ពិព័រណ៍រូបថត «ប្រទេសកម្ពុជានាទសវត្សរ៍ទី៦០» ត្រូវបានចាប់ផ្តើមដាក់បង្ហាញមជ្ឈមណ្ឌលសោតទស្សន៍បុប្ឆាណា កាលពីសប្តាហ៍កន្លងទៅ ដើម្បីបង្ហាញពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ និងរំឭកពីស្នាដៃរបស់ប្រវត្តិវិទូជនជាតិអាមេរិកាំង គឺលោក Michael Vickery។
លោក យង់ សុភា វាគ្មិនមួយរូបនៅក្នុងការធ្វើបទបង្ហាញពីស្នាដៃរបស់លោក Michael Vickery នៅមជ្ឈមណ្ឌលវប្បធម៌បារាំងកាលពី សប្តាហ៍កន្លងទៅ បានលើកឡើងថា លោកចាប់អារម្មណ៍លើស្នាដៃរបស់លោក Michael Vickery ពីព្រោះរូបថតទាំងនោះបង្ហាញពីភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងពលរដ្ឋរស់នៅតំបន់ទីក្រុងនិងជនបទនៅទសវត្សរ៍ឆ្នាំ ១៩៦០ នៅពេលកម្ពុជាធ្លាប់បានអះអាងខ្លួនថា ជាគំរូនៃការអភិវឌ្ឍកំពុងតែងើបឡើងមួយនៅអាស៊ី។
លោកសុភាបាននិយាយថា៖
«យើងមើលពីរករណី។ នៅស្រុកខ្មែរហ្នឹង ករណីទីមួយ គឺរូបថតដែលគេថតនៅទីក្រុង។ បន្ទាប់មក ករណីមួយទៀត គឺគេថតនៅជនបទ។ អញ្ចឹងអ្វីដែលខ្ញុំកំពុងស្រាវជ្រាវរកហ្នឹង គឺភាគច្រើនខ្ញុំទទួលបានរូបថតពីមនុស្សនៅទីក្រុង។ ប៉ុន្តែនៅជនបទ គេថតរបៀបម៉េច។ គាត់អត់មានរូបថតអីបញ្ជាក់ទេ។ អញ្ចឹងបានជួបជាមួយ Michael Vickery ដែលគាត់បានថតរូបសម័យហ្នឹង។ អញ្ចឹងបានជាត្រលប់មកវិញថាតើរូបថតរបស់លោក Michael Vickery មានសារៈសំខាន់ដូចម្តេចដើម្បីកំណត់អត្តសញ្ញាណរបស់ជនជាតិណាមួយ»។
លោក Michael Vickery គឺជាប្រវត្តិវិទូជាអ្នកស្រាវជ្រាវនិងជាសាស្រ្តាចារ្យមួយរូប ហើយលោកមិនមែនជាអ្នកជំនាញថតរូបនោះទេ។ ស្នាដៃរូបថតរបស់លោក Vickery គឺផ្តោតសំខាន់ទៅលើជនជាតិភាគតិច និងទំនៀមទម្លាប់នៃការរស់នៅរបស់ពួកគេ ហើយរូបថតទាំងនេះ គឺជាសក្ខីភាពរបស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៦០ ដែលបានបង្ហាញពីជ្រុងមួយនៃការរស់នៅដែលធ្លាប់មាននៅកម្ពុជាមុនរបបខ្មែរក្រហមយ៉ាងណាក្តី លោកបានជាប់ចិត្តស្រឡាញ់កម្ពុជាហើយលោកបានជ្រើសមករស់នៅកម្ពុជា រហូតដល់ពេលលោកទទួលមរណភាព នៅខេត្តបាត់ដំបងកាលពីឆ្នាំ២០១៧ ក្នុងវ័យ៨៦ឆ្នាំ។
លោក យង់ សុភា បញ្ជាក់ថា លោក Michael Vickery ជាអ្នកស្រាវជ្រាវមនុស្សសាស្រ្តបែបនយោបាយ ដែលភាសាអង់គ្លេសហៅថា «Political Anthropologist» ហើយលោកបានថតរូបទុកធ្វើជាភស្តុតាងដើម្បីរៀបរៀងជាឯកសារក្នុងការធ្វើបទបង្ហាញទៅកាន់មនុស្សទូទៅ។ ប៉ុន្តែលោកសុភានៅមានចម្ងល់ថាតើហេតុអ្វី លោក Vickery មិនបានលាតត្រដាងរូបថតទាំងនោះនាគ្រានោះ។ នេះជាមូលហេតុធ្វើឲ្យលោកគិតថា រូបថតទាំងនោះមានបង្កប់តម្លៃអ្វីមួយនាពេលអនាគត។
លោកសុភាបាននិយាយថា៖
«ខ្ញុំគិតថា គាត់ហ្នឹងជា Political Anthropologist។ ហើយគាត់បានសរសេរសៀវភៅច្រើនដូចដែលយើងបានឃើញនៅហ្នឹងទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ។ ហើយនៅក្នុង Anthropology មានផ្នែកមួយគេហៅថា Visual Anthropology ឬ Crowd Photography។ អញ្ចឹង Photography ហ្នឹងគឺថតរូប ដើម្បីបញ្ជាក់ថាជា Evidence អីមួយដើម្បីគាត់យកទៅសរសេរ ដើម្បីធ្វើការបទបង្ហាញ»។
លោកបានបន្តថា៖
«អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺមានន័យថា គាត់ថតតាំងពីយូរ។ ហេតុអីបានជា គាត់មិនយករូបហ្នឹងទៅតាំងពិព័រណ៍ ឬក៏Disclose វាទៅកន្លែងណាផ្សេង? ហេតុអីបាន គាត់ប្រាប់កូនគាត់ថា តើនៅពេលស្លាប់ទៅហ្នឹង តើយករូបគាត់ទៅធ្វើអី? អញ្ចឹងរូបថតហ្នឹង ខ្ញុំគិតថា ហ្នឹងមានតម្លៃអ្វីមួយនៅថ្ងៃអនាគត»។
លោក យង់ សុភា ជាអ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ University College London នៅចក្រភពអង់គ្លេស។ នាពេលបច្ចុប្បន្ន លោកកំពុងតែធ្វើការស្រាវជ្រាវនៅក្នុងគម្រោងមួយឧបត្ថម្ភដោយក្រុមប្រឹក្សាស្រាវជ្រាវអឺរ៉ុប ក្រោមឈ្មោះថា «ពលរដ្ឋនៃការថតរូប៖ កាមេរ៉ា និងការស្រមើស្រមៃនយោបាយ»។ ការស្រាវជ្រាវរបស់លោកផ្តោតទៅលើ គំនិតស្តីពីភាពជាពលរដ្ឋ និងការព្យាយាមស្វែងរកទំនាក់ទំនងរវាងភាពជាពលរដ្ឋ និងមធ្យោបាយឆ្លុះបញ្ចាំងតាមរូបភាព ដូចជា រូបថត និងសិល្បៈតាមរយៈរូបភាពជាដើម។
លោក សុភា មានមន្ទិលពីការផ្តល់តម្លៃជាពលរដ្ឋទៅលើសហគមន៍ជនជាតិភាគតិច នៅតំបន់ដាច់ស្រយាលនានានៅកម្ពុជានាអំឡុងពេលទសវត្សរ៍ឆ្នាំ ៦០ ដោយសារតែការមិនសូវផ្តិតយករូបភាពរបស់សហគមន៍ជនជាតិភាគតិចទាំងនោះ តាមរយៈមធ្យោបាយផ្សេងៗ ដូចដែលពលរដ្ឋនៅទីក្រុងបានប្រើប្រាស់ និងទទួលបាន ដូចជា ម៉ាស៊ីនថតរូប ម៉ាស៉ីនថតវីដេអូ និងផ្ទាំងគំនូរជាដើម។ យ៉ាងណាក្តី លោកក៏បានទទួលស្គាល់ផងដែរពីការវិវត្តនៃមធ្យោបាយផ្តិតយករូបភាពនាសម័យទំនើប ដែលបានផ្តល់កំណើតទៅដល់អ្វីដែលលោកបានហៅថា «លទ្ធិប្រជាធិបេតយ្យតាមរយៈការបង្ហាញជារូបភាព» (Visual Democracy)។តាមរយៈឃ្លានេះ លោកសុភា ផ្តោតទៅលើ ភាពសម្បូរហូហៀរនៃមធ្យោបាយផ្តិតយករូបភាពនាពេលបច្ចុប្បន្ន ដែលមនុស្សទូទៅអាចមានលទ្ធភាពយកមកប្រើប្រាស់បាន ហើយមិនមែនសម្រាប់តែក្រុមមនុស្ស ឬសហគមន៍ជាក់លាក់ណាមួយ ដូចកាលពីសម័យទសវត្សរ៍ឆ្នាំ៦០នោះទេ។
