នៅសប្ដាហ៍ក្រោយ ការតាំងពិព័រណ៍រូបថតមួយដែលមានចំណងជើងថា «ការក្រោកឡើងវិញនៃប្រទេសកម្ពុជា- រយៈពេលមួយឆ្នាំក្រោយសម័យខ្មែរក្រហម» (Cambodia Reawakening – One year after the Khmer Rouge) បង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ១៩៨០។ ម្ចាស់រូបថតនិងអ្នករៀបចំកម្មវិធីយល់ថា ការតាំងពិព័រណ៍នេះ នឹងជួយឱ្យក្មេងជំនាន់ក្រោយបានយល់កាន់តែច្បាស់ពីអ្វីដែលឪពុកម្ដាយរបស់ពួកគេបានឆ្លងកាត់ និងជួយផ្សារភ្ជាប់មនុស្សទាំងពីរជំនាន់ឱ្យកាន់តែជិតស្និទ្ធ។
រូបថតដែលថតដោយអ្នកកាសែតអន្តរជាតិជនជាតិអាមេរិកម្នាក់ បង្ហាញពីទិដ្ឋភាពប្រទេសកម្ពុជាក្រោយសម័យខ្មែរក្រហមក្នុងឆ្នាំ១៩៨០ អមជាមួយនឹងការយល់ឃើញរបស់យុវជន នឹងត្រូវដាក់បង្ហាញនៅក្នុងពិធីតាំងពិព័រណ៍មួយនៅក្នុងខេត្តសៀមរាបនៅសប្ដាហ៍ក្រោយ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ Anjali House ចេញផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងថា ការតាំងពិព័រណ៍រូបថតរបស់អ្នកកាសែតអាមេរិកឈ្មោះ John Burgess ដែលមានចំណងជើងថា «ការក្រោកឡើងវិញនៃប្រទេសកម្ពុជា-រយៈពេលមួយឆ្នាំក្រោយសម័យខ្មែរក្រហម» (Cambodia Reawakening – One year after the Khmer Rouge) នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៧ ខែឧសភា នៅហាងកាហ្វេ Footprint Café ក្នុងខេត្តសៀមរាប។
លោក John Burgess គឺជាអ្នកនិពន្ធ និងជាអ្នកកាសែតអាមេរិកម្នាក់ ដែលបានរាយការណ៍អំពីបញ្ហាវិបត្តិជនភៀសខ្លួននៅឥណ្ឌូចិនក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ឱ្យកាសែត The Washington Post។ លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជារយៈពេល២សប្ដាហ៍ នៅក្នុងខែមេសា ឆ្នាំ១៩៨០ ពោលគឺមួយឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម។
នៅក្នុងដំណើររបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនោះ លោក John Burgess បានធ្វើដំណើរជុំវិញបឹងទន្លេសាប ដោយបានផ្ដិតយកទិដ្ឋភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។
អ្នកនាង Nancy Barrett ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ Anjali House ប្រាប់VOA កាលពីថ្ងៃព្រហស្បតិ៍ថា តាមរយៈការតាំងពិព័រណ៍ដែលមានចំណងជើងថា «ការក្រោកឡើងវិញនៃប្រទេសកម្ពុជា- រយៈពេលមួយឆ្នាំក្រោយសម័យខ្មែរក្រហម» រូបភាពចំនួន៣១សន្លឹកដែលលោក John Burgess បានថតក្នុងឆ្នាំ១៩៨០ នឹងត្រូវដាក់បង្ហាញ។
អ្នកនាងបន្តថា នៅជាប់ជាមួយនឹងរូបថតទាំងនោះ នឹងមានចំណងជើងរូបភាពដែលសរសេរដោយលោក John Burgess អមដោយអត្ថបទជារឿង ឬកំណាព្យ ដែលសរសេរដោយយុវជនរបស់អង្គការ Anjali House អាយុពី១៤ដល់១៩ឆ្នាំ ដោយបង្ហាញពីអារម្មណ៍របស់ពួកគេ ក្រោយពីបានមើលរូបភាពទាំងនោះ។
«យើងគិតថា យុវជនជំនាន់ក្រោយរបស់កម្ពុជា គួរដឹងពីអតីតកាល ហើយធ្វើការឆ្លុះបញ្ចាំង ពីព្រោះពួកគេតំណាងឱ្យអនាគតរបស់ប្រទេស។ ដូច្នេះ វាពិតជាសំខាន់ដែលពួកគេដឹងថាអ្វីបានកើតឡើង ហើយធ្វើការឆ្លុះបញ្ចាំងអំពីវា»។
