នៅក្នុងសន្និសីទកាសែតសឹងតែរាល់ថ្ងៃពីសេតវិមាន លោក ត្រាំ បាននិយាយថា៖«យើងកំពុងធ្វើសង្គ្រាមជាមួយវីរុសដ៏ប្រល័យមួយ»។
លោកបាននិយាយបន្ថែមថា៖ «ជោគជ័យក្នុងការប្រយុទ្ធនេះតម្រូវឱ្យមានវិធានការដាច់ណាត់ពេញលេញនៃការរួមកម្លាំងគ្នាសេចក្តីស្រឡាញ់និងភក្តីភាពរបស់យើង»។
កាលពីឆ្នាំទៅមិញ រដ្ឋបាល ត្រាំ មិនធ្វើសន្និសីទកាសែតប្រចាំថ្ងៃដែលមានជាទម្លាប់យូរយាមកហើយរបស់សេតវិមាន។ក៏ប៉ុន្តែនៅពេលនេះដែលការរាតត្បាតសាកលនៃជំងឺកូវីដ១៩ បានបញ្ឈប់ការប្រជុំគ្នានោះ សន្និសីទកាសែតបានក្លាយជាជម្រើសមួយជំនួសការប្រជុំគ្នា។
សន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះរបស់លោក ត្រាំ និងគណៈកម្មការចំពោះកិច្ចរបស់លោកសម្រាប់ទប់ទល់នឹងវីរុសកូរ៉ូណាបានទាក់ទាញអ្នកមើលទូរទស្សន៍ជាមធ្យមចំនួន៨លាន៥សែននាក់តាមកម្មវិធីព័ត៌មាននៃទូរទស្សន៍ខ្សែកាប។
ប្រធានាធិបតីអាមេរិកាំងរូបនេះបានអួតអំពីរឿងនេះតាម Twitter ដែលនាំឱ្យអ្នកសង្កេតការណ៍ខ្លះចោទប្រកាន់ថា លោកបានធ្វើឱ្យវិបត្តិនេះមានលក្ខណៈនយោបាយ។
អ្នកស្រី Shannon O’Brien ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យរដ្ឋ Texas នៅក្នុងក្រុង Austin។ អ្នកស្រីបាននិយាយថា៖ «យើងមិនគួររវីរវល់អំពីអត្រាគាំទ្រដល់សន្និសីទកាសែតរបស់ប្រធានាធិបតីទេ»។
អ្នកស្រីសាស្ត្រាចារ្យរូបនេះបានចោទប្រកាន់ថា លោក ត្រាំ យកចិត្តទុកដាក់លើអត្រាគាំទ្រលោកច្រើនជាងកំណើនករណីអ្នកជំងឺកូរ៉ូណានិងចំនួនមនុស្សស្លាប់ដោយសារជំងឺនេះដែលកើតមាននៅក្នុងស.រ.អា.។
លោក Larry Sabato នៃមជ្ឈមណ្ឌលនយោបាយរបស់សាកលវិទ្យាល័យ Virginia បាននិយាយថា លោក ត្រាំ ប្រាកដជាបានប្រើសន្និសីទកាសែតអំពីវីរុសកូរ៉ូណាដើម្បីជំរុញឲ្យលោកបានជាប់ឆ្នោតជាថ្មី។ លោក Sabato បានថ្លែងថា៖ «ការរាតត្បាតជាសាកលនៃជំងឺនេះជាបញ្ហាធ្ងន់ធ្ងរមួយដែលអ្វីៗទាំងអស់ទាក់ទិននឹងជំងឺនេះត្រូវតែផ្សាយតាមទូរទស្សន៍ ហើយលោក ត្រាំ ដឹងអំពីការណ៍នេះ»។
លោក Sabato បានថ្លែងបន្ថែមថា៖ «លោក ត្រាំ យល់ថា ការបង្ហាញខ្លួនលោកនៅក្នុងស្ថានភាពនេះតាមរយៈទូរទស្សន៍នៅក្នុងផ្ទះរបស់ប្រជារាស្ត្រអាមេរិកាំងរៀងរាល់ថ្ងៃ នឹងនាំឱ្យមានលទ្ធផលដូចការប្រជុំ នៅជុំវិញទង់ជាតិ ពីព្រោះលោកជាមនុស្សសំខាន់ក្នុងការប្រយុទ្ធនឹងការរាតត្បាតនៃជំងឺដែលកំពុងមានតទៅទៀតនេះ»។
