ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖​ កម្មករ​រោងចក្រ​ជាច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ក្រ​និង​ថែម​ទាំង​អត់​ឃ្លាន​ក្នុង​គ្រា​​កូវីដ​១៩


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិះ​រថយន្ត​ឈ្នួល​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​សៅរ៍ ទី២៦ ខែតុលា ឆ្នាំ​២០១៩។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិះ​រថយន្ត​ឈ្នួល​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​សៅរ៍ ទី២៦ ខែតុលា ឆ្នាំ​២០១៩។ (AP Photo/Heng Sinith)

​អង្គការ​សហ​ប្រជាជាតិ​ប្រចាំនៅ​ក្នុង​ប្រទេស​កម្ពុជា​បានស​ម្តែង​ក្តីបារម្ភ​ថា​កម្មករ​រោងចក្រ​កាត់ដេរ​ជាច្រើន​នៅ​កម្ពុជា ប្រឈម​ហានិភ័យ​នៃ​ការ​ធ្លាក់​ខ្លួន​ក្រ​ហើយ​ថែម​ទាំង​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ដោយ​សារ​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​វិបត្តិ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​អូស​បន្លាយ​ពេល​យូរ។

ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ បាន​ប្រារព្ធ​ទិវា​ជាតិ​ស្តីពី​ការ​អប់រំ​បណ្តុះបណ្តាលនិង​វិជ្ជាជីវៈ​ ក្នុង​កិច្ច​ប្រឹងប្រែង​ពង្រឹង​កម្លាំង​ពលកម្ម​របស់​ខ្លួន​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​១៥​ខែ​មិថុនា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា កំពុង​ជួយ​គាំទ្រ​កម្មករ​រោងចក្រ​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​និង​ការ​ធ្លាក់ចុះ​ប្រាក់​ចំណូល​ក្នុង​អំឡុង​ពេល​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក៏​ដោយ ក៏​កម្មករ​ជាច្រើន​មិន​បាន​ទទួល​សុវត្ថិភាព​សង្គម​ឲ្យ​បាន​គ្រប់ គ្រាន់​នោះ​ទេ​រួម​ទាំង​អត្ថប្រយោជន៍​ពី​ភាព​គ្មាន​ការងារ​ធ្វើរបស់​ពួកគេ​ផង​ដែរ។

អង្គការ​សហប្រជាជាតិ រៀបរាប់​ថា​ការណ៍​នេះ បាន​ញ៉ាំង​ឲ្យ​កម្មករ​រោងចក្រ​ត្រូវ​បង្ខំ​ចិត្ត​ ទទួល​យក​កម្ចី ដើម្បី​ដោះស្រាយ​ជីវភាព​របស់​ពួកគេ។

លើស​ពី​នេះ​ទៀត កម្មករ​រោងចក្រ​កាត់​ដេរ ក៏​ប្រឈម​នឹង​ហានិភ័យ​កាន់​តែ​ខ្ពស់​ថែម​ទៀត​ចំពោះការ​ឆ្លង​ជំងឺ​កូវីដ​១៩​ទាំង​នៅ​ក្នុង​រោងចក្រ​និង​ក្រៅ​កន្លែង​ការងារ​ ដោយសារ​តែ​ពួកគេ ធ្វើការ​ក្នុង​កន្លែង​បិទ​ជិត និង​ធ្វើ​ដំណើរ​ជុំគ្នា​ឬ​រស់​នៅ​ដោយ​មាន​គ្នា​ច្រើន ដែល​មិន​អាច​អនុវត្ត​ការ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បានត្រឹម​ត្រូវ​តាម​វិធាន​សុខាភិបាល។

វិស័យ​កាត់ដេរ​កម្ពុជា មាន​កម្មករ​ប្រមាណ​៩​សែន​នាក់ ​ភាគច្រើន​ជា​ស្ត្រី ដែល​រួមចំណែកប្រមាណ​១១​ភាគរយ​ដល់​ផល​ទុន​សរុប​ក្នុង​ស្រុក​ក្នុង​ឆ្នាំ​២០១៩។

កាល​ពី​ថ្ងៃ​អង្គារ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ការ​គាំទ្រ​ពី​ទី​ភ្នាក់ងារ​ផ្តល់​ជំនួយអន្តរ ជាតិ​សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់ បាន​បើក​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​មួយ​ឈ្មោះ​ថា «ផ្ទះ​យើង» ដើម្បី​ផ្តល់​ជា​កន្លែង​សម្រាប់​ឲ្យ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ អាច​ប្រើប្រាស់​បាន​ ក្នុង​គោល​ដៅ​បណ្តុះបណ្តាល ទទួល​បាន​ការ​គាំទ្រ​និង​ការ​កសាង​ទំនាក់ទំនង​ជា​ដើម៕

XS
SM
MD
LG