ក្រុមមន្ត្រីកូរ៉េខាងត្បូងនិយាយថាភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃនៅក្នុងប្រទេសនេះបានឲ្យមានការបិទផ្លូវជាតិហើយអាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍បានចេញការព្រមានដ៏កម្រមួយអំពីគ្រោះទឹកជំនន់នៅក្បែរស្ពានសំខាន់មួយដែលភ្ញាប់រដ្ឋធានីសេអ៊ូល។
ការិយាល័យគ្រប់គ្រងទឹកជំនន់នៃទន្លេហាន ដែលហូរកាត់ក្រុងសេអ៊ូលនិយាយថាខ្លួនបានចេញការព្រមានបែបនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មក។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា កម្រិតទឹកក្នុងទន្លេហានបានកើនដល់កម្ពស់១១,៣ម៉ែត្រមិនធ្លាប់មាន ដោយធ្វើឲ្យលិចស្ពាន Jamsu ដែលភ្ជាប់សង្កាត់ខាងត្បូងនិងសង្កាត់ខាងជើងរបស់ទីក្រុងសេអ៊ូល និងតំបន់ឧទ្យានតាមមាត់ទន្លេ។
ភ្លៀងបានឈប់ធ្លាក់នៅក្បែរស្ពាននេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែអាជ្ញាធរនៅរក្សាការព្រមានអំពីគ្រោះទឹកជំនន់។
រដ្ឋមន្ត្រីមហាផ្ទៃកូរ៉េខាងត្បូងថ្លែងថា ការបាក់ដីនិងទឹកជំនន់បានបានសម្លាប់មនុស្ស១៦នាក់ បាត់ខ្លួន១១នាក់ និងមានមនុស្សយ៉ាងតិច១.៦០០នាក់ ត្រូវបង្ខំឲ្យចាកចោលផ្ទះ។
ទីភ្នាក់ងារព័ត៌មានYonhap បានរាយការណ៍បន្ថែមថា នៅតាមបណ្តាខេត្តដែលត្រូវប៉ះពាល់ខ្លាំងជាងគេមកទល់នឹងពេលនេះមានផ្ទះនិងអគារជាង៥.០០០ខ្នងនិងផ្ទៃដីកសិកម្មជាង៨.០០០ហិកតាត្រូវរងការខូចខាត៕