ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ជំរុញ​ឲ្យ​មាន​កម្ម​វិធីអប់រំ​សម្រាប់​កុមារ​ភៀសខ្ឡួន​ស៊ីរី


កុមារជនភៀសខ្លួន​ស៊ីរី​បក់ដៃ និង​បង្ហាញ​ម្រាមដៃ​សញ្ញា «V» នៅ​ជំរុំ​ជនភៀសខ្លួន​នៅ​ក្រុង Suruc ព្រំដែន​តួកគី និងស៊ីរី។ តួកគី​ជំរុញ​ឲ្យ​មាន​កម្ម​វិធីអប់រំ​សម្រាប់​កុមារ​ភៀសខ្ឡួន​ស៊ីរី។
កុមារជនភៀសខ្លួន​ស៊ីរី​បក់ដៃ និង​បង្ហាញ​ម្រាមដៃ​សញ្ញា «V» នៅ​ជំរុំ​ជនភៀសខ្លួន​នៅ​ក្រុង Suruc ព្រំដែន​តួកគី និងស៊ីរី។ តួកគី​ជំរុញ​ឲ្យ​មាន​កម្ម​វិធីអប់រំ​សម្រាប់​កុមារ​ភៀសខ្ឡួន​ស៊ីរី។

រដ្ឋាភិបាល​កំពុង​បន្ត​ជំរុញ​ឲ្យ​មាន​កម្មវិធី​អប់រំ​កាន់​តែ​ច្រើន​សម្រាប់​កុមារ​ភៀសខ្ឡួន​ស៊ីរីប្រមាណ​​៥០០.០០០នាក់​នៅ​ក្នុង​ប្រទេស​តួកគី​ដែល​មិន​បាន​ចូល​សាលា។​ នៅ​ឯជាយ​ក្រុង​អ៊ីស្តង់ប៊ុល​ កម្មវិធី​សាកល្បង​មួយ​កំពុង​ដោះស្រាយ​បញ្ហា​ធំៗ​នៃ​ការអប់រំ​កុមារ​ដែល​រស់​នៅ​ក្រៅ​ជំរុំ​ជន​ភៀស​ខ្លួន។

ថ្ងៃ​មួយ​ទៀត​ក៏​ត្រូវ​បាន​បញ្ចប់​នៅ​ឯ​សាលា​ Ataturk ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​។ កុមារ​ជនជាតិ​តួកគី​ជាង​មួយ​ពាន់​នាក់​ចេញ​ពី​សាលា​ហើយ​តម្រង់​ទៅ​ផ្ទះ។​

ចំណែក​អ្នក​ឯទៀត សាលា​រៀន​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ។​ នៅ​ក្បែរ​កាច់​ជ្រុង​ទ្វារ​ចូល​មួយ​ទៀត​ កុមារ​ជនជាតិ​ស៊ីរី​ដែល​អន្ទះអន្ទែង ចំនួន​៧០០​នាក់​ កំពុង​រង់ចាំ​ដើម្បី​ចូល​រៀន​។ អ្នក​ដែល​កំពុង​ស្វាគមន៍​ពួក​គេ​នោះ​គឺ​លោក Sitki Dayar។​ លោក​គឺ​ជា​អ្នក​សម្រប​សម្រួល​នៃ​កម្មវិធី​សាក​ល្បង​មួយ​នេះ​ រៀបចំ​ដោយ​ក្រសួង​អប់រំ​តួកគី​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុន។​ កម្មវិធី​នេះ​បង្កើត​ឲ្យសាលា​មាន​ភាព​ស្របគ្នា​ដែល​ទាំង​កុមារ​និង​គ្រូ​បង្រៀន​គឺ​ជា​ជនជាតិ​ស៊ីរី។​ យោង​តាម​លោក​ Dayar ថា​ ពួកគេ​មាន​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​តាំង​ពី​ដំបូង។​

លោក​និយាយ​ថា​ យើង​ត្រូវ​បាន​ស្នើ​ដោយ​ក្រសួង​អប់រំ​ក្នុង​ការ​ផ្តល់​បន្ទប់​រៀន​ចំនួន​បួន​ថ្នាក់​ ដោយ​គិត​ថា​បួន​ថ្នាក់​ នឹង​គ្រប់​គ្រាន់​ហើយ​ ប៉ុន្តែ​យើង​បាន​បើក​ដល់​ទៅ​១៨​ថ្នាក់។ ប្រសិន​បើ​យើង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ យើង​អាច​បង្កើត​បន្ទប់​រៀន​គុណ​នឹង​ពីរ​ វាគឺពិត​ជា​តម្រូវ​ការ​មួយ។

