កម្មករមួយចំនួនក្នុងឧស្សាហកម្មកាត់ដេរបានលើកឡើងថាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ គួរតែត្រូវបានដំឡើងដើម្បីឆើ្លយតបទៅនឹងថ្លៃទំនិញដែលចេះតែកើនឡើងនៅចំពេលប្រទេសកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩។
ការអធិប្បាយរបស់កម្មកររោងចក្រកាត់ដេរធ្វើឡើងស្របពេលក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករកំពុងរួមគ្នាចរចាជាមួយភាគីនិយោជកនិងរដ្ឋាភិបាលទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ឲ្យបានពី១៩២ដុល្លារក្នុងមួយខែទៅដល់២១៤,២ដុល្លារក្នុងមួយខែ ដែលមានកំណើន២២,២ដុល្លារ។
អ្នកស្រី រឿន ហាក់ អាយុ៣១ឆ្នាំជាកម្មការិនីនៅរោងចក្រ New Orient ដែលក្រោយមកប្តូរជាឈ្មោះជារោងចក្រឌីនលីង ក្នុងទីក្រុងភ្នំពេញកត់សម្គាល់ការកើនឡើងថ្លៃខ្ពស់នៃទំនិញលើទីផ្សារដែលតម្រូវឲ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផ្សេងទៀតពិចារណាលើការដំឡើងប្រាក់ឈ្នួលថ្មី ដើម្បីឲ្យកម្មករអាចលៃលកបានលើអាហារហូបចុកប្រចាំថ្ងៃ។
អ្នកស្រី រឿន ហាក់ ថ្លែងថា៖ «មួយម៉ឺន[រៀល]ចឹងយើងអាចទិញម្ហូប មួយល្មមហូបវាមិនជាឆ្ងាញ់ពេកក៏មិនជាអន់ពេកដែរតែឡូវមួយម៉ឺនហ្នឹងគ្រាន់តែទិញបន្លែនិងត្រីហ្នឹង អត់ទាំងគ្រាន់ផងហើយមានគ្រឿងមានអីទៀតចឹងវាអត់គ្រាន់ទេមួយម៉ឺនក្នុងមួយពេល»។
អ្នកស្រីនិយាយថាកម្មកររងការលំបាកខ្លាំងផងដែរក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ដែលប៉ះពាល់ប្រាក់ចំណូលរបស់កម្មកររោងចក្រនៅពេលមានការផ្អាកសកម្មភាពផលិតកម្ម។
អ្នកស្រីនិយាយថា៖ «ពេលដែលកូវីដនេះកម្មករយើងកាន់តែជួបការពិបាកកាន់តែច្រើនទៀត។ ពិបាកដូចថាការងារវាអត់ដំណើរការហើយយើងខ្វះខាត។ ណាមួយយើងជំពាក់ធនាគារ អត់មានលុយបង់ធនាគារ។ហើយកូនឈឺកូនអី អត់មានលុយយកកូនទៅពេទ្យ»។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានដំឡើងត្រឹមតែ២ដុល្លារប៉ុណ្ណោះ កាលពីការចរចាឆ្នាំមុន ក្រោមហេតុផលនៃផលប៉ះពាល់ខាងសេដ្ឋកិច្ចនិងសង្គមដែលបង្កឡើងដោយការរាតត្បាតជំងឺកូវីដ១៩។
អ្នកស្រី ជា ធីតា ដែលបម្រើការងារក្នុងរោងចក្រកាត់ដេរមួយក្នុងក្រុងតាខ្មៅខេត្តកណ្តាល អស់រយៈពេល២០ឆ្នាំមើលឃើញការចំណាយកាន់ខ្ពស់លើទំនិញនៅទីផ្សារជារៀងរាល់ឆ្នាំជាពិសេសរយៈពេលដែលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ។
អ្នកស្រីពន្យល់ថា៖ «ទំនិញថ្លៃណាស់សូម្បីតែឥឡូវយើងកាន់មួយម៉ឺនទៅទិញម្ហូបសម្រាប់ចង់ហូបឆ្ងាញ់អីអត់បានទេ។ សូម្បីតែយើងញាំបាយពេលព្រឹកហ្នឹងឥឡូវហ្នឹងមួយកញ្ចប់និយាយឲ្យអស់ពីមុនវិញដូចថាតែ១ពាន់[រៀល]ទេអាចញាំបាយបានហើយពេលព្រឹកឥឡូវមួយកញ្ចប់៣ពាន់[រៀល]ហើយនៅទិញអីញាំផ្សេងៗតិចតួចអីចឹង»។
អ្នកស្រី ធីតា រំពឹងថាភាគីពាក់ព័ន្ធនឹងពិចារណាដំឡើងឲ្យបានយ៉ាងហោចណាស់១០ដុល្លារដែលអាចជួយកម្មករទប់ទល់បាននឹងកំណើនថ្លៃទំនិញនាពេលបច្ចុប្បន្ន។
អ្នកស្រីថ្លែងថា៖ «ឆ្នាំមុនឡើងបានតែ២[ដុល្លារ]ហ្នឹងអញ្ចឹងគិតថាវាឆ្នាំហ្នឹង ជិតបោះឆ្នោតចឹងប្រហែលជាលោអាចឡើងបាន១០ដុល្លារឬមួយ៧ ៨ដុល្លារអីចឹង។ បានត្រឹម៥ដុល្លារវាតិចពេកហ្នឹងណា៎!»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា យល់ស្របជាមួយការត្អូញត្អែររបស់កម្មករអំពីទំនិញឡើងថ្លៃ។
លោកប្រាប់វីអូអេបន្ថែមថានេះជាហេតុផលសមសម្របមួយសម្រាប់ការទទួលបានការដំឡើងប្រាក់ឈ្នួល ក្នុងពេលប្រទេសមិនទាន់ឆ្លងផុតពីវិបត្តិជំងឺកូវីដ១៩។
