កងកម្លាំងសន្តិសុខចម្រុះរាប់សិបនាក់របស់ទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ បានហ៊ុមព័ទ្ធ និងបំបែកក្រុមអ្នកតវ៉ា ទាមទារឲ្យមានការដោះលែងលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលត្រូវបានចាប់ខ្លួនដោយសារការអត្ថាធិប្បាយរឿងព្រំដែន។
នេះជាតវ៉ាលើកទី៤ហើយ ដែលអាជ្ញាធរអះអាងថា មិនមានការសុំច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញ។ការបំបែកនេះបណ្តាលឲ្យយុវតីពីររូបរងរបួសនៅត្រង់ជើង និងផ្នែកខ្លះលើផ្ទៃមុខ។
ក្រុមអ្នកតវ៉ាដែលមានគ្នាប្រមាណជា២០នាក់ជាយុវជន និងអ្នកគាំទ្រលោក រ៉ុង ឈុន បានចេញដើរក្បួនការតវ៉ារបស់ពួកគេ ពីហាងកាហ្វេមួយ នៅជាប់នឹងផ្សារអូឡាំពិក ដោយមានកាន់ទង់ជាតិប្រទេសកម្ពុជា សំដៅទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ហាញការមិនពេញចិត្តនឹងការចាប់ខ្លួនលោករ៉ុង ឈុន។
ពេលដើរនៅតាមផ្លូវពួកគេបានស្រែកថា «ដោះលែងអ្នកការពារទឹកដី» «ដោះលែងអ្នកស្នេហាជាតិ»និង«អយុត្តិធម៌ណាស់»។ ក្រុមអ្នកតវ៉ាទាំងនោះដែលស្រែករកយុត្តិធម៌ឲ្យលោករ៉ុង ឈុន ត្រូវបានកងកម្លាំងសន្តិសុខ ខណ្ឌ៧មករា និងអាជ្ញាធរក្រុងផ្សេងទៀត ដែលមានខ្លះស្លៀកពាក់ស៊ីវិលរារាំង និងរុញច្រានមិនឲ្យដើរចេញផុតពីតំបន់ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលនៅក្បែរផ្សារអូឡាំពិកនោះទេ។ ក្រុមកងសន្តិសុខមួយចំនួនក៏បានឆក់យកទង់ជាតិ និងបដាជាក្រដាសតូចៗមានរូបលោក រ៉ុង ឈុន ហើយក្រុមកងសន្តិសុខខ្លះ ក៏ត្រូវគេឃើញបានប្រើហិង្សាមកលើអ្នកតវ៉ាជាស្ត្រី។
កញ្ញា សូ មេត្តា អាយុ៣១ឆ្នាំ ដែលរងរបួសនៅត្រង់កជើង ថ្កោលទោសការប្រើប្រាស់ហិង្សារបស់កងសន្តិសុខមកលើក្រុមអ្នកតវ៉ា ហើយថាការប្រើហិង្សានេះជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
«យើងធ្វើនេះ ដោយអហិង្សាបំផុត។យើងអត់មាន មករញ៉េរញ៉ៃមកបង្កហិង្សាទេ តែខាងអាជ្ញាធរគាត់ព្យាយាមរុញច្រាន បំពានមកលើពួកយើងជាស្ត្រី។ គាត់មកចាប់អូស មកចាប់ទាត់។ គាត់បំពានលើយើង។ គាត់ គាត់រំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំ ខ្ញុំសុំថ្កោលទោស។ ខ្ញុំមិនអាចទទួលយកបានទេ»។
នៅពេលកងកម្លាំងសន្តិសុខជាច្រើនរត់ដេញតាមក្រុមអ្នកតវ៉ា និងហ៊ុមព័ទ្ធអ្នកតវ៉ា ហើយរុញអ្នកតវ៉ាឲ្យចាកចេញពីចំណែកម្ខាងនៃមហាវិថីព្រះសីហនុ ក្បែររបងវត្តមហាមេត្រីនោះ មានការប្រកាសតាមឧបករណ៍បំពងសំឡេង អំពាវនាវឲ្យអ្នកតវ៉ាបំបែកការប្រមូលផ្តុំ ដោយថាអាជ្ញាធរមិនឲ្យមានការជួបជុំលើសពីរនាក់ទេ។
អាជ្ញាធរនិយាយថា៖ «បើមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរទេ ខាងខ្ញុំនឹងមានវិធានការថ្មី...សូមបំបែកជួរ...មិនអនុញ្ញាតឲ្យប្រមូលផ្តុំគ្នាលើសពីពីរនាក់ទេ...សុំបំបែក»។
មន្ត្រីសនិ្តសុខមួយរូបបានប្រាប់ក្រុមអ្នកតវ៉ាឲ្យបញ្ឈប់ការហែក្បួនដោយថ្មើរជើងទៀត ហើយថាបើមានការប៉ះទង្គិច នោះនឹងមិនមានអ្នកណាទទួលខុសត្រូវទេ។
«អាហ្នឹងអត់ទទួលខុសត្រូវទេ ការប៉ះទង្គិច ហើយបើសិនចង់ហែ ចង់លើកបដា ទាមទាររកច្បាប់ពីរដ្ឋបាលសាលារាជធានីភ្នំពេញ។ បើបងប្អូនហែអ៊ីចឹងវាបាត់ហើយសណ្តាប់ធ្នាប់»។
លោក វណ្ណ ចាន់ធឿន អ្នកតវ៉ាមួយរូបទៀតនិយាយថា អាជ្ញាធរក្រុងភ្នំពេញមិនគួរណារារាំងអ្នកតវ៉ា ដែលស្វែងរកយុត្តិធម៌ជូនលោក រ៉ុង ឈុន ដែលលោកថា ជាអ្នកការពារប្រយោជន៍ពលរដ្ឋខ្មែរនោះទេ។លោកថាក្រុមអ្នកតវ៉ានឹងបន្តតស៊ូមតិដោយអហិង្សា ទាមទារឲ្យមានការដោះលែងលោក រ៉ុងឈុន ទោះបីប្រឈមការចាប់ខ្លួនក៏ដោយ។
«និយាយទៅ ខាងពួកខ្ញុំនេះ គេលែងបារម្ភហើយ អារឿងឃាត់។ បើគេចាប់ ក៏ចាប់ទៅ ព្រោះធ្វើដើម្បីវីរបុរសមួយ អ្នកសេ្នហាជាតិ ដើម្បីទឹកដីទាំងអស់គ្នាដែរ»។
ការតវ៉ារបស់ក្រុមយុវជន និងអ្នកគាំទ្រលោក រ៉ុង ឈុននេះ ធ្វើឡើង ខណៈមានការព្រមានរបស់ក្រសួងយុត្តិធម៌ថា ការប្រមូលផ្តុំណាមួយនៅមុខតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន នឹងប្រឈមវិធានការច្បាប់។ក្រសួងយុត្តិធម៌បកស្រាយថា ការប្រមូលផ្តុំនោះជាទង្វើមិនត្រឹមត្រូវតាមច្បាប់ និងជាការដាក់សម្ពាធលើស្ថាប័នតុលាការ។ចំណែកសាលារាជធានីភ្នំពេញក៏ព្រមានថាអ្នកតវ៉ាទាំងឡាយណា ដែលប្រមូលផ្តុំដោយគ្មានការជូនដំណឹងដល់អាជ្ញាធរក្រុងនោះក៏នឹងប្រឈមវិធានការច្បាប់ដែរ។
អធិការខណ្ឌ៧មករា លោកនេត ស៊ីថុន មានប្រសាសន៍ថាលោកមិនបានដឹងការឃាត់ឃាំងក្រុមអ្នកតវ៉ានៅព្រឹកថ្ងៃពុធនេះទេ ដោយថា ជាសមត្ថកិច្ចរបស់កងសន្តិសុខខណ្ឌ។
«ខ្ញុំ ខ្ញុំអត់ដឹងទេ រឿងការងារសន្តិសុខ។ ខ្ញុំអត់ដឹងផងបាទ។ខ្ញុំប៉ូលិសទេតើ! ខ្ញុំមិនមែនសន្តិសុខផង!»
លោកលីម សុភា អភិបាលខណ្ឌ៧មករាបដិសេធមិនផ្តល់ការអធិប្បាយ។
ក្នុងការតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន ជាលើកទីបួននេះ មានយុវតីម្នាក់ទៀតគឺ កញ្ញា ជា គន្ធីន រកកល់ខ្យល់គ ដោយសាររងការរុញច្រានគ្នារវាងកងសន្តិសុខ និងក្រុមអ្នកតវ៉ា។យុវតីរូបនោះ ក៏រងរបួសនៅត្រង់ជើង បណ្តាលឲ្យដើរមិនរួចផងដែរ។
លោកអំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ យល់ថា អាជ្ញាធររាជធានីភ្នំពេញ អាចចរចាជាមួយក្រុមអ្នកតវ៉ា ប្រសិនបើពួកគេប្រមូលផ្តុំជួបជុំសម្តែងមតិដោយគ្មានការជូនដំណឹង។
លោកមានប្រសាសន៍ថា ការបង្ក្រាបណាមួយលើក្រុមអ្នកតវ៉ាដោយសន្តិវិធី នឹងធ្វើឲ្យខូចឈ្មោះរដ្ឋាភិបាលកម្ពុជា ជាពិសេសអាចធ្វើឲ្យបាត់បង់ការគាំទ្រខាងពាណិជ្ជកម្មរបស់ប្រទេសនៅបស្ចិមលោក និងសហភាពអឺរ៉ុប។
«អ៊ីចឹងទៅ អាការណ៍ដែលយើង មិនអនុញ្ញាត ឬក៏បង្ក្រាប មិនឲ្យមានការជួបជុំប្រមូលផ្តុំដោយសន្តិវិធី ហើយដោយប្រើប្រាស់នូវអំពើហិង្សាអាហ្នឹងខ្ញុំគិតថា វាជាស្ថានភាពមិនល្អ ដែលគេគិតថា សេរីភាពក្នុងការជួបជុំ ប្រមូលផ្តុំហ្នឹងត្រូវបានរឹតត្បិតបន្ថែមទៀត»។
បើតាមលោក អំ សំអាត មានការឃាត់ខ្លួនពលរដ្ឋចំនួន៤នាក់ដែលជាកម្មករអាជីវករ និងអ្នករត់ម៉ូតូកង់បីនិងព្រះសង្ឃ៨អង្គដែលនិមន្តមកពីខេត្តបាត់ដំបង ដើម្បីចូលរួមតវ៉ាទាមទាររកយុត្តិធម៌ឲ្យលោក រ៉ុង ឈុន។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីយប់ថ្ងៃអង្គារ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
លោក រ៉ុង ឈុន ជាអ្នកតាមដានបញ្ហាព្រំដែនជាច្រើនឆ្នាំមកហើយ។ លោកត្រូវបានចាប់ខ្លួននៅយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ ចំពោះការអធិប្បាយនានារបស់លោកពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម នៅខេត្តត្បូងឃ្មុំ។ មេដឹកនាំសហជីពរូបនេះត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសជាក់ស្តែង និងញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គម ដោយយោងតាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។បទចោទនេះត្រូវបានរិះគន់ថាប្រើប្រាស់ជាញឹកញាប់ ដើម្បីបំបិទសំឡេងអ្នករិះគន់ក្នុងប្រទេស៕