អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋ Iowa បានវាយតម្លៃលើការរកឃើញក្នុងរបាយការណ៍សិក្សាជាង៥០ ស្តីពីអំពើហិង្សាក្នុងគ្រួសារដែលប្រព្រឹត្តិឡើងដោយដៃគូ ឬអតីតដៃគូ។ លោកស្រី Audrey Saftlas សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្ររោគឆ្លង គឺជាអ្នកដឹកនាំក្នុងការសិក្សាអំពីបញ្ហានេះ។ លោកស្រីនិយាយថា៖
«យើងដឹងថា អំពើហិង្សាដោយដៃគូជិតស្និទ្ធប៉ះពាល់ជាចម្បងដល់ស្ត្រីក្នុងដំណាក់កាលបង្កកំណើត។ ស្ត្រីដែលមានអាយុតិចក្នុងវ័យបន្តពូជ កាន់តែទទួលរងការប៉ះពាល់ខ្លាំងជាងស្រ្តីដែលមានអាយុច្រើនក្នុងវ័យបន្តពូជ។ ដូច្នេះ ស្រ្តីដែលមានអាយុតិចជាង២៥ឆ្នាំ និងស្ត្រីដែលមានអាយុតិចជាង២០ឆ្នាំប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងពីអំពើហិង្សាប្រព្រឹត្តិដោយដៃគូជិតស្និទ្ធ»។
អ្នកស្រីបានគូសបញ្ជាក់អំពីផលវិបាកមួយចំនួនលើជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារក្នុងអំឡុងពេលមានផ្ទៃពោះ។
«ជាពិសេស យើងរកឃើញថា មានគ្រោះថ្នាក់ទ្វេដងនៃការមានទារកដែលកើតមុនពេលកំណត់។ ដូច្នេះ ទារកទាំងឡាយដែលមិនគ្រប់ខែបានកើត គឺកើតមុនពេលឈានដល់អាយុ៣៧សប្តាហ៍នៃគភ៌។ ហើយយើងរកឃើញថា មានគ្រោះថ្នាក់កើនឡើងសម្រាប់ការសម្រាលកូនដែលមានទម្ងន់ស្រាលនៅពេលកើត ឬមានទម្ងន់តិចជាង២គីឡូកន្លះនៅពេលកើត។ យើងក៏រកឃើញដែរថា គ្រោះថ្នាក់មានកាន់តែខ្លាំងសម្រាប់ការមានទារកដែលមានមាឌតូចក្នុងពេលពួកគេនៅជាគភ៌នៅឡើយ»។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ទម្រង់សាមញ្ញបំផុតនៃអំពើហិង្សាក្នុងគ្រួសារលើស្ត្រីគឺកើត ឡើងលើរាងកាយ ផ្លូវភេទ ផ្នែកហិរញ្ញវត្ថុ លើផ្លូវចិត្ត និងផ្លូវអារម្មណ៍។
«យើងរកឃើញថា ស្ត្រីដែលប្រឈមមុខនឹងអំពើហិង្សាយ៉ាងតិច២ឬលើសពីនេះ មានគ្រោះថ្នាក់កាន់តែខ្ពស់ ដោយសម្រាលកូនមុនពេលកំណត់និងមានទារកទម្ងន់ស្រាលពេលសម្រាល ជាងស្រី្តដែលជួបប្រទេះអំពើហិង្សាតែមួយទម្រង់។ ដូច្នេះ ជាឧទាហរណ៍ ប្រសិនបើស្ត្រីម្នាក់បានរងអំពើហិង្សាផ្លូវកាយនិងផ្លូវអារម្មណ៍ នោះគ្រោះថ្នាក់ចំពោះនាងមានកាន់តែខ្ពស់ជាងស្ត្រីដែលបានរងអំពើហិង្សាផ្លូវកាយតែមួយមុខ»។
លោកស្រី Saftlas និយាយថា ការសិក្សានេះមិនមានព័ត៌មានលម្អិតអំពីហ្វ្រេកង់ ឬពេលវេលានៃអំពើហិង្សាទាំងនោះទេ។ ប៉ុន្តែវាបានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារនិងផលប៉ះពាល់របស់វាគឺ មានដូចគ្នា មិនថានៅប្រទេសអ្នកមាន ប្រទេសមានប្រាក់ចំណូលទាប ឬមធ្យមនោះទេ។
