លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានអាជ្ញាធរប៉ូលិសកម្ពុជាចាប់នាំខ្លួនពីលំនៅដ្ឋានក្នុងរាជធានីភ្នំពេញនៅយប់ថ្ងៃសុក្រពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ស្តីពីដីតំបន់ព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម។
លោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយប្រុសរបស់លោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់វីអូអេថា លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅស្នងការប៉ូលិសរាជធានីភ្នំពេញដើម្បីសាកសួរបន្ថែម។
លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាតាំងពីថ្ងៃទី២១ ខែកក្កដា ដែលចោទប្រកាន់ថា«ការបោះបង្គោលព្រំដែនលេខ១១៤ដល់១១៩មានភាពមិនប្រក្រតីច្រើនដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី»ទៅភាគីវៀតណាមជាច្រើនរយហិកតានៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាដីដូនតាកសិករខ្មែរ។ ប៉ុន្តែ កាលពីថ្ងៃសុក្រគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានប្រកាសច្រានចោលសេចក្តីថ្លែងការណ៍នេះ ដោយចោទថាជា»ព័ត៌មានមិនពិតនិងបំផ្លើស»ដែលមានចេតនាទុច្ចរិត។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានបញ្ជាក់បន្ថែមដោយអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចូលរួមរក្សាចំណែកដីនោះ និង«ទប់ស្កាត់ ចាត់វិធានការតាមផ្លូវច្បាប់លើជនទាំងឡាយណាដែលមានចេតនាចង់បំពានយកដីរដ្ឋទាំងនោះដោយបង្កើតព័ត៌មានក្លែងក្លាយ» ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន Fresh News ថា ការចាប់ខ្លួន គឺដោយសារលោក រ៉ុង ឈុន ប្រព្រឹត្តបទល្មើសជាក់ស្តែង និងបានប្រព្រឹត្តបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