វៀតណាមគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសមួយក្នុងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា TPP ដែលរងផលប៉ះពាល់តិចតួចនៅពេលដែលលោកប្រធានាធិបតីដូណាល់ ត្រាំសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះនៅក្នុងខែមករា ដោយលោកបាននិយាយថា វាមានផលអាក្រក់ចំពោះពលរដ្ឋអាមេរិកាំង។
កិច្ចព្រមព្រៀង TPP នឹងកាត់ពន្ធនាំចូលលើទំនិញវៀតណាមដែលដឹកចូលទៅក្នុងសហរដ្ឋអាមេរិក ជប៉ុន និងទីផ្សារក្នុងប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត។ ការនាំចេញទាំងនេះស្មើទៅនឹងជាង៩០%នៃសេដ្ឋកិច្ចវៀតណាមដែលមានទឹកប្រាក់ចំនួន២០២ ពាន់លានដុល្លារកាលពីឆ្នាំមុន។
លោក Oscar Mussons ដែលជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនប្រឹក្សាយោបល់ជំនួញ Dezan Shira & Associates នៅក្នុងក្រុងហូជីមិញបាននិយាយថា៖ «នៅពេលរឿងនោះកើតឡើង យើងមិនប្រាកដថាវានឹងប៉ះពាល់ដល់ប្រទេសនេះយ៉ាងដូចម្តេចនោះទេ»។
លោកបានបន្ថែមថា លោកជឿជាក់ថា នៅក្នុងខែមករា យ៉ាងហោចណាស់ក្រុមហ៊ុនអាមេរិកាំងអាចនឹងសម្រេចចិត្តមិនធ្វើការវិនិយោគលើវិស័យរោងចក្រនៅក្នុងប្រទេសវៀតណាមនោះទេ។ លោកបន្ថែមថា៖ «ប៉ុន្តែនិយាយតាមត្រង់ទៅ ភាពមិនច្បាស់លាស់នេះនឹងមានរយៈពេលមានពីរបីសប្តាហ៍តែប៉ុណ្ណោះ»។
ក្រុមមន្ត្រីដឹងថា នឹងមានបញ្ហានេះកើតឡើង
មេដឹកនាំវៀតណាមចាប់ផ្តើមពិចារណាលើការផ្អាកកិច្ចព្រមព្រៀង TPP បន្ទាប់ពីលោក ត្រាំ បានជាប់ឆ្នោតនៅក្នុងខែវិច្ឆិកា។ ចាប់តាំងពីពេលនោះមក មេដឹកនាំវៀតណាមបានជំរុញឲ្យប្រទេសនៅអឺរ៉ុបធ្វើសច្ចានុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សហភាពអឺរ៉ុបដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៥។ ក្រុមមេដឹកនាំទាំងនេះក៏បានចរចាជាមួយនឹងប្រទេសឥណ្ឌា ចិន និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ប្រទេសវៀតណាមបានបើកចំហរព្រំដែនកាន់តែខ្លាំងដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍មកពីប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួន គឺប្រទេសចិន ចាប់តាំងពីឆ្នាំទៅមិញ។ ការណ៍នេះបានធ្វើឲ្យមានភ្ញៀវទេសចរណ៍ចំនួន២ លាន ២សែននាក់ចាប់ពីខែមករា ដល់កក្កដា។
កិច្ចព្រមព្រៀង TPP អាចនឹងត្រូវចាប់ផ្តើមឡើងវិញផងដែរ។ ប្រទេសជប៉ុនបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុងហាណូយក្នុងខែឧសភាថា ខ្លួននឹងព្យាយាមធ្វើឲ្យកិច្ចព្រមព្រៀង TPP មានដំណើរការដោយមិនចាំបាច់មានវត្តមានរបស់សហរដ្ឋអាមេរិក។
សេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅក្នុងស្រុកបាននាំមកនូវវិនិយោគិនបរទេសថ្មីៗ ដោយមិនចាំបាច់មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ការវិនិយោគដោយផ្ទាល់បានកើនឡើងចំនួន ៩% កាលពីឆ្នាំមុន ដែលកើនដល់ចំនួន១៥ពាន់ ៨ រយលានដុល្លារ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមទស្សន៍ទាយថា នឹងមានកំណើនបន្ថែមទៀតនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនបរទេស រួមមានក្រុមហ៊ុន Intel និងក្រុមហ៊ុន Samsung Electronics បានជ្រើសរើសយកប្រទេសវៀតណាមដោយសារតែតម្លៃពលកម្មថោក និងតម្លៃដីថោក។
លោក Mussons បាននិយាយថា៖ «វៀតណាមធ្វើការបានយ៉ាងល្អ។ ពួកគេអាចពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេជាមួយនឹងប្រទេសដទៃទៀតបាន។ ពួកគេបានព្យាយាមយ៉ាងខ្លាំងដើម្បីចូលទៅជិតប្រទេសជិតខាងរបស់ពួកគេ»។
កំណើនមានស្ថិរភាព ក្រោយពីមានកិច្ចព្រមព្រៀង TPP
លោក Fiachra MacCana ដែលជាប្រធានស្រាវជ្រាវនៅក្រុមហ៊ុនលក់ភាគហ៊ុនឈ្មោះ Ho Chi Minh City Securities បាននិយាយថា ការនាំចេញមានកំណើន ជាមួយនឹងកំណើនការប្រើប្រាស់ក្នុងស្រុកផងដែរ ខណៈដែលអតិផរណា «មិនមែនជាបញ្ហាទៀតនោះទេ»។ លោករំពឹងថា កំណើនសេដ្ឋកិច្ចនឹងកើនពី ៦ ទៅ៦,៥%ក្នុងរយៈពេល៥ទៅដល់១០ឆ្នាំទៀត។ កំណើនសេដ្ឋកិច្ចក្នុងកម្រិតនេះនឹងវ៉ាដាច់កំណើនសេដ្ឋកិច្ចក្នុងប្រទេសភាគច្រើននៅអាស៊ី។
សេដ្ឋកិច្ចវៀតណាមកើនចំនួន៦,២១%នៅក្នុងឆ្នាំ២០១៦ ហើយធនាគារអភិវឌ្ឍន៍អាស៊ីបានទស្សន៍ទាយថា សេដ្ឋកិច្ចប្រទេសនេះនឹងកើនក្នុងចំនួន ៦,៣%បន្ថែមទៀតសម្រាប់ឆ្នាំនេះ។
ការប្រើប្រាស់បានកើនឡើង ដោយមានកំណើនវណ្ណៈថ្នាក់កណ្តាល ជាវណ្ណៈមួយដែលក្រុមហ៊ុន Boston Consulting Group រំពឹងថានឹងមានចំនួនមួយភាគបីនៃចំនួនប្រជាជនសរុបនៅត្រឹមឆ្នាំ២០២០។ វណ្ណៈថ្នាក់កណ្តាលនេះភាគច្រើនធ្វើការឲ្យក្រុមហ៊ុននាំចេញបរទេស ឬអ្នកផ្គត់ផ្គង់ក្នុងស្រុករបស់ពួកគេ។
ក្រសួងផែនការ និងវិនិយោគរំពឹងថា វិស័យឧស្សាហកម្ម និងសំណង់នឹងកើនជិត៩%នៅក្នុងត្រីមាសនេះ។ នៅជុំវិញក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់វៀតណាម មានឧបករណ៍ស្ទួចពាសពេញអាកាស ដោយសារតែមានការសាងសង់ខ្សែរថភ្លើង និងអគារការិយាល័យខ្ពស់ៗ។
លោក MacCana បាននិយាយថា៖ «ជាទូទៅ សេដ្ឋកិច្ចមានដំណើរការធម្មតា។ អ្នកមើលឃើញតាមរយៈឧបករណ៍ស្ទួច ហើយសកម្មភាពក្រៅពីសំណង់ក៏មានភាពខ្លាំងក្លាដែរ។ ដូច្នេះខ្ញុំមិនបារម្ភអំពីបញ្ហានេះនៅពេលឥឡូវនោះទេ»។
ប្រទេសវៀតណាមនៅតែទាក់ទាញវិនិយោគិនតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការរក្សាប្រាក់ឈ្នួលអប្បរមាឲ្យទាបល្មម និងការលើកលែងពន្ធគយសម្រាប់ក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់កែច្នៃសម្រាប់នាំចេញ។
ប្រទេសឥណ្ឌាជាគំរូ
