ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​កំណត់​តួលេខ​ដំឡើង​ប្រាក់​ឈ្នួល​២២,២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២ ដើម្បី​ចរចា​ជាមួយ​ភាគី​រោង​ចក្រ


រូប​ឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ជិះ​លើ​រថយន្ដ​ឈ្នួល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ (AP Photo/Heng Sinith)
រូប​ឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ជិះ​លើ​រថយន្ដ​ឈ្នួល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ (AP Photo/Heng Sinith)

សហជីព​ចំនួន​១៧ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បាន​សម្រេច​កំណត់​តួលេខ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ និង​ស្បែក​ជើង ចំនួន​២២,២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ដើម្បី​ចរចា​ជាមួយ​ភាគី​តំណាង​រោងចក្រ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា​ត​ទៅ។ នេះ​បើ​យោង​តាម​តំណាង​សហជីព​ដែល​បាន​ចូលរួម​ពិភាក្សា​គ្នា ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​ប្រាប់​វីអូអេ​ថាក្រុម​ភាគី​សហជីព​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ជា​យន្តការ​របស់​រដ្ឋាភិបាល បាន​ប្រជុំ​គ្នា​ដោយ​ផ្ទាល់​និង​តាម​អន​ឡាញ ហើយ​បាន​សម្រេច​គ្នា​ក្នុង​ការ​កំណត់​តួលេខ​រួម គឺ​ដំឡើង​១១,៦%​នៃ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​១៩២​ដុល្លារ ដែល​ស្នើ​នឹង​២២,២​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ចរចា។ ប្រសិន​បើ​សម្រេច​តាម​ការ​ស្នើ​សុំ​របស់​សហជីព ប្រាក់​ឈ្នួល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០២២ នឹងឡើង​ដល់​២១៤,២​ដុល្លារ។

លោក ប៉ាវ ស៊ីណា បន្ថែម​ថា​តួលេខ​នេះ ដោយ​ផ្អែក​លើ​ការ​សិក្សា​តាម«លក្ខណៈ​វិទ្យាសាស្រ្ត» នៅ​ក្នុង​លក្ខខណ្ឌ​៧​យ៉ាង​នៃ​ការ​វិនិច្ឆយ​អាស្រ័យ​លើ​ស្ថាន​ភាព​ជីវភាព​របស់​កម្មករ ការ​ចំណាយ​របស់​កម្មករ​ច្រើន​ជាង​មុន ខណៈ​ចំនួន​អ្នក​ធ្វើការ​នៅ​ក្នុង​គ្រួសារ​ក៏​ថយ​ចុះ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ចំណូល​គ្រួសារ​ធ្លាក់​ចុះ។

លោក​ថ្លែង​ថា៖ «ការ​ស្នើ​សុំ​របស់​ក្រុម​ការងារ​ហ្នឹង​នេះ គឺ​ពិនិត្យ​ទៅ​លើ​លក្ខណៈ​វិទ្យាសាស្រ្ត​ទាំង​អស់ ហើយ​វា​ក៏​មិន​មែនលេខ​ដែល​យើង​ដាក់​បញ្ឈរ​ដែរ គឺ​លេខ​ដែល​យើង​ដាក់​ទៅ​ចរចា។ អញ្ចឹង​និយោជក​គាត់​មាន​សិទ្ធិ​ស្នើ​សុំ​ឲ្យ​ភាគី​សហជីព​ពិចារណា​ដូចគ្នា។ អញ្ចឹងពាក្យ​ថា​ចរចា​គឺ​យើង​តថ្លៃ​គ្នា»។

បើ​តាម​លោក ប៉ាវ ស៊ីណា កាល​ពី​ឆ្នាំ​២០២១ ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​តែ​២​ដុល្លារ​ប៉ុណ្ណោះ ដែល​កាល​នោះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ហើយ​រោងចក្រ​ផលិត​វត្ថុ​ធាតុ​ដើម​នៅ​ប្រទេស​ចិន ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង ដែល​នាំ​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​ព្យួរ​ការងារ​ច្រើន។ លោក​បន្ថែម​ថា​ក៏​មាន​ការ​ផ្អាក​ទទួល​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ផ្សេងៗ​ផង​ដែរ។

ប៉ុន្តែ​តំណាង​សហជីព​រូប​នោះ អះអាង​ថាឆ្នាំ​២០​២១​នេះ ស្ថាន​ភាព​ការងារ​ដើរ​ជា​ធម្មតា ហើយ​មាន​ការបញ្ជា​ទិញ​ឡើង​វិញ ខណៈ​សមាគម​រោងចក្រ​កាត់​ដេរនៅ​កម្ពុជា (Garment Manufacturing Association in Cambodia) បាន​ប្រកាស​ថា​រោងចក្រ​ខ្វះ​កម្លាំង​ពលកម្ម​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ឆ្នាំ​នេះ ភាព​អំណោយ​ផល​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល វា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន»។

ចំណែក​អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធ​សហជីព​កម្ពុជា​ដែល​បាន​សម្រេច​លើ​តួលេខ​នេះ​ដែរ ថ្លែង​ថា​ចំនួន​ដំឡើង​នេះ​កើត​ចេញ​ពី​«លក្ខណៈ​វិនិ​ច្ឆយ​បែប​បច្ចេកទេស​សុទ្ធ» ហើយ​ស្រប​តាម​របាយ​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​និយាយ​អំពី​ស្ថាន​ភាព​របស់​កម្មករ កំណើន​សេដ្ឋ​កិច្ច​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ និង​អតិផរណា​ដែល​មាន​នៅ​លើ​ទីផ្សារ។

អ្នកស្រី​ថ្លែង​ថា៖ «អញ្ចឹង​ខ្ញុំ​គិត​ថា​វា​ជា​ចំណុច​មួយ​ដែល​រដ្ឋ​ត្រូវ​ទទួល​ស្គាល់​ចំណុចទាំង​អស់​ហ្នឹង​ដែរ។ ធម្មតា​យើង​មើល​កំណើន​សេដ្ឋកិច្ច ឬ​មើល​កត្តា​ជុំវិញ​ខ្លួន អត់​មាន​ការ​ប្រែ​ប្រួល​អី​ផង ហើយ​[មាន]​សញ្ញា​វិជ្ជមាននៃ​ការ​នាំ ចេញ​អី​ផ្សេងៗ អាហ្នឹង​គឺ​ជា​ពន្លឺ​មួយ​នៃ​ការ​ជជែក​គ្នា​រឿង​ប្រាក់​ឈ្នួល»។

អ្នកស្រី​បន្ថែម​ថា​ជា​ទូទៅ ភាគី​តំណាង​រោង​ចក្រ​តែង​តែ​លើក​ឡើង​អំពី​ការ​លំបាក​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ជា​រៀង​រាល់​ឆ្នាំ។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​ថា​៖ «ក្រសួង​មិន​យល់​លើ​គោល​ជំហរ​របស់​ភាគី​ណា​មួយ​ទេ មុន​ពេល​ប្រជុំ។ តួនាទី​របស់​ក្រសួង​គឺ​សម្រប​សម្រួល និង​ផ្តល់​តួលេខ​ និង​សម្រាយ​ចម្ងល់​របស់​ភាគី​នីមួយៗ។ ការ​ចរចា​គឺ​ជា​ដំណើរ​វែង​ឆ្ងាយ។ យើង​ផ្តល់​សង្វៀន និង​បច្ចេកទេស​ដល់​ភាគី​ចរចា»។

លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា(GMAC) បាន​ប្រាប់​វីអូអេ​យ៉ាង​ខ្លី​ថា​ភាគី​ទាំង​អស់​នឹង​ចរចា​គ្នា ចាប់​ពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា ដូច្នេះ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​នា​ពេល​នេះ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​GMAC ប្រាប់​វីអូអេ​ថា​នេះ​ជា​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ ហើយ​មិនមែន​មាន​ន័យ​ថា​ចាំ​បាច់​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ។ លោក​បញ្ជាក់​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖ «ការទាមទារ​ដំឡើង​លើស​១១%​អំឡុង​ពេល​វិបត្តិ​[ជំងឺ​កូវីដ​១៩]​ជាសាកល គឺ​មិន​សមរម្យ​ទាល់​តែ​សោះ។ វា​មិន​ត្រឹមត្រូវ​តាម​ន័យ​សេដ្ឋកិច្ច និង​ពិត​ជា​បន្លាច​អ្នក​វិនិយោគ​ដែល​មាន​ស្រាប់ និង​អ្នកវិនិយោគ​ដែល​មាន​សក្តានុពល»។

កាល​ពី​ឆ្នាំ​២០២០ នៅ​គ្រា​ដែល​ពិភព​លោក​រង​គ្រោះ​ខ្លាំង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​២​ដុល្លារ ដែល​ចំនួន​នេះ​មិន​មែន​ចេញ​ពី​ក្រុម​ការងារ​ចរចា​នោះ​ទេ គឺ​ចេញ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ជា​រៀង​រាល់​ឆ្នាំ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ជា​យន្តការ​ត្រី​ភាគី ដែល​មាន​រដ្ឋាភិបាល សហជីព និង​និយោជក បាន​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ថា​តើ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឬ​យ៉ាង​ណា។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១៣ ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​យ៉ាង​តិច​៥​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។

គួរ​បញ្ជាក់​ថា​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​កម្ពុជា​ដែល​មាន​កម្មករ​ធ្វើ​ការ​ប្រមាណ​៨០​ម៉ឺន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩ ស្រប​ពេល​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ធំ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​សីហា ឆ្នាំ​២០២០ បាន​សម្រេច​យក​ពន្ធ​២០​%​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»ឬ​ EBA ក្រោយ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG