ប្រទេសចិនផ្តើមវាយប្រហារដោយពាក្យពេចន៍សាជាថ្មីលើប្រទេសវៀតណាម ដែលជាគូជម្លោះដ៏ធំជាងគេក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង បន្ទាប់ពីមានភាពស្ងប់ស្ងាត់រយៈពេលមួយឆ្នាំមក ប៉ុន្តែក្រុមអ្នកវិភាគជឿថាបក្សកុម្មុយនិស្តនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នាដើម្បីបង្ការនូវការរាលដាលជម្លោះនេះ។
ការខឹងសម្បាភ្លាមៗបានបញ្ចប់ទៅវិញតាមរយៈទស្សនកិច្ចរបស់មន្រ្តីយោធាចិនម្នាក់ក្នុងប្រទេសវៀតណាម និងសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំងក្នុងខែនេះដើម្បីឲ្យវៀតណាមបោះបង់ចោលការទាញយកប្រេងពីក្នុងដែនសមុទ្រដែលធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខដាក់គ្នា។ ភាពតានតឹងថ្មីនេះ កើតឡើងមួយឆ្នាំបន្ទាប់ពីក្រុមមន្រ្តីនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងចំណងទំនាក់ទំនងសេដ្ឋកិច្ចផ្សេងៗទៀត។
បើទោះជាមានការភ័យខ្លាចថាអាចមានជម្លោះម្តងទៀតដូចកុបកម្មប្រឆាំងនឹងចិននៅឆ្នាំ២០១៤ក្នុងប្រទេសវៀតណាម ឬការប៉ះទង្គិចក្នុងដែនសមុទ្រដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សក្នុងឆ្នាំ១៩៧៤និងឆ្នាំ១៩៨៨ក៏ដោយ ក៏ក្រុមអ្នកឃ្លាំមើលរំពឹងថាមេដឹកនាំនៃគណបក្សកាន់អំណាចនៃប្រទេសកុម្មុយនិស្តទាំងពីរនេះ នឹងអាចជួបប្រជុំគ្នាដើម្បីបង្អាក់ដល់ជម្លោះនេះ។
លោក Oh Ei Sun សាស្រា្តចារ្យបង្រៀនមុខវិជ្ជាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Nanyang ក្នុងប្រទេសសិង្ហបុរីថ្លែងថា យន្តការបែបនេះធ្លាប់បានធ្វើកាលពី៥ទៅ១០ឆ្នាំមុន ។
លោក Oh បាននិយាយថា៖ «ជាទូទៅ អ្នកអាចមើលឃើញថា រឿងនេះជាការខ្វែងគំនិតគ្នាធ្ងន់ធ្ងរ ប៉ុន្តែក្រោយមកក្លាយទៅជាទំនាក់ទំនងដ៏ពិសេសមួយ ដែលហៅថា ទំនាក់ទំនងរវាងគណបក្សនយោបាយនិងគណបក្សនយោបាយរវាងគណបក្សកុម្មុយនិស្តចិននិងគណបក្សកុម្មុយនិស្តវៀតណាមដែលជាដៃគូ ដូច្នេះខ្ញុំរំពឹងថាក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះឬអាចនឹងប៉ុន្មានសប្តាហ៍ផង អ្នកនឹងឃើញមានប្រតិភូគណបក្សប្រជុំគ្នា»។
លោកបានបន្តថា៖ «នៅពេលនោះ ពួកគេនឹងនិយាយពីបញ្ហាទាំងអស់នោះ បន្ទាប់មកអ្នកនឹងឃើញថាជម្លោះបែបនោះនឹងត្រូវបានដោះស្រាយ យ៉ាងហោចណាស់ក៏ជាបណ្តោះអាសន្នដែរ»។
ប្រទេសចិនអាចនឹងមិនបណ្តោយឲ្យវៀតណាមទាញយកប្រេងដោយស្រួលៗឡើយ ប៉ុន្តែប្រទេសវៀតណាមក៏កំពុងតែសាកល្បងប្រទេសចិនដែរ នេះបើតាមសម្តីរបស់លោក Collin Koh អ្នកសិក្សាស្រាវជ្រាវសន្តិសុខដែនសមុទ្រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី។ លោកបានព្យាករថា ប្រទេសទាំងពីរនឹងបញ្ចៀសជម្លោះពិត។
លោក Koh បាននិយាយថា៖ «អ្នកនឹងនៅតែឃើញមានកិច្ចពិភាក្សាសម្ងាត់នានារវាងប្រទេសទាំងពីរ គឺរវាងគណបក្សនៃប្រទេសទាំងពីរតែម្តង។ ជារឿយៗ ប្រទេសទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍នានា ដូចជាពួកគេព្រមព្រៀងគ្នាដោះស្រាយជម្លោះនោះឲ្យបានល្អ។ អ្វីៗកំពុងដំណើរការយ៉ាងរលូន មិនបាច់បារម្ភអំពីការឈ្លោះគ្នារវាងបងប្អូនបក្សកុម្មុយនិស្តទាំងពីរនេះឡើយ ដូច្នេះយើងមិនបាច់បារម្ភខ្លាំងពេកថាមានសង្គ្រាមនោះទេ»។
ជាក់ស្តែង ក្នុងខែមេសាឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តទាំងពីរនេះ បានប្តេជ្ញាថានឹងប្រើការសន្ទនាដើម្បីបញ្ចប់ជម្លោះដែនសមុទ្រនេះ។ មិនដល់មួយឆ្នាំផង ប្រទេសចិនបានធ្វើឲ្យមានភាពចលាចលក្នុងប្រទេសវៀតណាម តាមរយៈការអនុញ្ញាតឲ្យមានកន្លែងជីកប្រេងក្នុងដែនសមុទ្រដែលមានជម្លោះ ដែលស្ថិតក្នុងចម្ងាយ២៤០គីឡូម៉ែត្រប៉ែកខាងកើតនៃប្រទេសនេះ។