ការវិនិយោគរបស់ឥណ្ឌាបានដើរតួជាករណីសិក្សាមួយសម្រាប់ការវិនិយោគបរទេសនៅក្នុងប្រទេសវៀតណាម ទោះណាប្រទេសនេះមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀង TPP ក៏ដោយ។ ប្រទេសឥណ្ឌាមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងនេះនោះទេ មុនពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង។
ក្រុមហ៊ុនឥណ្ឌាមួយបានបង្កើតរោងចក្រផលិតថាមពលដោយប្រើកម្តៅក្រោមដីក្នុងទឹកប្រាក់ ២ លាន ៣សែនដុល្លារនៅក្នុងតំបន់ដីសណ្ដទន្លេ Mekong។ ក្រុមហ៊ុនផ្សេងទៀតកំពុងវិនិយោគនៅពីក្រោយរោងចក្រកែច្នៃស្ករ និងគ្រាប់ស្វាយចន្ទី ដែលមានមូលដ្ឋាននៅក្នុងប្រទេសវៀតណាម។ ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសរបស់ក្រុមហ៊ុន ONGC ដែលគ្រប់គ្រងដោយរដ្ឋបានធ្វើការជាមួយនឹងក្រុមហ៊ុនPetroVietnam Exploration Production Corp. ដើម្បីរុករកប្រេង និងឧស្ម័ននៅក្នុងសមុទ្រនៃបណ្តោយឆ្នេរខាងកើតរបស់វៀតណាម។ ក្រុមហ៊ុនរុករកប្រេងទាំងពីរបន្តកិច្ចសហការរបស់ខ្លួននៅក្នុងឆ្នាំនេះ។
លោក Radha Krishnan ដែលជាអនុប្រធានសភាពាណិជ្ជកម្មឥណ្ឌាបាននិយាយថា ក្រុមហ៊ុនប្រមាណជា៣២៥ជាកម្មសិទ្ធិរបស់សភាពាណិជ្ជកម្មឥណ្ឌា ឬ Indian Business Chamber នៅក្នុងប្រទេសវៀតណាម ដែលមានចំនួនតែ១៣តែប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៩៩ ហើយបានកើនទ្វេដងនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ពលរដ្ឋឥណ្ឌាជាង ៨ សែននាក់បានមកលេងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ ប្រហែលក្នុងនាមជាអ្នកទេសចរណ៍ ប៉ុន្តែក៏ស្វែងរកមើលឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសនេះផងដែរ។ លោកបានបន្ថែមថា មើលតាមលំហូរបែបនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងពិចារណាបង្កើតជើងហោះហើរផ្ទាល់ជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌា។
លោក Krishnan បាននិយាយថា ឥឡូវនេះ វៀតណាមកំពុងសង្ឃឹមលើកិច្ចព្រមព្រៀងដែលកាត់បន្ថយពន្ធ ជាមួយនឹងប្រទេសឥណ្ឌា ចិន និងប្រទេស៩ផ្សេងទៀតនៅក្នុងសមាគមអាស៊ាន ដែលនឹងចូលជាធរមាននៅត្រឹមឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រដែលមានវ័យ១ទសវត្សរ៍ក៏កំពុងធ្វើឲ្យប្រទេសវៀតណាមទទួលបានការវិនិយោគបន្ថែមពីប្រទេសឥណ្ឌាផងដែរ។
លោក Krishnan បាននិយាយថា៖ «ប្រទេសវៀតណាមយកចិត្តទុកដាក់លើទីផ្សារឥណ្ឌាយ៉ាងខ្លាំង ក្នុងទ្រង់ទ្រាយធំ។ នាពេលបច្ចុប្បន្ន ការចរចាអាស៊ានបូកពីរកំពុងបន្តដំណើរការ ហើយជាមួយនឹងភាពជាដៃគូផ្នែកយុទ្ធសាស្ត្រ ពួកគេកំពុងព្យាយាមស្វែងរកផ្លូវល្អប្រសើរចូលទៅកាន់ទីផ្សារឥណ្ឌា និងពីទីផ្សារឥណ្ឌាចូលមកទីផ្សារវៀតណាមវិញ។ ការពិភាក្សាលើបញ្ហាទាំងនេះកំពុងតែដំណើរការ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