«ដើម្បីធ្វើឲ្យការរកឃើញរបស់យើង អាចយកទៅអនុវត្តជាក់ស្តែងបាន វាចាំបាច់ណាស់សម្រាប់គ្រូពេទ្យសម្ភព អ្នកជំនាញវេជ្ជសាស្ត្រផ្នែកបង្កកំណើត ពេទ្យព្យាបាលជំងឺដែលមើលថែស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះ ត្រូវស្វែងយល់និងមានលទ្ធភាពបញ្ជាក់ពីសញ្ញានៃការរំលោភបំពាន និងមានលទ្ធភាពនិងការហ្វឹកហាត់ ដើម្បីធ្វើឲ្យស្ត្រីរងគ្រោះទទួលបានធនធានផ្សេងៗដែលអាចជួយនាងបាន»។
លោកស្រីនិយាយថា សញ្ញានៃការរំលោភបំពានក្នុងគ្រួសារខ្លះអាចនឹងមើលឃើញយ៉ាងងាយ ប៉ុន្តែខ្លះទៀតមិនងាយមើលឃើញឡើយ។
«មានស្លាកស្នាមលើរាងកាយដោយអំពើហិង្សា ហើយពេលខ្លះក៏មានសញ្ញាបង្ហាញពីអំពើហិង្សាផ្លូវភេទដែរ។ ជាឧទាហរណ៍ ស្ត្រីដែលមានទំនាក់ទំនងជាមួយដៃគូប្រើអំពើហិង្សា ទំនងជាត្រូវបានវិភាគឃើញថា មានជំងឺដែលឆ្លងតាមការរួមភេទផ្សេងៗ។ លក្ខខណ្ឌចង្អុលបង្ហាញផ្សេងទៀតដែលលើកឡើងថា មានអំពើហិង្សាដោយដៃគូជិតស្និទ្ធ រួមមានការបង្ហាញរោគសញ្ញាការឈឺចាប់មិនជាក់លាក់ណាមួយ វិបត្តិផ្នែកចិត្តសាស្ត្រនិងផ្លូវចិត្ត ដូចជាជំងឺបាក់ទឹកចិត្តជាដើម»។
លោកស្រីបានឲ្យដឹងដែរថា ចំពោះស្ត្រីជាច្រើនដែលស្ថិតនៅក្នុងទំនាក់ទំនងដែលរងការរំលោភបំពាន មតិយោបល់របស់ពួកគេត្រូវបានបដិសេធឬបំភ្លេចចោល។ ពួកគេថែមទាំងត្រូវបានគេប្រាប់ថា អ្វីដែលពួកនាងនិយាយស្តាប់ទៅដូចឆ្កួត។ លោកស្រីបន្ថែមថា កន្លងមក អ្នកខ្លះជឿថា ពួកគេមានជំងឺផ្លូវចិត្ត។
អ្នកស្រីសាស្ត្រាចារ្យសាកលវិទ្យាល័យរដ្ឋ Iowa ថ្លែងបន្តថា បើសិនជាសញ្ញានៃការរំលោភបំពានក្នុងគ្រួសារត្រូវបានគេកត់សម្គាល់ ការធ្វើអន្តរាគមន៍គួរតែត្រូវបានធ្វើឡើង។ ការធ្វើអន្តរាគមន៍ទាំងនេះរួមមានការទៅជួបផ្ទាល់ដល់គេហដ្ឋាននិងកម្មវិធីពិគ្រោះយោបល់ ក៏ដូចជាកម្មវិធីគាំពារ និងកម្មវិធីគាំទ្រដល់ផ្នែកផ្លូវចិត្ត។
«កម្មវិធីទាំងនេះ អាចនឹងមានប្រសិទ្ធភាព ប៉ុន្តែវាសំខាន់ណាស់ដែលត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធ្វើតេស្តឲ្យបានជាក់ស្តែងថាតើ ការធ្វើអន្តរាគមន៍ទាំងនេះពិតជាមានប្រសិទ្ធភាក្នុងការរារាំងនិងកាត់បន្ថយអំពើហិង្សាបង្កឡើងដោយដៃគូជិតស្និទ្ធរបស់ស្ត្រីទាំងនេះដែរឬអត់»។
ការសិក្សាលើអំពើហិង្សាក្នុងគ្រួសារនៅក្នុងអំឡុងពេលមានផ្ទៃពោះ ត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីអន្តរជាតិស្តីអំពីវេជ្ជសាស្ត្រឆ្មប និងការព្យាបាលរោគស្ត្រី៕
ប្រែសម្រួលដោយ នៀម ឆេង