លោក John Burgess ម្ចាស់រូបថតទាំង៣១សន្លឹកដែលនឹងត្រូវដាក់តាំងបង្ហាញនោះ មានប្រសាសន៍ប្រាប់VOA ពីសហរដ្ឋអាមេរិកមកថា ដោយសារតែភាគច្រើននៃប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន មិនបានឆ្លងកាត់សម័យសង្គ្រាម និងស្ថានភាពក្រោយសង្គ្រាម ពួកគេមិនសូវបានយល់ពីអ្វីដែលឪពុកម្ដាយរបស់ពួកគេ បានឆ្លងកាត់នោះទេ។
លោកសង្ឃឹមថា រូបថតទាំងនោះ អាចជួយក្មេងជំនាន់ក្រោយឲ្យបានយល់កាន់តែច្បាស់ពីឪពុកម្ដាយ និងជីដូនជីតារបស់ពួកគេ និងធ្វើឱ្យមនុស្សពីរជំនាន់ខុសគ្នា កាន់តែជិតស្និទ្ធ។
«ប្រហែលជារូបភាពទាំងនេះ នឹងធ្វើឱ្យយុវជនកម្ពុជានាពេលបច្ចុប្បន្ន កាន់តែពេញចិត្តក្នុងការស្ដាប់ព្រឹត្តិការណ៍ដែលឪពុកម្ដាយរបស់ពួកគេបានស៊ូទ្រាំឆ្លងកាត់ និងយល់ថា ហេតុអ្វីបានជាឪពុកម្ដាយនិងជីដូនជីតារបស់ពួកគេ មានលក្ខណៈដូចសព្វថ្ងៃ។ ប្រហែលជាវា នឹងជួយឱ្យយុវជនកម្ពុជាឃើញពីគុណតម្លៃនៃការលះបង់ និងសេចក្ដីស្វាហាប់ដែលមនុស្សត្រូវការនាពេលនោះ»។
លោក John Burgess បន្តទៀតថា រូបភាពទាំងនោះ ក៏នឹងក្លាយទៅជាភស្តុតាងបញ្ជាក់បន្ថែមលើអ្វីដែលឪពុកម្ដាយតែងរៀបរាប់ប្រាប់កូនៗពីការលំបាកដែលពួកគាត់បានឆ្លងកាត់ក្នុងសម័យសង្គ្រាម និងក្រោយសង្គ្រាម។
កុមារី ទេព សុលី អាយុ១៤ឆ្នាំ ដែលបានចូលរួមសរសេរបង្ហាញការយល់ឃើញរបស់នាងលើរូបភាពដែលនឹងត្រូវដាក់បង្ហាញទាំងនោះ ប្រាប់VOAថា ឪពុកម្ដាយរបស់នាងតែងនិយាយប្រាប់ពីទុក្ខលំបាកដែលពួកគាត់បានឆ្លងកាត់ ប៉ុន្តែនាងពុំសូវចាប់អារម្មណ៍ឬជឿអ្វីដែលពួកគាត់ប្រាប់នោះទេ។ កុមារីបន្តថា ក្រោយពីបានឃើញរូបភាពទាំងនោះ នាងយល់កាន់តែច្បាស់ពីអារម្មណ៍ និងការលំបាកដែលឪពុកម្ដាយនាងបានឆ្លងកាត់។
«[ខ្ញុំ]សរសើរគាត់ខ្លាំងបំផុត ព្រោះអីគាត់អាចទ្រាំនូវទុក្ខវេទនានេះបាន ហើយគាត់ព្យាយាមរស់នៅដោយវេទនាបំផុត។ ហើយគាត់ពូកែខាងអត់ធ្មត់»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាមជ្ឈមណ្ឌលប្រមូលផ្ដុំឯកសារធំជាងគេពាក់ព័ន្ធនឹងរបបខ្មែរក្រហម មានប្រសាសន៍ថា ការដាក់តាំងបង្ហាញស្នាដៃសិល្បៈដូចជារូបថតទាំងនេះ នឹងជួយឱ្យក្មេងជំនាន់ក្រោយ មានការត្រិះរិះពិចារណា និងមានការស្រមើស្រមៃ ក៏ដូចជាការប្រាថ្នានិងគំនិតច្នៃប្រឌិត ដែលចំណុចទាំងនេះត្រូវបានរលុបបាត់ពីគំនិតរបស់យុវជនខ្មែរដោយសារសង្គ្រាម។
លោកថា ការដាក់តាំងពិព័រណ៍រូបភាពនេះ ក៏អាចចូលរួមចំណែកក្នុងការកសាងសង្គមឡើងវិញផងដែរ។
«អ្វីដែលបានកើតឡើងក្នុងទសវត្ស៨០ឬសម័យខ្មែរក្រហម គឺមានទំនាក់ទំនងទៅនឹងបច្ចុប្បន្នកាលទាំងអស់។ ដោយសារមូលហេតុអ្វី? ដោយសារនៅស្រុកខ្មែរយើង មានប្រជាជន១៥លាននាក់ ទាំងអស់សុទ្ធតែជាអ្នករស់រានមានជីវិតក្នុងសម័យខ្មែរក្រហមឬក៏កូនចៅអ្នកដែលរស់រានមានជីវិតពីសម័យខ្មែរក្រហម។ អញ្ចឹង នៅក្នុងរូបភាពណាក៏ដោយ យើងមិនអាចគេចវេសពីប្រវត្តិសាស្ត្រនេះបានទេ។ ដូច្នេះការតាំងរូបភាពបែបនេះគឺជាការឆ្លុះបញ្ចាំងមួយនៅបច្ចុប្បន្នកាល សម្រាប់អ្នកដែលបានឆ្លងកាត់»។
បើតាមលោក John Burgess រូបថតដែលនឹងត្រូវដាក់តាំងទាំងនោះ បង្ហាញពីជីវភាពក្រលំបាករបស់ប្រជាពលរដ្ឋកម្ពុជា និងការព្យាយាមស្ដារឡើងវិញនូវជីវិតរបស់ពួកគេ ក្រោយការដួលរលំនៃរបបខ្មែរក្រហមដែលបានធ្វើទុក្ខនិងរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេអស់រយៈពេលជិត៤ឆ្នាំ៕