ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​នារី​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​សម្រាប់​ការប្រឆាំង​នឹង​អំពើ​​ហិង្សា


អ្នកឈ្នះ​ពាន​រង្វាន់ VXW ទាំងបីនាក់ គឺ (ពីឆ្វេង) ស៊ុំ ដានី ផាត ស្រីទូច និង​ប៊ុន រចនា។
អ្នកឈ្នះ​ពាន​រង្វាន់ VXW ទាំងបីនាក់ គឺ (ពីឆ្វេង) ស៊ុំ ដានី ផាត ស្រីទូច និង​ប៊ុន រចនា។

នៅ​ប្រទេស​កម្ពុជា ស្ត្រី​បី​រូប​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​កិច្ចការ​របស់​គេ ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ជាមួយ​នឹង​កិច្ច​ខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ហិង្សា​មក​លើ​ស្ត្រី ដែល​នេះ​គឺជា​បញ្ហា​ចម្បង​មួយ​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ការ​ឈ្នះ​ពាន​រង្វាន់ VXW មាន​ន័យ​ថា ស្ត្រី​នឹង​ទទួល​បាន​ជំនួយ ដើម្បី​លើក​កម្ពស់​កិច្ច​ខំ​ប្រឹងប្រែង​របស់​គេ​បន្ថែម​ទៀត ក្នុង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប និង​អ៊ីនធឺណែត ដែល​ជា​ប្រភព​ដ៏​លឿន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា។

ជា​អ្នក​ទទួល​បាន​ពាន​រង្វាន់​ម្នាក់​ដែរ ប៊ុន រចនា បាន​ចូល​ប្រឡូក​ក្នុង​កិច្ច​ការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​មក​លើ​ស្ត្រី​អស់​រយៈពេល​៨ឆ្នាំ​មក​ហើយ។ គម្រោង​ការងារ​ថ្មីៗ​របស់​នាង ដែល​សហការ​ជាមួយ​នឹង​អង្គការ ActionAid របស់​ចក្រភព​អង់គ្លេស គឺជា​គំនិត​ផ្តួចផ្តើម​មួយ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ដល់​ស្ត្រី​នៅ​ក្នុង​តំបន់​ទី​ប្រជុំ​ជន។

រចនា និយាយ​ថា ជំនួយ​ខាង​បច្ចេកទេស​ដែល​ទទួល​បាន​ពី​ពាន​រង្វាន់​នេះ ក្នុង​នោះ​រួម​មាន​ជំនួយ​របស់​អ្នក​ផលិត​កម្មវិធី​កុំព្យូទ័រ​ដើម្បី​បង្កើត Apps សម្រាប់​ទូរស័ព្ទ​ទំនើប​ជា​ភាសា​ខ្មែរ​នោះ នឹង​ពន្លឿន​កិច្ច​ខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។ បន្ថែម​លើ​នេះ វា​អាច​បង្កើត​ជា​អនុសាសន៍​ថ្មី ដើម្បី​ជួយ​ស្ត្រី​ឲ្យ​ប្រាប់​អ្នក​ដទៃ ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គំរាម​គំហែង ឬ​បង្កើត​ជា Apps ដែល​ស្វែង​រក​ទីកន្លែង ដែល​ស្ត្រី​តែង​តែ​ត្រូវ​បាន​បៀត​បៀន​កេរ្តិ៍ខ្មាស់ ដើម្បី​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​សុត្ថិភាព​សាធារណៈ។

នាង និយាយ​ថា ការ​បៀត​បៀន​កេរ្តិ៍ខ្មាស់​មក​លើ​ស្ត្រី​នៅ​កម្ពុជា គឺ​កើត​ឡើង​ស្ទើតែ​គ្រប់​ទីកន្លែង។

«‍ជាពិសេស នៅ​ពេល​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម្នាក់ឯង យើង​ត្រូវ​បាន​បៀត​បៀន​កេរ្តិ៍ខ្មាស់​ជា​ញឹកញាប់ ដូចជា ការ​ធ្វើ​សញ្ញា​ថើប​ពី​ចម្ងាយ ញាក់​មុខ​ញាក់​មាត់ ការ​និយាយ​បែប​អាសអាភាស​អំពី​រូបរាង​កាយ​របស់​ស្ត្រី​យើង។ ខ្ញុំ​យល់​ថា នេះ​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ ដែល​យើង​ជា​ស្ត្រី​កំពុង​តែ​ជួប​ប្រទះ ប៉ុន្តែ បញ្ហា​នេះ​មិន​ត្រូវ​បាន​យក​មក​ពិភាក្សា​ច្រើន និង​ដោះ​ស្រាយ​ឡើយ»។