យុទ្ធសាស្ត្រនេះមានប្រសិទ្ធភាពនៅក្នុងកម្រិតខ្លះ។ អត្រាគាំទ្រលោក ត្រាំ បានកើនឡើង ៥ ភាគរយគឺឡើងដល់៤៩ភាគរយនៅក្នុងការស្ទង់មតិថ្មីបំផុតរបស់ក្រុមហ៊ុន Gallup។ចំនួន៦០ភាគរយនៃពួកអ្នកត្រូវបានស្ទង់មតិ បានគាំទ្រលោកចំពោះការដោះស្រាយអំពីការរាតត្បាតសាកលនៃជំងឺនេះ។
ពួកអ្នករឹះគន់និយាយថា សន្និសីទកាសែតទាំងនេះបានក្លាយទៅជាការប្រជុំតូចៗរបស់លោក ត្រាំ ដើម្បីបំពេញបំណងនៃគំនិតអាត្មានិយមរបស់លោកផ្ទាល់។ជួនកាលសន្និសីទសារព័ត៌មានទាំងនេះមានការចូលរួមដោយពួកអ្នកចាត់ចែងកិច្ចការប្រតិបត្តិនៃក្រុមហ៊ុនឯកជនដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការទប់ទល់នឹងការរាតត្បាតជាសាកលនៃជំងឺនេះ។ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទទី៣០ខែមីនាមានការចូលរួមដោយលោក Mike Lindell ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតខ្នើយឈ្មោះ MyPillow ដែលនឹងផលិតម៉ាស់។
លោក Lindell ដែលល្បីឈ្មោះដោយសារការឃោសនាពាណិជ្ជកម្មរបស់លោកតាមទូរទស្សន៍បានឈរនៅជិតលោក ត្រាំ នៅក្នុងសួនផ្កាកុលាបក្នុងបរិវេណសេតវិមាន។
លោក Lindell បាននិយាយថា៖ «ព្រះអាទិទេពបានប្រទានពរឱ្យយើងកាលពីនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦ដើម្បីផ្លាស់ប្តូរមា៌គារបស់យើង។ ប្រធានាធិបតីយើងបានផ្តល់សេចក្តីសង្ឃឹមច្រើនដល់យើង»។
ពួកអ្នករិះគន់និយាយថា ក្រៅពីសរសើរខ្លួនឯងនៅក្នុងសន្និសីទកាសែតទាំងនេះលោក ត្រាំ ក៏បាននិយាយព័ត៌មានខុសអំពីវីរុសកូរ៉ូណា។លោកបាន លើកឡើងអំពីថ្នាំ Chloroquine ដែលជាថ្នាំសម្រាប់ព្យាបាលជំងឺគ្រុនចាញ់គឺ ជាឱសថដែលមានស្រាប់និងអាចព្យាបាលវីរុសនេះបាន។លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញជាន់ខ្ពស់របស់លោក ត្រាំ ខាងវីរុសកូរ៉ូណាបានមានប្រសាសន៍អំពីថ្នាំនេះថា ជា«ការនិទានខ្លីៗដើម្បីឱ្យមានការយកចិត្តទុកដាក់»តែប៉ុណ្ណោះ។
អ្នកស្រីសាស្ត្រាចារ្យ O’Brien នៃសាកលវិទ្យាល័យ Texas បាននិយាយថា វាជាការរំខានយ៉ាងខ្លាំង ដោយឃើញប្រធានាធិបតីអាមេរិកាំងរូបនេះដែលដំបូងឡើយបានមើលស្រាលភាពធ្ងន់ធ្ងរនៃការរាតត្បាតជាសាកល នេះហើយបាននិយាយថា នេះជាការនិយាយបំផ្លើសពីព្រោះបណ្តាញផ្សាយព័ត៌មាននិយាយមិនពិត។ ពួកអ្នករឹះគន់លោកបានថ្លែងថា នៅក្នុងសន្និសីទកាសែតទាំងនេះលោក ត្រាំ បានបង្កើនការវាយប្រហារដោយពាក្យសម្តីតាមបណ្តាញផ្សាយព័ត៌មានដើម្បីគ្រប់សង្កត់លើសម្តីរបស់អ្នករិះគន់លោកអំពីវិបត្តិនេះ។
ប្រវត្តិសាស្ត្របង្ហាញថា ប្រធានាធិបតីកំពុងកាន់តំណែងមានប្រៀបនៅពេលមានវិបត្តិហើយនេះឱកាសសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ។ពួកអ្នកសង្កតការណ៍និយាយថា រូបភាពនៅលើកញ្ចក់ទូរទស្សន៍ដែលបញ្ចាំងលោក ត្រាំ ជូនដំណើរនាវាមន្ទីរពេទ្យមួយគ្រឿងឈ្មោះUSNS Comfort ទៅជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅឯបូរី New York កាលពីថ្ងៃសៅរ៍ទី២៨ខែមីនាបានត្រូវគេយល់ឃើញថា ជាសារមានប្រសិទ្ធភាព។
ពួកគេក៏បានចង្អុលបង្ហាញដែរថា អត្តចរិតរបស់លោក ត្រាំ ប្រហែលជាផ្តល់ផលអាក្រក់បំផុតសម្រាប់ខ្លួនលោកផ្ទាល់។
លោក Sabato នៃសាកលវិទ្យាល័យ Virginia បាននិយាយថា ប្រសិនបើលោក ត្រាំ មានវិន័យជាងមុនហើយបើលោកនិយាយពីការណ៍ពិតជាក់ស្តែងជាជាងប្រឌិតរឿង លោកអាចមានឱកាសល្អជាងក្នុងការជាប់ឆ្នោតជាថ្មី។ លោកបានថ្លែងថា៖ «លោក ត្រាំមិនឈ្នះឆ្នោតភ្លូកទឹកភ្លូកដីទេ។ នេះជាការណ៍ពិត។លោកត្រូវមានការគាំទ្រពីរបីភាគរយថែមទៀតដើម្បីធ្វើឱ្យប្រាកដថាលោកនឹងជាប់ឆ្នោតជាថ្មី»។
ពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក ត្រាំ ត្រូវតែដោះស្រាយបញ្ហាឃោសនាបោះឆ្នោតអវិជ្ជមានដែលបង្ហាញកំហុសផ្តេសផ្តាសរបស់ប្រធានាធិបតីរូបនេះ។ ពួកគេបានសុំឲ្យស្ថានីយ៍ទូរទស្សន៍ទាំងឡាយឈប់ចាក់ផ្សាយការឃោសនាបោះឆ្នោតដោយគណៈកម្មាធិការនយោបាយដែលគាំទ្របេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតតេយ្យដែលបានបង្ហាញថា ករណីអ្នកជំងឺកូរ៉ូណាបានកើនឡើង នៅពេលអត្ថាធិប្បាយកាលពីមុនរបស់លោក ត្រាំ ដែលមើលស្រាលវីរុសនេះ ត្រូវបានចាក់ផ្សាយនៅផ្ទៃខាងក្រោយនៃការឃោសនាបោះឆ្នោតនេះ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