ភ្នំពេញ —
អគ្គីភ័យនៅតំបន់រោងចក្រកាត់ដេរ ដែលកាលពីសប្តាហ៍មុនមានការប៉ះទង្គិចគ្នារវាងប៉ូលិសនិងបាតុករនោះ បានបង្កឲ្យមានការភ័យខ្លាចនិងងឿងឆ្ងល់។ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ។
ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវវ៉េងស្រេងក្នុងរាជធានីភ្នំពេញបានភ័យស្លន់ស្លោសាជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអគ្គីភ័យមួយបានឆាបឆេះឃ្លាំងស្តុកកម្ទេចកំណាត់មួយនៅក្នុងភូមិថ្មគោល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្បែរទីកន្លែងដែលមានការបាញ់ប្រហារទៅលើក្រុមបាតុករកាលពីថ្ងៃសុក្រសប្តាហ៍មុន។
រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង រួមទាំងកងកម្លាំងប្រដាប់អាវុធមកពីកងពលតូចង៧០ ដែលគេស្គាល់ថា ជាកងពលជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានដាក់ពង្រាយនៅប្រចាំការនៅតំបន់នោះ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើអន្តរាគមន៍ពន្លត់អគ្គីភ័យមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធបង្រ្កាបក្រុមបាតុករដែលទាមទារឲ្យមានការដំឡើងប្រាក់ខែ អប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរ ឲ្យបានចំនួន១៦០ដុល្លារ ដើម្បីទប់ទល់នឹងអតិផរណានិងតម្លៃទំនិញនៅក្នុងទីផ្សារ។ យ៉ាងហោចណាស់មាន ប្រជាពលរដ្ឋនិងបាតុករចំនួន៥នាក់ត្រូវបានបាញ់សម្លាប់និងច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងអំពើហិង្សាមួយនេះ។
គេសង្កេតឃើញថា កងកម្លាំងទាហានមកពីកងពលតូចង៧០ប្រដាប់ដោយអាវុធនិងកាំភ្លើងស្វ័យប្រវត្តិ ត្រូវបានដាក់ពង្រាយឲ្យយាមកាមជាប្រចាំនៅតាមបណ្តោយផ្លូវវ៉េង ស្រេងនោះ ដើម្បីការពារកុំឲ្យមានការធ្វើបាតុកម្មសារជាថ្មី។
អគ្គីភ័យនេះត្រូវបានពន្លត់ជាស្ថាពរនៅវេលាម៉ោង២រសៀលថ្ងៃនេះ។ ជាសំណាងល្អ អគ្គីភ័យមួយនេះមិនបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទេ។
លោកនេត វន្ថា ប្រធានការិយាល័យពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានដឹកនាំកម្លាំងប្រតិបត្តិការនៅកន្លែងកើតហេតុ។
លោកថ្លែងថា៖ «យើងកំពុងតែប្រតិបត្តិការនៅឡើង ហើយអញ្ចឹងអត់ទាន់ដឹងមូលហេតុទេ។ ជាក់ស្តែងផ្ទះហ្នឹងអត់មានមនុស្ស ហើយខ្ញុំកំពុងដើររកមើលទីតាំងជុំវិញដើម្បីសួររកប្រភព។ យើងមិនទាន់ជួបម្ចាស់ណាម្នាក់នៅឡើយ ដើម្បីយកព័ត៌មានលម្អិត... អត់ទាន់បានទេ បាទ»។
នាង ចាន់ សុខា ជាសាក្សីផ្ទាល់ភ្នែកនៅកន្លែងកើតហេតុ បានប្រាប់ VOA ថា៖ «ខ្ញុំ ពីព្រឹកមិញ ខ្ញុំមើលពីផ្ទះខ្ញុំមកឃើញឆេះរោងចក្រ...អឺ... គេស្តុកកំណាត់ចោល។ អញ្ចឹងហើយ ខ្ញុំមកជួយរើឥវ៉ាន់ផ្ទះអ៊ុំខ្ញុំ»។
តាមការបញ្ជាក់របស់ក្រុមអាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅក្បែរឃ្លាំងនោះ បានឲ្យដឹងថា ម្ចាស់ឃ្លាំងកំណាត់មួយនេះបានស្តុកទុកកំណាត់សំណល់ដែលប្រមូលពីរោងចក្រកាត់ដេរក្បែរៗនោះ ជាច្រើនហួសប្រមាណនិងធ្វើឲ្យមានការធ្លាយចេញមកខាងក្រៅរបង ដោយមិនបានអើពើ អស់រយៈពេលជាច្រើនសប្តាហ៍។
មានការសង្ស័យថា អគ្គីភ័យនេះបានឆាបឆេះរាលដាលពីកម្ទេចកំណាត់ដែលហៀរចេញមកខាងក្រៅនេះ។
អាជ្ញាធរកំពុងតែស្រាវជ្រាវពីមូលហេតុនៃអគ្គិភ័យនេះ៕