ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​គុណភាព​សំណង់​សាធារណៈ ក្រោយ​ផ្លូវ​មួយ​ខ្សែ​បាក់ស្រុត​ក្នុង​ខណ្ឌ​មានជ័យ


ផ្លូវដែលបាក់ស្រុតក្នុងខណ្ឌមានជ័យកាលពីថ្ងៃចន្ទ។ រូបភាពថតនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
ផ្លូវដែលបាក់ស្រុតក្នុងខណ្ឌមានជ័យកាលពីថ្ងៃចន្ទ។ រូបភាពថតនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

បន្ទាប់​ពីមាន​ការ​បាក់ស្រុត​ផ្លូវ​មួយខ្សែ​ក្នុង​ខណ្ឌមានជ័យ ​អាជ្ញាធរ​បាន​រួសរាន់​ចុះ​ជួសជុល​ផ្លូវ​នោះ​ភ្លាមៗ​ ខណៈ​ប្រជា​ពលរដ្ឋ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គិត​គូរ​ពីគុណភាព​សំណង់ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។​

កាល​ពី​ថ្ងៃ​ចន្ទ ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ ១៤៧ ​ម៉ែត្រ ​ដែល​ជាប់​ប្រឡាយ​ទឹក​ចាស់​មួយ​ បាន​បាក់ស្រុត​ ក្រោយ​មាន​ការ​សា្តរ​ប្រឡាយ​ក្នុង​រដូវ​វស្សា​នេះ។​ ពលរដ្ឋ​មួយ​ចំនួន​ដែល​វីអូអ​បាន​សម្ភាស​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ការ​បាក់​ស្រុត​ផ្លូវ​នោះអាច​បណ្តាល​មក​ពីការ​កាយ​យក​ដី​ភក់​ចេញ​ពី​ប្រឡាយ​នោះជម្រៅ​ជ្រៅ ដើម្បី​ទប់​ទល់​នឹង​ការ​ធ្លាក់​ភ្លៀង​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗគ្នា​ចុង​ក្រោយ​នេះ។​

អ្នក​ស្រី ស៊ុន សុខឃីម ​អាយុ ​៣៩ ​ឆ្នាំ​ ម្ចាស់​ហាង​បោកអ៊ុត​នៅ​ភូមិ​ភ្នាត​ សង្កាត់​ស្ទឹង​មានជ័យ​២​ ទី​ដែល​មាន​ការ​បាក់​ស្រុត​ផ្លូវ​បេតុង​នោះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ផ្លូវ​នោះ​មាន​សភាព​ប្រេះ​ ៣​ទៅ​៤​ថ្ងៃ​មុន​ពេល​បាក់​ស្រុត​ ប៉ុន្តែ​អាជ្ញាធរ​មិន​បានចុះ​មក​មើល​ទេ ​បើ​ទោះបី​ពលរដ្ឋ​រាយ​ការណ៍​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​លើ​ផ្លូវ​នោះ​ទៅអាជ្ញាធរ​ក៏​ដោយ។ ​អ្នកស្រី​ស្នើឱ្យ​អាជ្ញាធរ​ពន្លឿនការ​ធ្វើ​ផ្លូវ​ដែល​បាក់​ស្រុត​នោះឱ្យ​បាន​ឆាប់​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រក​ស៊ី​ប្រចាំ​ថ្ងៃ។​

អ្នកស្រី​ថ្លែង​ថា៖​ «បើ​សិន​ជា​អាច​ឃើញ​ស្នាម​ប្រេះ​អី​កន្លែង​ណា​មួយ​ ចង់​សុំ​ឱ្យ​គាត់​រហ័ស​រហួន​មក​ត្រួត​ពិនិត្យ​ផង​ ព្រោះ​ខាង​នេះ​ប្រេះ​ឡើង​បី ឬ​បួន​ថ្ងៃ​ហើយ ​មាន​អ្នក​ខល​ទៅ​អាជ្ញាធរ​ដែរ​ តែ​អត់​ឃើញ​មក​ទេ ​រហូត​បាក់។ ​បាក់​ហើយ​ សុំ​សំណូមពរ​តែ​ម៉្យាង​ទេ​ សុំ​ធ្វើ​ម៉េច​ឱ្យ​គាត់​ជួយ​ពន្លឿន​ ដោយ​សារ​យើង​រក​ស៊ី​ យើង​នៅ​ផ្ទះ​ជួល​អត់​ស្រួល​ទេ​ ពិបាក។ ​ប៉ះពាល់​ខ្លាំង​ដែរ​ សម្រាប់​ខ្ញុំ​នៅ​ផ្ទះ​ជួល។​ ខ្ញុំ​បើក​បោក​អ៊ុត​ ដល់​ពេល​បាក់​អ៊ីចឹង​គឺ​បាត់​ហើយ​ភ្ញៀវ។ ​គាត់​ពិបាក​នឹង​ទៅ​មក​ ប៉ះពាល់​ខ្លាំង​ដែរ ​មិន​ដឹង​ថា ​ពេល​ណា​គាត់​ធ្វើ​ហើយ​បាន​ដូច​ដើម​វិញ»។​

បើ​តាម​ម្ចាស់​ហាង​បោកអ៊ុត​រូប​នេះ​ មូលហេតុ​នៃ​ការ​បាក់​ស្រុត​ផ្លូវ​នេះ​ទំនង​មក​ពី​ការ​កាយ​យក​ដី​ភក់​ចេញ​ពី​ប្រឡាយ​ច្រើន​ពេក។​

កម្មករកំពុងតែជួសជុសផ្លូវដែលបាក់ស្រុត នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
កម្មករកំពុងតែជួសជុសផ្លូវដែលបាក់ស្រុត នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

ពលរដ្ឋ​ម្នាក់​ទៀត​ គឺ​អ្នកស្រី ​រ័ត្ន ស្រីម៉ៅ ​អាយុ ​៤៩ ​ឆ្នាំ ​រស់នៅ​ទីតាំង​នោះ​ដែរ​ ប្រាប់​វីអូអេ​ថា ​អ្នក​ស្រី​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​នាពេល​ខាង​មុខ បើ​ទោះ​បី​ភាគី​អាជ្ញាធរ​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ និង​ណែ​នាំ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ក្រោយ​មាន​ការ​បាក់​ស្រុត​ផ្លូវ​ភ្លាមៗ​ក៏​ដោយ។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ព្រួយ! ​ព្រួយ​បង!​ ព្រួយ!​ ខ្លាច​វា​មក​ទាំង​អស់។ ​ខ្លាច​វា​រញ្ជួយ​ទាំង​អស់​គ្នា។ ​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ ​រឿង​ដី​ស្រុត»។​

ចំណែក​លោក​ សុខ ខុន ​ដែល​រស់​ក្បែរ​ទីតាំង​ដែល​មាន​ហេតុការណ៍​បាក់​ស្រុត​ផ្លូវ​នោះ​ បាន​ឱ្យ​ដឹង​ដែរ​ថា ​កន្លង​ទៅ​ក៏​ធ្លាប់​មាន​ការ​បាក់​ស្រុត​ដែរ​ តែ​តិចតួច​មិន​ខ្លាំង​ដូច​លើក​នេះ​ទេ។ ​លោក​ថា ​មូលហេតុ​នៃ​ការ​បាក់​ស្រុត​ផ្លូវ​នេះ​អាច​បណ្តាល​មក​ពី​ការ​ជីកប្រឡាយ​ជ្រៅ​ពេក​ ខណៈ​ចំណុចដែល​បាក់ស្រុត​នោះ​មាន​សភាព​ស្រុត​ខ្លាំង។​

លោក​ថ្លែង​ថា៖ ​«ស្រុត​កន្លែង​ដដែរៗ​ហ្នឹង ​ទាល់​តែ​គេ​សៀត​ថ្ម​កៀនៗ​ហ្នឹង​ទៀត​បាន​លែង​បាក់។​ តែ​អានេះ​មក​ពី​គេ​ជីក​ប្រឡាយ​ច្រើន​ពេក»។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាងត្នោត​ លោក​ ស៊ាង មួយឡៃ ​យល់​ថា​ រដ្ឋាភិបាល​គួរតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​គណនេយ្យ​ភាព​ និង​តម្លាភាព​ លើ​ការ​ប្រើ​ប្រាស់​ថិវកា​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជូន​ប្រជា​ពលរដ្ឋ ​ដើម្បី​បញ្ចៀស​ឧប្បតិ្តហេតុ​បាក់​ស្រុត​ផ្លូវ ដែល​បាន​កើត​ឡើង​នាពេល​ថ្មីៗ​នេះ​ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី ២ ​នោះ។​

លោក​ថ្លែង​ថា៖​ «ពាក់ព័ន្ធ​ជា​មួយ​នឹង​ករណី​តម្លាភាព​ គណនេយ្យ​ភាព​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​សាង​សង់​ផ្លូវ​អី​នេះ ​ ខ្ញុំ​គិត​ថា ​វា​ជា​ផ្នែក​មួយ​សំខាន់​ដែរ​ នៅ​ក្នុង​ដំណើរការ​នៃ​អភិបាល​កិច្ច​ ព្រោះ​បើ​ខ្វះ​ធាតុ​ផ្សំ​ណា​មួយ​ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​គាត់​បាត់បង់​នូវ​ទំនុក​ចិត្ត​ ហើយ​បង្កើត​ឱ្យ​មាន​ការ​រិះគន់​ព្រោះ​ ប្រជា​ពលរដ្ឋ​គាត់​ជា​អ្នក​ខាត​ តាម​រយៈ​ការ​ប្រើប្រាស់​នៃ​ថវិកា​របស់​ពួកគាត់​ ថវិកា​ជាតិ​ហ្នឹង»។​

ផ្លូវដែលបាក់ស្រុតក្នុងខណ្ឌមានជ័យកាលពីថ្ងៃចន្ទ។ រូបភាពថតនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
ផ្លូវដែលបាក់ស្រុតក្នុងខណ្ឌមានជ័យកាលពីថ្ងៃចន្ទ។ រូបភាពថតនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

បើ​តាម​លោក​ ស៊ាង មួយឡៃ​ ករណី​បាក់​ស្រុត​ផ្លូវ​ដែល​បាន​កើត​ឡើង​នៅ​ពេល​ថ្មីៗ​នេះ​អាច​ជា​មេរៀន​ សម្រាប់​អ្នក​ពាក់ព័ន្ធ​ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ឈ្វេង​យល់​ពី​បច្ចេក​ទេស​នៃ​ការសាងសង់​សំណង់​ផ្សេងៗ​ មិន​ថា ​នៅ​លើ​ផ្ទៃដី​ដែល​សម្បូរ​ដោយ​ខ្សាច់​ ឬ​នៅ​ជាប់​នឹង​ប្រឡាយ​ចាស់ៗ​ដែល​មិន​ទាន់​មាន​ការ​សង់​សំណង់​រឹងមាំអម​ទប់​នឹង​ដង​ផ្លូវ។​

អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​លោក ​កើត ឆែ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​បាន​ប្រាប់​អ្នក​យក​ព័ត៌មានឱ្យ​សំឡេង​សហ​រដ្ឋ​អាមេរិក​ (វីអូអេ) សួរ​ទៅ​អ្នក​ស្រី ​ដោ សម្ផស្ស ​នាយិកា​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ និង​ជា​អ្នក​នាំពាក្យ។ ​

អ្នកស្រី ​ដោ សម្ផស្ស ​ប្រាប់​វីអូអេ​ថា​ ផ្លូវ​ដែល​បាក់ស្រុត​នេះ​មាន​អាយុ​កាល​ជាង​២៤​ឆ្នាំ​ហើយ​ ហើយ​ការ​បាក់​ស្រុត​នេះ​គឺ​ដោយ​សារ​ស្ថានភាព​ទឹក​ហូរ​ច្រោះ។​

អ្នក​ស្រី​បន្ថែម​ថា​ បន្ទាប់​ពី​មាន​ការ​បាក់​ស្រុត​ភ្លាមៗ​ ខាង​អភិបាល​រាជធានី​ភ្នំពេញក៏​បាន​ចុះ​ពិនិត្យ​ និង​ជំរុញ​ឱ្យ​មានការ​ជួស​ជុល​ផ្លូវ​នេះ​បាន​ឆាប់​រហ័ស​ជូន​ប្រជា​ពលរដ្ឋ​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG