អ្នកឃ្លាំមើលសង្គមជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ និងបញ្ឈប់ការផ្សាយពាណិជ្ជកម្មស្រាបៀរបែបទាក់ទាញជាបន្ទាន់ ដោយសារជារូបភាពអវិជ្ជមានក្នុងសង្គម និងធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ។
ថ្មីៗនេះ ក្រុមហ៊ុនគ្រឿងស្រវឹងជាច្រើនកំពុងប្រកួតប្រជែងក្នុងការផ្សព្វផ្សាយរង្វាន់ក្នុងក្រវិលកំប៉ុងស្រាបៀរដែលមានភាពទាក់ទាញ ដូចជាការផ្តល់រង្វាន់ជាទឹកប្រាក់ប្រចាំខែ និងរង្វាន់ផ្សេងៗទៀតកាន់តែផុសផុល ជាពិសេសអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់។
នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ API លោក ឡាំ សុជាតិ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា យុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនផលិត និងចែកចាយគ្រឿងស្រវឹង ដោយដាក់រង្វាន់ក្នុងក្រវិលកំប៉ុងបែបនេះ គឺជាវិធីសាស្ត្រទាក់ទាញមិនល្អ និងបានជំរុញទឹកចិត្តប្រជាពលរដ្ឋឱ្យផឹកគ្រឿងស្រវឹងកាន់តែច្រើន។
លោកថា រដ្ឋាភិបាលប្រមូលចំណូលពន្ធពីផលិតផលគ្រឿងស្រវឹងបានតិចតួច ប៉ុន្តែគ្រឿងស្រវឹងបែរជាធ្វើឱ្យខាតបង់សេដ្ឋកិច្ច និងប៉ះពាល់សុខភាពសាធារណៈធ្ងន់ធ្ងរទៅវិញ។
លោកស្នើឱ្យរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ «គ្រប់គ្រងគ្រឿងស្រវឹង» និងហាមឃាត់កុំឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹង ដោយភ្ជាប់រង្វាន់ក្នុងក្រវិលកំប៉ុងបែបនេះ។
លោកប្រាប់វីអូអេថា៖ «រដ្ឋាភិបាលគួរមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជាឱ្យបានជាការប្រញាប់ រួមទាំងការគ្រប់គ្រងការផ្សព្វផ្សាយរង្វាន់គ្រប់រូបភាពត្រូវតែឃាត់។ ហើយមានច្បាប់ វាចំណេញដល់ថវិការដ្ឋលើការចំណាយលើវិស័យសុខាភិបាលដើម្បីព្យាបាលជំងឺអ្នកប្រើប្រាស់គ្រឿងស្រវឹង ឬក៏ចំណាយលើគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកប្រើប្រាស់គ្រឿងស្រវឹង»។
បើតាមលោក ឡាំ សុជាតិ នៅពេលដែលប្រជាពលរដ្ឋផឹកគ្រឿងស្រវឹងច្រើន នោះនឹងប៉ះពាល់សុខភាព បណ្តាលឱ្យមានជំងឺឈឺថ្កាត់ និងមិនអាចអភិវឌ្ឍប្រទេសជាតិឱ្យជឿនលឿនដូចប្រទេសជិតខាងបាន។
កាលពីខែមករា ឆ្នាំ ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតជូនដំណឹងមួយច្បាប់ដល់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតនាំចូល ចែកចាយ ផលិតផលគ្រឿងស្រវឹង ឱ្យយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
លិខិតនោះ «ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក»។
រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានក្រើនរំឭកអំពីផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់នេះ និងហាមប្រើរូបភាពដើម្បីអូសទាញឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹង និងធ្វើឱ្យប៉ះពាល់អនាគតយុវជនកម្ពុជា ដែលជាទំពាងស្នងឫស្សី។
កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងព័ត៌មានក៏បានចេញប្រកាសស្តីពី «ការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ផ.ស» ដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងដោយសុចរិត។
ប៉ុន្តែអ្នកតាមដាននៅតែមើលឃើញថា លិខិតជូនដំណឹង និងប្រកាសរបស់ក្រសួងព័ត៌មានមិនទាន់មានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងនៅឡើយ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា កត់សម្គាល់ថា មួយរយៈពេលនេះ នៅលើបណ្តាញសង្គមនានា មានការផ្សព្វផ្សាយរង្វាន់ក្នុងក្រវិលកំប៉ុង ដូចជាផ្តល់ប្រាក់ប្រចាំខែជាដើម ដែលជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន។
បើតាមលោក សន ជ័យ មូលហេតុដែលការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់មានប្រសិទ្ធភាព គឺដោយសារកម្ពុជាខ្វះច្បាប់ដើម្បីគ្រប់គ្រង និងមិនទាន់រៀបចំគោលនយោបាយ ដូច្នេះលោកថា ចំណុចនេះជារឿងសំខាន់ដែលរដ្ឋគួរតែគិតគូរ។
លោកថា ភាគីពាក់ព័ន្ធ និងក្រុមហ៊ុនផលិត ចែកចាយ ផលិតផលគ្រឿងស្រវឹង ក៏គួរគិតគូរអំពីសីលធម៌នៃការផ្សព្វផ្សាយគ្រឿងស្រវឹងដែលជាគុណតម្លៃមួយក្នុងការដោះស្រាយបញ្ហានេះ។
ចំណែកប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចង់ឃើញរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបែបទាក់ទាញជាបន្ទាន់។ លោកថា វាជារូបភាពអវិជ្ជមានក្នុងសង្គម និងប៉ះពាល់សុខភាពសាធារណៈយ៉ាងខ្លាំង។
លោកក៏ជំរុញឱ្យរដ្ឋាភិបាល អនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងឱ្យឆាប់ចេញជារូបរាង និងត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ និងសុវត្ថិភាពពលរដ្ឋជាចម្បង។
លោកថ្លែងថា៖ «ខ្ញុំចង់ឃើញរដ្ឋាភិបាលពន្លឿនច្បាប់ស្តីពីគ្រឿងស្រវឹង ការអនុម័តច្បាប់ស្តីពីគ្រឿងស្រវឹង ហើយជាមួយគ្នានោះ ក៏ត្រូវតែដំឡើងពន្ធលើបញ្ហាគ្រឿងស្រវឹង ហើយហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ហើយយើងអាចអនុញ្ញាតឱ្យត្រឹមការផ្សាយម៉ាកបានហើយ។ ហើយបើពុំនោះទេ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផលប៉ះពាល់ទៅដល់យុវជនជាដើម គឺវាកើតមានច្រើន»។
សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងត្រូវបានព្រាងតាំងពីឆ្នាំ ២០១៥ ដោយមានចែងមិនអនុញ្ញាតឱ្យយុវជនអាយុក្រោម ២១ឆ្នាំប្រើប្រាស់គ្រឿងស្រវឹង ហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងការរឹតបន្តឹងការលក់គ្រឿងស្រវឹងពេលយប់ជាដើម។
ក្រុមហ៊ុនផលិត ចែកចាយផលិតផលគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា ភាគច្រើនដាក់រង្វាន់ក្នុងក្រវិលកំប៉ុងស្រាបៀរដើម្បីប្រកួតប្រជែងទីផ្សារ។ ក្នុងនោះ ក្រុមហ៊ុនផលិតស្រាបៀរហនុមានដែលមានលោកស្រី ខៀវ សស៊ីលៀប ជាស្ថាបនិកា បានផ្សព្វផ្សាយដោយដាក់រង្វាន់ក្នុងក្រវិលកំប៉ុងជាលុយចំនួន ៣០០ដុល្លារអាមេរិកប្រចាំខែ រយៈពេល៣ឆ្នាំពេញ និងឈ្នះប្រាក់ចំនួន ៣០.០០០ដុល្លារអាមេរិក។
ក្រៅពីនេះ ក្រុមហ៊ុន Cambodia Beer របស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុនខ្មែរប៊ែវើរីជីស និងក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរីរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងអ្នកឧកញ៉ា ឈុន លាងដែលផលិតស្រាបៀរគ្រុឌ និងវឌ្ឍនៈ និងក្រុមហ៊ុនស្រាបៀរABC ក្រុមហ៊ុន Genzberg Beer និងស្រាបៀរAnchor ជាដើម សុទ្ធតែដាក់រង្វាន់ក្នុងក្រវិលកំប៉ុងស្រាបៀរដូចជារថយន្ត ម៉ូតូ នាឡិកា និងលុយ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីក្រុមហ៊ុនផលិត និងចែកចាយផលិតផលគ្រឿងស្រវឹងទាំងនោះ បាននៅឡើយទេ។
ក្រុមហ៊ុនគ្រឿងស្រវឹងដែលចំណាយទឹកប្រាក់រាប់លានដុល្លារលើយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ខ្លួន ភាគច្រើនគ្រប់គ្រងដោយក្រុមឧកញ៉ាដ៏មានឥទ្ធិពលនៅកម្ពុជា។ ហើយក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកនាំចូលផលិតផលគ្រឿងស្រវឹងធំៗ មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយគណបក្សកាន់អំណាច តាមរយៈការកាន់កាប់ភាគហ៊ុន និងទំនាក់ទំនងដ៏មានឥទ្ធិពលនៅជួររដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិអាស៊ី។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា ក្រសួងព័ត៌មាន និងក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កំពុងតាមដានការអនុវត្តសារាចរ សេចក្តីណែនាំ និងប្រកាសដែលបានដាក់ចេញកន្លងមក។ លោកថា ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព ទាមទារឱ្យភាគីពាក់ព័ន្ធ រួមទាំងម្ចាស់គ្រឹះស្ថានផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនផលិត ចែកចាយផលិតផលគ្រឿងស្រវឹង ចូលរួមអនុវត្តដោយស្មើភាព និងតម្លាភាព។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបន្ថែមថា ប្រសិនបើក្រុមហ៊ុន ឬម្ចាស់អាជីវកម្មក្នុងវិស័យនេះមិនអនុវត្តតាម នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
លោកថ្លែងថា៖ «រាល់សកម្មភាពដែលមិនអនុលោមតាមគោលការណ៍ណែនាំ និងវិធានដែលត្រូវបានដាក់ចេញដោយក្រសួងព័ត៌មាន និងតាមរយៈអន្តរក្រសួងទាំងនេះ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន»។
ទោះយ៉ាងណា លោកមិនបានប្រាប់ថា តើការទទួលខុសត្រូវផ្លូវច្បាប់នោះជាការទទួលខុសត្រូវបែបណាឡើយ។
ការប្រើប្រាស់គ្រឿងស្រវឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមកម្ពុជា និងបណ្តាលឱ្យមានជំងឺធំៗជាង ៦០ ប្រភេទ ក្នុងនោះរួមមានជំងឺសរសៃឈាមបេះដូង ក្រិនថ្លើម ថ្លើម មហារីក និងជំងឺកាមរោគ រួមទាំងមេរោគអេដស៍/ជំងឺអេដស៍ និងការស្លាប់ និងរបួសដោយអចេតនាជាច្រើនករណី ជាពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់មូលនិធិអាស៊ីស្តីពី«ឧស្សាហកម្មគ្រឿងស្រវឹងកម្ពុជា» ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០១៦។
ចំណែករបាយការណ៍ស៊ីជម្រៅស្តីពី«គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា» របស់អង្គការ UNDP ប្រចាំកម្ពុជា ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០២១ បង្ហាញថា នៅកម្ពុជាមានអ្នករងរបួសជិត ១៣.៧០០ នាក់ និងជាង ២០០០ នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៩។ ក្នុងនោះ ការប្រើប្រាស់គ្រឿងស្រវឹងគឺជាមូលហេតុធំមួយក្នុងចំណោមមូលហេតុបួនធំៗដែលទាក់ទងនឹងការបាត់បង់អាយុជីវិត៕
វេទិកាបញ្ចេញមតិ