លោក Murray Hiebert នាយករងកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិក្នុងរដ្ឋធានី វ៉ាស៊ីនតោន បាននិយាយថា៖
«ច្បាស់ណាស់ ក្នុងនាមជាប្រទេសដែលមានកងទ័ពជើងទឹកតិចតួចជាង ប្រទេសវៀតណាមច្បាស់ជាចង់សន្ទនាគ្នា ជាជាងប្រើសកម្មភាពហិង្សាណាមួយ។ វាពិបាកនឹងទស្សន៍ទាយថាជម្លោះកំប៉ិកកំប៉ុកវានឹងបន្តរហូតដល់ពេលណា ប៉ុន្តែប្រទេសទាំងពីរមានបំណងបញ្ចៀសការប្រឈមមុខដាក់គ្នាផ្នែកយោធាក្នុងពេលនេះ»។
ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៃបណ្តាប្រទេសទាំង២១ ក្នុងខែវិច្ឆិកានេះ ហើយប្រទេសចិនត្រៀមខ្លួនរួចជាស្រេចសម្រាប់មហាសន្និបាតគណបក្សកុម្មុយនិស្តក្នុងពេលជាមួយគ្នានេះដែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក Hiebert។
ប៉ុន្តែលោក Koh បានបង្ហាញនូវការប្រុងប្រយ័ត្នថា សេចក្តីថ្លែងការណ៍រវាងគណបក្សនិងគណបក្ស «មិនសូវមានន័យទេ» ហើយចិននៅតែប្រុងប្រយ័ត្នខ្ពស់។
រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងហាណូយបានទាមទារដូចគ្នាលើដែនសមុទ្រចិនខាងត្បូងដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ។ ប្រទេសទាំងពីរបានចាក់ដីបំពេញជាកូនកោះសិប្បនិម្មិតតូចៗដែលស្ថិតក្រោមការត្រួតត្រារបស់ពួកគេរៀងៗខ្លួន។ ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសដែលគឃ្លើនបំផុតដែលប្រឆាំងនឹងចិនដែលទាមទារយកដែនសមុទ្រជាង៩០ភាគរយនៃសមុទ្រទាំងមូល ដែលសម្បូរទៅដោយធនធានប្រេង ឧស្ម័ន និងជាផ្លូវនាវាចរណ៍ដ៏សំខាន់។
របាយការណ៍កាលពីសប្តាហ៍មុនបានសរសេរថា ប្រទេសវៀតណាមបានប្រាប់ដល់ក្រុមហ៊ុនប្រេងបរទេសមួយឲ្យផ្អាកការសិក្សាស្រាវជ្រាវរកប្រេងឥន្ធនៈផូស៊ីលនៅជុំវិញVanguard Bank ក្នុងប្រជុំកោះ Spratly ដែលប្រហែលមកពីតំបន់នេះស្ថិតក្រោមការដាក់សម្ពាធដ៏ធ្ងន់ធ្ងរពីប្រទេសចិន។
លោក Le Hong Hiep អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី បាននិយាយថា ប្រទេសវៀតណាមអាចនឹងបោះជំហានថយក្រោយដើម្បីលួងចិត្តប្រទេសចិន ឬក៏អាចនឹងបញ្ចប់គម្រោងការរបស់ខ្លួនតែម្តង។
ប៉ុន្តែប្រទេសវៀតណាមរំពឹងថា នឹងបន្តការរុករកប្រេងតាមរយៈការការពារពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាលពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៦ ដែលបានកាត់សេចក្តីថា ប្រទេសចិនមិនមានមូលដ្ឋានច្បាប់ក្នុងការទាមទារយកភាគច្រើននៃដែនសមុទ្រតាមការដែលខ្លួនអះអាងនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Le។ ប្រទេសចិនបានច្រានចោលនូវសាលក្រមនោះ។
ក្រុមអ្នកវិទ្យាសាស្រ្តនយោបាយបានកត់សម្គាល់ថា បណ្តាប្រទេសទាំងអស់ដែលទាមទារយកដែនសមុទ្រចិនខាងត្បូង ដែលមានប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់ ត្រូវតែបង្ហាញជារឿយៗថា ពួកគេនៅតែទាមទារដដែល។
លោក Le បានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់ប្រទេសវៀតណាម សាលក្រមនោះ បានបញ្ជាក់ថា តំបន់នេះមិនមែនជាតំបន់ជម្លោះទៀតឡើយ ហើយប្រទេសវៀតណាមមានអធិបតេយ្យភាពផ្តាច់មុខលើតំបន់នោះ។ អញ្ចឹងហើយ បានជាប្រទេសវៀតណាមមានចិត្តក្លាហាននិងជឿជាក់ថាសកម្មភាពរបស់ខ្លួនក្នុងតំបន់នោះសមហេតុសមផលណាស់»។
ទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua របស់រដ្ឋាភិបាលក្រុងប៉េកាំងបានរាយការណ៍ថា កាលពីខែមុន អនុប្រធាននៃគណៈកម្មាធិការកងទ័ពមជ្ឈិមចិន បានមកចូលរួមក្នុង «កិច្ចប្រជុំការពារព្រំដែន» ក្នុងប្រទេសវៀតណាម ដែលបញ្ចប់មុនការគ្រោងទុក។ ក្រុមអ្នកជំនាញការគិតថា លោកចាកចេញលឿនមុនការកំណត់ដើម្បីព្រមានដល់ប្រទេសវៀតណាមចំពោះការរុករកប្រេងក្នុងដែនសមុទ្រ៕
ប្រែសម្រួលដោយ កោះ សុគន្ធី