នៅក្នុងប្រទេសជប៉ុន បុគ្គលិកជួយសង្គ្រោះរាប់ពាន់នាក់កំពុងជីកកម្ទេចកម្ទីដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅកណ្ដាលទីក្រុងរមណីដ្ឋានជាប់សមុទ្រដែលរងគ្រោះដោយការបាក់ដីដ៏ធំមួយ។
ផ្ទះនិងអគារប្រមាណ១៣០ខ្នងត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃសៅរ៍នៅពេលគ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងទីក្រុង Atami ដែលស្ថិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូ។
យ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានប្រកាសថាស្លាប់និងប្រមាណ៨០នាក់ទៀតកំពុងបាត់ខ្លួន។
ការបាក់ដីកាលពីថ្ងៃសោរ៍នេះបង្កឡើងដោយភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នាដែលអ្នកព្យាករណ៍អាកាសធាតុបានឲ្យដឹងថាភ្លៀងនេះមានច្រើនជាងកំណត់ត្រាប្រវត្តិភ្លៀងធម្មតាពេញមួយខែកក្កដា។
គ្រោះមហន្តរាយនេះកើតឡើងប៉ុន្មានថ្ងៃមុនការបើកកម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យូនៅចុងខែកក្កដានេះដែលត្រូវបានបង្អាក់ដោយការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ពាសពេញប្រទេស៕
ព័ត៌មានពី AP និង Reuters មានបញ្ចូលក្នុងអត្ថបទនេះ។