លោក ប៉ាវ ស៊ីណា បញ្ជាក់ថា៖ «ស្ថានភាពនេះយើងត្រូវពិនិត្យមើលថាតើអ្នកណាដែលរងវិបត្តិធ្ងន់ធ្ងរជាង ពីព្រោះកម្មករជាកម្លាំងផលិតបើសិនជាកម្លាំងផលិតគាត់ហូបមិនគ្រប់គាត់ខ្វះមុខ ខ្វះក្រោយថាតើនិយោជកខ្លួនឯងហ្នឹងធ្វើម៉េចហ្នឹងបានបង្កើនផលិតភាពកើតដូច្នេះខ្ញុំគិតថាចំណុចនេះភាគីនិយោជកត្រូវតែពិចារណាហើយទាំងរដ្ឋាភិបាលទាំងក្រសួងការងារក៏ដោយ ត្រូវតែគិតគូរចំពោះសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនកម្មករ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ដែលបានចូលរួមកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃទី៧កញ្ញាប្រាប់វីអូអេថាភាគីនិយោជកក៏មិនទាន់បង្ហាញចេតនាដំឡើងប្រាក់ឈ្នួលឲ្យកម្មករផងដែរ ដោយលើកហេតុផលថាការដំឡើងប្រាក់ឈ្នួលមិនមែនជាកិច្ចការអាទិភាពក្នុងវិស័យកាត់ដេរ ក្នុងពេលប្រទេសកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩។
មេដឹកនាំសហជីពរូបនេះបន្តថានេះជាទម្លាប់របស់ភាគីនិយោជកដែលជារឿយៗលើកឡើងពីផលលំបាកក្នុងការដំឡើងប្រាក់ឈ្នួល ទោះបីក្នុងស្ថានភាពមិនមានការឆ្លងជំងឺរាតត្បាត ដូចពេលបច្ចុប្បន្នក្តី។ ប៉ុន្តែលោកសង្ឃឹមថារដ្ឋាភិបាលអាចសម្រួលយ៉ាងណាឲ្យតម្លៃទំនិញលើទីផ្សារថយចុះ ដែលអាចឲ្យកម្មកររស់បានប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនអាចធ្វើទៅរួចសម្រាប់ឆ្នាំ២០២២នោះ។
លោកថ្លែងថា៖ «អ្នកខ្លះមានគ្នាធ្វើការ២នាក់នៅក្នុងមួយគ្រួសារឥឡូវនៅសល់តែម្នាក់អីចឹង។ ចឹងវាដូចជាចំណាយច្រើនជាងមុនហើយអ្វីៗថ្លៃទៀត។ អីចឹងបានថាវាត្រូវតែមានការដោះដូរប្រសិនជាខាងរដ្ឋាភិបាលមិនដំឡើងប្រាក់ឈ្នួលទេគឺធ្វើម៉េចបញ្ចុះតម្លៃទំនិញសព្វសារពើហ្នឹងឲ្យវានៅក្នុងកម្រិតទាបផង[ខ្ញុំ]គិតថាវាមិនជាបញ្ហា»។
ក្នុងជំនួបដំបូងស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២រវាងភាគីសហជីពនិយោជកនិងរដ្ឋាភិបាលកាលពីថ្ងៃទី៧ខែកញ្ញាមានការបកស្រាយផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាកម្រិតអតិផរណាឬការកើនឡើងតម្លៃទំនិញនៅលើទីផ្សារ។ នេះបើតាមការបញ្ជាក់របស់លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារលោកហេង សួរបាននៅឡើយទេ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឬ GMAC លោក ខេន លូយល់ថាកម្មករបានបង្ហាញសេចក្តីត្រូវការរបស់ខ្លួនដែលចង់បានប្រាក់ឈ្នួលថ្មីតែការចរចាមិនទាន់ចាប់ផ្តើមនៅឡើយ។
លោកថ្លែងថា៖ «អាហ្នឹងជាអ្វីដែលកម្មករចង់បានប៉ុន្តែយើងអត់ទាន់ចរចាទេអត់ទាន់ ដឹងថាចុងក្រោយលទ្ធផលជាយ៉ាងម៉េចទេ។ ហើយតម្លៃទីផ្សារឡើងមានន័យថាជា criteria [លក្ខណៈវិនិច្ឆ័យ]មួយនៅក្នុង៧រូបមន្ត»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារការប្រជុំត្រីភាគីស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលមានខាងសហជីព និយោជកនិងរដ្ឋាភិបាលនឹងធ្វើឡើងនៅថ្ងៃទី១៤ ថ្ងៃទី២១ និងថ្ងៃទី២៨ ខែកញ្ញា តាមប្រព័ន្ធអនឡាញមុនពេលមានការកំណត់ជាផ្លូវការនូវប្រាក់ឈ្នួលអប្បបរមាថ្មី។
វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ម៉ឺននាក់ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ។
វិស័យនេះបានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩មួយផ្នែកនិងមួយផ្នែកទៀតដោយសារការបាត់បង់២០%នៃប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាលពីខែសីហាឆ្នាំ២០២១ ក្រោយការរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេស៕