ផាត ស្រីទូច ជា​អ្នក​ទីពីរ​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ បាន​ជួយ​ស្ត្រី​ដែល​ធ្វើការ​ក្នុង​ឧស្សាហកម្ម​កំសាន្ត ដូចជា​អ្នក​លក់​ស្រាប៊ៀរ អ្នក​ច្រៀង​ការ៉ាអូខេ និង​អ្នក​បម្រើ​តាម​ភោជនីយ៍ដ្ឋាន ដែល​ស្ត្រី​ទាំង​អស់​នេះ​តែងតែ​ត្រូវ​បាន​បៀត​បៀន​ផ្លូវ​ភេទ និង​ទង្វើអាក្រក់​ជាង​នេះ។ នាង និយាយ​ថា ស្ត្រី​ជា​ច្រើន​មិន​ដឹង​ថា​ត្រូវ​ទៅ​រក​ដំណោះ​ស្រាយ​នៅ​ទីណា​ទេ នៅ​ពេល​ដែល​ពួក​គេ​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ​នៅ​កន្លែង​ការងារ។ នាង សង្ឃឹម​ថា ការងារ​របស់​នាង​នឹង​ជួយ​បង្កើន​ធនធាន​កាន់​តែ​ច្រើន​ដល់​ស្រ្តី ដើម្បី​ឲ្យ​ស្ត្រី​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​នៅ​កន្លែង​ការងារ និង​សេវាកម្ម​ដែល​ពួក​គេ​អាច​ទទួល​បាន។

ស៊ុំ ដានី ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ និង​ជា​អ្នក​ទីបី​ឈ្នះ​ពាន់​រង្វាន់​នេះ​ដែរ បាន​សរសេរ​អត្ថបទ​ស្តី​អំពី​បញ្ហា​ស្ត្រី​នៅ​លើ​ប្រព័ន្ធ​អ៊ឺនធឺណែត ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​កាត់​បន្ថយ​ភាព​ខ្មាស់​អៀន ដែល​ស្ត្រី​បាន​រង​គ្រោះ​ដោយ​សារ​តែ​អំពើ​ហិង្សា។ នាង និយាយ​ថា ការ​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​ថ្មី អាច​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​លឿន និង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ស្ត្រី​អំពី​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា និង​ជួយ​ឲ្យ​ស្ត្រី​ទទួល​បាន​ជំនួយ​ខាង​ផ្លូវ​ច្បាប់។

លោក Silas Everett ជា​នាយក​មូលនិធិ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ហើយ​បាន​បង្កើត​កម្មវិធី​ពាន​រង្វាន់​នេះ​ឡើង។ លោក មាន​ប្រសាសន៍​ថា ពាន​រង្វាន់​នៃ​ជំនួយ​ខាង​បច្ចេកវិទ្យា នឹង​ជួយ​ឲ្យ​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ ពង្រីក​កិច្ច​ខំ​ប្រឹងប្រែង​របស់​ខ្លួន​បន្ថែម​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណែត និង​តាម​ទូរស័ព្ទ​ទំនើប។

លោក ថា ស្រ្តី​នៅ​កម្ពុជា​ស្ទើតែ​ទាំង​អស់​មាន​ទូរស័ព្ទ​ដៃ ហើយ​ចំនួន​ទូរស័ព្ទ​ទំនើប​ក៏​កំពុង​តែ​កើន​ឡើង​៣០ភាគរយ​ជា​រៀង​រាល់​ឆ្នាំ។ បច្ចេកវិទ្យា​នេះ​កំពុង​តែ​ផ្លាស់​ប្តូរ​មធ្យោបាយ​បែប​បុរាណ​ក្នុង​ការ​ទំនាក់​ទំនង​គ្នា។ នេះ​មាន​ន័យ​ថា ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុងការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​មក​លើ​ស្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​ទាន់​ពេល​វេលា។

