បើទោះស្ថិតក្នុងវ័យជាង ៦០ ឆ្នាំហើយក៏ដោយ អ្នកស្រី ឡេង សូហុង នៅតែប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប។ នេះជាជម្រើសតែមួយគត់សម្រាប់អ្នកស្រីដែលរស់នៅក្នុងខេត្តបាត់ដំបង ដើម្បីអាចរកថវិកាបានខ្លះសម្រាប់ទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រីដែលកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។
ជាស្រ្តីមេម៉ាយរស់នៅក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង អ្នកស្រី សូហុង រៀបរាប់ថា អ្នកស្រីប្រើជីវិតរស់នៅតែម្នាក់ឯងដោយមិនពឹងផ្អែកលើកូនឡើយ បន្ទាប់ពីស្វាមីបានទទួលមរណភាពកាលពីឆ្នាំ ២០១៥ ហើយកូនប្រុសស្រីរស់នៅផ្សេងគ្នា។
អ្នកស្រីថ្លែងថា៖ «ដល់ពេលមានប្ដី ពឹងប្ដី។ ដល់ឥឡូវអស់ប្ដី អស់កូនគឺមានតែពឹងខ្លួនឯង ម៉ូតូឌុបក៏ខ្លួនឯង ហើយមានតែ[អ្នក]ក្នុងភូមិទេដែលជិះ ក្រៅពីក្នុងភូមិអត់មានអ្នកជិះទេ»។
អ្នកស្រី ឡេង សូហុង ជាមនុស្សចាស់ម្នាក់ក្នុងចំណោមមនុស្សចាស់រាប់ម៉ឺននាក់ទៀតក្នុងប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងការលំបាកក្នុងការរស់នៅ។ អ្នកពាក់ព័ន្ធដែលធ្វើការលើកកម្ពស់មនុស្សចាស់បានជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើក្រុមមនុស្សចាស់ ក្នុងនោះមានការបន្ថែមថវិកាជំនួយដល់ពួកគាត់ ឱ្យ ពួកគេមានលទ្ធភាពលើការចំណាយផ្សេងៗ ដូចជាសេវាទទួលបានការថែទាំសុខភាពជាដើម។
ភ្នែកសម្លឹងទៅម៉ូតូម៉ាកអាសង់ហុងដាសេរីចាស់មួយគ្រឿងដាក់បញ្ឈរនៅមុខបន្ទប់ជួលមួយ អ្នកស្រី ឡេង សូហុង ឱ្យដឹងថា បច្ចុប្បន្ន អ្នកស្រីរកប្រាក់ចំណូលបានពី១.០០០រៀល ទៅ ៥.០០០រៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពរួមផ្សំនឹងប្រាក់ឧបត្ថម្ភរៀងរាល់ខែ ក្រោមក្របខណ្ឌបណ្ណសមធម៌របស់រដ្ឋាភិបាល ចំនួន៦២.០០០រៀល ក្នុងមួយខែ។ ទោះជាយ៉ាងណា អ្នកស្រីចាត់ទុកថា ប្រាក់ឧបត្ថម្ភនេះតិចតួចនៅឡើយ មិនទាន់ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននោះទេ។
កម្ពុជាមានប្រជាជនវ័យ ៦០ ឆ្នាំឡើងទៅ ចំនួន ១,៣៨លាននាក់ ឬប្រហែល ៨,៩% នៃចំនួនប្រជាជនសរុប។ នេះបើតាមរបាយការណ៍ជំរឿនឆ្នាំ ២០១៩។ រដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ចំនួនមនុស្សចាស់អាចកើនឡើងដល់ ១,៥លាននាក់ នៅក្នុងឆ្នាំ ២០២៥។ រដ្ឋាភិបាលមិនមានទិន្នន័យថា តើមានមនុស្សចាស់ប៉ុន្មាននាក់ក្នុងចំណោមជាង ១លាននាក់ ជាក្រុមក្រីក្រខ្លាំងឬប្រឈមការលំបាកខ្លាំងឡើយ។
បន្ទាប់ពីរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនរួចមក អ្នកស្រី ឡេង សូហុង បាននាំអ្នកសារព័ត៌មានទៅជួបដូនចាស់ម្នាក់ រស់នៅក្នុងភូមិជាមួយគ្នា ឈ្មោះ សែម ពៅ ដែលមានអាយុ ១០០ឆ្នាំ ហើយកំពុងសិ្ថតក្នុងស្ថានភាពចាស់ទ្រុឌទ្រោម។
អង្គុយនៅក្នុងខ្ទមមួយដែលជញ្ជាំងធ្លុះធ្លាយ ហើយដំបូលក៏រហែក ដូនចាស់សែម ពៅ មិនអាចប្រាស្រ័យទាក់ទង ដោយគ្មានជំនួយពីកូនបានទេ។
អ្នកស្រី សួន ទូច អាយុ ៥០ឆ្នាំ ដែលត្រូវជាកូនរបស់ដូនចាស់ សែម ពៅ បានថ្លែងជំនួសម្ដាយដែលមានបញ្ហាត្រចៀកស្ដាប់មិនសូវឮ។ អ្នកស្រីនិយាយថា៖ «គាត់[ដូនចាស់សែម ពៅ]ថ្ងៃណាគាត់ជា គាត់ទៅ ទៅ។ បើថា ថ្ងៃណាគាត់ឈឺខ្លាំង ក៏អត់បានទៅ ទៅ។ ថ្ងៃណាគាត់អាចដើរបានគាត់ទៅ ទៅ រកលុយទិញថ្នាំទិញអីខ្លួនគាត់»។
អ្នកស្រី សួន ទូច បានឱ្យដឹងថា អ្នកស្រីត្រូវចេញទៅស៊ីឈ្នួលលាងចានដើម្បីយកលុយមកចិញ្ចឹមបងស្រីវ័យ ៦០ឆ្នាំម្នាក់ទៀត ដែលកំពុងមានជំងឺសរសៃប្រសាទ។
ផ្ទុយពីអ្នកស្រី ឡេង សូហុង គ្រួសារអ្នកស្រី សួន ទូច ជាពិសេសដូនចាស់ សែម ពៅ ផ្ទាល់តែម្ដងមិនទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីបណ្ណសមធម៌របស់រដ្ឋាភិបាលនោះទេ ខណៈគ្រួសាររបស់អ្នកស្រីបានស្នើសុំ ប៉ុន្តែមិនទាន់បាននៅឡើយ។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិរបស់អង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) ប្រាប់វីអូអេថា នៅពេលដែលមនុស្សចាស់មានអាយុកាន់តែច្រើន ប្រឈមនឹងបញ្ហាសំខាន់ដូចជាសុខភាព និងអសន្ដិសុខផ្នែកហិរញ្ញវត្ថុ។ លោកមើលឃើញថា ស្ថានភាពមនុស្សចាស់នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលប្រទេសខ្លះមានកម្មវិធីផ្ដល់ប្រាក់សោធនដល់មនុស្សចាស់ ឬកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់មនុស្សចាស់ទូទៅ។
លោកថ្លែងថា៖ «ហ្នឹង[ប្រាក់សោធន]ជាចំណុចមួយដែលរដ្ឋគួរតែគិតគូរ។ ក្នុងនាមយើងនៅក្នុងប្រទេសអាស៊ីដូចនៅតែយើង[កម្ពុជា]ហើយឡាវមួយទេ សូម្បីតែនេប៉ាល់នៅអាស៊ីដែលជាប្រទេសមានស្ថានភាពសេដ្ឋកិច្ចខ្សោយជាងយើងទាំងល្បឿនទាំងអីហ្នឹង ក៏គេមានអស់ហើយ។ អ៊ីចឹងទោះបីជាលុយតិច ឬក៏ច្រើនអាហ្នឹងគឺគាត់អាចមានជាកញ្ចប់លុយតូចមួយក្នុងការប្រើប្រាស់ទៅតាមអ្វីដែលគាត់គិតថា គួរតែធ្វើដោយលុយរបស់ពួកគាត់ផ្ទាល់»។
ចំណែកអ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា ថ្លែងថា មនុស្សវ័យចាស់ទាំងអស់នៅកម្ពុជាគួរទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ និងទទួលបានសេវាថែទាំដើម្បីការពារពួកគាត់កុំឱ្យធ្លាក់ទៅក្នុងស្ថានភាពក្រីក្រខ្លាំង។
អ្នកស្រីថ្លែងថា៖ «ទន្ទឹមនឹងការពង្រីកកិច្ចគាំពារសង្គម យើងមើលឃើញពីតម្រូវការការពង្រឹងកិច្ចគាំពារសង្គមដោយធានាឱ្យបានថា មនុស្សវ័យចាស់ទាំងអស់ទទួលបានសន្ដិសុខប្រាក់ចំណូលគ្រប់គ្រាន់ មានការធានារ៉ាប់រងសុខភាព មានគម្រោងប្រាក់សោធន ទទួលបាននូវសេវាថែទាំរយៈពេលវែង និងគួរទទួលបានអត្ថប្រយោជន៍ដទៃទៀត ដែលការពារពួកគាត់កុំឱ្យធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែជ្រៅជាងនេះទៅទៀត»។
ចំណែកអ្នកស្រី អ៊ូ វណ្ណដា អាយុ ៦៧ឆ្នាំ សមាជិកសមាគមមនុស្សចាស់ប្រចាំខេត្តបាត់ដំបង លើកឡើងថា សហគមន៍មនុស្សចាស់ និងមនុស្សចាស់ដទៃទៀតចង់ឃើញរដ្ឋាភិបាលកម្ពុជាផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ទូទៅដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដោយមិនចាំបាច់កំណត់លក្ខខណ្ឌ។
អ្នកស្រីបន្ថែមថា៖ «មនុស្សចាស់ពួកខ្ញុំ អត់ចង់ឱ្យទាល់តែមានបណ្ណក្រីក្របានពួកគាត់ទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលអ៊ីចឹងទេ។ ពួកមនុស្សចាស់យើងខ្ញុំចង់បានគឺថា ឱ្យតែមនុស្សចាស់គឺរដ្ឋាភិបាលជួយផ្ដល់ជាថវិកាជូនដល់ពួកគាត់»។
គួររំឭកថា កន្លងទៅគណបក្សជំទាស់មួយចំនួនបានដាក់គោលនយោបាយផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់មនុស្សចាស់ទូទៅដែលមានវ័យចាប់ពី ៦០ឆ្នាំ ឬ៦៥ឆ្នាំឡើង ប្រសិនបើពួកគេឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាល។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល បានឱ្យដឹងថា ការផ្តល់ប្រាក់ទៀងទាត់សម្រាប់មនុស្សចាស់ទូទៅមិនទាន់អាចអនុវត្តបានឡើយនៅកម្ពុជា ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលដល់ការបង្កើនថវិកាគាំទ្រមនុស្សចាស់។
លោកបញ្ជាក់ថា៖ «យើងមិនទាន់មានប្រាក់ខែដល់មនុស្សចាស់ទេ ពីព្រោះឥឡូវសេដ្ឋកិច្ចរបស់យើងក៏មានកម្រិត ទោះបីជាមានការរីកចម្រើន មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំយ៉ាងណាក៏ដោយ ក៏យើងមិនទាន់មានលទ្ធភាពទូលំទូលាយដូចបណ្ដាប្រទេសរីកចម្រើនទេ»។
បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់វ័យ ៦០ឆ្នាំឡើងទៅ ដែលពួកគាត់ជាសមាជិកគ្រួសារដែលមានបណ្ណក្រីក្រ។ នេះបើតាមលោកតូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន យុវនីតិសម្បទា។
អ្នកនាំពាក្យក្រសួងសង្គមកិច្ចរូបនេះថ្លែងបន្ថែមថា ជារៀងរាល់ឆ្នាំ ក្រសួងសង្គមកិច្ចមានកញ្ចប់ថវិកាចំណាយទៅលើកម្មវិធីលើកកម្ពស់សេវាគាំពារមនុស្សចាស់ និងអតីតយុទ្ធជន។ សម្រាប់ឆ្នាំ ២០២៤ នេះ ថវិកាក្នុងកម្មវិធីនេះមានទឹកប្រាក់ប្រមាណ ៤.២៤៧លានរៀលស្មើនឹង ១លានដុល្លារអាមរិក ដែលនឹងប្រើសម្រាប់ចំណាយទៅលើសកម្មភាពមួយចំនួន ដើម្បីគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពមនុស្សចាស់ និងអតីតយុទ្ធជន ដែលមានដូចជារៀបចំកម្មវិធីទិវាមនុស្សចាស់ ទិវាអតីតយុទ្ធជន និងសម្រាប់ការចុះអង្កេត និងពង្រឹងសមាគមមនុស្សចាស់ដែលរដ្ឋាភិបាលបានបង្កើតរួច និងសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលជំនាញថែទាំមនុស្សចាស់ដល់មន្ត្រីជំនាញទទួលបន្ទុក។
ទោះជាយ៉ាងណាក្តី ថវិកានេះត្រូវបានអ្នកតាមដានមើលឃើញថា នៅមានចំនួនតិចតួចស្តួចស្តើងនៅឡើយ។
បើតាមគោលនយោបាយជាតិស្ដីពីមនុស្សចាស់ ឆ្នាំ ២០១៧-២០៣០ របស់រដ្ឋាភិបាលកម្ពុជា ការគាំពារមនុស្សចាស់និងចាស់ជរា គឺធ្វើឡើងតាមរយៈគ្រួសារដែលមានបណ្ណសមធម៌។ តាមរយៈកម្មវិធីជាតិជំនួយសង្គមសម្រាប់កញ្ចប់គ្រួសារ គ្រួសារដែលមានបណ្ណសមធម៌អាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨.០០០រៀល ក្នុងមួយខែ សម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងទទួលបានការពិនិត្យព្យាបាលតាមមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃជាដើម។
ប៉ុន្តែមនុស្សចាស់ ដែលមានជីវភាពក្រីក្រចង់បានបណ្ណសមធម៌ដើម្បីមានឱកាសទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋ និងទទួលបានអត្ថប្រយោជន៍ផ្នែកសេវាសុខភាព។
អ្នកស្រី អេង នួន អាយុ ៦៧ឆ្នាំ ដែលប្រកបរបរថ្លឹងគីឡូនៅរាជធានីភ្នំពេញ ថ្លែងថា កន្លងមកគ្រួសារអ្នកស្រីក៏ធ្លាប់ស្នើសុំបណ្ណសមធម៌ច្រើនដងពីភូមិ-ឃុំដែរ ប៉ុន្ដែមិនដែលទទួលបានឡើយ។
