ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ព្រមាន​ចាត់​វិធាន​ការ​ប្រឆាំង​ការ​​​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ ​ដោយ​មិន​ជូន​ដំណឹង


ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។
ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

សាលា​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​នេះ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ការប្រមូល​ផ្តុំនានា​នៅ​រាជធានី​ភ្នំពេញ ​ដែល​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ។​

សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សេចក្តី​ណែនាំ​មួយ ​ចុះ​ថ្ងៃ​ទី​៣ ខែសីហា​ ដោយ​អភិបាល​រាជធានី​ភ្នំពេញ ​លោក ឃួង ស្រេង។ ​សេចក្តីណែនាំ​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សង្កេត​ឃើញ​មាន​សកម្មភាព​ជួប​ជុំ​ប្រមូល​ផ្តុំ​តវ៉ា ​ទាមទារ​ឲ្យ​ដោះ​លែងមនុស្ស​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ។ ​សេចក្តី​ណែនាំ​បញ្ជាក់​ថា ​សកម្មភាព​ជួប​ប្រជុំ​ប្រមូល​ផ្តុំ​តវ៉ា​ខាង​លើ​នេះធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រក្រតី​ភាព​សង្គម​ សណ្តាប់​ធ្នាប់​សាធារណៈ ​លំហូរ​ចរាចរណ៍ ​និង​ប្រាស​ចាក​ពី​គោល​ការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ​

សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា៖ «រាល់​សកម្មភាព​ប្រជុំ​ប្រមូល​ផ្តុំ​ដែល​គ្មាន​ការ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​មក​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ត្រូវ​ចាត់​ទុក​ថា​ ​ជា​ទង្វើ​ខុស​ច្បាប់ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​ការ​តាម​ច្បាប់​ជា​ធរមាន។ អាជ្ញាធរ​ភ្នំពេញ​ក៏​បាន​ក្រើន​រំឭក​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ផងដែរ​ចំពោះ​ការ​ប្រមូល​ផ្តុំ​តវ៉ា​នេះ។​

គួរ​បញ្ជាក់​ថា ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក រ៉ុង ឈុន​ មេដឹកនាំ​សហជីព ​ពាក់​ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​បញ្ហា​ព្រំដែន ​ ក្រុម​គ្រួសារ សាច់ញាតិ និង​អ្នក​គាំទ្រ​របស់​លោក​បាន​ចេញ​មុខ​តវ៉ា​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ​ ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​រូប​លោក។

នេះ​ជា​ការ​តវ៉ា​ថ្មី​មួយ​ទៀត ​ក្រៅ​ពី​ការ​តវ៉ា​របស់​ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំខ្លួន​ ដែល​ពួកគេ​តែង​តែតវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ទាមទារ​ឲ្យ​ដោះលែង​«អ្នកទោស​នយោបាយ»​ចំនួន​១៥​នាក់៕

XS
SM
MD
LG