ភាសាដែលពិបាកយល់់នៅក្នុងឯកសារវិទ្យាសាស្រ្តគឺជាផ្នែកនៃមូលហេតុដែលមុខវិជ្ជាវិទ្យាសាស្ត្រហាក់ដូចជាពិបាកយល់ឲ្យបានទូលំទូលាយ។ នៅពេលនេះ អ្នកជីវសាស្រ្តផ្នែកជីវិតក្នុងសមុទ្រម្នាក់កំពុងតាក់តែងការស្រាវជ្រាវរបស់ខ្លួនឲ្យកាន់តែងាយស្រួលយល់ តាមរយៈការបំប្លែងវាទៅជាសៀវភៅសម្រាប់ក្មេងៗជាស៊េរី។ គោលបំណងទី២របស់អ្នកជីវសាស្រ្តរូបនេះគឺការបង្កើនការយល់ដឹងអំពីការអភិរក្សបរិស្ថាននិងសមុទ្រ។
លោកស្រី Danielle Dixson បានចំណាយពេលជិតពីរឆ្នាំនៅក្នុងប្រទេសហ្វ៊ីជី (Fiji) ដើម្បីធ្វើការស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតរបស់លោកស្រីលើប្រធានបទ «ការអង្កេតលើការបាត់បង់ផ្កាថ្មប៉ប្រះទឹក»។
លោកស្រីនិយាយថា៖ «ប៉ប្រះទឹកជាច្រើនចាប់ផ្តើមប្រែប្រួលពីប្រព័ន្ធផ្កាថ្មប៉ប្រះទឹកដ៏ស្រស់ស្អាត និងមានរន្ធច្រើនសម្រាប់សត្វលាក់ខ្លួន ទៅជាថ្មប៉ប្រះទឹកដែលបាត់បង់សម្រស់ និងបែកបាក់ហើយមិនមានកន្លែងលាក់ខ្លួនច្រើនដូចមុនសម្រាប់ត្រី និងសត្វផ្សេងៗទៀតទេ។ ដូច្នេះ ខ្ញុំកំពុងព្យាយាមស្វែងយល់ថាតើការផ្លាស់ប្តូរពីថ្មប៉ប្រះទឹកដ៏ល្អ ទៅជាថ្មប៉ប្រះទឹកដែលគ្មានសម្រស់ដូចនេះ នឹងប៉ះពាល់ដល់ឥរិយាបថនៃអម្បូរត្រីដែលរស់នៅតំបន់នោះយ៉ាងដូចម្តេច»។
នៅដំណាក់កាលដំបូងនៃការស្រាវជ្រាវរបស់លោកស្រីសាស្រ្តាចារ្យជំនួយការនៅសាកលវិទ្យាល័យ Delaware រូបនេះបានសម្រេចចិត្តយកអ្នករស់នៅក្នុងស្រុកមកចូលរួមក្នុងការងារនេះ។
«តាមពិត ខ្ញុំបានរស់នៅក្នុងភូមិមួយជាមួយនឹងអ្នកភូមិមួយចំនួន។ វានឹងងាយស្រួលក្នុងការស្រាវជ្រាវរបស់ខ្ញុំ ប្រសិនបើពួកគេយល់ពីអ្វីដែលខ្ញុំកំពុងធ្វើ និងដឹងថាការងាររបស់ខ្ញុំនឹងជួយពួកគេដោយវិធីណានោះ។ វិធីមួយដែលខ្ញុំអាចធ្វើទំនាក់ទំនងជាមួយយុវជនបាននោះគឺ ខ្ញុំបង្កើតវីដេអូសម្រាប់ពួកគេ។ ខ្ញុំបានចាប់ផ្តើមបង្កើតសៀវភៅសម្រាប់ក្មេងៗ ដើម្បីឲ្យពួកគេអាចយល់បានកាន់តែច្បាស់ថាហេតុអ្វីបានជាខ្ញុំទៅទីនោះ។ វានឹងងាយស្រួលនៅពេលខ្ញុំសុំឲ្យពួកគេកុំដើរកាត់ហាងហែលទឹករបស់កុមារដែលខ្ញុំបង្កើតនៅទីនោះសម្រាប់ការពិសោធន៍ ឬអ្វីមួយស្រដៀងនេះដែលនឹងត្រូវបង្កើតឡើង»។
នៅពេលដែលលោកស្រី Dixson ត្រឡប់មកសហរដ្ឋអាមេរិកវិញ លោកស្រីបានសម្រេចចិត្តចាប់ផ្តើមធ្វើការងារទាំងនេះសម្រាប់ក្មេងៗនៅសហរដ្ឋអាមេរិកដែរ។
«ខ្ញុំគិតថា ក្មេងៗគួរតែមានចំណែកក្នុងការងារនេះ ហើយខ្ញុំគិតថាសៀវភៅរឿងអាចជាវិធីមួយក្នុងចំណោមវិធីនានាដែលងាយស្រួលបំផុតដើម្បីទាក់ទាញពួកគេ និងធ្វើឲ្យពួកគេយល់បាន»។
គំនិតនេះបានធ្វើឲ្យលោកស្រីបង្កើតសៀវភៅចំនួន៩ក្បាល។