លោក មាន​ប្រសាសន៍​ថា៖ «‍យើង​មាន​យុវជន​ដែល​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធិ ផ្សា​ភ្ជាប់​នឹង​ទំនៀម​ទម្លាប់ និង​តម្លៃ​តាម​បែប​សាកល​លោក ហើយ​បាន​ចែក​រំលែក​ព័ត៌មាន​រវាង​គ្នា​ទៅ​វិញ​ទៅមក។ សកម្ម​ជន​ក៏​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា។ នៅ​ពេល​ដែល​ពួក​បង្កើត Apps ពួក​គេ​នឹង​ដោះ​ស្រាយ​បញ្ហា​មួយ ដែល​ពួក​គេ​បាន​ប្រទះ​ឃើញ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ពួក​គេ​នឹង​ពង្រឹក​បណ្តាញ​ទាក់​ទង ការ​ចែក​រំលែក​ព័ត៌មាន អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​បង្កើត​ខ្សែ​វីឌីអូ រូបភាព និង​បង្កើត​ប្រធាន​បទ​បញ្ចេញ​មតិ​ទៅវិញ​ទៅមក​តាម​រយៈ​កម្មវិធី Apps របស់​គេ»។

ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នៃ​កិច្ច​ខំ​ប្រឹងប្រែង​របស់​ពិភព​លោក​ក្នុងការ​ទប់​ស្កាត់​អំពើ​ហិង្សា​មក​លើ​ស្ត្រី។ កាល​ពី​ឆ្នាំ​មុន​នេះ កិច្ច​ផ្តួចផ្តើម​ថ្មី​មួយ​បាន​ដំណើរការ ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​រំលោភ​ផ្លូវ​ភេទ​នៅ​តាម​តំបន់​មាន​សង្គ្រាម ដែល​ជា​កិច្ច​ខំ​ប្រឹងប្រែង​មួយ​របស់​តារា​សម្តែង​ហូលីវូដ Angelina Jolie និង​អ្នក​ផ្តួច​ផ្តើម​ជា​ច្រើន​នាក់​ទៀត។

ការ​ចាប់​ខ្លួន​ស្ត្រី និង​ក្មេង​ស្រី​រាប់​រយ​នាក់​នៅ​នីហ្សេរីយ៉ា​ទាំង​បង្ខំ ដោយ​ពួក​ឧទ្ទាម ប៊ូកូ ហារាម និង​ការ​វាយ​ប្រហារ​មក​លើ​ស្ត្រី​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សារព័ត៌មាន​យ៉ាង​គក្រឹក​គក្រែង។

អ្នក​ឈ្នះ​ពាន​រង្វាន់ ប៊ុន រចនា យល់​ថា ស្ថានភាព​ស្ត្រី​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ ប៉ុន្តែ នាង​និយាយ​ថា មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ជួយ​ស្ត្រី ជា​ពិសេស​ទាក់​ទង​នឹង​ការ​ជួយ​ឲ្យ​ស្ត្រី​មាន​សេដ្ឋកិច្ច​រឹងមាំ។

បើ​ទោះ​បី​ជា​បុរស​គឺជា​កត្តា​បង្កហេតុ​ក្តី នាង​យល់​ថា ពាន​រង្វាន់​នៅ​ពេល​ខាង​មុខ​ទៀត​គួរតែទទួល​ស្គាល់​កិច្ចការ​របស់​បុរស​កម្ពុជា​ខ្លះ ដែល​បាន​ចូលរួម​លុប​បំបាត់ អំពើ​ហិង្សា​មក​លើ​ស្ត្រី​ដែរ។

នាង​ថា៖ «‍វា​ជា​ការ​ល្អ បើ​យើង​ឲ្យ​បុរស​ម្នាក់​មក​អង្គុយ​ទី​នេះ ហើយ​និយាយ​អំពី​សិទ្ធិ​ស្ត្រី បញ្ហា​ស្ត្រី និង​កិច្ច​ខំ​ប្រឹងប្រែង​របស់​ស្ត្រី។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា នាពេល​ខាង​មុខ​នឹង​មាន​ភាព​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​នៅ​មាន​កត្តា​ប្រឈម​ជា​ច្រើន។ ឧទាហរណ៍ ជា​ទូទៅ​គេ​ឃើញ​អំពើ​ហិង្សា​មក​លើ​ស្ត្រី​តាម​កញ្ចក់​ទូរទស្សន៍។ ប៉ុន្តែ អ្នក​ជំនាញ ថា កិច្ច​ខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ហិង្សា​ដ៏​ជោគ​ជ័យ​មួយ ត្រូវ​ការ​ការ​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​ទាំង​អស់​នៅ​ក្នុង​សង្គម​កម្ពុជា រួម​ទាំង​សារព័ត៌មាន​ផង​ដែរ។

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG