រដ្ឋាភិបាលអាល្លឺម៉ង់បានថ្កោលទោសការរំលោភបំពានដោយត្រង់ៗមិនដែលមានពីមុនមករបស់ប្រទេសវៀតណាមលើច្បាប់របស់ប្រទេសអាល្លឺម៉ង់ និងច្បាប់អន្តរជាតិ ដោយសារតែវៀតណាមបានចាប់ពង្រត់ពលរដ្ឋវៀតណាមម្នាក់ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ និងបានបញ្ជូនពលរដ្ឋម្នាក់នោះទៅទីក្រុងហាណូយវិញដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ។
ក្រសួងការបរទេសអាល្លឺម៉ង់បានបណ្ដេញមន្ត្រីស៊ើបការណ៍សម្ងាត់វៀតណាមម្នាក់ចេញពីប្រទេស ហើយបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមឲ្យមកស្តាប់ការត្អូញត្អែរដែលបានលើកឡើងថា ឧបទ្ទវហេតុនេះ «ធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើទំនាក់ទំនងរវាងប្រទេសអាល្លឺម៉ង់និងសាធារណរដ្ឋសង្គមនិយមវៀតណាម»។
របាយការណ៍មួយចេញផ្សាយនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃទី ២ ខែសីហា កន្លងទៅនេះ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាល្លឺម៉ង់នានាមានភស្តុតាងយ៉ាងច្បាស់ថា ភ្នាក់ងារសន្តិសុខវៀតណាម និងបុគ្គលិកស្ថានទូត កាលពីចុងខែកក្កដា បានចាប់ពង្រត់លោក Trinh Xuan Thanh វ័យ ៥១ ឆ្នាំ ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន PetroVietnam ដែលជាក្រុមហ៊ុនថាមពលរបស់រដ្ឋ។ ក្រុមហ៊ុននេះស្ថិតក្នុងគោលដៅនៃការស៊ើបអង្កេតរឿងពុករលួយកាលពីពេលថ្មីៗនេះ ដែលការស៊ើបអង្កេតនេះបានធ្វើឲ្យអ្នកដឹកនាំក្រុមហ៊ុនជំនួញនិងមន្ត្រីរដ្ឋាភិបាលជាប់ក្នុងអន្ទាក់។ លោក Trinh Xuan Thanh ត្រូវបានចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវលើការបាត់បង់ទឹកប្រាក់ជិត ១៥០ លានដុល្លារអាមេរិក នៅក្នុងនាយកដ្ឋានមួយនៃក្រុមហ៊ុន PetroVietnam នេះ នៅពេលលោកដឹកនាំនាយកដ្ឋាននេះ។
ការចាប់ខ្លួនលោក Trinh Xuan Thanh
សារព័ត៌មានជាភាសាវៀតណាម និងប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា ក្រុមមនុស្សប្រដាប់ដោយអាវុធបានចូលទៅជិត ហើយចាប់ខ្លួនលោក Trinh Xuan Thanh នៅឯឧទ្យាន Tiergarten ដែលជាឧទ្យានសំបូរព្រៃឈើដ៏ធំមួយនៅក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះ។ ការចាប់ខ្លួននេះធ្វើឡើងក្នុងរយៈពេលមួយថ្ងៃមុនពេលលោកត្រូវដល់ថ្ងៃបង្ហាញខ្លួននៅក្នុងសវនាការអំពីការស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយរបស់លោកនៅក្នុងប្រទេសអាល្លឺម៉ង់។
លោក Trinh Xuan Thanh ដែលជាអតីតសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សកុម្មុយនិស្តវៀតណាម បានបង្ហាញមុខនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។ ប៉ូលិសនៅក្នុងទីក្រុងហាណូយបានអះអាងថា លោក Trinh Xuan Thanh បានសម្រេចចិត្តប្រគល់ខ្លួនជូនប៉ូលិស គឺក្នុងរយៈពេល ១០ ខែក្រោយមក បន្ទាប់ពីមានការចេញដីកាអន្តរជាតិមួយតាមស្វែងរកចាប់ខ្លួនរូបលោក។
ប៉ូលិសក្រុងហាណូយមិនបានពន្យល់ថាតើលោក Trinh Xuan Thanh បានធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសវៀតណាមតាមវិធីណានោះទេ ឬក៏មិនបានពន្យល់អំពីមូលហេតុដែលលោក សម្រេចចិត្តត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញនោះដែរ។ មិនមានរូបថតរបស់លោកណាមួយត្រូវបានផ្សព្វផ្សាយនោះទេ ហើយក្រុមគ្រួសាររបស់លោកត្រូវបានគេរាយការណ៍មកថា មិនបានទទួលព័ត៌មានដែលថាគាត់បានត្រឡប់ទៅកាន់ប្រទេសវៀតណាមនោះដែរ។
ក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រីអធិការបតី Angela Merkel បានទាមទារឲ្យមានការអនុញ្ញាតិឲ្យលោក Trinh Xuan Thanh ធ្វើដំណើរត្រឡប់មកកាន់ប្រទេសអាល្លឺម៉ង់វិញជាប្រញាប់ ដើម្បីឲ្យអាជ្ញាធរនៅទីនោះអាចពិនិត្យលើពាក្យស្នើសុំសិទ្ធិជ្រកកោនរបស់លោក ក៏ដូចជាពិនិត្យមើលលើសំណើរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើបត្យាប័ននាំខ្លួនលោកផងដែរ។ លើសពីនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ លោក Martin Schaefer បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើចាំបាច់ យើងរក្សាសិទ្ធិបង្ហាញពីផលវិបាកនានានៅកម្រិតនយោបាយ សេដ្ឋកិច្ច និងគោលនយោបាយអភិវឌ្ឍន៍»។
គ្មានប្រតិកម្មពីរដ្ឋាភិបាលក្រុងហាណូយនោះទេ
VOA បានស្នើក្រសួងការបរទេសវៀតណាមឲ្យធ្វើការបំភ្លឺលើករណីនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយនោះទេ។ សេចក្ដីរាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា ស្ថានទូតវៀតណាមប្រចាំទីក្រុងប៊ែរឡាំងក៏មិនធ្វើការឆ្លើយតបចំពោះសំណួរណាមួយនោះដែរ។
វិធានការប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលវៀតណាមនាពេលបច្ចុប្បន្ននេះ បានបង្ហាញឲ្យឃើញពីដំណាក់កាលនៃការផ្លាស់ប្ដូរ និងការដឹកនាំកែប្រែនៅក្នុងជួរគណបក្សកុម្មុយនិស្តវៀតណាម។
លោក Carl Thayer សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី បានថ្លែងប្រាប់ VOA ពីប្រទេសអូស្ត្រាលីមកថា៖ «អំពើពុករលួយដ៏ធំគឺប្រៀបដូចជាច្រែះដែលកំពុងស៊ីអំណាចនៃភាពស្របច្បាប់របស់គណបក្សកុម្មុយនិស្តវៀតណាមដូច្នេះដែរ»។
លោក Carl Thayerបានពន្យល់យ៉ាងដូច្នេះថា៖ «រឿងនេះត្រូវបានទទួលស្គាល់ជាសាធារណៈដោយមន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនិស្តវៀតណាមអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ករណីអំពើពុករលួយធំៗនីមួយៗ ត្រូវបានវាយតម្លៃមិនត្រឹមតែលើការបាត់បង់ផ្នែកហិរញ្ញវត្ថុសម្រាប់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផលប៉ះពាល់វាលើស្ថិរភាពនយោបាយផងដែរ។
លោក Carl Thayer បានបន្តថា៖ «ខ្ញុំប្រដូចយុទ្ធនាការប្រឆាំងអំពើពុករលួយទៅនឹងយុទ្ធនាការបញ្ចប់ពេស្យាកម្ម។ យុទ្ធនាការទាំងពីរនេះគឺជាយុទ្ធនាការគ្មានទីបញ្ចប់ ពីព្រោះភាពលោភលន់របស់មនុស្សមានជាប់ជំពាក់ក្នុងអំពើទាំងនេះ ហើយមន្ត្រីរដ្ឋាភិបាលទាំងឡាយហ៊ានប្រថុយនឹងគ្រោះថ្នាក់»។
ការដំឡើងតំណែងសម្រាប់លោក Trinh Xuan Thanh
លោក Trinh Xuan Thanh ដែលមានដើមកំណើតនៅទីក្រុងហាណូយ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្រុងហាណូយផ្នែកស្ថាបត្យកម្ម (Hanoi University of Architecture) នៅក្នុងឆ្នាំ ១៩៩០ ហើយបន្ទាប់មកបានធ្វើការនៅប្រទេសអាល្លឺម៉ង់រហូតដល់ឆ្នាំ ១៩៩៥។ ប្រទសអាល្លឺម៉ង់បច្ចុប្បន្ននេះ គឺជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់ប្រទេសវៀតណាម នៅក្នុងសហភាពអឺរ៉ុប។
បន្ទាប់ពីបានវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ លោកបានវិវឌ្ឈខ្លួនយ៉ាងលឿនដោយបានឆ្លងកាត់ការបំពេញតួនាទីក្នុងតំណែងប្រតិបត្តិដែលមានការទទួលខុសត្រូវកើនឡើងជាច្រើន ដូចជានៅក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យានិងសេដ្ឋកិច្ចរបស់រដ្ឋ នៅក្រុមហ៊ុនសំណង់ស៊ីវិលនិងឧស្សាហកម្មរបស់រដ្ឋ ហើយនៅឆ្នាំ ២០០៧ នៅសាជីវកម្មផ្សារហ៊ុនរួមមួយផ្នែកសំណង់ឈ្មោះ PetroVietnam ជាដើម។ លោកគឺជាប្រធាននៃក្រុមហ៊ុន PetroVietnam នេះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ ហើយទទួលបានពានរង្វាន់ «វីរបុរសពលករក្នុងយុគសម័យច្នៃប្រឌិតថ្មី» (Laborers' Hero in the Revolution Era) នៅក្នុងឆ្នាំ ២០១១។
លោក Trinh Xuan Thanh បានឈានជើងចូលធ្វើការបម្រើរដ្ឋាភិបាលនៅខែកញ្ញា ឆ្នាំ ២០១៣ ក្នុងតំណែងជាអនុប្រធានការិយាល័យ និងជាប្រធានការិយាល័យតំណាងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៅខេត្ត Da Nang ភាគកណ្ដាលនៃប្រទេសវៀតណាម។
កាលពីដើមខែមិថុនាឆ្នាំមុន លោកត្រូវបានសាធារណជនចាប់អារម្មណ៍ បន្ទាប់ពីរូបថតមួយសន្លឹកដែលបង្ហាញអំពីរូបលោកបើករថយន្តផ្ទាល់ខ្លួនដែលមានស្លាកលេខរដ្ឋាភិបាល ត្រូវបានគេបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត។
ប្រព្រឹត្តិខុសដោយសារតែបុព្វសិទ្ធិរបស់ខ្លួន
ភាពភ្ញាក់ផ្អើលមានការកើនឡើងនៅពេលដែលប្រជាពលរដ្ឋបានចោទជាសំណួរថា ហេតុអ្វីបានជាលោក Trinh Xuan Thanh ដែលជាអតីតអភិបាលរងខេត្ត Hau Giang នៅភាគខាងត្បូងប្រទេសវៀតណាម ទទួលបានស្លាកលេខរដ្ឋាភិបាលសម្រាប់រថយន្តរបស់លោកនោះ។ បន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញដោយទីភ្នាក់ងារដែលមានសិទ្ធិអំណាចត្រួតពិនិត្យលើរឿងនេះមក ថ្នាក់ដឹកនាំរបស់ខេត្តនោះបានទទួលស្គាល់ថា ពួកគេបានធ្វើខុស។
ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ការជំទាស់របស់សាធារណជននេះបានទាញចំណាប់អារម្មណ៍របស់ប្រធានគណបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដែលកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ បានអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើសកម្មភាពទាំងឡាយរបស់លោក Trinh Xuan Thanh។ ការត្រួតពិនិត្យនោះបានរកឃើញថា ក្រុមហ៊ុន PetroVietnamបានបាត់បង់ទឹកប្រាក់ចំនួន ១៤៧ លានដុល្លារអាមេរិក ក្នុងអំឡុងពេលដែលលោក Trinh Xuan Thanh ធ្វើជាប្រធានក្រុមហ៊ុននេះ។
កាលពីខែកក្កដា ឆ្នាំ ២០១៦ លោក Trinh Xuan Thanh បានស្នើសុំឈប់សម្រាកប្រចាំឆ្នាំ។ ហើយនៅខែបន្ទាប់មក លោកបានស្នើសុំឈប់សម្រាកដើម្បីទទួលការព្យាបាលនៅក្រៅប្រទេស ហើយក៏បានបាត់ខ្លួនតែម្ដង។
កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំមុន ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាម បានចោទប្រកាន់លោក Trinh Xuan Thanh និងមនុស្ស ៤ នាក់ផ្សេងទៀត ពីបទ «គ្រប់គ្រងមិនបានត្រឹមត្រូវ» នៅក្រុមហ៊ុនសាខារបស់ក្រុមហ៊ុនមេ PetroVietnam ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងនិងសាំងដ៏ធំមួយ ហើយបានដកគាត់ចេញពីតំណែងជាសមាជិកមួយរូបរបស់គណបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបានចេញដីកាអន្តរជាតិឲ្យមានការចាប់រូបលោកទៀតផង។
ការតាមចាប់ខ្លួនលោកនៅទូទាំងពិភពលោកហាក់ដូចជាមិនទទួលបានលទ្ធផលអ្វីនោះទេ រហូតទាល់តែដល់ការចាប់ខ្លួនរូបលោកនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។
សេចក្ដីរាយការណ៍មួយដែលបានចេញផ្សាយកាលពីដើមខែសីហាកន្លងទៅនេះ បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលអាល្លឺម៉ង់បានពិភាក្សាគ្នាអំពីករណីរបស់លោក Trinh Xuan Thanh មុនពេលដែលលោកត្រូវបានគេចាប់ពង្រត់នៅទីក្រុងប៊ែរឡាំង។
ទីភ្នាក់ងារព័ត៌មាន The Associated Press បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ លោក Martin Schaefer បានបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ និងមន្ត្រីរដ្ឋាភិបាលវៀតណាមបានពិភាក្សាអំពីសំណើរបស់រដ្ឋាភិបាលក្រុងហាណូយពាក់ព័ន្ធនឹងការធ្វើបត្យាប័នបញ្ជូនលោក Trinh Xuan Thanh ពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសវៀតណាមវិញ នៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដា កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពីកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G20៕
ប្រែសម្រួលដោយ នៀម ឆេង