អ្នកស្រីដែលជាពលរដ្ឋមកពីខេត្តព្រៃវែងបញ្ជាក់ថា៖ «ចង់បានអាហ្នឹង[បណ្ណសមធម៌] ដើម្បី[ពេល]យើងឈឺថ្កាត់ យើងទៅពេទ្យ ហើយដល់ពេលយើងគ្មានអីសោះអ៊ីចឹង យើងដូចថា មានបណ្ណហ្នឹង ទៅពេទ្យវាមិនសូវអស់លុយ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លើកឡើងថា កន្លងទៅធ្លាប់មានការលើកឡើងពីភាពមិនប្រក្រតីមួយចំនួនទាក់ទងការស្នើសុំនិងទទួលបានបណ្ណសមធម៌ ដោយសារការរើសអើងផ្នែកសង្គម និងនយោបាយ។ លោកជំរុញឱ្យរដ្ឋាភិបាលគួរតែបន្តតាមដានពិនិត្យលើករណីនេះ ដើម្បីធានាថា ការផ្ដល់បណ្ណក្រីក្របានទៅដល់ប្រជាជនក្រីក្រពិតប្រាកដ។
លោក ប៉ិច ពិសី ថ្លែងថា៖ «បញ្ហាដែលមានភាពមិនស្មើគ្នា សមធម៌ក្នុងការផ្ដល់បណ្ណគឺមានការថមថយជាកម្រិតអប្បបរមាដែរហើយបាទ អ៊ីចឹងជាដំណើរមួយល្អ ប៉ុន្ដែគួរតែមានការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថា ពលរដ្ឋដែលត្រូវការពិតប្រាកដ ពលរដ្ឋដែលក្រពិតប្រាកដហ្នឹងទើបជាក្រុមដែលគួរទទួលបានបណ្ណ»។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច ផ្តល់ការពន្យល់បន្ថែមថា ចំពោះករណីដែលមនុស្សចាស់ក្នុងគ្រួសារក្រីក្រស្នើសុំបណ្ណសមធម៌ហើយមិនទទួលបាន ក្រសួងនិងស្ថាប័នពាក់ព័ន្ធនឹងពិនិត្យមើលការស្នើសុំរបស់ពួកគេ ប្រសិនបើគ្រួសាររបស់ពួកគេពិតជាក្រីក្រពិតមែន។ លោកបន្ថែមថា អាជ្ញាធរអាចផ្តល់បណ្ណសមធម៌សម្រាប់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជាប់លាប់តែប៉ុណ្ណោះ។
លោក តូច ចាន់នី ថ្លែងថា៖ «ខ្ញុំគិតថា រឿងស្នើសុំនេះស្ថាប័នមិនបិទច្រកហ្នឹងទេ បើសិនគាត់ក្រីក្រពិតប្រាកដមែន។ បើសិនគាត់នៅសេសសល់មិនទាន់បានចុះឈ្មោះ មិនទាន់បានទទួលបណ្ណ យើងនឹងធ្វើបណ្ណក្រីក្រជូនគាត់ ដោយសារកន្លងទៅ មិនមែនថា យើងមិនធ្វើឱ្យគាត់ទេ។ យើងព្យាយាមធ្វើឱ្យគាត់។ ពេលខ្លះគាត់ដូរទីលំនៅ។ គាត់អត់មានអាស័យដ្ឋានពិតប្រាកដ។ គាត់អត់មានបណ្ណស្នាក់នៅ អត់មានបណ្ណគ្រួសារបញ្ហា។ កន្លងមកវាអ៊ីចឹង»។
ខណៈមិនមានបណ្ណសមធម៌ដូចមនុស្សចាស់ដទៃទៀត អ្នកស្រី អេង នួន ដែលជាអ្នកប្រកបរបរថ្លឹងគីឡូនៅរាជធានីភ្នំពេញ លើកឡើងថា បច្ចុប្បន្ននេះ អ្នកស្រីស្នាក់នៅបន្ទប់ជួលជាមួយមនុស្សចាស់ ៤នាក់ទៀត ដែលមកពីខេត្តផ្សេងគ្នា ដែលខំប្រឹងរកប្រាក់ដើម្បីទិញម្ហូបអាហារ និងព្យាបាលជំងឺផ្សេងៗ។
អ្នកស្រីបញ្ជាក់ថា៖ «ណាមួយ យើងវាគ្មាន ក្រ។នៅស្រុកមិនដឹងរកស៊ីអី។ យើងចាស់ហើយ មានតែមកហ្នឹង [ភ្នំពេញ]ចេះតែដើរទៅបានតិចតួចគ្រាន់បានទិញអីហូប។ ពេលឈឺពេលគ្រុនរងារមានលុយខ្លួនឯង[វា] ស្រណុកទិញថ្នាំទិញអីលេប។ កូនក៏វាពិបាកដែរ»៕
វេទិកាបញ្ចេញមតិ