អ្នកជួយសង្គ្រោះនៅថ្ងៃអង្គារកំពុងបន្តស្វែងរកមនុស្ស២៤នាក់ដែលបាត់ខ្លួនបន្ទាប់ពីការបាក់ដីនៅក្នុងទីក្រុងរមណីយដ្ឋាន Atami ប្រទេសជប៉ុនដែលមនុស្ស៤នាក់បានស្លាប់គិតត្រឹមថ្ងៃអង្គារ។ នេះបើតាមអភិបាលក្រុងនេះ។
ដំបូងមនុស្ស ១៤៧នាក់ បាត់ខ្លួន។ ប៉ុន្តែបន្ទាប់ពីមន្រ្តីទីក្រុងបានបន្ថយតួលេខអ្នកបាត់ខ្លួនមកត្រឹម៦០នាក់និងប្រកាសជាសាធារណៈអ្នកស្រុកភាគច្រើនបានឆ្លើយតបដែលធ្វើឲ្យតួលេខនេះចុះមកត្រឹម២៤នាក់។
លោក Sakae Saito អភិបាលក្រុងនេះបាននិយាយថាពួកគេស្ថិតនៅកន្លែងផ្សេងនៅពេលបាក់ដីឬត្រូវជម្លៀសចេញដោយសុវត្ថិភាព។
ទោះជាយ៉ាងណាមនុស្ស៤នាក់ត្រូវបានគេរកឃើញថាស្លាប់ហើយ២៥នាក់ត្រូវបានជួយសង្គ្រោះ។កាលពីថ្ងៃច័ន្ទក្រុមជួយសង្គ្រោះប្រមាណ១.៥០០នាក់បានជីកគំនរបាក់បែកនៅតំបន់មួយនៃទីក្រុងមាត់សមុទ្រភាគកណ្តាលនេះដើម្បីស្វែងរកអ្នកនៅរស់។
ការបាក់ដីកាលពីថ្ងៃសៅរ៍បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃដែលអ្នកព្យាករណ៍អាកាសធាតុបាននិយាយថាមានភ្លៀងធ្លាក់ច្រើនជាងចំនួនទឹកភ្លៀងធម្មតាពេញមួយខែកក្កដា។ ផ្ទះនិងអគារចំនួន១៣០ត្រូវបានបំផ្លាញ។
Atami គឺជាទីក្រុងរមណីយដ្ឋានដែលនៅចម្ងាយ៩០គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូហើយដែលល្បីដោយសារមានប្រភពទឹកក្តៅពុះចេញពីក្នុងដី។ទីក្រុងនេះស្ថិតនៅខាងលើឆកសមុទ្រនៅលើជម្រាលដ៏ចោត។គេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសជប៉ុនហើយក្រុមមន្រ្តីកំពុងប្រាប់ឱ្យប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យបាក់ដីត្រូវមានការប្រុងប្រយ័ត្ន។
គ្រោះមហន្តរាយនេះកើតឡើងតែប៉ុន្មានថ្ងៃមុនបើកពិធីកីឡាអូឡាំពិកទីក្រុងតូក្យូដែលអាប់អួរដោយសារកំណើនជំងឺកូវីដ១៩នៅទូទាំងប្រទេស៕
អត្ថបទនេះ មានរួមបញ្ចូលព័ត៌មានពី AP, AFP និង Reuters