ការមានផ្ទៃពោះមុនរៀបអាពាពិពាហ៍សម្រាប់នារីខ្មែរពិតជាត្រូវប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសការរិះគន់សមាជិកក្នុងសង្គម។ ការរិះគន់នេះគឺជាសម្ពាធផ្លូវចិត្តមួយយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្ខំឲ្យស្ត្រីទាំងនោះប៉ុនប៉ងធ្វើអត្តឃាត បោះបង់ចោលលំនៅឋាន ក្រុមគ្រួសារ បាត់បង់ការងារ និងខូចអនាគតជាដើម។
សុជាតិគឺជាឈ្មោះអ្នកនិពន្ធដាក់ឲ្យ។ នាងសុជាតិ ដែលមានអាយុ២៨ឆ្នាំ មកពីខេត្ត កំពុងស្ពឺ បានធ្វើការជាកម្មការនីកាត់ដេរនៅរោងចក្រមួយក្នុងទីក្រុងភ្នំពេញ។ កាលពីឆ្នាំ២០១១ សុជាតិបានលង់ស្នេហ៍នឹងយុវជនម្នាក់ដែលមានអាយុប្អូននាងប្រាំមួយឆ្នាំមកពីខេត្តរតនគីរី។
ទោះបីជាក្រុមគ្រួសាររបស់នាងបានជំទាស់នឹងទំនាក់ទំនងរបស់ពួកនាងក៏ដោយ ក៏នាងនៅតែសម្រេចចិត្តរួមរស់ជាមួយយុវជននោះដោយក្តីស្រឡាញ់ និងពេញចិត្ត។ សុជាតិបានឲ្យដឹងថា នៅក្នុងរយៈពេលបីខែដំបូង នាងទទួលបានការស្រឡាញ់ និងការយកចិត្តទុកដាក់ពីយុវជននោះ ប៉ុន្តែបន្ទាប់ពីដឹងថានាងផ្ទៃពោះ យុវជននោះរកវិធីគ្រប់បែបយ៉ាងដើម្បីគេចពីនាង។
ទីបំផុត អ្វីៗគ្រប់យ៉ាងបានធ្លាក់មកលើរូបនាងតែម្នាក់ឯងបន្ទាប់ពីយុវជននោះបានចាកចេញពីក្រុងភ្នំពេញត្រឡប់ទៅផ្ទះរបស់គេនៅឯខេត្តវិញ ហើយសុជាតិបានទទួលរងការស្តីបន្ទោសជាខ្លាំងពីក្រុមគ្រួសារ និងទទួលរងការរិះគន់ពីអ្នកភូមិ។ សុជាតិបានឲ្យដឹងដែរថា នេះគឺជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលស្ត្រីដទៃគួរតែពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើអី្វមួយសម្រាប់អនាគតរបស់ខ្លួន។
«ចង់ផ្តាំទុកថា ថ្ងៃក្រោយបើសិនមាននរណាលួងលោមតាមទូរសព្ទ ឬក៏មករស់នៅជាមួយ យើងកុំឲ្យចាញ់បោកគេ កុំចាញ់ពាក្យលួងលោមពីព្រោះអីខ្ញុំមានកូននៅម្នាក់ឯង។ គេទៅចោលតាំងពីមួយខែពីព្រោះខ្ញុំមិនចង់ឲ្យមានប្រវត្តិឈឺចាប់ដូចខ្ញុំទេ។ រាល់ថ្ងៃសូម្បីតែអ្នកជិតខាង ម៉ែឪកាលពីខ្ញុំពោះធំក៏គាត់ខឹងគាត់ស្អប់ខ្ពើមខ្ញុំ។ គាត់មិនចង់និយាយស្តីជាមួយខ្ញុំទេ។ ទម្រាំខ្ញុំបានកើតកូនប៉ុណ្ណេះ ខ្ញុំស្ទើរស្លាប់ស្ទើររស់»។
ចាប់តាំងពីមានផ្ទៃពោះរហូតដល់ប្រាំពីរខែ នាងរស់នៅក្នុងសភាពមួយដែលលំបាកបំផុតទាំងផ្នែកផ្លូវចិត្ត និងសេដ្ឋកិច្ចគ្រួសារពីព្រោះនាងត្រូវឈប់ធ្វើការនៅក្នុងរោងចក្រដោយសារសុខភាពមិនអំណោយផល។ សុជាតិគិតចង់សម្លាប់ខ្លួន។ ប៉ុន្តែបញ្ហាគ្រប់យ៉ាងត្រូវបានធូរស្រាលវិញបន្ទាប់ពីសុជាតិទទួលបានការជួយជ្រោមជ្រែងទាំងផ្នែកស្មារតី និងសម្ភារៈពីអង្គការទឹកចិត្តម្តាយ។
អង្គការទឹកចិត្តម្តាយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ដោយផ្តល់សេវាប្រឹក្សាយោបល់អំពីវិបត្តិនៃការមានគភ៌ និងជួយឧបត្ថម្ភគាំទ្រដល់ស្ត្រីនៅលីវដែលមានផ្ទៃពោះដំបូង ដោយមិនបានគ្រោងទុកមុន ដូចជាការរងគ្រោះដោយការចាប់រំលោភ ការជួញដូរផ្លូវភេទ និងត្រូវដៃគូរបោះបង់ជាដើម។
សុជាតិបានស្គាល់អង្គការទឹកចិត្តម្តាយតាមរយៈការណែនាំពីអង្គការក្រៅរដ្ឋាភិបាលមួយទៀតដែលធ្វើការងារផ្នែកសង្គមកិច្ចដែរ។
«ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលអង្គការនេះ។ គាត់បានជួយខ្ញុំ ទាំងម្តាយទាំងកូន កុំអីប្រហែលជាខ្ញុំមិនមានជីវិតដល់សព្វថ្ងៃនេះទេ។ តាំងពីកូនខ្ញុំបានពីរខែ ខ្ញុំគិតថា ខ្ញុំចង់លេបថ្នាំប៉ុន្មានដងហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំអាណិតកូនខ្ញុំ។ អត់ចង់ធ្វើបាបវា»។
លោកស្រី សឹង សម្ជស្ស បុគ្គលិកផ្នែកសង្គមកិច្ចនៃអង្គការទឹកចិត្តម្តាយបានឲ្យដឹងថា នារីដែលមានផ្ទៃពោះមុនអាពាហ៍ពិពាហ៍ ឬមិនបានរៀបការ និងមិនបានគ្រោងទុក ភាគច្រើនជួបវិបិត្តផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយសារប្រពៃណី និងសម្ពាធសង្គម។ លោកស្រី សម្ជស្ស បានឲ្យដឹងទៀតថា ស្រី្តទាំងនោះគួរតែទទួលបានការលើកទឹកចិត្ត និងជួយរកវិធីដោះស្រាយ ជាជាងការបន្ទោសបង្អាប់ ដែលជាហេតុបណ្តាលពួកគេអាចសម្រេចធ្វើអត្តឃាត។
«គាត់ប្រឈមមុខទី១ ភាពអាម៉ាសគឺសំខាន់មែនទែន។ បានន័យថា គាត់ខ្មាស់គេណាស់។ ពេលណាគាត់មានផ្ទៃពោះភ្លាមគឺគាត់ច្របូកច្របល់។ គាត់មិនដឹងទៅណាទេ គាត់ភ្លេចភ្លាំអស់ហើយ។ បានន័យថា គាត់ខ្មាស់គេអ្នកជិតខាង ជាពិសេសសង្គមគ្រួសារគាត់។ ពេលខ្លះគាត់ទទួលរងការដៀល ហើយមិនសូវមានការយកចិត្តទុកដាក់គាត់ទេ ដូចជាបន្ទោសគាត់ច្រើន។ ពិបាកសម្រាប់គាត់មែនទែន។ បើសិនជាមិនមានអង្គការណាជួយគាត់ពីព្រោះស្រុកខ្មែរយើងខុសពីវប្បធម៌បរទេសដោយសារគាត់មានកូនអត់ប្តីអញ្ចឹង គេសើចគាត់ច្រើន»។
អង្គការទឹកចិត្តម្តាយតែងតែផ្តល់ឲ្យស្ត្រីទាំងនោះនូវជម្រើសបីប្រភេទ ដូចជាការរំលូត កូន ការទុកកូនចិញ្ជឹមខ្លួនឯង និងបន្តការឲ្យកូននោះទៅគ្រួសារផ្សេងចិញ្ជឹម។ ក៏ប៉ុន្តែបុគ្គលិករបស់អង្គការតែងតែពន្យល់យ៉ាងលម្អិតដល់ស្រី្តទាំងនោះនូវគុណសម្បតិ និង គុណវិបត្តិនៃជម្រើសនីមួយៗមុននឹងធ្វើការសម្រេចចិត្ត។ សម្រាប់ស្ត្រីដែលសម្រេចចិត្តជ្រើសរើសយកការរំលូតកូន អង្គការរកសេវាដែលរំលូតមានសុវត្ថិភាព និងជួយចេញថ្លៃសេវានោះ។
