ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​សកម្មជន​​សរសេរ​ប្លុក​​ម្នាក់​ដែល​ត្រូវ​បាន​ផ្តល់​កិត្តិយស​ដោយ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ អ្នក​ស្រី ​Me Nam ដែល​​ប្រែ​ថា​ «មាតា​ផ្សិត» ជា​​អ្នក​សរសេរ​អត្ថបទ​ប្លុក​ជន​ជាតិ​វៀតណាម​ ​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​សម្រាប់​​ភាព​ក្លាហាន ពី​ស្ត្រី​ទី​មួយ ​លោក​ស្រី ​Melania Trump​។
រូបឯកសារ៖ អ្នក​ស្រី ​Me Nam ដែល​​ប្រែ​ថា​ «មាតា​ផ្សិត» ជា​​អ្នក​សរសេរ​អត្ថបទ​ប្លុក​ជន​ជាតិ​វៀតណាម​ ​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​សម្រាប់​​ភាព​ក្លាហាន ពី​ស្ត្រី​ទី​មួយ ​លោក​ស្រី ​Melania Trump​។

ស្រ្តី​​អ្នក​សរសេរ​ប្លុក​ម្នាក់​ឈ្មោះ​ថា ​Me Nam ជន​ជាតិ​វៀតណាម​ ​ដែល​ទទួល​បាន​ពាន​រង្វាន់​​ស្ត្រី​អន្តរជាតិ​សម្រាប់​​ភាព​ក្លាហាន ពី​ស្ត្រី​ទី​មួយ ​លោក​ស្រី ​Melania Trump​ កាល​ពី​ខែ​មីនា ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ចំពោះ​សកម្មភាព​ទាំង​អស់​របស់​អ្នកស្រី​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បាន​ការ​ផ្តល់​កិត្តិយស​នោះ។

ស្រ្តីអ្នក​សរសេរ​ប្លុក​ម្នាក់​ ក្រោម​ឈ្មោះ​ថា ​Me Nam ដែល​ជា​ឈ្មោះ​ក្នុង​ភាសា​វៀតណាម​ប្រែ​ថា​ «មាតា​ផ្សិត» ជាអ្នក​សរសេរ​អត្ថបទ​ប្លុក​ជន​ជាតិ​វៀតណាម​ ​ទទួល​បាន​ពាន​រង្វាន់​ ​ស្ត្រី​អន្តរជាតិ​សម្រាប់ភាព​ក្លាហាន ពី​ស្ត្រី​ទី​មួយ ​លោក​ស្រី ​Melania Trump​ កាល​ពី​ខែ​មីនា។ ស្រ្តី​អ្នក​សរសេរ​ប្លុក​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ចំពោះ​សកម្មភាព​ទាំង​អស់​របស់​អ្នកស្រី​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បាន​ការ​ផ្តល់​កិត្តិយស​នោះ។

រដ្ឋាភិបាល​វៀតណាមបាន​ចោទ​ប្រកាន់​ អ្នកស្រី​ Nguyen Ngoc Nhu Quynh (​ង្វៀន ញុក ញូ គ្វីន) ដែល​មាន​រហស្សនាម​ថា «មាតា​ផ្សិត» ក្រោម​បទ​ចោទ​ព្រហ្មទណ្ឌ​ចំនួន​បី​ដូចគ្នា តាមច្បាប់​ក្នុង​មាត្រា​៨៨ គឺ​បទ «ប្រព្រឹត្ត​វិទ្ធង្សនា​ប្រឆាំង​នឹង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម»។ ច្បាប់ចែង​ឡើង​ដោយ​ប្រើ​ពាក្យ​មិន​ច្បាស់​លាស់​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​រិះ​គន់​ពី​អន្តរជាតិ​ ទៅ​លើ​អំណាច​ដែល​ច្បាប់​នេះ​បាន​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ដើម្បី​បង្រ្កាប​ក្រុម​អ្នក​ប្រឆាំង​នឹង​ខ្លួន។

អ្នកស្រី Quynh ​(គ្វីន) អាយុ​៣៧ឆ្នាំ ត្រូវ​បាន​ជាប់​ឃុំ​ ចាប់​តាំង​ពី​ថ្ងៃទី​១០ ខែ​តុលា​ ឆ្នាំ​២០១៦​មក។ អ្នកស្រីអាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១២​ឆ្នាំ បើ​សិន​ជា​គេ​រក​ឃើញ​ថា​ មាន​ទោស។ អ្នកស្រី​គឺ​ជា​អ្នក​ទទួល​បាន​កិត្តិយស​តែ​ម្នាក់​គត់​ ដែល​មិន​អាច​ចូល​រួម​ពិធី​ទទួល​រង្វាន់​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយសារ​តែ​អ្នកស្រីនៅ​ជាប់​ក្នុង​ពន្ធនាគារ។

​លោក ​Nguyen Ha Luan (ង្វៀន ហា លួន) មេធាវី​តំណាង​ឲ្យអ្នកស្រី​ Quynh (គ្វីន) ​បាន​និយាយ​ថា​ រូប​លោក​ និង​មេធាវី​ម្នាក់​ទៀត​គឺ​ លោកLe Luan (ឡេ លួន) ត្រូវ​បានអនុញ្ញាត​ឲ្យតំណាង​ឲ្យ​អ្នកស្រី​ Quynh (គ្វីន) នៅ​ចំពោះ​មុខ​តុលាការ​ប្រជាជនខេត្ត​ Khanh Hoa (ខាញ់ ហួ)។

មេធាវី​ពីរ​រូប​ទៀត​ គឺ​លោក Vo An Don (វូ អាន ឌូន) ​និង​លោក ​Nguyen Kha Thanh (ង្វៀន ខា ថាញ់)​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុកថា​ អ្នកស្រី​ Quynh (គ្វីន) ក៏​បាន​ស្នើ​ឲ្យ​ពួក​លោក​ធ្វើ​ជា​តំណាង​របស់​អ្នកស្រីផង​ដែរ។

អ្នក​ស្រី ​Grace Choi​ អ្នក​នាំពាក្យ​នៅ​ការិយាល័យ​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​របស់​ក្រសួង​ការបរទេស​អាមេរិក​ បាន​ថ្លែង​កាល​ពី​ខែ​មីនា​ថា៖ «ការ​ប្តេជ្ញា​របស់​អ្នក​ស្រី​ Nguyen Ngoc Nhu Quynh (​ង្វៀន ញុក ញូ គ្វីន) ដើម្បី​លាតត្រដាង​ពីអំពើ​ពុក​រលួយ​ លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការការពារ​បរិស្ថាន​ និង​រាយការណ៍​ពី​ការ​រំលោភបំពានសិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម​ គឺ​ជា​ការ​ជំរុញទឹក​ចិត្ត​ដល់​សកម្មជន​នៅ​គ្រប់​ទី​កន្លែង​ និង​បាន​ធ្វើ​ឲ្យ​អ្នកស្រីក្លាយ​ជា​សកម្មជន​មាន​ឈ្មោះ​បោះសំឡេង​មួយ​រូបក្នុង​ចំណោម​សកម្មជន​ល្បីល្បាញ​ដទៃ​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​វៀតណាម»។

ក្រុម​មន្ត្រី​ការ​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហាណូយ និង​ទីក្រុង​សៃហ្គន បាន​បង្ហោះ​ព័ត៌មាន​អំពី​ការ​ទទួល​ស្គាល់​អ្នក​ស្រី «មាតា​ផ្សិត» នៅ​លើ​ហ្វេសប៊ុក​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចុច​ Like រាប់​ពាន់​ នៅ​មុន​ពេល​ចាប់​ផ្ដើមពិធី​ផ្តល់​កិត្តិយស​ផ្លូវ​ការ។ ក្រសួង​ការបរទេស​វៀតណាម​បាន​រិះ​គន់​ការ​ផ្ដល់​កិត្តិយសនេះ។

អ្នកស្រី​ Quynh (គ្វីន) ​បាន​ចាប់​ផ្តើម​សរសេរ​អត្ថបទ​ប្លុក​ តាម​ឈ្មោះ​ប្រែថា «​ម្តាយ​ផ្សិត»​ ក្នុង​ឆ្នាំ​២០០៦។ ក្នុង​ចំណោម​យុទ្ធនាការ​ថ្មីៗ​របស់​អ្នកស្រី​ អ្នកស្រី​បាន​សរសេរ​អត្ថបទ​ប្លុក​អំពី​ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ការ​កំពប់​សារធាតុ​គីមី​នៅ​រោង​ចក្រ​ដែក​ថែបគ្រប់​គ្រង​ដោយ​ជន​ជាតិ​តៃវ៉ាន់ ​នៅ​ក្នុង​ទីក្រុង​ Ha Tinh (ហា ទិញ) ភាគ​កណ្ដាល​ប្រទេស​វៀតណាម។ ការ​កំពប់​សារធាតុ​គីមី​នេះ​បាន​សម្លាប់​មច្ឆាជាតិ ​៨០​តោន ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​មាន​ភាព​អាម៉ាស់ និង​ព្រួយ​បារម្ភ​ នៅ​ពេលរូប​ភាព​អំពី​ត្រី​ងាប់​ទាំង​នោះ​ ដែល​លេច​ឡើង​នៅ​លើ​ឆ្នេរ​សមុទ្រ​ធម្មជាតិ​ បាន​ផ្សព្វផ្សាយ​ទូទាំង​សាកលលោក​ ហើយ​សហគមន៍​នេសាទ​ត្រី​បាន​បាត់បង់​ជីវភាព​រស់​នៅ​របស់​ពួក​គេ។

មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​រោង​ចក្រ​នោះ​ ក៏​ដូច​ជា​នៅ​ទីក្រុង​នានា​ទូទាំង​ប្រទេស​វៀតណាម។ ហើយ​ការ​ងាប់​ត្រី​នៅ​ក្រុង​ Ha Tinh (ហា ទិញ) ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ បាន​បង្ហាញ​ពី​ការ​យល់​ដឹង​អំពី​បរិស្ថាន​ និងអំពី​ភាពសកម្មនិយម​ច្រើន​ជាង​មុន​ក្នុង​ចំណោម​ពលរដ្ឋ​វៀតណាម។

គេ​ឃើញ​មាន​ភាព​ជោគ​ជ័យ​នៅ​ដំណាក់​កាល​ដំបូង​នៃ​ចលនា​បាតុកម្ម​នេះ គឺ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ដែក​ថែប​ ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​តៃវ៉ាន់​ បាន​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​សម្រាប់​ការ​ងាប់​ត្រី​ និង​បាន​ប្តេជ្ញា​ចេញ​សំណង​ខូច​ខាត​ក្នុង​ទឹក​ប្រាក់​ ៥០០​លាន​ដុល្លារ ចំពោះ​ការបង្ហូរ​ទឹក​កខ្វក់​ មាន​ជាតិ​ពុល​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG