អត្រាមរណភាពរបស់កុមារក្រីក្របំផុតក្នុងប្រទេសកម្ពុជាមានចំនួន៣ដងច្រើនជាងកុមារ ដែលមកពីគ្រួសារដែលមានទ្រព្យធនច្រើន នៅមុនពេលដែលពួកគេមានអាយុ៥ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់អង្គការយូនីសេហ្វ។
អង្គការសហប្រជាជាតិដែលទទួលបន្ទុកខាងផ្នែកកុមារ ក៏បានឱ្យដឹងដែរថា កុមាររស់នៅក្នុងគ្រួសារក្រីក្រនៅតំបន់ជនបទ ជនជាតិភាគតិច និងកុមារពិការភាគច្រើនបោះបង់ចោលការសិក្សានៅត្រឹមកម្រិតបឋមសិក្សា ហើយអ្នកខ្លះមានឱកាសតិចតួចណាស់ក្នុងការសិក្សាឱ្យបានចប់កម្រិតថ្នាក់ទី៦នេះ។
អង្គការយូនីសេហ្វ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃពុធថា ពួកគេនឹងចំណាយថវិកាចំនួន៦៥លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍កុមារពីឆ្នាំ២០១៦ដល់២០១៨ ដើម្បីជួយលើកកម្ពស់គុណភាពជីវិត ការសិក្សាអប់រំ និងការការពារកុមារជាដើម។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងក្នុងពិធីចុះហត្ថលេខាចាប់ផ្តើមគម្រោងថ្មីនេះដោយទទួលស្គាល់ថា នៅមានកុមារជាច្រើនទៀតនៅពុំទាន់ទទួលបានការគាំទ្រថ្មី បើទោះបីជាការខិតខំប្រឹងប្រែងកន្លងមកបានទទួលលទ្ធផលល្អខ្លះហើយក៏ដោយ។
លោកបានបន្ថែមថា៖«យើងសប្បាយរីករាយណាស់ ដោយសារកម្មវិធីប្រចាំប្រទេសថ្មីនេះនឹងផ្តោតការយកចិត្តទុកដាក់លើកុមារ ដែលងាយរងគ្រោះបំផុតដែលធ្វើឱ្យមានកុមារកាន់តែច្រើននៅកម្ពុជាមានឱកាសរស់រានមានជីវិត និងលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អ និងផលិតភាពខ្ពស់»។
សម្រាប់កម្មវិធីបីឆ្នាំខាងមុខរហូតដល់ឆ្នាំ២០១៨ អង្គការយូនីសេហ្វនឹងផ្តោតសំខាន់លើខេត្ត ស្រុក និងឃុំទាំងឡាយណា ដែលកម្រិតនៃការអភិវឌ្ឍន៍តិចតួចសម្រាប់កុមារមកពីគ្រួសារក្រីក្រ។
លោកស្រី Debora Comini ប្រធានអង្គការយូនីសេហ្វបានបញ្ជាក់ដែរថា៖«វិសមភាពអាចបន្តពីមួយជំនាន់ទៅជំនាន់មួយទៀតនៅក្នុងវដ្តជីវិតដែលគ្មានទីបញ្ចប់ ហើយដែលនឹងប៉ះពាល់ដល់សង្គមទាំងមូល។ ហេតុដូចនេះ ការវិនិយោគលើកុមារគឺជាការវិនិយោគដ៏ល្អបំផុត ដែលប្រទេសកម្ពុជាអាចធ្វើបានសម្រាប់អនាគតរបស់ខ្លួន»៕