨អង្គ មានព្រះទ័យមកចូលរួមតវ៉ាជាមួយក្រុមយុវជន និងអ្នកគាំទ្រផ្សេងទៀតរបស់លោក រ៉ុង ឈុន ដើម្បីទាមទារឲ្យមេដឹកនាំសហជីពនេះមានសេរីភាពឡើងវិញ។ ប៉ុន្តែព្រះសង្ឃចំនួន៨អង្គនេះ ក៏ត្រូវបានមន្ត្រីសង្ឃផ្សេងទៀត និងអាជ្ញាធររាជធានី និមន្តឲ្យទៅវត្តថាន់កាលពីយប់ថ្ងៃអង្គារ ដើម្បីសាកសួរហើយក៏បញ្ជូនមកសួរបន្ថែមទៀតនៅវត្តបទុមវត្តី ទីដែលព្រះសង្ឃទាំង៨អង្គបានសឹង មុននឹងត្រូវបញ្ជូនទៅខេត្តបាត់ដំបងវិញ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយករបស់ប្រទេសកម្ពុជានិងជាព្រះមេគណរាជធានីភ្នំពេញ មានសង្ឃដីកាថា មិនមានការឃាត់ព្រះកាយព្រះសង្ឃទាំង៨អង្គនេះទេ។ ព្រះអង្គមានដីកាបន្តថា ព្រះអង្គផ្ទាល់បាននិមន្តទៅសួរនាំព្រះអង្គទាំងនោះ អំពីដំណើរដើមទងនៃការនិមន្តមកទីក្រុងភ្នំពេញក្នុងពេលចូលវស្សា។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដីកាបន្ថែមថា តាមពុទ្ធវិន័យ មិនមានការហាមឃាត់ព្រះសង្ឃមិនឲ្យចូលរួមការតវ៉ាជាមួយប្រជាពលរដ្ឋសាមញ្ញទូទៅទេប៉ុន្តែព្រះសង្ឃគួរដាក់ព្រះកាយឲ្យឆ្ងាយពីសកម្មភាពទាំងនេះ ដើម្បីរក្សាភាពបរិសុទ្ធក្នុងនាមជាសង្ឃ។
ព្រះអង្គមានសង្ឃដីកាថា៖ «ហេតុអ្វីបានជាហាមប្រាមមិនឲ្យចូលរួម ធ្វើបាតុកម្មមានព្រះសង្ឃ។សួរអ៊ីចឹងថា ខុស ទាស់ទៅនឹងវិន័យអត់?ថាទេ វិន័យ វាមិនបានហាមថា មិនឲ្យធ្វើបាតុកម្ម។ ប៉ុន្តែយើងជាអ្នកបួស កាលណាយើងទៅចូលធ្វើនៅក្នុងកណ្តាល បរិស័ទអ៊ីចឹង យើងភ្លេចសតិស្មារតី ហើយដោយកំហឹងអីខ្លះផង ចូលរូបទៅ យើងស្រែក យើងលើកដៃ យើង។ហើយវិន័យហាមត្រឹមតែកាយវាចាឲ្យមានរបៀបរៀបរយល្អ ហើយដល់យើងទៅវាបាត់បង់អាហ្នឹងពរ»។
បើតាមព្រះអង្គ ឃឹម សន ព្រះសង្ឃទាំង៨អង្គត្រូវពលរដ្ឋប្រទះឃើញកំពុងឆាន់កាហ្វេនៅក្បែរមន្ទីរពេទ្យព្រះសង្ឃក្នុងទីក្រុងភ្នំពេញ នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃអង្គារ។បន្ទាប់ពីបានដំណឹងនោះ ព្រះអង្គឃឹម សនក៏ឲ្យព្រះសង្ឃចំនួន៤ទៅ៥អង្គផ្សេងទៀតទៅឃ្លាំមើលព្រះសង្ឃទាំង៨អង្គនោះថាតើមានទិសដៅនិមន្តទៅណា?
រហូតដល់យប់ជ្រៅ ព្រះសង្ឃដែលតាមព្រះសង្ឃទាំងនោះ ក៏បានតាមដំណើរព្រះសង្ឃទាំង៨អង្គនោះទៅដល់វត្តថាន់ ហើយបន្ទាប់មកក៏និមន្តមកឲ្យទៅសឹងនៅវត្តបទុមវត្តី។ នេះបើតាមព្រះអង្គឃឹម សន។
លោក ហ៊ុន វណ្ណៈ អាយុ៣៨ឆ្នាំ ជាសមាជិកនៃយុវជនខ្មែរថាវរៈ និយាយថា ព្រះសង្ឃទាំង៨អង្គមិនត្រូវបានអនុញ្ញតឲ្យជួបប្រាស្រ័យទាក់ទងជាមួយបណ្តាញសារព័ត៌មានទេ។លោកបន្តថា ព្រះសង្ឃទាំងនោះត្រូវបានបង្ខំឲ្យធ្វើកិច្ចសន្យាចំនួនពីរនៅទីក្រុងភ្នំពេញ និងនៅខេត្តបាត់ដំបងថាមិនឲ្យទាក់ទងអ្នកសារព័ត៌មាន។
ទាក់ទិនគម្រោងតវ៉ាឲ្យមានការដោះលែងលោក រ៉ុង ឈុនលោក ហ៊ុន វណ្ណៈ និយាយថាពេលនេះ ក្រុមយុវជនបានសម្រេចផ្អាកការតវ៉ាសិនព្រោះមិនទាន់ជាធូរស្បើយពីរបួសនៅឡើយ។
«ហ្នឹងហើយ យើងសម្រាកប៉ុន្មានថ្ងៃ ច្រើនថ្ងៃដែរ។ គ្នាយើងឈឺ...ប្រហែលជាយ៉ាងតិច យ៉ាងតិចក៏បួនថ្ងៃ.... យ៉ាងយូរក៏មួយអាទិត្យដែរ»។
ក្នុងការតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ប៉ុន្មានថ្ងៃចុងក្រោយជាប់ៗគ្នានេះក៏មានព្រះសង្ឃមួយចំនួនបានចូលរួមទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញដែរ។ការតវ៉ាចុងក្រោយដែលធ្វើឡើងកាលពីថ្ងៃពុធ ក៏ត្រូវបានបំបែកដោយក្រុមសន្តិសុខទីក្រុងភ្នំពេញផងដែរ រហូតបណ្តាលឲ្យយុវតីពីរនាក់រងរបួសជើង៕