«សៀវភៅមួយក្នុងចំណោមសៀវភៅទាំងអស់របស់ខ្ញុំនិយាយអំពីរបៀបដែលត្រីហ្គូប៊ីតូច (Goby) មួយការពារជម្រករបស់វា»។
រឿងនិយាយអំពីត្រីតូចមួយនេះគឺយកចេញពីការសិក្សាស្រាវជ្រាវមួយរបស់លោកស្រី Dixson។
«យើងមិនដឹងថា មានប្រភេទសារ៉ាយម្យ៉ាង ប្រសិនបើអ្នកដាក់វាប៉ះនឹងផ្កាថ្មក្នុងរយៈពេល៤៨ម៉ោង នោះផ្នែករបស់ផ្កាថ្មដែលបានប៉ះជាមួយនឹងសារ៉ាយនោះនឹងស្លាប់។ មានសរីរាង្គជាច្រើនដែលរស់នៅក្នុងផ្កាថ្មនោះ រួមមានទាំងត្រីហ្គូប៊ីផងដែរ។ ដូច្នេះ វាគួរឲ្យចាប់អារម្មណ៍ណាស់ដែលយើងអាចដឹងថា ត្រីហ្គូប៊ីរស់នៅក្នុងផ្កាថ្ម ហើយផ្កាថ្មនោះពិតជាជម្រករបស់វា។ អញ្ចឹង ត្រីហ្គូប៊ីចំាបាច់ត្រូវតែការពារជម្រករបស់វា។ ហេតុដូច្នេះហើយ ខ្ញុំបង្កើតការពិសោធន៍ជាស៊េរីមួយដើម្បីមើលថា តើត្រីហ្គូប៊ីជួយផ្កាថ្មក្នុងការប្រយុទ្ធនឹងសារ៉ាយដែរឬទេ? ចុងក្រោយយើងរកឃើញថា វាពិតជាបានជួយផ្កាថ្ម។ យើងរកឃើញថា ផ្កាថ្មអាចធ្វើទំនាក់ទំនងជាមួយនឹងត្រីហ្គូប៊ីតាមបែបគីមីសាស្ត្រដើម្បីប្រាប់ឲ្យត្រីហ្គូប៊ីមកជួយ ឬប្រាប់ថាខ្ញុំឈឺនៅត្រង់នេះ»។
នៅពេលបំប្លែងការស្រាវជ្រាវនេះទៅជារឿង លោកស្រី Dixson បានចាប់ផ្តើមដោយការណែនាំអ្នកអានវ័យក្មេងៗឲ្យស្គាល់លោកនិងលោកស្រីហ្គូប៊ីជាមុន។
«លោកនិងលោកស្រីហ្គូប៊ីកំពុងរស់នៅក្នុងផ្ទះផ្កាថ្មរបស់ពួកគេ ហើយភ្លាមនោះផ្កាថ្មចាប់ផ្តើមឈឺ ប៉ុន្តែគ្រួសារលោកនិងលោកស្រីហ្គូប៊ីត្រូវការផ្ទះដើម្បីរស់រានមានជីវិត។ ដូច្នេះ តើពួកគេគួរធ្វើយ៉ាងណាដើម្បីជួយផ្ទះរបស់ពួកគេ? សៀវភៅរឿងនោះចាប់ផ្តើមចូលដល់ការរកឃើញបែបវិទ្យាសាស្រ្ត ប៉ុន្តែយើងធ្វើវាដោយការចាប់ផ្តើមពីឈុតឆាកអំពីលោកនិងលោកស្រីហ្គូប៊ីព្យាយាមជួយផ្ទះរបស់ពួកគេ»។
ក្នុងនាមជាអ្នកវិទ្យាសាស្ត្រសត្វក្នុងសមុទ្រ លោកស្រី Dixson ចង់ឲ្យរឿងរបស់គាត់ក្លាយជារឿងអប់រំ និងជារឿងលើកទឹកចិត្តក្នុងពេលតែមួយ។
«រឿងមួយដែលខ្ញុំធ្វើគ្របប់សៀវភៅរឿងទាំងអស់របស់ខ្ញុំ គឺខ្ញុំមានទំព័រចុងក្រោយមួយ ដែលទំព័រនោះនិយាយពីអ្វីដែលអ្នកអាចធ្វើដើម្បីជួយ។ ខ្ញុំគិតថា មានរឿងច្រើនដែលសូម្បីតែក្មេងអាយុ៦ឆ្នាំក៏អាចធ្វើបានដែរ ជាពិសេសសម្រាប់ការធ្វើអាស៊ីតកម្មក្នុងសមុទ្រ ដូចជាការបិទភ្លើងនៅពេលអ្នកចេញពីបន្ទប់ ឬការជិះកង់ទៅផ្ទះមិត្តភក្តិរបស់អ្នកជាជាងឲ្យឪពុកម្តាយរបស់អ្នកជូនអ្នកទៅ។ មានរឿងរ៉ាវច្រើនដែលពួកគេអាចធ្វើ ហើយពួកគេមានអារម្មណ៍ថាពួកគេកំពុងធ្វើឲ្យមានការផ្លាស់ប្តូរ»។
លោកស្រីសាស្រ្តាចារ្យ Danielle Dixson កំពុងសហការជាមួយនិស្សិតរបស់គាត់ និងដេប៉ាតឺម៉ង់អប់រំនិងភាសារអង់គ្លេស ដើម្បីបញ្ចប់គម្រោងនេះនិងបោះពុម្ភសៀវភៅទាំងនោះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