ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល៖ ​ចលនា​មហា​ជន​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ទេ


ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។
ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក​ផៃ ស៊ីផាន​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ថ្លែង​អំពាវនាវ​កុំ​ឲ្យ​យក​«ចលនា​មហា​ជន»​មក​ធ្វើ​ជា​សម្ពាធ​ណា​មួយ ​ដោយ​លោក​បាន​និយាយ​ការពារ​ថា ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​ដោយ​មាន​តម្លាភាព និង​គណនេយ្យភាព។​

លោក​ផៃ ស៊ីផាន​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​ស្រប​ពេល​ដែល​មេដឹកនាំ​សហជីពមួយ​រូប​ លោក​ រ៉ុង ឈុន​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ​សប្តាហ៍​មុន​ ដែល​នាំ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន​ចេញ​មុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌។​

នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌មាន ​និង​មន្រ្តី​រដ្ឋាភិបាល​ផ្សេង​ទៀត​លោក​ផៃ ស៊ីផាន​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទុក​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ ​ដោយ​ពុំ​មាន​ការ​លូក​ដៃ​ពី​ក្រុម​ណា​មួយ។ ​លោក​បញ្ជាក់​ថា ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​គឺ​ជា​ការ​ដោះ​ស្រាយ​ដោយ​បច្ចេក​ទេសមិន​មែន​តាម​រយៈ​សកម្មជន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​សុំ​មេត្តា​ទុក​កិច្ច​ការ​នេះ​ជា​កិច្ចការ​របស់​រដ្ឋ ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​មិត្ត​វៀតណាម​នេះ​ឯង។​ហើយ​គ្មាន​សកម្មជន​ណា​គ្មាន​អង្គការ​ណា ​ដែល​អាច​មាន​សិទ្ធិ​មក​លូក​លាន់​ក្នុង​សាច់​រឿង​នេះ​ទេ។ ​ អា​នេះ​ជា​ការងារ​អន្តរ​ជាតិ។​អា​នេះ​ជា​ការងារ​មួយ​ដែល​យើង​ប្រយ័ត្ន​ប្រយែង​បំផុត​ ដែល​យើង​ថ្នាក់​ថ្នម​សភាព​ការណ៍​បំផុត»។​

អ្នក​នាំ​ពាក្យ​រូប​នោះ​បន្ត​ថា ​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​តម្លាភាព ​និង​គណ​នេយ្យ​ភាព ​ក្នុង​នោះ​ក៏​មាន​ការ​ខ្ចី​ផែន​ទី​ពី​អង្គការ​សហ​ប្រជាជាតិ​មក​បង្ហាញ​ដល់​សាធារណជន​ផង​ដែរ។​លោក​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្ញើ​ឯកសារ​ណា​ទាក់ទង​នឹង​ព្រំដែន ​ដែល​ខ្លួន​គិត​ថា​សំខាន់ ​មក​ឲ្យ​រដ្ឋាភិបាល​ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

លោក​បន្ថែម​ថា៖​ «ដូច្នេះ​ការ​ប្រើប្រាស់​ចលនា​មហាជន​មួយ​នៅ​ក្នុង​ការងារ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​មិន​អាច​ដោះស្រាយ​បាន​ទេ»។​

លោក​ហ៊ុន វណ្ណៈ ​អាយុ​៣៨​ឆ្នាំ ​ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ថ្លែង​ប្រាប់​VOA​ថា ​ ប្រជា​ពលរដ្ឋ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ​ដោយសារ​ទំនាក់​ទំនង​រវាង​គណបក្ស​កាន់​អំណាច ​និង​រដ្ឋាភិបាល​វៀតណាម​កាល​ពី​អតីតកាល​ និង​បច្ចុប្បន្ន​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «មក​ដល់​ឥឡូវ​នេះ ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ​មិន​ដែល​មើល​ឃើញ​រដ្ឋាភិបាល​យើង​ហ្នឹង​មាន​ប្រៀប​ឬ​មួយ​ក៏​ហ៊ាន​ឆ្លើយ​តប​ចាត់​វិធាន​ការអី​ទាក់​ទង​ទៅ​នឹង​ការ​រំលោភ​បំពាន​របស់​ប្រទេស​វៀតណាម​ទេ។ ​យើង​មើល​ឃើញ​ថា​ មាន​តែ​ការ​ឱន​លំ​ទោន ​ហើយ​ចាញ់​ប្រៀប​គេ ​ហើយ​ក៏​ដូច​ជា​ខ្លាច​គេ​រណប​គេ»។​

លោក​ហ៊ុន វណ្ណៈ ​ដែល​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដល់​លោក​ រ៉ុង ឈុន ​ ​បន្ថែម​ថា​ការ​បញ្ចេញ​មតិ​លើ​បញ្ហា​ព្រំដែន​នៅ​តែ​ជា​រឿង​រសើប ​ហើយ​កន្លង​ទៅ​មាន​ការ​ចាប់​ខ្លួន​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង ​និង​ចុង​ក្រោយ​នេះ​គឺ​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន ​មេដឹកនាំ​សហជីព​ផង​ដែរ។​

លោក ​ហ៊ុន វណ្ណៈ ​បន្ថែម​ថា៖ ​«អ៊ីចឹង​បើ​គាត់​ហាម​មិន​ឲ្យ​គេ​លូក​លាន់ ​ចេះ​ដឹង​រឿង​បូរណភាព​ទឹក​ដី​ ដែល​ជា​ដី​កំណើត​របស់​ជាតិ​សាសន៍​មួយ ​ ជាតិ​សាសន៍​ខ្មែរ ជនជាតិ​ខ្មែរ​ជាង​១៦​លាន​នាក់​អាហ្នឹង​ខ្ញុំ​ថា​ គាត់​លើក​ឡើង​ហ្នឹង​ប្រជា​ពលរដ្ឋ​អត់​គាំទ្រ​ទេ»។​

VOA​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយ​សារ​រិះគន់​ព្រំដែន​កាល​ពី​ឆ្នាំ​២០០៥​ជា​ការ​ចាប់​ខ្លួន​ថ្មី​មួយ​បន្ថែម​លើ​ការ​ចាប់​ខ្លួន​កន្លង​មក ​ទាក់ទង​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​សង្គម​ក្នុង​នោះ​មាន​អតីត​តំណាង​រាស្រ្ត ​លោក​ អ៊ុំ សំអាន​ និង​អតីត​សមាជិក​ព្រឹទ្ធ​សភា ​លោក​ហុង សុខហួរ​ជា​ដើម។

រូបឯកសារ៖ លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ធ្វើ​ឡើង​ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក ​ដែល​អះអាង​ថា​ដី​របស់​ពួកគេ​ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។​

ក្រោយ​ការ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​លោក​រ៉ុង ឈុន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​ចំនួន​១០៦​គ្រួសារ ​អំពី​ការ​បាត់​បង់​ដីធ្លី​ទៅ​ខាង​ភាគី​វៀតណាម។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖​ «ការ​បោះ​បង្គោល​ព្រំដែន​លេខ​១១៤​ដល់​១១៩​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី»​ទៅ​ភាគី​វៀតណាម​ជា​ច្រើន​រយ​ហិកតា​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ​ សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា​បើ​គិត​ពី​បន្ទាត់​ព្រំដែន​ចាស់​មក​ដល់​ការ​បោះ​បង្គោល​ឡាក់ ​និង​បង្គោល​រណប​ថ្មី​មាន​ការ​ចូល​ប្រហែល​៥០០​ម៉ែត្រ​មក​ក្នុង​ដី​កម្ពុជា។​លោក ​រ៉ុង ឈុន​ក៏​បាន​ឲ្យ​ដឹង​ថា​ ​អាជ្ញាធរ​វៀតណាម​បាន​ចូល​មក​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ក្នុង​ដី​ខ្មែរ​ផង​ដែរ។​

ជា​ការ​ឆ្លើយ​តប ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​បាន​ប្រកាស​ច្រាន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​រ៉ុង ឈុន​ ដោយ​ចោទ​ថា​ជា​«ព័ត៌មាន​មិន​ពិត ​និង​បំផ្លើស» និង​«មាន​ចេតនា​ទុច្ចរិត»។​

គណៈ​កម្មាធិការ​បញ្ជាក់​ថា​ជា​គោល​ការណ៍​ក្នុង​ការ​ធ្វើ​ព្រំដែនរដ្ឋាភិបាល​កម្ពុជា​តែង​តែ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​ នឹង​រក្សា​ទុក​ដី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​និង​កំពុង​គ្រប់គ្រង​អាស្រ័យ​ផល​ទាំង​នោះ​ឲ្យ​បន្ត​ការ​គ្រប់គ្រង​និង​កាន់​កាប់​បង្ក​បង្កើន​ផល​ដដែល។​

បើ​តាម​គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​កម្ពុជា​និង​វៀតណាម​សម្រេច​បាន​លទ្ធផល​៨៤​ភាគរយ​នៃ​បោះ​បង្គោល​ខ្សែ​ព្រំដែន​ព្រំដែន​រួម​និង​កំពុង​បន្ត​ធ្វើ​ឲ្យ​ចប់​ជា​ស្ថាពរ​ «ដើម្បី​ធានា​បាន​នូវ​បូរណភាព​ទឹក​ដី​ និង​អធិបតេយ្យ​ភាព​ជាតិ​ មិន​ឲ្យ​ជាតិ ​និង​ប្រជាជន​ខាត​បង់​ឡើយ»៕

XS
SM
MD
LG