គណនីហ្វេសប៊ុកឈ្មោះ The Kanitha Show ដែលគេច្រើនស្គាល់ថា ជាកម្មវិធីបង្ហាញពីបញ្ហានានាដែលកើតមានក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀតតាមបណ្តាញសង្គម បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈទៅកាន់លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយទទួលកំហុស ក្រោយការរិះគន់កម្មវិធី Gumball 3000 ដែលបានធ្វើពិធីធំមួយនៅមុខប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជានាពេលថ្មីៗនេះ។
ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ និងបានកៀរគរថវិកាពីសប្បុរសជនប្រមាណ៣០ម៉ឺន ទៅ ៤០ម៉ឺនដុល្លារ ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។ ក្រោយការបិទបញ្ចប់កម្មវិធី Gumball 3000 រួចមក ម្ចាស់គណនី The Kanitha Show បានបង្ហាញការមិនគាំទ្រចំពោះការយកប្រាសាទអង្គរវត្តធ្វើជាឆាកសម្រាប់បង្ហាញអំពីរថយន្តទំនើបផ្សេងៗ ក្នុងកម្មវិធី Gumball 3000 នៅកម្ពុជា ដោយចាត់ទុកថា ទង្វើនោះជាការមិនគោរពបុព្វបុរសខ្មែរ មិនគប្បីទៅនឹងទំនៀមទម្លាប់របស់ខ្មែរ និងតម្លៃរបស់អប្សរាស្រីសួគ៌ ព្រមទាំងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រផងដែរ។
ទោះជាយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ម្ចាស់គណនី The Kanitha Show រូបនោះក៏បានចេញឃ្លីបវីដេអូសុំទោស លោកហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតជាសាធារណៈ និងទទួលកំហុសចំពោះការនិយាយរិះគន់ទៅលើកម្មវិធី Gumball 3000។ នាងនិយាយ ដូច្នេះថា៖«ក្នុងពេលថ្មីៗនេះគឺបងប្អូនបានដឹងស្រាប់ហើយជាមួយព្រឹត្តិការណ៍ Gumball 3000 ជាមួយការបញ្ចេញមតិខ្លះរបស់នាងខ្ញុំ ទៅលើរឿងហ្នឹង។ រឿងនេះ គឺខ្ញុំបានសាងកំហុស។ តាមពិតទៅព្រឹត្តិការណ៍ Gumball 3000 នេះ គឺរដ្ឋាភិបាលយើងគឺជាអ្នករៀបចំឡើងមក ក្នុងគោលបំណងដើម្បីអូសទាញភ្លៀវទេសចរទូទាំងពិភពលោកឱ្យគេមកទស្សនា នៅកម្ពុជាយើង។ នៅពេលនេះ ខ្ញុំក៏ចង់ធ្វើការសុំទោសទៅកាន់លោកអ៊ុំ សម្តេចពុក និងសម្តេចធិបតីហ៊ុន ម៉ាណែត ផងដែរ សូមអធ្យាស្រ័យឱ្យខ្ញុំផង។ ខ្ញុំគឺបានដឹងកំហុសហើយ»។
គេនៅតែមិនទាន់ដឹងនៅឡើយទេថា តើអាចមានអ្វីនៅពីក្រោយនៃការចេញឃ្លីបសុំទោសជាសាធារណៈរបស់ម្ចាស់គណនី The Kanitha Show នេះ។ ប៉ុន្តែម្ចាស់គណនី The Kanitha Show បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូថា ការណ៍ដែលខ្លួនលុបឃ្លីបវីដេអូដែលនិយាយរិះគន់កម្ពុជាកន្លងមក គឺដោយសារតែខ្លួនបានដឹងកំហុស។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីម្ចាស់គណនី The Kanitha Show បាននៅឡើយទេ។ ទោះយ៉ាងណា ការរិះគន់កម្មវិធី Gumball 3000 នៅលើគណនី The Kanitha Show បានទទួលរងទាំងការរិះគន់ និងការកោតសរសើរពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ការយករថយន្តស្ព័រទំនើបៗទៅប្រមូលផ្តុំមុខប្រាសាទអង្គរវត្ត បានក្លាយជាចំណុចរសើបនៅក្នុងកម្មវិធី Gumball 3000 នោះ។
ក្រោយការចេញឃ្លីបសុំទោសពីម្ចាស់គណនី The Kanitha Show រួចមក លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រនេះ បានសរសេរសារជាអក្សរនៅលើហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំសូមអរគុណប្អូនស្រីដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់ប្អូនក៏ដោយ»។
លោកហ៊ុន ម៉ាណែត បញ្ជាក់ថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឱ្យ ពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរ ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតាបានកសាង។ ក្រៅពីនោះក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋក្នុងការថែទាំ និងព្យាបាលសុខភាព។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បញ្ជាក់ថា ការរៀបចំកម្មវិធី Gumball 3000 មិនបានបន្ទាបតម្លៃបុព្វបុរសខ្មែរទេ។
លោកថ្លែងថា៖ «គ្មានពីណាមានចិត្តមាក់ងាយបុព្វបុរសរបស់យើងនោះទេ ហើយបងប្អូនដែលបញ្ចេញមតិកង្វល់ការរៀបចំលើសលោះ ជាទស្សនៈរបស់គាត់ ព្រោះគាត់កង្វល់ថា ធ្វើអ៊ីចឹងមិនសមរម្យ។ បញ្ចេញមតិទៅ! ហើយមិនចាំបាច់តតាំងគ្នាទៅវិញទៅមក…ទៅជារឿងផ្សេង ដែលថា Gumball 3000 មានតែពីរថ្ងៃទេ តែនៅកម្ពុជា រឿង២ អាទិត្យក្រោយមិនទាន់ចប់»។
លោកបន្ថែមថា ការបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធី Gumball 3000 វាមិនមែនជាបញ្ហាទេ ប៉ុន្តែលោកថា គួរតែឱ្យតម្លៃទៅលើអ្នករៀបចំកម្មវិធី ជាជាងការតតាំងគ្នារិះគន់ដែលអាចឈានដល់ការឡើងកម្តៅខ្លាំងលើសពីការចាំបាច់។
លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ «យើងគិតណាស់ មិនមែនអ្នករៀបហ្នឹងមិនគិតពីតម្លៃទេ ហើយឡាន ហាមមិនឱ្យចូលទៅក្នុងតំបន់អង្គរ៤០០គីឡូម៉ែត្រការ៉េ និងហាមមិនឱ្យរោទ៍ម៉ាស៊ីន ហ៊ានតែរោទ៍ដេញចេញ។ គេគោរព! អ៊ីចឹងខ្ញុំមិនកាន់ជើងទេ តែត្រូវឱ្យតម្លៃនៃការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធ…ធ្វើដើម្បីបុព្វហេតុលើកស្ទួយកម្ពុជាយើងទេ មិនមានគំនិតអាក្រក់នោះទេ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពី តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បាននៅឡើយទេ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ថា ការចេញមុខសុំទោសជាសាធារណៈរបស់ The Kanitha Show ហាក់បីដូចជាមានការសង្ស័យច្រើន។ លោកថា អាចនឹងមានអ្វីនៅពីក្រោយការសុំទោសនោះ។
លោកថា ឃ្លីបវីដេអូមុនៗរបស់ The Kanitha Show បានលើកឡើងពីចំណុចខ្វះខាតច្រើនរបស់រដ្ឋាភិបាលក៏ពិតមែន តែលោកថា រាល់មតិទាំងនោះមិនមានបំណងអាក្រក់ ក្រៅពីចង់ជួយស្ថាបនាប្រទេសនោះទេ ហើយក៏មិនប្រឆាំងនឹងរដ្ឋាភិបាលដែរ។
លោកបញ្ជាក់ថា៖ «យើងគិតថា មតិអ្វីៗដែលគាត់លើកឡើងហ្នឹងមានបំណងល្អក្នុងការជួយកម្ពុជាយើងទេ មិនមែនជាទស្សនៈប្រឆាំងទៅនឹង រដ្ឋាភិបាលទេ។ អ្វីដែលគាត់បានសុំទោស ដូចខ្ញុំបានបញ្ជាក់ហើយ យើងមិនដឹង អ្វីដែលនៅពីខាងក្រោយហ្នឹង ឬមានអ្វីដែលកើតចំពោះគាត់ យើងក៏មិនដឹងដែរ»។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវទទួលយកគ្រប់សំឡេងទាំងអស់ដើម្បីពិចារណារកដំណោះស្រាយដែលល្អមួយ ជាជាងដាក់បន្ទុកលើការបញ្ចេញមតិ។
ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ Gumball 3000 ដែលមានរថយន្តទំនើបៗប្រមាណ ១៣០ ទៅ ១៥០ គ្រឿងពីបណ្ដាប្រទេសជាង ៤០ ចម្រុះជាតិសាសន៍ផ្សេងៗគ្នាមកចូលរួម។ កម្មវិធីនេះមានការចូលដោយសេរី និងមានការបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមចំពោះមហាជន កម្រិតពិភពលោក ដែលប្រារព្ធឡើងសម្រាប់អបអរសាទរលើភាពប្រណិតៗ ភាពប្លែកៗរបស់រថយន្តមានតម្លៃខ្ពស់ៗ ហើយកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩៕
វេទិកាបញ្ចេញមតិ