លោក Michael Vickery ជាបញ្ញវន្តមួយរូបដែលបានចំណាយពេលមួយភាគធំនៃជីវិតរបស់គាត់នៅប្រទេសថៃ និងកម្ពុជា។ លោកបានបម្រើការជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យមួយនៅខេត្តកំពង់ធំ ដែលក្នុងចំណោមសិស្សដែលធ្លាប់រៀនសូត្រជាមួយលោក ក៏រួមមាន កាំង ហ្គិចអ៊ាវ ហៅឌុច អតីតមេគុកស-២១ ឬគុកទួលស្លែងផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅមហាវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៧៧ លោក Vickery បានបម្រើការជាអ្នកជំនាញមួយរូបក្នុងការស្រាវជ្រាវផ្សេងៗពីកម្ពុជា និងតំបន់ជុំវិញ។ ស្នាដៃដ៏គួរឲ្យសម្គាល់មួយរបស់លោកគឺសៀវភៅស្រាវជ្រាវក្រោមចំណងជើងថា «សង្គម សេដ្ឋកិច្ច និងនយោបាយនៅមុនសម័យអង្គរនៅកម្ពុជា»។
អ្នកស្រី Amema “Mimi” Saeju ជាកូនស្រីចិញ្ចឹម និងជាវាគ្មិនមួយរូបទៀតនៅក្នុងការធ្វើបទបង្ហាញពីសា្នដៃរបស់លោក Michael Vickery។ ក្នុងវ័យ៣៧ឆ្នាំ អ្នកស្រីបាននិយាយថាអ្នកស្រីមានអារម្មណ៍នឹកស្រណោះពីអតីតកាលនៅពេលដែលអ្នកស្រីមើលទៅលើរូបថតដែលលោក Vickery បានថត។ លើសពីនេះទៀតអ្នកស្រីក៏បានលើកឡើងពីលក្ខណៈជាគ្រួសារ និងជីវិតសាមញ្ញ ក៏ដូចជាភាពស្លូតត្រង់របស់កុមារ និងប្រជាពលរដ្ឋនាគ្រានោះមុនពេលសង្រ្គាមបានកើតឡើងផងដែរ។
អ្នកស្រី Amema បាននិយាយក្នុងភាសាអង់គ្លេសហើយត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖
«ទោះបីនេះមិនមែនជាប្រទេសរបស់ខ្ញុំក៏ដោយ ហើយខ្ញុំមិនបានស្គាល់មនុស្សនៅក្នុងរូបថតទាំងនោះក្តី។ ប៉ុន្តែនៅពេលខ្ញុំមើលទៅការស្លៀកពាក់ ក្រសែភ្នែក ម៉ូដសក់ និងអ្វីៗផ្សេងទៀត ខ្ញុំមានអារម្មណ៍ថា នឹកស្រណោះដល់អតីតកាល។ ខ្ញុំងឿងឆ្ងល់ថា តើយើងនៅអាចសម្លឹងមើលគ្នាដូចអញ្ចឹងទេ នាពេលបច្ចុប្បន្ន។ តើយើងនៅមានជីវិភាពបែបសាមញ្ញ ដែលយើងឃើញគ្រួសារនៅជាមួយគ្នា ហើយក្មេងៗរត់លេងក្នុងភូមិ ដោយមិនមានសង្រ្គាម ឬអំពើហិង្សាណាមួយទេ?»។
អ្នកស្រីបានបន្តថា៖
«ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចយល់ពីភាពស្លូតត្រង់របស់កុមារ និងប្រជាជននៅក្នុងរូបថតដែលគាត់បានថត»។
អ្នកស្រី Amema ចាប់ផ្តើមរស់នៅជាមួយឪពុកចិញ្ចឹម គឺលោក Michael Vickery និងម្តាយចិញ្ចឹមលោកស្រី Otome Kleine ដែលជានរវិទូជនជាតិហូឡង់ នៅឆ្នាំ ១៩៩៩ នៅពេលអ្នកស្រីមានអាយុ ១៦ឆ្នាំ។ អ្នកស្រីបានលើកឡើងថា អ្វីដែលបំផុសចិត្តលោក Vickery ឲ្យធ្វើការថតរូបនោះ គឺដោយសារតែការថតរូបជាទម្លាប់របស់គាត់។ លើសពីនេះទៀត អ្នកស្រីបានបន្តថា ដោយសារតែបុគ្គលិកលក្ខណៈរបស់លោកVickery ផ្ទាល់ផងដែរ ពីព្រោះលោកចូលចិត្តដើរស្វែងរកអ្វីថ្មីៗ។
ការតាំងពិព័រណ៍រូបថតស្នាដៃផ្ទាល់របស់លោក Michael Vickery ពីប្រជាជន ទេសភាព និងប្រពៃណីរបស់កម្ពុជានៅក្នុងទសវត្សរ៍ទី៦០នេះ គឺជាផ្នែកមួយនៃមហោស្រពរូបថតភ្នំពេញឆ្នាំ២០១៨។ ពិព័រណ៍រូបថតនេះ នឹងត្រូវដាក់បង្ហាញជាសាធារណៈរហូតដល់ដើមខែវិច្ឆិកាខាងមុខ៕