ចំណែកឯការទុកកូនចិញ្ជឹមដោយខ្លួនឯង អង្គការជួយផ្តល់សេវាកម្មតាមដានផ្ទៃពោះនៅមន្ទីរពេទ្យរដ្ឋ កន្លែងស្នាក់នៅ ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃរហូតដល់ពេលសម្រាលកូន ដោយចេញថ្លៃសេវាសម្រាល និងមានរៀបចំសម្ភារៈសម្រាប់ទារកនិងម្តាយនៅពេលសម្រាលកូនដូចជា ខោ អាវ មុង ភួយ ខ្នើយ កន្សែង ជាដើម។ ចាប់ពីទារកកើតរហូតដល់មានអាយុមួយខួបកន្លះអង្គការ ជួយទឹកដោះគោ និងខោទឹកនោម និងសម្ភារៈផ្សេងៗទៀតសម្រាប់ទារក។ រីឯម្តាយបន្ទាប់ពីសម្រាលកូនបានបីខែអង្គការជួយរកកន្លែងបង្រៀនជំនាញសម្រាប់ចិញ្ជឹមជីវិតខ្លួន នៅពេលអនាគត។ ហើយបើសិនជាកូនមិនមានអ្នកជួយមើល អង្គការមានកន្លែងសម្រាប់មើលថែទាំដោយយកតម្លៃទាបបំផុតទៅតាមប្រាក់ខែម្តាយ។
រីឯជម្រើសបន្តការពពោះ រួចលះបង់កូននោះឲ្យទៅគ្រួសារ ផ្សេងចិញ្ជឹម អង្គការជួយ ឧបត្ថម្ភដូចជម្រើសទី២ដែរ តែបន្ទាប់ពីសម្រាលរួច អង្គការទាក់ទងអង្គការដៃគូរដទៃទៀតដើម្បីរកគ្រួសារដែលចង់បានកូនយកទៅចិញ្ចឹម។
លោកស្រី ស៊ី ដេហ្វ៊ីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារីបានមាន ប្រសាសន៍ថា សកម្មភាពរបស់អង្គការទឹកចិត្តម្តាយគឺជាការរួមចំណែកមួយដែលជួយដល់សង្គមខែ្មរជាពិសេសជួយសម្រាលទុក្ខលំបាកស្ត្រីដែលជួបវិបត្តិនៅពេលមានគភ៌។ ប៉ុន្តែលោកស្រីបានអំពាវនាវដល់ស្ត្រីខ្មែរទាំងអស់ឲ្យថែរក្សាប្រពៃណីខ្មែរឲ្យបានល្អប្រសើរដើម្បីកិតិ្តយសគ្រួសារ និងសង្គមជាតិ។
«ជាស្ត្រីដែលនៅវ័យក្មេងត្រូវចេះថែររក្សាប្រពៃណីវប្បធម៌តម្លៃស្ត្រីរបស់យើង គឺធ្វើយ៉ាងណាដើម្បីឲ្យគ្រួសារនីមួយៗទទួលបានសុភមង្គលមានតម្លៃដោយមិនមានបញ្ហា។ អាហ្នឹងមានជាអង្គការទឹកចិត្តម្តាយជាចំណែកមួយជួយ។ តែធាតុពិតផលវិបាកនេះដូចក្មួយៗបានធ្វើទៅវាប៉ះពាល់ដល់តម្លៃស្ត្រីខ្លួនឯង ប៉ះពាល់ដល់គ្រួសារ ហើយធ្វើឲ្យមានផលលំបាកដល់សង្គម»។
អង្គការទឹកចិត្តម្តាយបានថវិកាពីការបរិចាករបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅប្រទេសអូស្រា្តលី និងអង្គការអន្តជាតិមួយចំនួន។
លោកស្រី សម្ជស្ស បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះអង្គការទឹកចិត្តម្តាយ បានផ្តល់សេវាដល់ស្ត្រីចំនួនជាង៦០នាក់ ហើយក្នុងនោះរួមមានកូនសិស្សសាលា ស្ត្រីធ្វើការនៅរោងចក្រ ក្រុមហ៊ុន ស្ត្រីដែលរងគ្រោះដោយការរំល្មោភ និងត្រូវបានគេជួញដូរផ្លូវភេទជាដើម។ អ្នកទាំងនោះ មានអាយុពី១២ឆ្នាំដល់៣៥ឆ្នាំ៕