ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការធ្លាក់ភ្លៀងដ៏ខ្លាំងក្លានៅទូទាំងតំបន់ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានកើនដល់យ៉ាងតិច ៧០ នាក់។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ។
ជំនន់បាក់ដីបានគាស់រំលើងនិងនាំយកទៅជាមួយនូវផ្ទះរាប់សិបខ្នងនៅក្នុងភូមិ Lamenele នៅលើកោះ Flores ក្នុងខេត្ត East Nusa Tenggara នៅក្រោយពាក់កណ្តាលយប់ថ្ងៃសៅរ៍ ហើយទឹកជំនន់បានធ្វើឲ្យលិចលង់តំបន់ផ្សេងទៀតនៃខេត្តនេះ ដែលរួមមានទាំងកោះ Lembata នៅក្បែនោះផងដែរ។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានបញ្ជាក់ថា យ៉ាងតិចមានមនុស្ស ៧០ នាក់កំពុងបាត់ខ្លួន ដោយមនុស្សរាប់រយនាក់ទៀតបានបង្ខំជម្លៀសចេញពីផ្ទះសម្បែង។
នៅក្នុងប្រទេសទីម័រខាងកើតដែលជាប្រទេសជិតខាង យ៉ាងតិចមានមនុស្ស ២១ នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ ដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់និងជំនន់បាក់ដីនៅជាយរដ្ឋធានីឌីលី។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរ។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានបន្ថែមថា ការធ្លាក់ភ្លៀងខ្លាំងត្រូវគេរំពឹងថានឹងនៅបន្តនៅថ្ងៃស្អែក ស្របពេលដែលព្យុះបានបង្កឲ្យមានរលកកម្ពស់រហូតដល់ទៅ ៦ ម៉ែត្រនៅតាមច្រាំង៕