ក្រសួងយុត្តិធម៌ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងអ្នកតវ៉ាទាំងឡាយណា ដែលទាមទារឲ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន ប្រសិនបើពួកគេបន្តទៅប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចឃុំខ្លួនលោក រ៉ុង ឈុន ជាបណ្តោះអាសន្ន។ នេះបើតាមសេចក្តីប្រកាសមួយរបស់ក្រសួងយុតិ្តធម៌ចេញផ្សាយកាលពីថ្ងៃច័ន្ទ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអ្នកតាមដានបញ្ហាព្រំដែនជាច្រើនឆ្នាំមកហើយ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ ចំពោះការអធិប្បាយនានារបស់លោកពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម នៅខេត្តត្បូងឃ្មុំ។
ក្រោយការចាប់ខ្លួន និងបញ្ជូនលោក រ៉ុង ឈុន មកតុលាការក្រុមយុវជន និងអ្នកគាំទ្រលោក រ៉ុង ឈុន រាប់សិបនាក់បានចេញមុខតវ៉ាទាមទារឲ្យតុលាការដោះលែងលោករ៉ុង ឈុន ដែលពួកគេជឿថា មិនបានប្រព្រឹត្តទោសកំហុស ក្រៅតែពីការបញ្ចេញមតិ ជុំវិញភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម។
សេចក្តីប្រកាសរបស់ក្រសួងយុតិ្តធម៌ចុះថ្ងៃទី ៣ ខែសីហា ឲ្យដឹងថាBសកម្មភាពប្រមូលផ្តុំមនុស្សនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឲ្យស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ ប៉ុន្តែគឺជា«ទង្វើដាក់សម្ពាធលើស្ថាប័នតុលាការ» ដែលអាចប្រឈមមុខនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា។
បើតាមមាត្រា៥២២នេះ អ្នកដែលត្រូវបានរកឃើញថាមានកំហុសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីរ១ខែ ទៅ៦ខែ។
ក្រសួងយុត្តិធម៌និយាយថាក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់របស់អង្គការអយ្យការអំពីបទល្មើសណាមួយ ត្រូវធ្វើឡើងតាមផ្លូវច្បាប់នៅចំពោះមុខតុលាការ។ក្រសួងអំពាវនាវដល់ពលរដ្ឋដែលកំពុងធ្វើសកម្មភាពខុសច្បាប់ខាងលើនេះ «ឲ្យឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់ខ្លួន មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់»។
សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌បានសរសេរតាមខ្លឹមសារដើមថា៖«ក្នុងន័យនេះ ជនត្រូវចោទឈ្មោះរ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែៗមួយរូប ឬច្រើនរូបដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមផ្លូវច្បាប់»។
លោករ៉ុង ឈុនត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តបទល្មើសជាក់ស្តែង និងញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គម ដោយយោងតាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បទចោទនេះត្រូវបានរិះគន់ថា ប្រើប្រាស់ជាញឹកញាប់ ដើម្បីបំបិទសំឡេងអ្នករិះគន់ក្នុងប្រទេស។
ការចាប់ខ្លួនលោករ៉ុង ឈុន កើតមានឡើង បន្ទាប់ពីមេដឹនាំសហជីពរូបនេះ បានចុះទៅខេត្តត្បូងឃ្មុំ ហើយបានជួបប្រជាពលរដ្ឋដែលអះអាងថាដីរបស់ពួកគេត្រូវបានវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។លោក រ៉ុង ឈុន ក៏បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីកាលពីថ្ងៃសុក្រអំពីសេចក្តីថ្លែងការណ៍របស់លោកស្តីពីបញ្ហាវិវាទដីធ្លីនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
លោករ៉ុង វ៉ាន់ ក្មួយប្រុសលោករ៉ុង ឈុនបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ មានចេតនាគំរាមកំហែងមកលើក្រុមអ្នកតវ៉ា ប៉ុន្តែលោកនិយាយថា ក្រុមអ្នកតវ៉ានៅប្រកាន់ជំហរទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន។
«ជាក់ស្តែង គឺខ្ញុំមានអារម្មណ៍ដែលអន់ចិត្ត ជាមួយដែលក្រសួងយុត្តិធម៌ ដែលគាត់បានចេញសេចក្តី[ប្រកាស] ដែលវាជាការគំរាមកំហែងមកខាងយើង ដែលយើងមានសិទ្ធិ ដែលក្នុងនាមយើងជាប្រទេសដែលប្រជាធិបតេយ្យ ជាក់ស្តែង»។
លោកបញ្ជាក់ទៀតថាក្រុមអ្នកតវ៉ាបានសម្រេចផ្អាកការតវ៉ាមួយរយៈសិន ដើម្បីគិតគូររកវិធីសាស្ត្រតស៊ូមតិផ្សេងទៀត។
លោក ហ៊ុន វណ្ណៈ អាយុ៣៨ឆ្នាំជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ដែលបានចេញមុខតវ៉ាទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុនថ្លែងប្រាប់VOAថា កាលណាតុលាការកាត់ក្តីលម្អៀង នោះប្រជាពលរដ្ឋមានសិទ្ធិក្នុងការតវ៉ាទាមទារ ដូចដែលមានចែងអំពីសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ លោកចាត់ទុកការលើកឡើងរបស់ក្រសួងយុត្តិធម៌អំពីការចាត់វិធានការផ្លូវច្បាប់ ជាការរឹតត្បិតមួយ។
លោកមានប្រសាសន៍ថា៖ «សេចក្តីថ្លែងការណ៍នេះគឺគាត់បង្ហាញចេតនាមួយបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
ស្របពេលជាមួយគ្នាផងដែរ សាលារាជធានីភ្នំពេញក៏បានចេញសេចក្តីណែនាំមួយកាលពីថ្ងៃច័ន្ទ ដោយព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មភាពជួបជុំប្រមូលផ្តុំដែលគ្មានការជូនដំណឹង។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ និយាយថា ការប្រកាសផ្ទួនៗគ្នារបស់ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ អំពីវិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមអ្នកតវ៉ានៅមុខតុលាការក្រុងភ្នំពេញនោះ គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់មិនឲ្យការតវ៉ារីកកាន់តែធំឡើងខណៈលោក រ៉ុង ឈុន ជាបុគ្គលសំខាន់មួយរូប ដែលសកម្មក្នុងកិច្ចការងារសង្គម។
«អ៊ីចឹង យើងឃើញថាលិខិតទាំងពីរនេះច្បាស់ណាស់ថាគឺការបារម្ភ ខា្លចលោមានអ្នកដែលមកជួយគាំទ្រ ឬក៏ការទាមទារហ្នឹងកាន់តែច្រើនទៅៗ។ អ៊ីចឹង ការចេញនេះ គឺដើម្បីធ្វើការទប់ស្កាត់ហ្នឹងហើយ។ ប៉ុន្តែបើយើងមើលទៅលិខិតទាំងពីរនេះ ក៏វាអាចជាការមួយដែលរឹតត្បិតទៅដល់សេរីភាពរបស់ពួកគាត់ដែរ បើសិនជាបាតុកម្មហ្នឹងគឺជាការធ្វើដោយសន្តិវិធីនោះ»។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន រួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងសហព័ន្ធសហជីពអន្តរជាតិ (ITUC)បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោះលែងលោករ៉ុង ឈុនជាបន្ទាន់ ហើយទម្លាក់ការចោទប្រកាន់មកលើរូបលោក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា បទចោទប្រកាន់លើលោករ៉ុង ឈុន ជា «បទចោទដែលប្រតិដ្ឋឡើង» ចំណែកឯសហព័ន្ធសហជីពអន្តរជាតិកត់សម្គាល់ដោយមានការបារម្ភយ៉ាងខ្លាំងថាការចាប់ខ្លួនលោក រ៉ុង ឈុន បានកើតឡើង បន្ទាប់ពីសហជីពរបស់លោកធ្វើសកម្មភាពពេលថ្មីៗនេះ និងការរិះគន់របស់លោកអំពីផលប៉ះពាល់នៃគោលនយោបាយរបស់រដ្ឋាភិបាល ក្រោមស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី៤ ខែសីហា ថា៖ «ការចាប់ខ្លួនលោករ៉ុង ឈុន ជាឧទាហរណ៍ចុងក្រោយមួយទៀតនៃការបង្ក្រាប មិនបន្ធូរដៃរបស់រដ្ឋាភិបាល ប្រឆាំងសកម្មជន ដែលខិតខំធ្វើការដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាសាមញ្ញ»។
លោកជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ លើកឡើងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល និងការពារក្រុមសកម្មជនដែលមាននិន្នាការប្រឆាំង។លោកថ្លែងការពារថាអាជ្ញាធរកម្ពុជា មានភស្តុតាងរឹងមាំ ដើម្បីគាំទ្រដល់ការចាប់ខ្លួនលោករ៉ុង ឈុន។
«ចំណែកករណីលោក រ៉ុង ឈុន នេះគឺសមត្ថកិច្ចមានមូលដ្ឋានច្បាប់ច្បាស់លាស់ និងរឹងមាំណាស់ក្នុងការមានវិធានការទប់ស្កាត់ កុំឲ្យមានចលាចលកើតឡើង ពីព្រោះសកម្មភាពរបស់គាត់មិនមែនជាការអនុវត្តសិទ្ធិសេរីភាពទេ ប៉ុន្តែជាការបំពានច្បាប់។ការញុះញង់ ការបំផ្លើសបំភ្លៃព័ត៌មាន ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែននេះ គឺជាបទល្មើសហើយវាមានគ្រោះថា្នក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ»។
លោក រ៉ុង ឈុនធ្លាប់ជាប្រធានសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ មុនពេលលោកក្លាយជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។ លោកក៏ជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាផងដែរ។
ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាឃ្លំាមើលកម្ពុជានេះ លោកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ខែកក្កដា ពណ៌នាអំពីភាពមិនប្រក្រតីនៃការបោះបង្គោលពំ្រដែនកម្ពុជា វៀតណាម ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សេចក្តីថ្លែងការណ៍របស់លោកឲ្យដឹងថា លោកបានចុះជួបប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនជាប់ប្រទេសវៀតណាម ហើយពលរដ្ឋអះអាងថាអ្នកភូមិចំនួន១០៦ គ្រួសារ ជាជនរងគ្រោះដោយសារការបាត់បង់ដីធ្លីទៅខាងភាគីវៀតណាម។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ការបោះបង្គោលព្រំដែនលេខ១១៤ដល់១១៩មានភាពមិនប្រក្រតីច្រើនដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតានៅក្នុងខេត្តត្បូងឃ្មុំ។
ក្នុងបញ្ហាព្រំដែននេះ លោក រ៉ុង ឈុន ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយ កាលពីឆ្នាំ២០០៥។ លោកត្រូវបានឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគាររយៈពេល៣ខែ បន្ទាប់ពីលោកបានអត្ថាធិប្បាយអំពីសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា និងវៀតណាម៕