ឪពុក​ម្តាយ​ជនជាតិ​ស៊ីរី​បង្ហាញ​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​កុមារ​ថ្មីៗ។​ ដូច​ដែល​បាន​កើត​ឡើង​ជុំ​វិញ​ពិភពលោក កុមារ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច​បន្តិច​បន្តួច​ពេល​ដែល​ចាកចេញ​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ជា​លើក​ដំបូង។

កម្មវិធី​នេះ​ មាន​បង្រៀន​វេយ្យាករណ៏​ ការ​អាន​ ការ​សរសេរ​ភាសា​អារ៉ាប់​ជាមូលដ្ឋាន​ ប៉ុន្តែ​លោក​ Mohamedel Hummadi និយាយ​ថា​ ថ្នាក់​ភាសា​បរទេស​ក៏​បាន​បើក​ដែរ ដែល​រួម​មាន​ភាសាតួកគី​ផង​ដែរ។

នៅ​ពេល​ដែល​សាលា​នេះ​បាន​បើក វា​បាន​ដោះ​ស្រាយ​បញ្ហា​ធំ​មួយ​សម្រាប់​សិស្សានុសិស្ស​ជា​ច្រើន​។ លោក​បាន​មាន​ប្រសាសន៍​ថា​ វត្តមាន​នៃ​សាលា​មួយ​នេះ​ ជាពិសេស​សម្រាប់​កុមារ​អាយុ​ចាប់​ពី​៥ ដល់​១០​ឆ្នាំ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ ដូច្នេះ​ ក្មេងៗ​ជំនាន់​នេះ​អាច​ទទួល​បាន​ចំណេះ​ដឹង​និង​វប្បធម៌ ដែល​វា​ជា​រឿង​ដ៏​ប្រសើរ​មួយ។​
លោក​នាយក​សាលា Ercan Polat បាន​មាន​ប្រសាសន៍​ថា សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​កុមារ​ជនជាតិ​ស៊ីរី​មាន​ការ​លំបាក​ក្នុង​ការ​ចុះ​សម្រុង​គ្នា​ក្នុង​សាលា​រដ្ឋ​របស់​តួកគី។​

លោក​និយាយ​ថា​ នៅ​ពេល​ដែល​កុមារ​ស៊ីរី​ចូល​សាលា​តួកគី​ ពួកគេ​រៀន​តាម​កម្មវិធី​សិក្សា​របស់​តួកគី។​ ដោយសារ​តែ​បញ្ហា​ភាសា​ ពួកគេ​មិន​អាច​រៀន​តាម​វគ្គ​សិក្សា​បាន​ទេ។​ នៅ​ពេល​ដែល​ឆមាស​បញ្ចប់​ ពួកគេ​រៀន​បាន​តែ​ភាសា​តួកគី​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ប៉ុន្តែ​ធ្លាក់​ក្នុង​មុខ​វិជ្ជា​ផ្សេង​ទៀត។

ការ​ព្រួយ​បារម្ភ​បាន​កើន​ឡើង​ក្នុង​ចំណោម​ឪពុក​ម្តាយ​មួយ​ចំនួន​ដូច​ជា​លោក Besma Fistik។​ លោក​បារម្ភថា​ មិន​មាន​ពេល​វេលា​ច្រើន​ទៀត​នោះ​ទេ។​

«ជំនាន់​មួយ​នេះ​អាច​នឹង​ឈាន​រក​អំពើ​ភេវរកម្ម​ដោយ​ផ្ទាល់​។​ គ្មាន​ការ​អប់រំ​ គ្មាន​ថវិកា។​ ពួកគេ​នឹង​មិន​មាន​អ្វីទាំង​អស់​សម្រាប់​រក​ប្រាក់​ចំណូល។​ បញ្ហា​នឹង​មាន​កាន់​តែ​ច្រើន​ជាមួយ​នឹង​ជនជាតិ​ស៊ីរី ជាពិសេស​ក្នុង​ប្រទេស​តួកគី។

មាន​កម្មវិធី​អប់រំ​ដូច​កម្មវិធី​មួយ​នេះ​ គឺ​មាន​សង្ឃឹម។​

«ខ្ញុំ​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​ដើម្បី​កសាង​ស៊ីរី​ឡើង​វិញ»។​

ការ​ចង់​ត្រឡប់​ទៅ​មាតុភូមិ​ដើម្បី​កសាង​ប្រទេស​របស់​ពួកគេ​ឡើង​វិញ​ គឺជា​មនោសញ្ចេតនា​មួយ​ដែល​ត្រូវ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​កុមារ​ជាច្រើន​។​ ក្តី​សង្ឃឹម​នោះ​គឺ​ថា​ ជាមួយ​នឹង​ការ​អប់រំ​ កុមារ​ស៊ីរី​ជំនាន់​នេះ​អាច​ចាប់​ផ្តើម​កសាង​អនាគត​ដ៏​ភ្លឺ​ស្វាង​មួយ៕​

ប្រែសម្រូល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG